ព្យាការីណាហ៊ូម (០១)

១ សេចក្ដីប្រកាសស្ដីអំពីក្រុងនីនីវេ។ សៀវភៅនេះចែងអំពីនិមិត្តហេតុដ៏អស្ចារ្យដែលលោកណាហ៊ូមជាអ្នកភូមិអែលកូសបានឃើញ។

ព្រះបន្ទូលស្ដីអំពីការដាក់ទោសក្រុងនីនីវេ
២ ព្រះអម្ចាស់ជាព្រះដែលមានព្រះហឫទ័យ
ស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គពន់ប្រមាណ
ព្រះអង្គសងសឹកខ្មាំងសត្រូវ។
ព្រះអម្ចាស់សងសឹក
ព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង។
ព្រះអម្ចាស់សងសឹកបច្ចាមិត្តរបស់ព្រះអង្គ
ព្រះអង្គមិនអត់អោនអោយពួកគេទេ។
៣ ព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់
ហើយព្រះអង្គមានព្រះចេស្ដាដ៏ខ្ពង់ខ្ពស់បំផុត
ប៉ុន្តែ ព្រះអង្គមិនអាចចាត់ទុកអ្នកមានទោស
ថាគ្មានទោសឡើយ។
ព្រះអម្ចាស់យាងមកក្នុងខ្យល់កំបុតត្បូង
និងខ្យល់ព្យុះសង្ឃរា
ពពក*ជាធូលីដីដែលហុយនៅក្រោមព្រះបាទា
របស់ព្រះអង្គ។
៤ ព្រះអង្គគំរាមសមុទ្រ សមុទ្រក៏រីងស្ងួត
ព្រះអង្គធ្វើអោយទន្លេទាំងប៉ុន្មានរីងអស់
ស្រុកបាសាន និងតំបន់ភ្នំកាមែលត្រូវហួតហែង
ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ។
៥ ភ្នំធំៗរញ្ជួយ នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រះអង្គធ្វើអោយភ្នំតូចៗរលាយ។
ផែនដី និងអ្វីៗទាំងអស់នៅលើផែនដី
កក្រើកញាប់ញ័រ
នៅចំពោះព្រះភក្ត្រព្រះអង្គ។
៦ ពេលព្រះអង្គខ្ញាល់ តើនរណាអាចទ្រាំទ្របាន?
តើនរណាអាចតទល់នឹង
កំហឹងរបស់ព្រះអង្គបាន?
ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ
ប្រៀបដូចជាភ្លើងឆេះកំទេចផ្ទាំងថ្ម។
៧ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស
ព្រះអង្គជាជំរកនៅគ្រាមានអាសន្ន
ព្រះអង្គមើលថែទាំអស់អ្នកដែលផ្ញើជីវិត
លើព្រះអង្គ
៨ នៅពេលមានទឹកជំនន់។
ប៉ុន្តែ ព្រះអង្គកំទេចទីតាំងរបស់ខ្មាំងសត្រូវ
ព្រះអង្គទម្លាក់ពួកគេក្នុងទីងងឹត។
៩ តើអ្នករាល់គ្នាគិតគូរគំរោងការអ្វី
ប្រឆាំងនឹងព្រះអម្ចាស់?
ព្រះអង្គនឹងបំផ្លាញខ្មាំងរបស់អ្នករាល់គ្នា
អោយវិនាសសូន្យ
គឺព្រះអង្គមិនទុកអោយពួកគេសង្កត់សង្កិន
អ្នករាល់គ្នាទៀតឡើយ។
១០ ពួកប្រមឹកទាំងនោះប្រៀបបាននឹងបន្លាដ៏ក្រាស់
ពួកគេត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង
ដូចចំបើងស្ងួតដែរ។
១១ នីនីវេអើយ មានជនពាលម្នាក់ចេញពីអ្នកមក
ជននោះគិតគូរគំរោងការដ៏អាស្រូវ
ប្រឆាំងនឹងព្រះអម្ចាស់។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ទោះបីខ្មាំងសត្រូវមានចំនួនច្រើន
និងមានកម្លាំងយ៉ាងណាក្ដី
ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ!
យើងបានបន្ទាបអ្នក
តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។
១៣ ឥឡូវនេះ យើងបំបាក់នឹមរបស់ខ្មាំងសត្រូវ
និងកាច់បំបាក់ច្រវាក់ដែលគេចងអ្នកដែរ»។
១៤ ចំពោះអ្នកក្រុងនីនីវេវិញ
ព្រះអម្ចាស់សំរេចដូចតទៅ៖
«អ្នកនឹងគ្មានកូនចៅ សំរាប់តវង្សត្រកូលទេ។
យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់
ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។
យើងនឹងជីករណ្ដៅសំរាប់បញ្ចុះសពអ្នក
ដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។