លោកនេហេមី (០៤)

១(៧) ប៉ុន្តែ ពេល​លោក​សាន់បាឡាត់ លោក​តូប៊ីយ៉ា ព្រម​ទាំង​ជន​ជាតិ​អារ៉ាប់ ជន​ជាតិ​អាំម៉ូន និង​អ្នក​ស្រុក​អាស្ដូដ​ទទួល​ដំណឹង​ថា ការ​ជួសជុល​កំពែង​ក្រុង​យេរូសាឡឹម​មាន​ដំណើរ​ការ​ល្អ ហើយ​កន្លែង​ដែល​បាក់​បែក​ចាប់​ផ្ដើម​ភ្ជិត​ឡើង​វិញ​នោះ ពួក​គេ​ខឹង​ជា​ខ្លាំង។ ២(៨) ពួក​គេ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូសាឡឹម ដើម្បី​បង្ក​អោយ​មាន​ការ​ខូច​ខាត។

៣(៩) ពេល​នោះ យើង​ក៏​ទូលអង្វរ​ព្រះ​នៃ​យើង រួច​ចាត់​ចែង​អោយ​មាន​អ្នក​យាមល្បាត​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ការពារ​ក្រុង​ក្រែង​ពួក​គេ​វាយ​លុក។ ៤(១០) ប៉ុន្តែ ជន​ជាតិ​យូដា​ពោល​ថា៖ «កម្លាំង​អ្នក​លី​សែង កាន់​តែ​ចុះ​អន់ថយ​ទៅៗ គំនរ​ថ្ម​ដែល​បាក់​បែក​នោះ​មាន​ច្រើន​ពេក យើង​ពុំ​អាច​សង់​កំពែង​ក្រុង​បាន​ឡើយ»។

៥(១១) បច្ចាមិត្ត ​របស់​ពួក​យើង​ពោល​ថា៖ «ពួក​គេ​មិន​ដឹង​ខ្លួន មិន​ឃើញ​អ្វី​ទាំង​អស់ យើង​នឹង​លប​ចូល​ទៅ​ដល់​កណ្ដាល​ចំណោម​ពួក​គេ ហើយ​សម្លាប់​ពួក​គេ ដើម្បី​បញ្ឈប់​កិច្ចការ​របស់​ពួក​គេ»។

៦(១២) ពេល​នោះ ជន​ជាតិ​យូដា ដែល​រស់​នៅ​ក្បែរ​ពួក​គេ បាន​នាំ​គ្នា​មក​ប្រាប់​យើង​ដល់​ទៅ​ដប់​ដង​ថា សត្រូវ​លើក​គ្នា​ពី​គ្រប់​ទិសទី មក​វាយ​ប្រហារ​ពួក​យើង។ ៧(១៣) ហេតុ​នេះ​ខ្ញុំ​ក៏​ដាក់​ប្រជាជន​តាម​អំបូរ​របស់​ពួក​គេ អោយ​ឈរ​យាម​នៅ​ពី​ក្រោយ​កំពែង ទាំង​កាន់​ដាវ កាន់​លំពែង និង​ធ្នូ។ ៨(១៤) ពេល​ពិនិត្យ​សព្វ​គ្រប់ ​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់គ្រង និង​ប្រជាជន​ឯ​ទៀតៗ​ថា៖ «កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ! សូម​ចង​ចាំ​ថា ព្រះអម្ចាស់​ជា​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​គួរ​ស្ញែង​ខ្លាច។ ដូច្នេះ ចូរ​នាំ​គ្នា​ប្រយុទ្ធ​ការពារ​បង​ប្អូន កូន​ប្រុស កូន​ស្រី ភរិយា និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។

៩(១៥) ខ្មាំង​ សត្រូវ​ឮ​ថា ពួក​យើង​ដឹង​ខ្លួន ហើយ​ព្រះជាម្ចាស់​រំលាយ​ផែន​ការ​របស់​ពួក​គេ។ ពួក​យើង​ក៏​វិល​ទៅ​សង់​កំពែង​ក្រុង តាម​កន្លែង​រៀងៗ​ខ្លួន​វិញ។ ១០(១៦)ចាប់​ពី​ថ្ងៃ​នោះ​មក គ្នា​ខ្ញុំ​ចំនួន​ពាក់​កណ្ដាល​ធ្វើ​កិច្ចការ​សំណង់ ហើយ​ចំនួន​ពាក់​កណ្ដាល​ទៀត​កាន់​លំពែង កាន់​ខែល កាន់​ធ្នូ និង​ប្រដាប់​ការពារ​ខ្លួន។ ពួក​មេ​ដឹក​នាំ​ជួយ​ត្រួត​មើល​កូន​ចៅ​យូដា​ទាំង​អស់​គ្នា។ ១១(១៧) អស់​អ្នក​ដែល​សង់​កំពែង អស់​អ្នក​ដែល​លី​សែង ឬ​ដឹក​ជញ្ជូន ធ្វើ​ការ​ដៃ​ម្ខាង កាន់​អាវុធ​ដៃ​ម្ខាង។ ១២(១៨) រីឯ​អ្នក​បូក​ឥដ្ឋ​វិញ គេ​ស្ពាយ​ដាវ​នៅ​នឹង​ចង្កេះ ហើយ​បំពេញ​ការងារ​របស់​ខ្លួន។ រីឯ​អ្នក​ផ្លុំ​ស្នែង​ឈរ​នៅ​ក្បែរ​ខ្ញុំ។ ១៣(១៩)ខ្ញុំ​ពោល​ទៅ​កាន់​ពួក​ អភិជន ពួក​អ្នក​គ្រប់គ្រង និង​ប្រជាជន​ឯ​ទៀតៗ​ថា៖ «យើង​នៅ​សល់​កិច្ចការ​ច្រើន​ណាស់ ព្រោះ​កំពែង​វែង ហើយ​យើង​ក៏​នៅ​ឆ្ងាយ​ពី​គ្នា​ទៀត។ ១៤(២០) ហេតុ​នេះ ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ចូរ​ប្រមូល​គ្នា​មក​ជិត​យើង។ ព្រះ​របស់​យើង​នឹង​ប្រយុទ្ធ ដើម្បី​យើង​ទាំង​អស់​គ្នា»។ ១៥(២១) យើង​បាន​បន្ត​សំណង់​របស់​យើង​របៀប​នេះ គឺ​ពួក​យើង​ចំនួន​ពាក់​កណ្ដាល​កាន់​លំពែង​តាំង​ពី​ព្រលឹម ទល់​ព្រលប់។ ១៦(២២)នៅ​គ្រា​ដដែល​នោះ ខ្ញុំ​ពោល​ទៅ​កាន់​ប្រជាជន​ទៀត​ថា៖ «នៅ​ពេល​យប់ អ្នក​រាល់​គ្នា​ត្រូវ​សំរាក​នៅ​ក្រុង​យេរូសាឡឹម​ជា​មួយ​អ្នក​បំរើ​របស់​ ខ្លួន គឺ​យើង​ត្រូវ​យាម​នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ»។ ១៧(២៣) ដូច្នេះ ខ្ញុំ និង​បង​ប្អូន​ខ្ញុំ ព្រម​ទាំង​អ្នក​បំរើ និង​ពួក​ទាហាន​ដែល​មក​តាម​ខ្ញុំ គ្មាន​នរណា​ម្នាក់​ដោះ​សម្លៀកបំពាក់​ចេញ​ឡើយ យើង​កាន់​អាវុធ​ជាប់​នឹង​ខ្លួន​ជានិច្ច។