មាតិកា

ព្យាការីមីកា
ពាក្យលំនាំ

លោកមីកា​ជាព្យាការីមួយរូបរស់នៅជំនាន់ព្យាការីអេសាយ ​លោកបំរើព្រះអម្ចាស់ក្នុងអំឡុងឆ្នាំ  ៧៤០​-​៧០០   មុនគ្រីស្តសករាជ។  ​ព្យាការីមីកា   ក៏ដូច ជាព្យាការីអេសាយ ដែរ​លោកនាំព្រះបន្ទូលទៅប្រកាស​ប្រាប់អ្នកស្រុកយូដា   ​នៅគ្រា​ ដែលពួកគេទទួលការ​គំរាម​ហែង ពីសំណាក់កងទ័ពអាស្ស៊ីរី។

លោកមីកាប្រកាសប្រាប់អ្នកស្រុកថា   ទឹកដីរបស់ពួកគេ  ជាពិសេស  ​ក្រុងយេរូសាឡឹម  នឹងធ្លាក់ទៅក្នុង​កណ្តាប់ដៃរបស់ខ្មាំងសត្រូវ  ​ដូច​ក្រុង​សាម៉ារី  ​ជា រាជធានីរបស់អាណាចក្រអ៊ីស្រាអែលខាងជើងដែរ​ ។​ លោកប្រាប់ពួកគេអោយដឹងថា  មហន្តរាយ​ ដែល​នឹងកើតមាន​នេះ​ជា​លទ្ធ​ផលនៃអំពើបាបរបស់​ពួកគេ​ជា​ពិសេស​អំពើអយុត្តិធម៌នៅក្នុងសង្គមជាតិយូដា ។​ សេចក្តីដែលលោកប្រកាសក្នុងនាម​ព្រះ​អម្ចាស់​បណ្តាល​អោយមានការប៉ះទង្គិចជាមួយពួក មេដឹកនាំ  ​ពួកអភិជន  ​អ្នកគ្រប់គ្រង​  និង​  ពួកបូជាចារ្យ​ជាដើម ។ ​លោកក៏បានប្រ​កាស​​​​​​ប្រឆាំងនឹងពួកព្យាការីមួយចំនួន​   ដែលបោកបញ្ឆោតប្រជាជន   ​ដោយពោលពាក្យ​បញ្ចើចបញ្ចើ​ជាហេតុធ្វើអោយប្រជាជន​មិន​ព្រម​​​ទទួលស្គាល់កំហុស របស់ខ្លួន  ឬ  កែប្រែចិត្តគំនិតឡើយ។ ​តាមរយៈសេចក្តី ដែល លោកប្រកាស   ​ព្យាការីមីកាចង់ណែនាំ​ប្រជាជន​អោយរិះគិតពិចារណា  ​ហើយ​ប្រកាន់​យកគោលជំហរ  ដូចតទៅ  :   ស្តាប់បង្គាប់ព្រះជាម្ចាស់​  និង  ធ្វើតាម ព្រះហប្ញទ័យរបស់ព្រះអង្គ​ហើយ​​គោរពស្រឡាញ់អ្នកដទៃ។ ​លោកស្តីប្រដៅប្រជាជនមែន  ​តែលោកក៏ប្រកាសអោយគេដឹងថា​ព្រះជា​ម្ចាស់មានគំរោង​ការ​​ស​ង្គ្រោះ​​​​​ប្រជារាស្ត្ររបស់ព្រះអង្គនៅអនាគតកាលដែរ។

ក័ណ្ឌគម្ពីរមីកា  សង្កត់ទៅលើខ្លឹមសារពីរយ៉ាង  :   ​ព្រះជាម្ចាស់ប្រកាសថា  ព្រះអង្គនឹងវិនិច្ឆ័យទោស​ប្រជា​រាស្ត្ររបស់ព្រះអង្គ  ​ដើម្បី​វាយ​​ប្រដៅ​ពួកគេ  ​(ចំពូក  ១​-​៣  និង  ៦.​១​-​៧.​៧) ​ហើយព្រះអង្គក៏សន្យានឹង​សង្គ្រោះពួកគេដែរ  (ចំពូក  ៤​-​៥​  និង  ​៧.​៨​-​២០)  ​ដោយស្តារ​ស្ថានភាពរបស់ពួក​គេឡើងវិញ  ​ហើយតែង​តាំងមានស្តេចមួយអង្គ​  ដែលជាពូជពង្សរបស់ព្រះបាទដាវីឌ  អោយគ្រងរាជ្យលើពួកគេ  (៥.​១​-​៤​ក)។