ព្យាការីមីកា (០១)

១ នេះជាព្រះបន្ទូល ដែលព្រះអម្ចាស់ ថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរេសិតតាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុង សាម៉ារី និងក្រុងយេរូសាឡឹមក្នុងរជ្ជកាលព្រះបាទយ៉ូថាម ព្រះបាទអខាស និងព្រះបាទអេសេខ្យាស ជាស្ដេចស្រុកយូដា។

ព្រះបន្ទូលព្រមានស្រុកអ៊ីស្រាអែល និងស្រុកយូដា
២ ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់!
ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ
ចូរយកចិត្តទុកដាក់ស្ដាប់!
ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នា
ពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
៣ ព្រះអម្ចាស់យាងចេញពីព្រះដំណាក់ចុះមក
ព្រះអង្គយាងនៅតាមទីខ្ពស់នៃផែនដី។
៤ ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា
ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ
ដូចក្រមួនរលាយនៅមុខភ្លើង
ឬដូចទឹកហូរចុះតាមជំរាលភ្នំដែរ។
៥ ហេតុការណ៍ទាំងនេះកើតមាន
ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុប
និងអំពើបាបរបស់ពូជពង្សអ៊ីស្រាអែល។
តើនរណានាំអោយកូនចៅ
របស់លោកយ៉ាកុបប្រព្រឹត្តអំពើទុច្ចរិត?
គឺក្រុងសាម៉ារី!
តើនរណានាំអោយយូដាគោរព
ព្រះក្លែងក្លាយនៅតាមទីខ្ពស់?
គឺក្រុងយេរូសាឡឹម!
៦ យើងនឹងធ្វើអោយសាម៉ារីក្លាយទៅជាគំនរឥដ្ឋ
ជាចំការមួយដែលគេដាំទំពាំងបាយជូរ
យើងនឹងរុញគំនរឥដ្ឋរបស់ក្រុងនេះ
ទម្លាក់ទៅក្នុងជ្រោះ
ហើយបំផ្លាញទីក្រុងអោយនៅសល់តែគ្រឹះ។
៧ រូបបដិមាទាំងប៉ុន្មាននឹងត្រូវបាក់បែក
គ្រឿងសក្ការៈបូជាទាំងប៉ុន្មានដែលគេយក
មកសែនរូបទាំងនោះ នឹងត្រូវដុតក្នុងភ្លើង។
យើងនឹងកំទេចព្រះក្លែងក្លាយទាំងអស់
រូបព្រះទាំងនោះជាផលនៃអំពើពេស្យាចារ
ដូច្នេះ គេនឹងយករូបទាំងនោះទៅបង់ថ្លៃ
ស្រីពេស្យា។
៨ ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង
ខ្ញុំដើរជើងទទេ និងខ្លួនទទេ
ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
៩ ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេ
ដំបៅនេះស៊ីរហូតដល់ស្រុកយូដា
និងដល់ទ្វារក្រុងយេរូសាឡឹម
ជាទីលំនៅនៃប្រជាជនរបស់ខ្ញុំ។
១០ កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយ
ហើយក៏កុំបង្ហូរទឹកភ្នែកដែរ។
កុំដេកននៀលលើដីនៅក្រុងបេតលេប្រា
អោយសោះ។
១១ អ្នកស្រុកសាភៀរអើយ
ចូររត់គេចខ្លួនទាំងអាក្រាត និងអាម៉ាស់ទៅ!
អ្នកក្រុងសាណនមិនហ៊ានចេញពីទីក្រុងទេ។
អ្នកក្រុងបេតហេសែលនាំគ្នាកាន់ទុក្ខ
ពួកគេមិនអាចធ្វើជាបង្អែករបស់
អ្នករាល់គ្នាបានទេ។
១២ អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គល
ដ្បិតទុក្ខវេទនាដែលព្រះអម្ចាស់បញ្ជូនមកនោះ
មកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។
១៣ អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ!
អ្នកបាននាំអាទិ៍ប្រជាជនក្រុងស៊ីយ៉ូន
អោយប្រព្រឹត្តអំពើបាប
ដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រាអែល
ចាប់ផ្ដើមឡើងនៅក្នុងក្រុងរបស់អ្នក។
១៤ ហេតុនេះហើយបានជាអ្នកត្រូវបែកចេញពី
ប្រជាជននៅក្រុងម៉ូរេសិត-កាថ។
ចំណែកឯអ្នកក្រុងអាក់ស៊ីបវិញ
គេនឹងធ្វើអោយស្ដេចស្រុកអ៊ីស្រាអែលខកចិត្ត។
១៥ អ្នកស្រុកម៉ារេសាអើយ
ព្រះអម្ចាស់នឹងនាំសត្រូវមកឈ្លានពានអ្នក
មេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រាអែល
នឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូឡាំ។
១៦ អ្នកក្រុងយេរូសាឡឹមអើយ
ចូរកោរសក់ យំសោកស្រណោះកូនប្រុសៗ
ដ៏ជាទីស្រឡាញ់របស់អ្នក
ចូរទុកក្បាលអោយនៅត្រងោលដូចក្បាលត្មាត
ដ្បិតកូនប្រុសៗរបស់អ្នកត្រូវខ្មាំងកៀរយក
ទៅជាឈ្លើយឆ្ងាយពីអ្នកហើយ!។