ព្យាការីម៉ាឡាគី (០៣)

១ ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលថា៖
«យើងចាត់ទូតរបស់យើងអោយទៅមុន
ដើម្បីរៀបចំផ្លូវសំរាប់យើង។
រំពេចនោះព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក
នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។
រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ
កំពុងតែមកហើយ»។
២ ប៉ុន្តែ នៅថ្ងៃដែលព្រះអង្គយាងមកដល់
តើនរណាអាចទ្រាំបាន?
នៅពេលព្រះអង្គលេចមក
តើនរណាអាចឈរបាន?
ដ្បិតព្រះអង្គប្រៀបបាននឹងភ្លើងរបស់ជាងដែក
និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។
៣ ព្រះអង្គនឹងគង់កាត់ក្ដី ដូចជាងទងអង្គុយ
រំលាយ និងបន្សុទ្ធសាច់ប្រាក់។
ព្រះអង្គនឹងជំរះកូនចៅលេវីអោយបានបរិសុទ្ធ
ព្រះអង្គនឹងបន្សុទ្ធពួកគេ
ដូចបន្សុទ្ធមាស និងប្រាក់។
ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យ
មកថ្វាយព្រះអម្ចាស់ដោយចិត្តស្មោះត្រង់។
៤ ពេលនោះ ព្រះអម្ចាស់សព្វព្រះហឫទ័យទទួល
តង្វាយរបស់អ្នកស្រុកយូដា
និងអ្នកក្រុងយេរូសាឡឹម
ដូចកាលពីដើម នៅជំនាន់មុនៗ។
៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«យើងនឹងមករកអ្នករាល់គ្នា
ដើម្បីវិនិច្ឆ័យទោស។
យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់
ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង
ពួកស្បថបំពាន
ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ
និងក្មេងកំព្រា
ពួកធ្វើបាបជនបរទេស
ហើយមិនគោរពកោតខ្លាចយើង»។
តង្វាយដែលត្រូវថ្វាយដល់ព្រះអម្ចាស់
៦ «យើងជាព្រះអម្ចាស់ យើងមិនប្រែប្រួលទេ
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានៅតែជា
កូនចៅយ៉ាកុបដដែល»។
៧ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរ
អ្នករាល់គ្នាងាកចេញពីច្បាប់របស់យើង
គឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។
ចូរនាំគ្នាវិលមករកយើង
នោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។
អ្នករាល់គ្នាពោលថា:
“យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។
៨ តើមនុស្សកេងប្រវ័ញ្ចព្រះជាម្ចាស់
ដូចម្ដេចបាន?
អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា
“យើងខ្ញុំកេងប្រវ័ញ្ចព្រះអង្គដូចម្ដេចខ្លះ?”។
គឺអ្នករាល់គ្នាកេងប្រវ័ញ្ច
តង្វាយមួយភាគដប់ និងតង្វាយ
ដែលអ្នករាល់គ្នាត្រូវញែកទុកសំរាប់យើង!
៩ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ!
ព្រោះប្រជាជាតិទាំងមូល
បានកេងប្រវ័ញ្ចយើង»។
១០ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មាន
មកដាក់នៅក្នុងឃ្លាំង
ដើម្បីអោយមានស្បៀងអាហារ
ក្នុងដំណាក់របស់យើង។
ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ
នោះអ្នករាល់គ្នានឹងឃើញថា
យើងនឹងបើកផ្ទៃមេឃ
បង្ហូរព្រះពរដ៏លើសលប់មកលើអ្នករាល់គ្នា»។
១១ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«យើងនឹងរារាំងសត្វល្អិតមិនអោយបំផ្លាញ
ដំណាំរបស់អ្នករាល់គ្នា
ហើយចំការទំពាំងបាយជូររបស់អ្នករាល់គ្នា
នឹងផ្ដល់ភោគផលបរិបូណ៌»។
១២ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«ប្រជាជាតិទាំងអស់នឹងពោលថា
អ្នករាល់គ្នាពិតជាមានសុភមង្គលមែន
ដ្បិតស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយ
ដ៏សម្បូណ៌សប្បាយ»។
ព្រះអម្ចាស់ប្រទានពរដល់អ្នកគោរពបំរើព្រះអង្គ
១៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោក
ប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា:
“តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងព្រះអង្គ
ដូចម្ដេចខ្លះ?”។
១៤ អ្នករាល់គ្នាពោលថា:
“ពួកយើងខំបំរើព្រះជាម្ចាស់
តែគ្មានបានការអ្វីទេ
ពួកយើងខំធ្វើតាមបង្គាប់របស់ព្រះអង្គ
ហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូល
ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី?
១៥ ពួកយើងសង្កេតឃើញថា
ឥឡូវនេះ មានតែមនុស្សព្រហើនទេ
ដែលមានសុភមង្គល
ហើយមនុស្សប្រព្រឹត្តអំពើអាក្រក់
បែរជាបានចំរុងចំរើនទៅវិញ។
ទោះបីពួកគេល្បងលមើលព្រះជាម្ចាស់ក្ដី
ក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច”»។
១៦ ពេលនោះ អស់អ្នកដែលគោរព
កោតខ្លាចព្រះអម្ចាស់
ពិភាក្សាគ្នាទៅវិញទៅមក
ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់
ហើយយកព្រះហឫទ័យទុកដាក់នឹង
ពាក្យសំដីរបស់ពួកគេ។
គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព
កោតខ្លាចព្រះនាមព្រះអម្ចាស់ក្នុងក្រាំងមួយ
ទុកជាទីរំលឹកនៅចំពោះព្រះភក្ត្រព្រះអង្គ។
១៧ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«នៅថ្ងៃដែលយើងបានកំណត់ទុក
អ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើង
ពួកគេនឹងទៅជាប្រជារាស្ត្រដែលជា
ចំណែកមត៌ករបស់យើងផ្ទាល់។
យើងនឹងត្រាប្រណីពួកគេ
ដូចឪពុកត្រាប្រណីកូនដែលបំរើឪពុក។
១៨ ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា
តើមនុស្សសុចរិត និងមនុស្សអាក្រក់
ខុសគ្នាយ៉ាងណា
ហើយអ្នកគោរពបំរើព្រះជាម្ចាស់
និងអ្នកមិនគោរពបំរើ ខុសគ្នាយ៉ាងណា
១៩(៤.១) ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស
ជិតមកដល់ហើយ
ថ្ងៃនោះប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។
មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់
នឹងប្រៀបដូចជាចំបើង។
ថ្ងៃនោះនឹងឆេះកំទេចពួកគេ
ឥតទុកអោយនៅសេសសល់អ្វីឡើយ
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
២០(២) រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ
ការសង្គ្រោះរបស់យើងនឹងលេចមក
ដូចព្រះអាទិត្យរះ លើអ្នករាល់គ្នា
ទាំងប្រោសអោយអ្នករាល់គ្នា
បានជាសះស្បើយផង។
អ្នករាល់គ្នានឹងមានសេរីភាព
អ្នករាល់គ្នាលោតយ៉ាងសប្បាយ
ដូចគោដែលចេញពីក្រោល។
២១(៣) នៅថ្ងៃដែលយើងកំណត់ទុក
អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់
ពួកគេនឹងប្រៀបដូចជាផេះ
នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
២២(៤) ចូរនឹកដល់ក្រឹត្យវិន័យរបស់ម៉ូសេ
ជាអ្នកបំរើរបស់យើង
ព្រមទាំងក្រឹត្យវិន័យ និងច្បាប់ ផ្សេងៗ
ដែលយើងបានប្រគល់អោយ
ជនជាតិអ៊ីស្រាអែលទាំងមូលនៅភ្នំហូរែប។
២៣(៥) ចំណែកឯយើងវិញ
យើងនឹងចាត់ព្យាការីអេលីយ៉ាអោយមក
មុនថ្ងៃរបស់ព្រះអម្ចាស់ ជាថ្ងៃដ៏ឧត្ដុង្គឧត្ដម
គួរអោយស្ញែងខ្លាច។
២៤(៦) គាត់នឹងបង្វែរចិត្តឪពុកទៅរកកូន
ហើយបង្វែរចិត្តកូនទៅរកឪពុក។
ដូច្នេះ យើងនឹងមិនមកបំផ្លាញស្រុករបស់
អ្នករាល់គ្នាអោយវិនាសសូន្យឡើយ»៕