លោកនេហេមី (០២)

លោក​នេហេមី​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡឹម
​​ នៅ​ខែ​ចេត្រ​ក្នុង​ឆ្នាំ​ ទី​ម្ភៃ នៃ​រជ្ជកាល​ព្រះចៅ​អ័រតាស៊ែរសេស ក្នុង​ពេល​ដែល​ស្ដេច​កំពុង​សោយ​ព្រះស្ងោយ ខ្ញុំ​បាន​យក​ស្រា​ចាក់​ថ្វាយ​ស្ដេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀមក្រំ​បែប​នេះ នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច​ឡើយ។  ព្រះ​ចៅ​​អធិរាជ​សួរ​ខ្ញុំ​ថា៖ «លោក​គ្មាន​ជំងឺ​ទាល់​តែ​សោះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ក្រៀមក្រំ​បែប​នេះ តើ​លោក​ពិបាក​ចិត្ត​រឿង​អ្វី?»។ ពេល​នោះ ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ វិញ​ថា៖ «សូម​អោយ​ព្រះករុណា​មាន​ព្រះជន្ម​គង់​នៅ​ជា​ដរាប​ត​រៀង​ទៅ! តើ​មិន​អោយ​ទូលបង្គំ​មាន​ទឹក​មុខ​ក្រៀមក្រំ​ដូច​ម្ដេច​បាន បើ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ នៅ​បាក់​បែក រីឯ​ទ្វារ​ក្រុង ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ»។ ៤ ព្រះចៅ​អធិរាជ​មាន​រាជឱង្ការ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។

ពេល​នោះ ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​បរមសុខ រួច​ខ្ញុំ​ទូល​ស្ដេច​វិញ​ថា៖ «ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ ហើយ​បើ​ព្រះអង្គ​ប្រណីសន្ដោស​ដល់​ទូលបង្គំ​មែន​នោះ សូម​ចាត់​ទូលបង្គំ​អោយ​ទៅ​ស្រុក​យូដា គឺ​ទៅ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ ដើម្បី​សង់​ក្រុង​នោះ​ឡើង​វិញ​ផង»។ ព្រះរាជា​ដោយ​មាន​ ព្រះមហេសី​គង់​នៅ​ក្បែរ​ផង​សួរ​ខ្ញុំ​ទៀត​ថា៖ «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ដើម្បី​ធ្វើ​ដំណើរ​ទៅ ហើយ​អង្កាល់​ទើប​លោក​ត្រឡប់​មក​វិញ?»។

ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ពី​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ស្ដេច​ក៏​យល់​ព្រម​អោយ​ខ្ញុំ​ចេញ​ដំណើរ។ បន្ទាប់​មក ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ទៀត​ថា៖ «ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ សូម​ប្រទាន​រាជសារ​អោយ​ទូលបង្គំ​យក​ទៅ​ជូន​អស់​លោក​ទេសាភិបាល​អាណាខេត្ត​ នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ដើម្បី​អនុញ្ញាត​អោយ​ទូលបង្គំ​ធ្វើ​ដំណើរ រហូត​ដល់​ស្រុក​យូដា ហើយ​រាជសារ​មួយ​ទៀត​ជូន​ លោក​អេសាភ ដែល​ជា​មេ​ព្រៃ​របស់​ព្រះករុណា ដើម្បី​អោយ​គាត់​ផ្ដល់​ឈើ​មក​ទូលបង្គំ សង់​ខ្លោង​ទ្វារ​បន្ទាយ​ដែល​នៅ​ក្បែរ​ព្រះដំណាក់ និង​សង់​កំពែង​ក្រុង ព្រម​ទាំង​សង់​ផ្ទះ​ដែល​ទូលបង្គំ​ត្រូវ​ស្នាក់​នៅ»។

ព្រះចៅ​អធិរាជ​ប្រទាន​រាជសារ​តាម​សំណូមពរ​របស់​ខ្ញុំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ​បាន​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ។

 ខ្ញុំ​បាន ​ទៅ​ជួប​អស់​លោក​ទេសាភិបាល​អាណាខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ហើយ​ប្រគល់​សារ​របស់​ព្រះចៅ​អធិរាជ ជូន​ពួក​លោក។ ព្រះចៅ​អធិរាជ​បាន​ចាត់​នាយ​ទាហាន និង​កងពល​សេះ អោយ​ជូន​ដំណើរ​ខ្ញុំ​ដែរ។ ១០ ពេល​លោក​សាន់បាឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូន និង​លោក​តូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន​ដឹង​ដំណឹង​នេះ ពួក​គេ​មិន​សប្បាយ​ចិត្ត​ទេ​ព្រោះ​ឃើញ​មនុស្ស​ម្នាក់​មក​រក​ផល​ប្រយោជន៍​អោយ ​ជន​ជាតិ​អ៊ីស្រា​អែល។

លោក​នេហេមី​ពិនិត្យ​មើល​កំពែង​ក្រុង​យេរូសាឡឹម
១១ ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​យេរូសាឡឹម ហើយ​ស្នាក់​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ។ ១២ បន្ទាប់​មក ខ្ញុំ​ក្រោក​នៅ​ពេល​យប់ ហើយ​នាំ​អ្នក​ខ្លះ​ទៅ​ជា​មួយ តែ​ខ្ញុំ​ពុំ​បាន​ប្រាប់​អោយ​នរណា​ដឹង​អំពី​គំរោងការ ដែល​ព្រះ​របស់​ខ្ញុំ​បណ្ដាល​ចិត្ត​ខ្ញុំ អោយ​គិតគូរ​ធ្វើ​ចំពោះ​ក្រុង​យេរូសាឡឹម​ឡើយ។ ក្រៅ​ពី​សត្វ​លា​ដែល​ខ្ញុំ​ជិះ គ្មាន​សត្វ​ណា​ផ្សេង​ទៀត​នៅ​ជា​មួយ​ខ្ញុំ​ទេ។ ១៣ នៅ​ពេល​យប់​ខ្ញុំ​ចាក​ ចេញ​ពី​ក្រុង តាម​ទ្វារ​ជ្រលង​ភ្នំ តម្រង់​ទៅ​ប្រភព​ទឹក​នាគ​រាជ និង​ទ្វារ​សំរាម។ ខ្ញុំ​ពិនិត្យ​មើល​កំពែង​ក្រុង​យេរូសាឡឹម ត្រង់​កន្លែង​បាក់​បែក ព្រម​ទាំង​ទ្វារ​ក្រុង​ដែល​ត្រូវ​ភ្លើង​ឆេះ។ ១៤ ខ្ញុំ​បាន​ទៅ​ជិត​ទ្វារ​ប្រភព​ទឹក និង​ស្រះ​ហ្លួង ប៉ុន្តែ គ្មាន​ច្រក​អាច​អោយ​សត្វ​ដែល​ខ្ញុំ​ជិះ​នោះ ដើរ​ទៅ​មុខ​ទៀត​បាន​ឡើយ។ ១៥ ដូច្នេះ ខ្ញុំ​ក៏​ឡើង​តាម​ជ្រោះ​ទៅ​ទាំង​យប់ ដើម្បី​ពិនិត្យ​មើល​កំពែង​ក្រុង រួច​ខ្ញុំ​វិល​ត្រឡប់​មក​វិញ​ដោយ​ចូល​តាម​ទ្វារ​ជ្រលង​ភ្នំ។ ១៦ ពួក​អ្នក​គ្រប់គ្រង​ ក្រុង​ពុំ​បាន​ដឹង​ថា ខ្ញុំ​ទៅ​ទី​ណា​ហើយ​ខ្ញុំ​ធ្វើ​អ្វី​ទេ។ មក​ទល់​ពេល​នេះ​ខ្ញុំ​ពុំ​បាន​ប្រាប់​ប្រជាជន​យូដា​ពួក​បូជាចារ្យ ពួក​អភិជន ពួក​អ្នក​គ្រប់គ្រង ឬ​មេ​ជាង​សំណង់​ឯ​ទៀតៗ អោយ​ដឹង​ពី​គំរោងការ​របស់​ខ្ញុំ​ឡើយ។

១៧ បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​ពួក​គេ​ថា៖ «បង​ប្អូន​ជ្រាប​ស្រាប់​ហើយ ពួក​យើង​រង​ទុក្ខ​វេទនា​ដល់​កំរិត​ណា ក្រុង​យេរូសាឡឹម​ត្រូវ​គេ​បំផ្លាញ​ចោល ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ! ដូច្នេះ ចូរ​នាំ​គ្នា​មក យើង​សង់​ក្រុង​យេរូសាឡឹម​ឡើង​វិញ ដើម្បី​កុំ​អោយ​យើង​បាក់​មុខ​ទៀត!»។

១៨ ពេល​នោះ ខ្ញុំ​បាន​រៀប​រាប់​អោយ​ពួក​គេ​ដឹង​ថា ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ ដាក់​ព្រះហស្ដ​លើ​ខ្ញុំ ហើយ​ព្រះចៅ​អធិរាជ​បាន​ថ្លែង​មក​ខ្ញុំ​ដូច​ម្ដេច​ខ្លះ។ ពួក​គេ​ក៏​ពោល​ឡើង​ថា៖ «ចូរ​យើង​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់!»។ ដូច្នេះ ពួក​គេ​ក៏​មាន​ទឹក​ចិត្ត​ក្លាហាន បំពេញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​នេះ។

១៩ លោក​ សាន់បាឡាត់​ជា​អ្នក​ស្រុក​ហូរ៉ូន លោក​តូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន និង​កេសិម ជា​ជន​ជាតិ​អារ៉ាប់ បាន​ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​សើច​ចំអក និង​មើលងាយ​ពួក​យើង​ដោយ​ពោល​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​ហ្នឹង? តើ​អ្នក​រាល់​គ្នា​ចង់​បះបោរ​ប្រឆាំង​នឹង​ព្រះចៅ​អធិរាជ​ឬ?»។ ២០ ខ្ញុំ​ឆ្លើយ​ទៅ​ពួក​គេ​ ថា៖ «ព្រះ​នៃ​ស្ថាន​បរមសុខ មុខ​ជា​ប្រទាន​អោយ​ពួក​យើង​ទទួល​ជោគជ័យ​មិន​ខាន! ពួក​យើង​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​នឹង​ក្រោក​ឡើង​សង់​ក្រុង​នេះ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​គ្មាន​ចំណែក គ្មាន​សិទ្ធិ ឬ​អនុស្សាវរីយ៍​អ្វី​ក្នុង​ក្រុង​យេរូសាឡឹម​នេះ​ទេ»។