ព្យាការីមីកា (០៥)

ព្រះសង្គ្រោះប្រសូតនៅភូមិបេថ្លេហិម
១ «បេថ្លេហិមអេប្រាតាអើយ!
ក្នុងចំណោមអំបូរទាំងប៉ុន្មាន
នៅស្រុកយូដា អ្នកតូចជាងគេមែន
តែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែល
ក្នុងនាមយើង នឹងកើតចេញមកពីអ្នក។
លោកនោះមានដើមកំណើត
តាំងពីបុរាណកាលដ៏យូរលង់»។
២ ព្រះជាម្ចាស់នឹងបោះបង់ចោល
ប្រជាជនអ៊ីស្រាអែលមួយរយៈសិន
រហូតដល់ពេលដែលស្ត្រីជាមាតាសំរាលបុត្រ។
ពេលនោះ បងប្អូនរបស់បុត្រ
ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា
ជាមួយកូនចៅអ៊ីស្រាអែលវិញ។
៣ ស្ដេចនោះនឹងក្រោកឡើង
ហើយដឹកនាំជនជាតិអ៊ីស្រាអែល
ដោយព្រះចេស្ដារបស់ព្រះអម្ចាស់
និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះអម្ចាស់
ជាព្រះរបស់លោក។
អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត
ដ្បិតចាប់ពីពេលនេះទៅ
ស្ដេចនោះមានអំណាចឧត្ដុង្គឧត្ដម
រហូតដល់ទីដាច់ស្រយាលនៃផែនដី។
៤ ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត!
ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក
វាយលុកស្រុកយើង
ហើយវាយចូលដល់កំពែងក្រុងរបស់យើង
ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់
អោយទៅតយុទ្ធនឹងពួកគេ។
៥ មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើ
ស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។
ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើង
ដើម្បីឈ្លានពានទឹកដីរបស់យើង
ស្ដេចនោះនឹងដោះលែងយើងអោយរួចពី
កណ្ដាប់ដៃរបស់ពួកគេ។
៦ កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់
នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើន
ដូចជាទឹកសន្សើមមកពីព្រះអម្ចាស់
និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅ
ដោយឥតត្រូវការមនុស្សជួយឡើយ។
៧ កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់
នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ
ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន
ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ
និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។
ពេលសិង្ហដើរកាត់ វាជាន់កំទេច និងហែកស៊ី
ដោយឥតមាននរណាម្នាក់អាចរំដោះ
អោយរួចបានឡើយ។
៨ ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក
ចូរកំទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
៩ នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នក
យើងនឹងកំទេចរទេះចំបាំងរបស់អ្នក
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១០ «យើងនឹងដកក្រុងទាំងឡាយពីស្រុករបស់អ្នក
យើងនឹងផ្ដួលរំលំកំពែងដ៏រឹងមាំ
ទាំងប៉ុន្មានរបស់អ្នក។
១១ យើងនឹងដកមន្តអាគមគាថាចេញពីដៃរបស់អ្នក
ហើយអ្នកនឹងលែងមានគ្រូធ្មប់ទៀតដែរ។
១២ យើងនឹងដកព្រះក្លែងក្លាយ
និងរូបបដិមាចេញពីចំណោមអ្នក
ហើយអ្នកនឹងលែងថ្វាយបង្គំរូប
ដែលជាស្នាដៃរបស់អ្នកទៀតហើយ។
១៣ យើងនឹងរំលំបង្គោលព្រះអាសេរ៉ាចេញពីអ្នក
យើងនឹងកំទេចក្រុងរបស់អ្នក។
១៤ យើងនឹងដាក់ទោសប្រជាជាតិនានា
តាមកំហឹងដ៏ខ្លាំងក្លារបស់យើង
ព្រោះពួកគេពុំបានស្ដាប់យើងទេ»។