ម៉ាកាបាយ (០៩)

(១ មរ ៦,១-១៧,២ មរ ១,១១-១៧)
នៅ​គ្រា​នោះ ព្រះ​បាទ​អន់ទី​យ៉ូគូស​យាង​ត្រឡប់​មក​ពី​ស្រុក​ពែរ្ស ដោយ​គ្មាន​ជោគ​ជ័យ​សោះ។ ព្រះ​រាជា​យាង​ចូល​ក្នុង​ក្រុង​មួយ​ឈ្មោះ​ថា ពែរ្ស​សេប៉ូលី ទ្រង់​ដណ្តើម​យក​​ក្រុង​នេះ ហើយ​ចាប់​ផ្តើម​ប្លន់​យក​ទ្រព្យ​សម្បតិ្ត​នៅ​ក្នុង​ព្រះ​វិហារ។ ដូច្នេះ​មហា​ជន​ក៏នាំ​គ្នា​ប៉ះ​បោរ កាន់​អាវុធ​បង្ខំ​ព្រះ​បាទ​អន់ទី​យ៉ូគូស ឲ្យ​រត់​គេច​និង ដក​ទ័ព​ថយ​យ៉ាង​អាម៉ាស។ ពេល​ស្តេច​គង់​នៅ​ក្បែរ​ក្រុង​អែក​បាតាន ទ្រង់​ជ្រាប​ អំពី​រឿង​ដែល​កើត​មាន​ចំពោះ​លោក​នីកាន័រ និង កង​ទ័ព​របស់​លោក​ធីម៉ូថេ។ ស្តេច​ក្រេវ​ក្រោធ​ជា​ខ្លាំង ហើយ​មាន​បំណង​សង​សឹក​ជន​ជាតិ​យូដា​ ដែល​បង្ខំ​ឲ្យ​ស្តេច​ដក​ទ័ព​ថយ​យ៉ាង​អាម៉ាស។ ដូច្នេះ ស្តេច​បញ្ជា​អ្នក​បរ​រាជ​រថ បរ​ឲ្យ​លឿន​មិន​ឲ្យ​ឈប់​ដើម្បី​ឲ្យ​ឆាប់​ទៅ​ដល់​ទីដៅ។ ប៉ុន្តែ ព្រះ​ជាម្ចាស់​ដាក់​ទោស​ព្រះ​រាជា​រួច​ទៅ​ហើយ។ ព្រះ​រាជា​មាន​រាជ​ឱង្ការ​ទាំង​អួត​បំប៉ោង​ថា៖ «ពេល​យើង​ទៅ​ដល់​ក្រុង​យេរូ​សាឡឹម យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ ក្លាយ​ទៅ​ជា​រណ្តៅ​កប់​ខ្មោច​ជន​ជាតិ​យូដា​រួមគ្នា»។ ពេល​នោះ ព្រះ​អម្ចាស់​ដែល​ទ្រង់​ទត​ឃើញ​អ្វីៗ​ទាំង​អស់ គឺ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា​អែល​បាន​ប្រហារ​ព្រះ​រាជា​ឲ្យ​មាន​របួស ដែល​មិន​អាច​ព្យាបាល​បាន និង​មើល​មិន​ឃើញ​សោះ។ ព្រះ​រាជា​មាន​រាជ​ឱង្ការ​ដូច្នេះ​រួច ស្រាប់​តែ​ទ្រង់​ឈឺ​ចុក​ចាប់​ក្នុង​ពោះ​យ៉ាង​ខ្លាំង គ្មាន​ថ្នាំ​ព្យាបាល។ ព្រះ​រាជា​ព្រះ​ឈួន​ដូច្នេះ ពិត​ជា​យុត្តិ​ធម៌​មែន ព្រោះ​ទ្រង់​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ឈឺ​ចុក​ចាប់​ដែល​មិន​ធ្លាប់​ឮ​គេ​និយាយ​កាល​ពីមុន។ ប៉ុន្តែ ព្រះ​រាជា​នៅ​តែ​ក្រអឺត​ក្រទម​ដដែល មិន​ព្រម​ចុះ​ចាញ់ នៅ​តែ​អួត​បំប៉ោង មាន​ព្រះ​ហឫ​ទ័យ​ក្តៅ​ក្រហាយ​ ចំពោះ​ជន​ជាតិ​យូដា ហើយ​បញ្ជា​ឲ្យ​បន្ថែម​ល្បឿន​ថែម​ទៀត។ រំពេច​នោះ​ស្រាប់​តែ​ព្រះ​រាជា​ធ្លាក់​ពី​លើ​រាជ​រថ ដែល​កំពុង​តែ​បរ​យ៉ាង​លឿន ទាំង​ឮ​សូរ​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​បាក់​ព្រះ​បាទ​និង​ព្រះ​ហស្ត។ ព្រះ​រាជា​ដែល​អួត​បំប៉ោង​ស្មាន​ថា ខ្លួន​ជា​ព្រះ​មាន​អំណាច​អាច​បញ្ជា​រលក​សមុទ្រ និង​ស្មាន​ថា​អាច​ថ្លឹង​ភ្នំ​ដ៏​ខ្ពស់​បំផុត​ក្នុង​ជញ្ជីង​បាន ឥឡូវ​នេះ ត្រូវ​ដេក​ផ្ទាល់​ដី ហើយ​ត្រូវ​គេ​សែង​នៅ​លើ​គ្រែ​ស្នែង។ ដូច្នេះ មនុស្ស​ទាំង​អស់​យល់​ច្បាស់​នូវ​ឫទ្ធា​នុភាព​របស់​ព្រះ​ជាម្ចាស់។ ព្រះ​នេត្រ​របស់​ស្តេច​ពាល​នោះ មាន​សុទ្ធ​តែ​ដង្កូវ ​ទោះបី​ស្តេច​នៅ​មាន​ជីវិត​ក្តី ក៏​សាច់​ត្រូវ​របេះ​ចេញ​ពី​ខ្លួន បណ្តាល​ឲ្យ​ព្រះ​រាជា​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ ក្លិន​អសោច​របស់​ស្តេច​ដែល​រលួយ​នោះ បណ្តាល​ឲ្យ​កង​ទ័ព​ទាំង​មូល​ខ្ពើម​រអើម​យ៉ាង​ក្រៃ​លែង។ ១០ព្រះ​រាជា​ដែល​ពី​មុន​ស្មាន​ថា​ខ្លួន​អាច​ចាប់​ផ្កាយ​នៅ​លើ​មេឃ​បាន ឥឡូវ​នេះ គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​សែង​ឡើយ ព្រោះ​គេ​មិន​អាច​ទ្រាំ​នឹង​ក្លិច​អសោច​នេះ​បាន។ ១១នៅ​ពេល​នោះ ព្រះ​បាទ​អន់ទី​យ៉ូគូស​ប្រឈួន​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ​សារ​ព្រះ​ជាម្ចាស់​វាយ​ប្រហារ។ ស្តេច​ក៏​ចាប់​ផ្តើម​បាក់​អំនួត ទាំង​យល់​ពី​ស្ថាន​ភាព​របស់​ខ្លួន។ ១២ស្តេច​មិន​អាច​ទ្រាំ​នឹង​ក្លិន​ស្អុយ​របស់​ខ្លួន​បាន ក៏​មាន​រាជ​ឱង្ការ​ថា៖ «យើង​ត្រូវ​តែ​ចុះ​ចូល​ក្រោម​អំណាច​របស់​ព្រះ​ជាម្ចាស់! ហើយ​ជា​មនុស្ស​ដែល​រមែង​តែង​តែ​ស្លាប់ មិន​ត្រូវ​ចង់​ស្មើ​នឹង​ព្រះ​អង្គ​ឡើយ»។ ១៣ប៉ុន្តែ ព្រះ​អម្ចាស់​ពុំអាច​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​ជន​ពាល​ដ៏​ថោក​ទាប​នេះ​ទេ ព្រះ​អង្គ​មិន​អាណិត​អាសូរ​គេ​ឡើយ។ ១៤ព្រះ​រាជា​សន្យា​ថា និង​ប្រកាស​ក្រុង​ដ៏​វិសុទ្ធ​ឲ្យ​មាន​សិរីភាព គឺ​ក្រុង​ដែល​ស្តេច​យាង​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់ បំរុង​នឹង​រំលាយ​ហើយ​ធ្វើ​ឲ្យ​ក្រុង​នេះ ក្លាយ​ទៅ​ជា​រណ្តៅ​កប់​ខ្មោច​រួម​នៃ​ជន​ជាតិ​យូដា។ ១៥កាល​ពីមុន ព្រះ​រាជា​ទ្រង់​ព្រះ​តំរិះ​ថា​ សាក​សព​ជន​ជាតិ​យូដា និង​កូន​ចៅ​របស់​គេ មិន​គួរ​ឲ្យ​បញ្ចុះ​ទេ គួរ​តែ​យក​ទៅ​បោះ​ចោល​ឲ្យ​សត្វ​សាហាវ​ស៊ី ប៉ុន្តែ ឥឡូវ​នេះ​ព្រះ​រាជា​សន្យា​ថា ប្រទាន​ឲ្យ​គេ​មាន​សិទ្ធិ​ស្មើ​នឹង​ប្រជា​ជន​អាថែន​វិញ!។ ១៦កាល​ពី​មុន ស្តេច​បាន​រឹប​អូស​យក​ទ្រព្យ​សម្បតិ្ត​ពី​ព្រះ​វិហារ​យេរូ​សាឡឹម ប៉ុន្តែ​ឥឡូវ​នេះ ទ្រង់​សន្យា​ថា នឹង​យក​ដង្វាយ​ដ៏​ល្អ​ប្រណីត​មក​តុប​តែង​ព្រះ​វិហារ​ដ៏​វិសុទ្ធ ព្រម​ទាំង​សង​គ្រឿង​បរិក្ខា​ដ៏​សក្ការ​ទាំង​អស់​ទ្វេ​មួយ​ជា​ពីរ ហើយ​យក​រាជ​ទ្រព្យ​លើ​ចំណាយ​សម្រាប់​សក្ការ​បូជា។ ១៧ស្តេច​សន្យា​ទៀត​ថា​នឹង​ចូល​សាសន៍​យូដា ហើយ​ដើរ​គ្រប់​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ ដោយ​ប្រកាស​អំពី​ឫទ្ធា​នុភាព​របស់​ព្រះ​ជាម្ចាស់។ ១៨ប៉ុន្តែ ព្រះ​រាជា​រឹត​តែ​ឈឺ​ចុក​ចាប់​ខ្លាំង​ឡើងៗ​ឥត​ស្រាក​ស្រាន្ត ដ្បិត​ព្រះ​ជាម្ចាស់​ដាក់​ទោស​យ៉ាង​ត្រឹម​ត្រូវ។ ដោយ​អស់​សង្ឃឹម​នឹង​រួច​ជីវិត ព្រះ​រាជា​បាន​សរសេរ​រាជ​សារ​ជា​ពាក្យ​អង្វរ ដែល​មាន​ចែង និង​ចម្លង​ដូច​ខាង​ក្រោម៖

១៩ព្រះ​បាទ​អន់​យ៉ូគូស​ជា​ស្តេច និង​ជាមេ​បញ្ជា​ការ​កង​ទ័ព​ទាំង​មូល ជំរាប​មក​ជន​ជាតិ​យូដា​ដ៏​ប្រសើរ និង​ប្រជា​ពល​រដ្ឋ​ទាំង​អស់ សូម​ប្រកប​ដោយ​អំណរ​សប្បាយ សុខ​ភាព​ល្អ និង​សុភ​មង្គល! ២០ប្រសិន​បើ​អស់​លោក និង​កូន​ចៅ​ប្រកប​ដោយ​សេចក្តី​សុខ ប្រសិន​បើ​កិច្ច​ការ​របស់​អស់​លោក​សំរេច​តាម​បំណង​ប្រាថ្នា យើង​សូម​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​យ៉ាង​លើស​លុប។ ២១រីឯ​យើង​វិញ ទោះបី​ជា​មាន​ជំងឺ ហើយ​អស់​កម្លាំង​យូរ​បន្តិច​មែន ក៏​យើង​នៅ​តែ​អស់​លោក​ដោយ​សេចក្តី​ស្រឡាញ់។ ពេល​យើង​ចុះ​ទៅ​ស្រុក​ពែរ្ស យើង​ធ្លាក់​ខ្លូន​ទន់​ខ្សោយ​គួរ​ឲ្យ​បារម្ភ តែ​យើង​យល់​ឃើញ​ថា ត្រូវ​គិត​ដល់​សេចក្តី​សុខ​សាន្ត​នៃ​មនុស្ស​ទាំង​អស់។ ២២យើង​មិន​អស់​សង្ឃឹម​ចំពោះ​ជីវិត​ទេ ផ្ទុយ​ទៅ​វិញ យើង​សង្ឃឹម​យ៉ាង​មាំ​ថា នឹង​បាន​ជា​សះ​ស្បើយ។ ២៣យើង​យល់​ឃើញ​ថា នៅ​ពេល​បិតា​យើង​ចេញ​ច្បាំង ប្រឆាំង​នឹង​តំបន់​ខាង​លើ ទ្រង់​ក៏​តែង​តាំង​ស្តេច​មួយ​អង្គ​ស្នង​រាជ្យ​ជំនួស​ដែរ។ ២៤ដូច្នេះ ប្រសិន​បើ​មាន​ព្រឹត្ត​ការណ៍​ដែល​ស្មាន​មិន​ដល់ ឬ​ទទួល​ដំណឹង​ដ៏​អាក្រក់​ណា​មួយ​កើត​មាន អ្នក​ស្រុក​មិន​ជ្រួល​ច្របល់ គឺ​ដឹង​ថា ​មាន​ស្តេច​មួយ​អង្គ​ទៀត​ទទួល​ខុស​ត្រូវ​ លើ​រដ្ឋ​អំណាច។ ២៥ដោយ​យល់​ឃើញ​ទៀត​ថា ស្តេច​ដែល​គ្រប់​គ្រង​ស្រុក​ជិត​ខាង​រាជា​ណាចក្រ​របស់​យើង ឃ្លាំ​ចាំ​មើល​ឱកាស​ល្អ និងចាំ​មើល​ពី​សភាព​ជម្ងឺ​របស់​ខ្ញុំ ដើម្បី​ឈ្លាន​ពាន​លើ​ទឹក​ដី​យើង យើង​តែង​តាំង​បុត្រ​របស់​យើង ព្រះ​នាម​អន់ទី​យ៉ូគូស ឲ្យ​ឡើង​គ្រង​រាជ្យ​ស្នង​យើង។ យើង​ធ្លាប់​ផ្ញើ​បុត្រ​យើង​នឹង​លោក​មួយ​រយៈ នៅ​ពេល​ណា​យើង​ប្រញាប់​យើង​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ឧប​រាជ​នៅ​ស្រុក​ខាង​លើ។ យើង​សរសេរ​សារ​លិខិត​ផ្ញើ​បុត្រ​យើង។ ២៦ហេតុ​នេះ សូម​អស់​លោក​មេត្តា​នឹក​ ដល់​គុណ​បំណាច់​របស់​យើង ដែល​មាន​ចំពោះ​អស់​លោក ប្រជា​ជន​ទាំង​មូល និង​ចំពោះ​ជន​ម្នាក់ៗ ជា​ពិសេស សូម​ឲ្យ​ចិត្ត​សប្បុរស​ចំពោះ​បុត្រ​របស់​យើង ដូច​អស់​លោក​មាន​ចិត្ត​សប្បុរស​ចំពោះ​យើង​ដែរ។ ២៧យើង​ជឿ​ជាក់​ថា បុត្រ​របស់​យើង មុខ​ជា​ប្រព្រឹត្ត​ចំពោះ​អស់​លោក​ដោយ​ចិត្ត​សប្បុរស និង​មនុស្ស​ធម៌ គេ​នឹង​ធ្វើ​តាម​បំណង​របស់​យើង​យ៉ាង​ម៉ត់​ចត់ និង​យល់​ចិត្ត​គំនិត​របស់​អស់​លោក។

២៨ដូច្នេះ ស្តេច​ដែល​ជា​ឃាតករ ជា​ជន​ប្រមាថ​ព្រះ​ជាម្ចាស់​នេះ ឈឺ​ចុក​ចាប់​យ៉ាង​ណា ដូច​ទ្រង់ បាន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចុក​ចាប់​ដែរ រួច​ក៏​បាត់​បង់​ជីវិត​នៅ​លើ​ទឹក​ដី​បរទេស នៅ​តំបន់​ភ្នំ​យ៉ាង​សែន​អាណោច​អាធ័ម។ ២៩លោក​ភីលីព​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ស្តេច ក៏​នាំ​សព​ស្តេច​ទៅ​ក្រុង​អង់ទី​យ៉ូក​វិញ។ ប៉ុន្តែ ដោយ​លោក​មិន​ទុក​ចិត្ត​លើ​បុត្រ​របស់​ព្រះ​បាទ​អន់ទី​យ៉ូគូស លោក​ដក​ខ្លួន​វិល​ទៅ​ស្រុក​អេស៊ីប នៅ​ជាមួយ​ព្រះ​បាទ​ផ្ទូឡេម៉េ-​ភីឡូ​មេទ័រ។