ព្យាការីម៉ាឡាគី (០២)

ព្រះបន្ទូលព្រមានពួកបូជាចារ្យ
១ «ពួកបូជាចារ្យអើយ
ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ:
២ ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង
ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់
លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ
យើងនឹងធ្វើអោយសេចក្ដីវេទនាកើតមាន
ក្នុងចំណោមអ្នករាល់គ្នា។
យើងនឹងធ្វើអោយពររបស់អ្នករាល់គ្នា
ក្លាយទៅជាបណ្ដាសា
មែនហើយ យើងធ្វើអោយពររបស់អ្នករាល់គ្នា
ក្លាយទៅជាបណ្ដាសា
ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់
នឹងពាក្យរបស់យើងទេ។
៣ យើងប្រកាសប្រាប់អ្នករាល់គ្នាហើយថា
យើងនឹងដាក់ទោសពូជពង្សរបស់អ្នករាល់គ្នា
យើងនឹងជះលាមកលើមុខអ្នករាល់គ្នា
គឺលាមកសត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើ
យញ្ញបូជាក្នុងពិធីបុណ្យផ្សេងៗ។
គេនឹងយកអ្នករាល់គ្នាចេញទៅក្រៅ
ជាមួយលាមកសត្វនោះដែរ។
៤ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា
យើងពិតជាបានព្រមានអ្នករាល់គ្នា
ដើម្បីអោយសម្ពន្ធមេត្រី ដែលយើងចងជាមួយ
កុលសម្ព័ន្ធលេវី ស្ថិតនៅគង់វង្ស
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៥ សម្ពន្ធមេត្រីដែលយើងចងជាមួយលេវីនោះ
គឺយើងផ្ដល់ជីវិត និងសេចក្ដីសុខសាន្តដល់គេ
ហើយអោយគេគោរពកោតខ្លាចនាមយើង
និងភ័យញាប់ញ័រនៅចំពោះមុខយើង។
៦ គេបង្រៀនវិន័យដ៏ត្រឹមត្រូវ
ហើយមិនពោលពាក្យបោកបញ្ឆោតទេ។
គេរស់នៅជាមួយយើងដោយសុខសាន្ត
និងដោយទៀងត្រង់
ព្រមទាំងណែនាំមនុស្សជាច្រើន
អោយងាកចេញពីអំពើអាក្រក់។
៧ ពាក្យសំដីរបស់បូជាចារ្យបង្រៀនមនុស្ស
អោយស្គាល់ព្រះជាម្ចាស់
ហើយវិន័យក៏ហូរចេញពីមាត់បូជាចារ្យដែរ
ព្រោះគាត់ជាអ្នកនាំព្រះបន្ទូលរបស់
ព្រះអម្ចាស់នៃពិភពទាំងមូល។
៨ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានងាកចេញ
ពីមាគ៌ានេះ
ការបង្រៀនរបស់អ្នករាល់គ្នា
បាននាំមនុស្សជាច្រើនអោយវង្វេង។
អ្នករាល់គ្នាបានបំពានលើសម្ពន្ធមេត្រី
ដែលយើងបានចងជាមួយកុលសម្ព័ន្ធលេវី
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៩ ដូច្នេះ យើងនឹងអោយប្រជាជនទាំងមូល
ប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នា
ដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេ
ហើយអ្នករាល់គ្នាបង្រៀនវិន័យដល់ប្រជាជន
ដោយរើសមុខ»។

ការក្បត់នឹងសម្ពន្ធមេត្រី តាមរបៀបពីរយ៉ាង
១០ ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់
ហើយព្រះជាម្ចាស់ដែលបង្កើតពួកយើងមក
ក៏មានតែមួយព្រះអង្គដែរ
ហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នា
ទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រី
ដែលព្រះជាម្ចាស់បានចងជាមួយ
បុព្វបុរសរបស់ពួកយើងដូច្នេះ?
១១ ជនជាតិយូដាបានក្បត់នឹងសម្ពន្ធមេត្រីនេះ
ពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនៅ
ស្រុកអ៊ីស្រាអែល និងនៅក្រុងយេរូសាឡឹម។
យូដាបានប្រមាថទីសក្ការៈរបស់ព្រះអម្ចាស់
ជាកន្លែងដែលព្រះអង្គស្រឡាញ់
គឺពួកគេរៀបការជាមួយស្ត្រី
ដែលថ្វាយបង្គំព្រះដទៃ។
១២ សូមព្រះអម្ចាស់ដកអ្នកដែលប្រព្រឹត្តដូច្នេះ
ចេញពីចំណោមពូជពង្សរបស់លោកយ៉ាកុប
ហើយកុំអោយគេមានកូនចៅ
ដើម្បីចូលរួមថ្វាយតង្វាយដល់
ព្រះអម្ចាស់នៃពិភពទាំងមូលឡើយ។
១៣ អ្នករាល់គ្នាបានប្រព្រឹត្តការមួយទៀត
គឺអ្នករាល់គ្នាយំសោកសង្រេង សំរក់ទឹកភ្នែក
ជោកអាសនៈរបស់ព្រះអម្ចាស់នៃពិភពទាំងមូល
ព្រោះព្រះអង្គលែងរវីរវល់នឹងតង្វាយ
របស់អ្នករាល់គ្នា
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអ្វីៗដែល
អ្នករាល់គ្នាយកមកថ្វាយទេ។
១៤ អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?”
គឺកាលពីនៅក្មេង អ្នកបានរៀបការ
ដោយយកព្រះអម្ចាស់ធ្វើសាក្សី។
នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នក
តែអ្នកបានក្បត់ចិត្តចោលនាង។
១៥ តើព្រះអម្ចាស់មិនបានផ្សំផ្គុំអ្នកទាំងពីរ
អោយទៅជារូបកាយតែមួយ
មានចិត្តគំនិតតែមួយទេឬ?
ព្រះអង្គធ្វើដូច្នេះ ក្នុងគោលបំណងអ្វី?
គឺអោយអ្នកទាំងពីរបង្កើតកូនចៅ
ដែលជាអំណោយទានរបស់ព្រះជាម្ចាស់។
ហេតុនេះចូរកាន់ចិត្តគំនិតអោយបានល្អ
គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា
ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។
១៦ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល
មានព្រះបន្ទូលថា ព្រះអង្គមិនសព្វព្រះហឫទ័យ
នឹងការលែងលះគ្នាទេ
ហើយព្រះអម្ចាស់នៃពិភពទាំងមូល
ក៏មិនសព្វព្រះហឫទ័យនឹងអ្នកដែលប្រព្រឹត្ត
អំពើឃោរឃៅបែបនេះ
ចំពោះភរិយារបស់ខ្លួនដែរ!
ហេតុនេះចូរកាន់ចិត្តគំនិតអោយបានល្អ
មិនត្រូវមានចិត្តក្បត់ឡើយ។

ថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោសជិតមកដល់ហើយ
១៧ អ្នករាល់គ្នាធ្វើអោយព្រះអម្ចាស់នឿយណាយ
ព្រោះតែពាក្យសំដីរបស់អ្នករាល់គ្នា
តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង
មានធ្វើអ្វីអោយព្រះអង្គនឿយហត់?”
គឺមកពីអ្នករាល់គ្នាពោលថា:
“អ្នកណាប្រព្រឹត្តអំពើអាក្រក់
អ្នកនោះជាមនុស្សល្អនៅចំពោះព្រះភក្ត្រ
របស់ព្រះអម្ចាស់
ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្ស
បែបនេះ!”
ហើយអ្នករាល់គ្នាពោលទៀតថា:
“តើព្រះដែលវិនិច្ឆ័យ ដោយយុត្តិធម៌
នៅឯណា?”។