លោកនេហេមី (១០)

ប្រជាជន​សន្យា​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះអម្ចាស់
១(៨.៣៨) ដោយ​មាន​ហេតុការណ៍​កើត​ ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយលក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯកសារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថលេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​បូជាចារ្យ។

២(១) នៅ​ក្នុង​ឯកសារ​ដែល​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថលេខា​ដូច​ត​ទៅ:

លោក​នេហេមី​ជា​អភិបាល​អាណាខេត្ត និង​ជា​កូន​របស់​លោក​ហាកាលីយ៉ា ជា​ចៅ​របស់​លោក​សេដេស្យាស ៣(២) លោក​សេរ៉ាយ៉ា លោក​អសារីយ៉ា លោក​យេរេមី ៤(៣) លោក​ប៉ាសួរ លោក​អម៉ារីយ៉ា លោក​ម៉ាល់គីយ៉ា ៥(៤) លោក​ហាទូស លោក​សេបានីយ៉ា លោក​ម៉ាលូក ៦(៥)​​ លោក​ហារីម លោក​មេរេម៉ុត លោក​អូបាឌី ៧(៦) លោក​ដានីអែល លោក​គីនេតូអ៊ី លោក​បារូក ៨(៧) លោក​មេស៊ូឡាម លោក​អប៊ីយ៉ា លោក​មៀរយ៉ាមីន ៩(៨) ​លោក​ម៉ាស៊ីយ៉ា លោក​ប៊ីលកៃ លោក​សេម៉ាយ៉ា។ លោក​ទាំង​នោះ​សុទ្ធ​តែ​ជា​បូជាចារ្យ។

១០(៩) ក្រុម​លេវី​មាន: លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​អសានីយ៉ា លោក​ប៊ីនូអ៊ីន​ពី​អំបូរ​ហេណាដាដ លោក​កាដមីអែល ១១(១០) ព្រម​ទាំង​បង​ប្អូន​របស់​គេ​ទាំង​នោះ គឺ​មាន​លោក​សេបា​នីយ៉ា លោក​ហូឌីយ៉ា លោក​កេលីថា លោក​ពេឡាយ៉ា លោក​ហាណាន ១២(១១) លោក​មីកា លោក​រេហូប លោក​ហាសាប៊ីយ៉ា ១៣(១២) លោក​សាគួរ លោក​សេរេប៊ីយ៉ា លោក​សេបានីយ៉ា ១៤(១៣) លោក​ហូឌីយ៉ា លោក​បានី និង​លោក​បេនីនូ។

១៥(១៤)មេ​ដឹក​នាំ​របស់​ប្រជាជន​មាន: លោក​ប៉ារ៉ូស លោក​ប៉ាហាត់-ម៉ូអាប់ លោក​អេឡាម លោក​សាធូ លោក​បានី ១៦(១៥) លោក​ប៊ូនី លោក​អាសកាដ លោក​បេបាយ ១៧(១៦) លោក​អដូនីយ៉ា លោក​ប៊ីគវ៉ាយ លោក​អឌីន ១៨(១៧) លោក​អធែរ លោក​អេសេខ្យាស លោក​អស្យួរ ១៩(១៨) លោក​ហូឌីយ៉ា លោក​ហាស៊ូម លោក​បេសាយ ២០(១៩) លោក​ហារីភ លោក​អណាតូត លោក​នេបៃ ២១(២០) លោក​ម៉ាកពីយ៉ាស លោក​មេស៊ូឡាម លោក​ហេសៀរ ២២(២១) លោក​មេសេសាបេល លោក​សាដុក លោក​យ៉ាឌូអា ២៣(២២) លោក​ពេឡាទីយ៉ា លោក​ហាណាន លោក​អសាយ៉ា ២៤(២៣) លោក​ហូសេ លោក​ហាណានីយ៉ា លោក​ហាស៊ូប ២៥(២៤) លោក​ហាឡូហេស លោក​ពីលហា លោក​សូបេក ២៦(២៥) លោក​រេហ៊ូម លោក​ហាសាបណា លោក​មេសាយ៉ា ២៧(២៦) លោក​អហ៊ីយ៉ា លោក​ហាណាន លោក​អណាន ២៨(២៧) លោក​ម៉ាលូក លោក​ហារីម លោក​បាណា។

២៩(២៨) ប្រជាជន​ឯ​ទៀតៗ ក្រុម​បូជាចារ្យ ក្រុម​លេវី ក្រុម​យាម​ទ្វារ ក្រុម​ចំរៀង ក្រុម​បំរើ​ព្រះវិហារ និង​អស់​អ្នក​ដែល​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ ដើម្បី​ធ្វើ​តាម​វិន័យ​របស់​ព្រះជាម្ចាស់ ព្រម​ទាំង​ប្រពន្ធ កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន និង​ក្មេងៗ​ដែល​មាន​វ័យ​អាច​យល់​បាន ៣០(២៩) នាំ​គ្នា​ចូល​រួម​ជា​ មួយ​បង​ប្អូន​របស់​ខ្លួន ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន​ដើម្បី​សន្យា និង​សច្ចា​ថា សុខ​ចិត្ត​កាន់​តាម​វិន័យ ​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះអង្គ។ យើង​សុខ​ចិត្ត​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ច្បាប់ និង​វិន័យ​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។ ៣១(៣០) យើង​សន្យា​ថា មិន​លើក​កូន​ស្រី​របស់​យើង ទៅ​អោយ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​ក៏​មិន​ដណ្ដឹង​កូន​ស្រី​របស់​គេ អោយ​មក​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​យើង​ដែរ។ ៣២(៣១) នៅ​ថ្ងៃ​សប្ប័ទ* និង​ថ្ងៃ​បុណ្យ​ផ្សេងៗ យើង​មិន​ទិញ​ទំនិញ ឬ​គ្រឿង​បរិភោគ ដែល​ជន​បរទេស​យក​មក​លក់​នោះ​ឡើយ។ នៅ​ឆ្នាំ​ទី​ប្រាំពីរ យើង​នឹង​ទុក​ដី​អោយ​នៅ​ទំនេរ ហើយ​លុប​បំណុល​គ្រប់​យ៉ាង។

៣៣(៣២) យើង​ក៏​ ដាក់​បទ​បញ្ជា​ថា រៀង​រាល់​ឆ្នាំ​យើង​ត្រូវ​ថ្វាយ​ប្រាក់​សុទ្ធ​មួយ​ជី​ម្នាក់ សំរាប់​តំរូវ​ការ​ក្នុង​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ ៣៤(៣៣) គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ ដែល​ត្រូវ​តាំង​ថ្វាយ​ព្រះអម្ចាស់ តង្វាយ​អចិន្ត្រៃយ៍ តង្វាយ​ដុត​ទាំង​មូល* ដែល​ត្រូវ​ថ្វាយ​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ​វត្ថុ​សក្ការៈ​ឯ​ទៀតៗ យញ្ញបូជា​រំដោះ​បាប​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​ការ​ប្រើប្រាស់​ផ្សេង​ទៀត ក្នុង​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង។ ៣៥(៣៤) ពួក​យើង​ជា​បូជាចារ្យ ក្រុម​លេវី និង​ប្រជាជន បាន​ចាប់​ឆ្នោត​ដាក់​វេន​គ្នា​ឧបត្ថម្ភ​អុស សំរាប់​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង គឺ​រៀង​រាល់​ឆ្នាំ​យើង​ត្រូវ​យក​អុស​មក​ជា​តង្វាយ​តាម​អំបូរ តាម​ពេល​កំណត់ ដើម្បី​ដុត​នៅ​លើ​អាសនៈ​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរវិន័យ។ ៣៦(៣៥) យើង​ក៏​សន្យា​យក​ផល​ដំបូង​នៃ​ស្រែ​ចំការ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ​មក​ថ្វាយ​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអ​ម្ចាស់ ជា​រៀង​រាល់​ឆ្នាំ​ដែរ។ ៣៧(៣៦) យើង​នឹង​នាំ​កូន​ប្រុស​ ច្បង​របស់​យើង​មក​ថ្វាយ​ព្រះអម្ចាស់ ហើយ​ក៏​នាំ​កូន​ដំបូង​នៃ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​មក​ថ្វាយ​ព្រះអង្គ ដូច​មាន​ចែង​ទុក​ក្នុងគម្ពីរវិន័យ គឺ​យើង​នឹង​នាំ​មក​ជូន​ក្រុម​បូជាចារ្យ ដែល​បំរើ​ការងារ​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង។ ៣៨(៣៧) យើង​នឹង​នាំ​ម្សៅ​ដំបូង ​របស់​យើង ព្រម​ទាំង​តង្វាយ​ដែល​យើង​បាន​ញែក​ទុក​ដោយ​ឡែក គឺ​មាន​ផ្លែ​ឈើ​គ្រប់​មុខ​ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង​មក​ជូន​ក្រុម​បូជាចារ្យ នៅ​ក្នុង​បន្ទប់​អម​នៃ​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង។ យើង​នឹង​យក​ភោគផល​ពី​ដី​របស់​យើង​មួយ​ភាគ​ដប់ ជូន​ក្រុម​លេវី។ ក្រុម​លេវី​ត្រូវ​ទៅ​ប្រមូល​យក​ផល​ទាំង​នោះ​ពី​ស្រុក​ភូមិ ដែល​មាន​ស្រែ​ចំការ​របស់​យើង។ ៣៩(៣៨) ពេល​ក្រុម​លេវី​នាំ​យក​ តង្វាយ​មួយ​ភាគ​ដប់​ចូល​មក បូជាចារ្យ​មួយ​រូប​ដែល​ជា​ពូជពង្ស​របស់​លោក​អរ៉ុន ត្រូវ​ទៅ​ជា​មួយ ហើយ​ទទួល​យក​មួយ​ភាគ​ដប់​នៃ​តង្វាយ​មួយ​ភាគ​ដប់​នោះ ទៅ​ទុក​ក្នុង​ឃ្លាំង​នៃ​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង។ ៤០(៣៩) ជន​ជាតិ​អ៊ីស្រាអែល និង​ក្រុម​លេវី ត្រូវ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ គឺ​មាន​ស្រូវ ស្រា​ទំពាំងបាយជូរ​ថ្មី និង​ប្រេង។ ក្នុង​បន្ទប់​ទាំង​នោះ គេ​ដាក់​វត្ថុ​ប្រើប្រាស់​ក្នុង​ទីសក្ការៈ ហើយ​ក្រុម​បូជាចារ្យ​ដែល​ត្រូវ​វេន​បំរើ​ការងារ​ក្រុម​យាម​ទ្វារ និង​ក្រុម​ចំរៀង​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ដែរ។ ដូច្នេះ យើង​ពុំ​បោះ​បង់​ចោល​ព្រះដំណាក់​របស់​ព្រះ​នៃ​យើង​ឡើយ។