ព្យាការីម៉ាឡាគី (០១)

ព្រះអម្ចាស់បានជ្រើសរើសជនជាតិអ៊ីស្រាអែល
១ សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះ អម្ចាស់ថ្លែងមកកាន់ជនជាតិអ៊ីស្រាអែលតាមរយៈលោកម៉ាឡាគី។
២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងស្រឡាញ់អ្នករាល់គ្នា
តែអ្នករាល់គ្នាបែរជាពោលថា
“តើមានអ្វីបញ្ជាក់ថា
ព្រះអង្គស្រឡាញ់យើងខ្ញុំ?”។
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ –
ទោះបីអេសាវ ជាបងរបស់យ៉ាកុបក្ដី
ក៏យើងស្រឡាញ់យ៉ាកុបជាង
៣ គឺយើងមិនពេញចិត្តនឹងអេសាវទេ
យើងបានធ្វើអោយភ្នំនៅស្រុកអេសាវ
ក្លាយទៅជាទីស្មសាន
ហើយយើងបានអោយឆ្កែព្រៃមករស់នៅក្នុង
ទឹកដីដែលជាចំណែកមត៌ករបស់គេ។
៤ ប្រសិនបើអេដុមពោលថា
“ពួកយើងនឹងសង់ស្រុក
ដែលវិនាសនេះឡើងវិញ!”
អោយពួកគេសង់ទៅ!
យើងនឹងកំទេចស្រុកនោះសាជាថ្មី។
គេនឹងហៅស្រុកនោះថា
“ទឹកដីរបស់ជនទុច្ចរិត”
“ប្រជាជនដែលព្រះអម្ចាស់ខ្ញាល់រហូត”។
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៥ អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះ
ហើយពោលថា: “ព្រះអម្ចាស់សំដែងមហិទ្ធិឫទ្ធិ
ហួសព្រំដែនស្រុកអ៊ីស្រាអែលទៅទៀត!”»។

ការថ្វាយបង្គំមិនត្រឹមត្រូវ
៦ «ធម្មតាកូនតែងតែគោរពឪពុក
ហើយអ្នកបំរើតែងតែគោរពម្ចាស់របស់ខ្លួន។
ប្រសិនបើយើងជាបិតាមែន
ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង
ក្នុងឋានៈជាបិតា?
ប្រសិនបើយើងជាម្ចាស់មែន
ម្ដេចក៏មិនឃើញអ្នករាល់គ្នាគោរពយើង
ក្នុងឋានៈជាម្ចាស់?
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
រីឯអ្នករាល់គ្នា ដែលជាបូជាចារ្យវិញ
អ្នករាល់គ្នាមាក់ងាយនាមរបស់យើង
តែអ្នករាល់គ្នាពោលថា “តើយើងខ្ញុំមាក់ងាយ
ព្រះនាមរបស់ព្រះអង្គត្រង់ណា?”។
៧ អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មង
មកដាក់នៅលើអាសនៈរបស់យើង
ហើយអ្នករាល់គ្នាពោលថា
“តើយើងខ្ញុំបានធ្វើអោយព្រះអង្គសៅហ្មង
ត្រង់ណា?”
គឺមកពីអ្នករាល់គ្នាពោលថា:
តុរបស់ព្រះអម្ចាស់មិនសូវសំខាន់ទេ!
៨ ពេលដែលអ្នករាល់គ្នាយកសត្វខ្វាក់
មកធ្វើយញ្ញបូជា
តើមិនមែនជាការអាក្រក់ទេឬ?
ពេលអ្នករាល់គ្នាយកសត្វបាក់ជើង
ឬសត្វមានជំងឺមកធ្វើយញ្ញបូជា
តើមិនមែនជាការអាក្រក់ទេឬ?
បើអ្នកយកសត្វបែបនេះទៅជូន
ទេសាភិបាលរបស់អ្នក
តើគាត់សុខចិត្តទទួលយក
ហើយទទួលអ្នកដោយរាក់ទាក់ឬ?»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៩ ឥឡូវនេះ ចូរនាំគ្នាទូលអង្វរព្រះជាម្ចាស់
សូមព្រះអង្គប្រណីសន្ដោសពួកយើង!
«បើអ្នករាល់គ្នានៅតែធ្វើអំពើអាក្រក់ដូច្នេះ
តើអ្នករាល់គ្នាស្មានថា យើងទទួលអ្នករាល់គ្នា
ដោយរាក់ទាក់ឬ?
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
១០ បើនៅតែដូច្នេះ គួរអោយនរណាម្នាក់
ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារព្រះវិហារ
ដើម្បីកុំអោយអ្នករាល់គ្នាបង្កាត់ភ្លើង
ជាអសារបង់នៅលើអាសនៈរបស់យើងទៀត!
យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ
ហើយយើងក៏មិនទទួលតង្វាយពីដៃ
របស់អ្នករាល់គ្នាដែរ!
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
១១ ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច
នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម
ក្នុងចំណោមប្រជាជាតិនានា។
នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប
ដើម្បីលើកតម្កើងនាមរបស់យើង
ព្រមទាំងនាំយកតង្វាយបរិសុទ្ធមកជាមួយផង
ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម
ក្នុងចំណោមប្រជាជាតិនានា
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
១២ ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង
ដោយពោលថា:
“តុរបស់ព្រះអម្ចាស់សៅហ្មងហើយ
មិនបាច់យកអាហារថ្លៃថ្នូរ
ទៅតម្កល់លើតុនោះទេ”។
១៣ អ្នករាល់គ្នាពោលថា
“ពិធីទាំងនេះ គួរអោយធុញទ្រាន់ណាស់!”
ហើយក៏នាំគ្នាមើលងាយយើង
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
អ្នករាល់គ្នាយកសត្វដែលលួចគេ សត្វពិការ
ឬសត្វមានជំងឺមកអោយយើង
ទុកជាតង្វាយ តើយើងទទួលតង្វាយនេះ
ពីដៃរបស់អ្នករាល់គ្នាកើតឬ?
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៤ ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន!
ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួន
ហើយបែរជាយកសត្វពិការ
មកធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ទៅវិញ!
យើងជាព្រះមហាក្សត្រដ៏ឧត្ដម
ប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង»
– នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។