ព្យាការីមីកា (០៧)

១ ខ្ញុំមុខជាត្រូវវេទនាហើយ!
ដ្បិតខ្ញុំប្រៀបដូចជាអ្នកដែលទៅរក
បេះផ្លែឈើ ក្រោយរដូវផ្លែឈើទុំ
ហើយទៅរកបេះផ្លែទំពាំងបាយជូរ
ក្រោយរដូវផ្លែទំពាំងបាយជូរទុំ
គឺគ្មានផ្លែទំពាំងបាយជូរសោះ
ហើយសូម្បីតែឧទុម្ពរ*មួយផ្លែដែលខ្ញុំចូលចិត្ត
ក៏គ្មានដែរ។
២ នៅក្នុងស្រុក គ្មានសល់មនុស្សណាម្នាក់
ដែលស្មោះត្រង់នឹងព្រះជាម្ចាស់
ហើយក៏គ្មានសល់មនុស្សសុចរិតដែរ
គឺពួកគេទាំងអស់គ្នាគិតតែពីពួនស្ទាក់
ចាំប្រហារជីវិតគ្នា
ម្នាក់ៗគិតតែពីរកឧបាយកលធ្វើបាប
បងប្អូនរបស់ខ្លួន។
៣ ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់
ទាំងមេដឹកនាំទាំងចៅក្រម នាំគ្នាស៊ីសំណូក។
អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា
ប្រព្រឹត្តតាមបំណងរបស់ខ្លួន។
៤ ក្នុងចំណោមពួកគេ
អ្នកដែលល្អជាងគេ ប្រៀបបាននឹងខ្ញែ
អ្នកសុចរិតជាងគេ ប្រៀបបាននឹងគុម្ពបន្លា។
ប៉ុន្តែ ថ្ងៃដែលព្រះអម្ចាស់ដាក់ទោសពួកគេ
មកដល់ហើយ
គឺថ្ងៃដែលពួកព្យាការី ជាអ្នកយាមល្បាត
បានប្រកាសទុក។
ឥឡូវនេះ ពួកគេត្រូវអាម៉ាស់មុខហើយ។
៥ កុំជឿមិត្តសម្លាញ់ កុំទុកចិត្តញាតិសន្ដាន
សូម្បីនៅមុខប្រពន្ធរបស់អ្នក
ក៏មិនត្រូវហាមាត់និយាយអ្វីឡើយ។
៦ កូនប្រុសជេរប្រទេចឪពុក
កូនស្រីប្រឆាំងទាស់នឹងម្ដាយ
កូនប្រសាស្រីទាស់នឹងម្ដាយក្មេក
ហើយអ្នកដែលនៅក្នុងផ្ទះជាមួយគ្នា
នឹងក្លាយទៅជាសត្រូវនឹងគ្នា។

សេចក្ដីសង្ឃឹមរបស់ប្រជាជន
៧ រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅព្រះអម្ចាស់
ខ្ញុំសង្ឃឹមលើព្រះជាម្ចាស់
ជាព្រះសង្គ្រោះរបស់ខ្ញុំ
ព្រះរបស់ខ្ញុំ មុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។
៨ ខ្មាំងសត្រូវរបស់ខ្ញុំអើយ!
កុំអាលអរសប្បាយ ដោយឃើញខ្ញុំដួលដូច្នេះ!
ខ្ញុំពិតជាដួលមែន
តែខ្ញុំនឹងងើបឡើងវិញពុំខាន។
ទោះបីខ្ញុំស្ថិតនៅក្នុងភាពងងឹតក្ដី
ក៏ព្រះអម្ចាស់ជាពន្លឺរបស់ខ្ញុំដែរ។
៩ ខ្ញុំសុខចិត្តស៊ូទ្រាំនឹងព្រះពិរោធរបស់ព្រះអម្ចាស់
ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់
ទាស់នឹងព្រះហឫទ័យព្រះអង្គ។
គង់តែមានថ្ងៃណាមួយ
ព្រះអង្គនឹងការពារក្ដីរបស់ខ្ញុំ
ហើយរកយុត្តិធម៌អោយខ្ញុំមិនខាន។
ព្រះអង្គនឹងនាំខ្ញុំចេញទៅរកពន្លឺ
ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
១០ សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ
គេធ្លាប់ពោលមកខ្ញុំថា “តើព្រះអម្ចាស់
ជាព្រះរបស់អ្នក ទៅណាបាត់ហើយ?”
ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង
គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី
ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។
១១ នៅថ្ងៃដែលគេសង់កំពែងក្រុង
របស់អ្នកឡើងវិញ
ទឹកដីរបស់អ្នកនឹងលាតសន្ធឹងកាន់តែឆ្ងាយ។
១២ នៅថ្ងៃនោះប្រជាជនរបស់អ្នក
នឹងវិលមករកអ្នកវិញ
ពីស្រុកអាស្ស៊ីរី និងស្រុកអេស៊ីប
ចាប់ពីទន្លេនីលរហូតដល់ទន្លេអឺប្រាត
ចាប់ពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង
ចាប់ពីភ្នំមួយទៅភ្នំមួយទៀត។
១៣ ផែនដីនឹងក្លាយទៅជាទីស្មសាន
ព្រោះតែអំពើអាក្រក់របស់អស់អ្នកដែលរស់
នៅលើផែនដី។
១៤ ព្រះអម្ចាស់អើយ សូមថែរក្សា
ប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ
ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។
យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គ
រស់នៅលើទឹកដីគ្មានជីជាតិ
ដែលមានចំការព័ទ្ធជុំវិញ។
សូមនាំយើងខ្ញុំទៅរស់នៅកន្លែង
ដែលមានជីជាតិល្អនៅស្រុកបាសាន
និងស្រុកកាឡាដ ដូចដើមវិញ។
១៥ សូមសំដែងព្រះបារមីដ៏រុងរឿងអស្ចារ្យ ដូច
កាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។
១៦ ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់
ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្ដី។
ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួច
ហើយស្ដាប់អ្វីក៏លែងឮដែរ។
១៧ ពួកគេនឹងស៊ីធូលីដីដូចពស់
និងដូចសត្វលូនវារឯទៀតៗ។
ពួកគេចេញពីកន្លែងពួនមករកព្រះអម្ចាស់
ជាព្រះនៃយើង ដោយភ័យញ័រ
ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចព្រះអង្គ។
១៨ បពិត្រព្រះអម្ចាស់! តើមានព្រះណា
ដែលមានព្រះហឫទ័យសប្បុរសដូចព្រះអង្គ?
ព្រះអង្គលើកលែងទោសអោយយើងខ្ញុំ
ព្រះអង្គមិនពិរោធរហូតឡើយ។
ព្រះអង្គមានព្រះហឫទ័យស្រឡាញ់
ប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសេសសល់
ហើយព្រះអង្គប្រណីសន្ដោសដល់ពួកគេ។
១៩ ព្រះអង្គមុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី
ព្រះអង្គមិនប្រកាន់ទោសរបស់យើងខ្ញុំទេ
ព្រះអង្គនឹងយកអំពើបាបទាំងប៉ុន្មាន
របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។
២០ ព្រះអង្គនឹងសំដែងព្រះហឫទ័យស្មោះស្ម័គ្រ
ដល់កូនចៅរបស់លោកយ៉ាកុប
ហើយសំដែងព្រះហឫទ័យមេត្តាករុណា
ដល់កូនចៅរបស់លោកអប្រាហាំ
ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរស
របស់យើងខ្ញុំកាលពីជំនាន់ដើម។