ម៉ាកាបាយ (០៧)

មាន​គ្រា​មួយ​នោះ គេ​ចាប់​ស្ត្រី​ម្នាក់​និង​កូន​ទាំង​ប្រាំពីរ​នាក់​របស់​គាត់។ ព្រះ​បាទ​អន់ចូគូស បញ្ជា​ឲ្យ​គេ​យក​អ្នក​ទាំង​នោះ​ទៅ​វាយ​នឹង​រំពាត់​ខ្សែ​តី បង្ខំ​ឲ្យ​បរិភោគ​សាច់​ជ្រូក ដែល​វិន័យ​ហាម​បរិភោគ។ កូន​ម្នាក់​បាន​ទូល​ស្តេច ក្នុង​នាម​បង​ប្អូន​ទាំង​ប្រាំពីរ​នាក់​ថា៖ «តើ​ព្រះ​ករុណា​សព្វ​ព្រះ​ហឫ​ទ័យ ចង់​ដឹង​អ្វី​ពី​ទូល​បង្គំ​យើង​ខ្ញុំ? ទូល​បង្គំ​យើង​ខ្ញុំ​ស៊ូ​ស្លាប់ ប្រសើរ​ជាង​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ​របស់​ដូន​តា»។ ព្រះ​រាជា​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង បញ្ជា​ឲ្យ​គេ​យក​ខ្ទះ​និង​ឆ្នាំង​ដាក់​លើ​ភ្លើង។ កាល​ខ្ទះ​និង​ឆ្នាំង​នោះ​ក្តៅ​ខ្លាំង​ហើយ ព្រះ​រាជា​បញ្ជា​ឲ្យ​គេ​កាត់​អណ្តាត​របស់​អ្នក​ដែល​និយាយ ក្នុង​នាម​បង​ប្អូន​គេ​នោះ រួច​ពន្លះ​ស្បែក​ក្បាល​ចេញ​កាត់​ដៃ កាត់​ជើង នៅ​មុខ​បង​ប្អូន​និង​ម្តាយ​របស់​គេ។ កាល​គេ​ធ្វើ​បាប​អ្នក​នោះ​ហើយ ព្រះ​រាជា​បញ្ជា​គេ​ឲ្យ​នាំ​គាត់​ទៅ​ក្បែរ​ភ្នក់​ភ្លើង ហើយ​បោះ​គាត់​ទៅ​ក្នុង​ខ្ទះ ទោះ​បី​គាត់​នៅ​មាន​ដង្ហើម​នៅ​ឡើយ​ក៏ដោយ។ កាល​ខ្លិន​សាច់​ដែល​ឆេះ ឈ្ងៀម​ហុយ​ចេញ​ពី​ខ្ទះ ​ធ្វើ​ឲ្យ​បង​ប្អូន​ឯទៀត​និង​ម្តាយ​និយាយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ស៊ូ​ស្លាប់​យ៉ាង​អង់​អាច​ដោយ​ពោល​ថា៖ «ព្រះ​ជា​អម្ចាស់ ទ្រង់​ទត​មើល​សព្វ​គ្រប់​ហើយ! តាម​ពិត​ព្រះ​អង្គ​អាណិត​អាសូរ​ដល់​យើង ដូច​លោក​ម៉ូសេ បាន​ប្រាប់​ជា​មុន​ក្នុង​បទ​មួយ គឺ​លោក​តវ៉ា​យ៉ាង​ច្បាស់​លាស់​ថា៖ ព្រះ​អង្គ​មុខ​ជា​អាណិត​អាសូរ ដល់​អ្នក​បំរើ​របស់​ព្រះ​អង្គ​ពុំខាន»។

កាល​កូន​ច្បង​លា​ចាក​លោក​នេះ​ទៅ​ហើយ គេ​នាំ​កូន​បន្ទាប់​ម្នាក់​ទៀត​ទៅ​ធ្វើ​ទារុណ​កម្ម។ គេ​ពន្លះ​ស្បែក​ក្បាល​ចេញ​ជាប់​ទាំង​សក់​រួច​សួរ​ថា៖ «តើ​ឯង​សុខ​ចិត្ត​បរិភោគ​សាច់​ជ្រូក ឬ​ចង់​ឲ្យ​យើង​កាត់​ដែ​ជើង​ទៀត?»។ គាត់​ឆ្លើយ​ជា​ភាសា​ដូន​តា​របស់​គាត់​ថា៖ «ទេ! មិន​បរិភោគ​ទេ!»។ ហេតុនេះ គេ​ធ្វើ​ទារុណ​កម្ម​គាត់​ដូច​អ្នក​ទីមួយ​ដែរ។ កាល​ជិត​ផុត​ដង្ហើម​គាត់​ទូល​ស្តេច​ថា៖ «ព្រះ​ករុណា​ជា​ស្តេច​ពាល! ព្រះ​ករុណា​ប្រហារ​ជីវិត​ទូល​បង្គំ​យើង​ខ្ញុំ​នៅ​ពេល​នេះ តែ​ព្រះ​មហា​ក្សត្រ​នៃ​ពិភព​លោក នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ មាន​ជីវិត​អស់​កល្ប​ជានិច្ច ព្រោះ​ទូល​បង្គំ​យើង​ខ្ញុំ​ស៊ូ​ស្លាប់​ដើម្បី​គោរព​វិន័យ​របស់​ព្រះ​អង្គ»។

១០បន្ទាប់​មក គេ​យក​កូន​ទីបី​ទៅ​ធ្វើ​ទារុណ​កម្ម​ទៀត។ ពេល​ពេជ្ឈ​ឃាត​បញ្ជា​ឲ្យ​លៀន​អណ្តាត គាត់​ក៏​ធ្វើ​តាម​ភ្លាម និង​ហុច​ដៃ​ឲ្យ​គេ​កាត់​ដោយ​មិន​ញញើត។ ១១គាត់​ប្រកាស​យ៉ាង​ម៉ឹង​ម៉ាត់​ថា៖ «ខ្ញុំ​ទទួល​អាវៈ​យវៈ​ទាំង​នេះ​ពី​ព្រះ​អម្ចាស់​មក ខ្ញុំ​សុខ​ចិត្ត​លះ​បង់​អាវៈ​យវៈ​នេះ ដោយ​គោរព​វិន័យ​ព្រះ​អង្គ! ខ្ញុំ​សង្ឃឹម​ថា ព្រះ​អង្គ​មុខ​ជា​ប្រទាន​អាវៈ​យវៈ​ទាំង​នេះ ឲ្យ​ខ្ញុំ​វិញ​មិន​ខាន»។ ១២ព្រះ​រាជា​និង​ព្រះ​បរិពារ​ទាំង​អស់​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ដោយ​ឃើញ​យុវបុរស​នេះ មាន​ចិត្ត​ក្លាហាន មិន​ខ្លាច​ឈឺ​ចុក​ចាប់​ដូច្នេះ។ ១៣កាល​យុវបុរស​នោះ​បាត់​បង់​ជីវិត​ទៅ គេ​ក៏​នាំ​កូន​ទីបួន​មក​ធ្វើ​ទារុណ​កម្ម​យ៉ាង​ឃោ​ឃៅ ដូច​បងៗ​ដែរ។ ១៤ពេល​ជិត​ផុត​ដង្ហើម យុវ​បុរស​នោះ​ប្រកាស​ថា៖​ «ស៊ូ​ស្លាប់​ដោយ​ដៃ​មនុស្ស​ប្រសើរ​ជាង​រស់​នៅ​តទៅ​ទៀត ទូល​បង្គំ​យើង​ខ្ញុំ​រង់​ចាំ​ព្រះ​ជាម្ចាស់​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ ស្រប​តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ រីឯ​ព្រះ​ករុណា​វិញ មិន​រស់​ឡើង​វិញ​ទេ!»។

១៥បន្ទាប់​មក គេ​នាំ​កូន​ទីប្រាំ​មក​ធ្វើ​ទារុណ​កម្ម​ដែរ។ ១៦គាត់​សម្លឹង​មើល​ព្រះ​រាជា ហើយ​ទូល​ស្តេច​ថា៖ «ទោះ​បី​ព្រះ​ករុណា​ជា​មនុស្ស​ដែល​រមែង​តែង​តែ​ស្លាប់​ដូច​គេ​​ក៏ដោយ ព្រះ​ករុណា​មាន​អំណាច​គ្រប់​គ្រង​លើ​មនុស្ស ទ្រង់​ប្រព្រឹត្ត​អ្វី​បាន​តាម​ព្រះ​ហឫ​ទ័យ! ប៉ុន្តែ សូម​កុំ​នឹក​ស្មាន​ថា ព្រះ​ជា​ម្ចាស់បោះ​បង់​ចោល ជាតិ សាសន៍ របស់​ទូល​បង្គំ​យើង​ខ្ញុំ​ឡើយ!។ ១៧សូម​ព្រះ​រាជា​មាន​ព្រះ​ហឫ​ទ័យ​អត់​ធ្មត់! ព្រះ​រាជា​មុខ​ជា​ទត​ឃើញ​ឫទ្ធា​នុភាព ដ៏ខ្លាំង​ក្លា​របស់​ព្រះ​អង្គ​ពុំខាន! ព្រះ​អង្គ​នឹង​ធ្វើ​ទារុណ​កម្ម​ព្រះ​ករុណា​និង​ពួជ​ពង្ស​ជាមិន​ខាន​ឡើយ!»។ ១៨បន្ទាប់​មក​ទៀត គេ​នាំ​កូន​ទីប្រាំ​មួយ។ ពេល​ហៀប​នឹង​ស្លាប់ គាត់​ទូល​ថា៖​«សូម​ព្រះ​ករុណា​កុំ​យល់​ច្រឡំ! ទូល​បង្គំ​យើង​ខ្ញុំ​រង​ទុក្ខ​ដូច្នេះ ព្រោះ​តែ​អំពើ​បាប​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ដែរ ដ្បិត​ទូល​បង្គំ​យើង​ខ្ញុំ​ប្រព្រឹត្ត​ខុស​នឹង​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​អង្គ។ ហេតុនេះ​ហើយ បាន​ជា​យើង​ជួប​ប្រទះ​នឹង​គ្រោះ​កាច​ដ៏​ចម្លែក​យ៉ាង​នេះ។ ១៩រីឯ​ព្រះ​ករុណា​វិញ សូម​កុំនឹក​ស្មាន​ថា ព្រះ​ជាម្ចាស់​មិន​ដាក់​ទោស​ព្រះ​ករុណា​ឡើយ! ដ្បិត​ព្រះ​ករុណា ហ៊ាន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់»។

២០សូម​សរសើរ​ម្តាយ​របស់​យុវបុរស ទាំង​ប្រាំពីរ​នាក់​នោះ​ណាស់! មនុស្ស​ម្នា​ទាំង​អស់​គួរ​គិត​នឹក​នា​ដល់​គាត់​ជានិច្ច។ គាត់​ឃើញ​កូន​ទាំង​ប្រាំពីរ​នាក់​បាត់​បង់​ជីវិត​តែ​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ ប៉ុន្តែ គាត់​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​ចិត្ត​នឹង​នរ ព្រោះ​គាត់​ជឿ​សង្ឃឹម​លើ​ព្រះ​អម្ចាស់។ ២១គាត់​លើក​ទឹក​ចិត្ត​កូន​ម្នាក់ៗ តាម​ភាសា​របស់​ដូនតា​របស់​គាត់។ គាត់​មាន​ចិត្ត​គំនិត​ថ្លែ​ថ្នូរ និង​មាន​ចិត្ត​អង់​អាច​ក្លាហាន​ដូច​បុរស។ គាត់​មាន​ប្រសាសន៍​ទៅ​កូន​ទាំង​អស់​ថា៖ ២២«ម៉ែ​មិន​ដឹង​ថា កូន​បាន​មក​ចាប់​ផ្ទៃ​ម្តាយ​ដូច​ម្តេច​ទេ ពុំ​មែន​ម៉ែ​ទេ ដែល​រៀប​ធាតុ​ទាំង​ប៉ុន្មាន​ក្នុង​ខ្លួន​កូន! ២៣ដូច​ព្រះ​ជាម្ចាស់​បាន​បង្កើត​ពិភព​លោក ព្រះ​អង្គ​ក៏​បាន​សូន​រូប​មនុស្ស​ក្នុង​ផ្ទៃ ព្រះ​អង្គ​ជា​ប្រភព​នៃ​អ្វីៗទាំង​អស់។ ព្រះ​អង្គ​នឹង​ប្រទាន​វិញាណ ព្រម​ទាំង​ជីវិត​ឲ្យ​កូន តាម​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា​របស់​ព្រះ​អង្គ ព្រោះ​ឥឡូវ​នេះ កូន​សុខ​ចិត្ត​បូជា​ជីវិត​ដោយ​ស្រឡាញ់​វិន័យ​របស់​ព្រះ​អង្គ»។

២៤ព្រះ​បាទ​អន់ទី​យ៉ូគូស​ស្មាន​ថា​នាង​មើល​ងាយ និង​ជេរ​ប្រមាថ​ខ្លួន។ ដូច្នេះ ពេល​កូន​ពៅ​មាន​ជីវិត​នៅ​ឡើយ ស្តេច​មិន​គ្រាន់​តែ​មាន​រាជ​ឱង្ការ​លួង​​លោម​គាត់​ប៉ុណ្ណោះ​ទេ គឺ​គាត់​សន្យា​យ៉ាង​ម៉ឹង​ម៉ាត់​ថា ប្រសិន​ បើ​គាត់​លះ​បង់​ចោល​ប្រពៃណី​ដូន​តា​ទ្រង់​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន និង​ឲ្យ​រស់​នៅ​យ៉ាង​សប្បាយ ព្រម​ទាំង​ឲ្យ​ធ្វើ​ជា​ “មិត្ត​សម្លាញ់​របស់​ស្តេច” ហើយ​ប្រទាន​មុខងារ​ដ៏​ខ្ពង់​ខ្ពស់​ទៀត​ផង។ ២៥ប៉ុន្តែ យុវ​បុរស​នោះ មិន​ចាប់​អារម្មណ៍​នឹង​រាជ​ឱង្ការ​របស់​ស្តេច​ទាល់​តែ​សោះ ទើប​ទ្រង់​ហៅ​ស្ត្រី​ជា​ម្តាយ​មក សូម​ឲ្យ​គាត់​ជួយ​ដាស់​តឿន​កូន ដើម្បី​ឲ្យ​កូន​បាន​រួច​ជីវិត។ ២៦ព្រះ​រាជា​មាន​រាជ​ឱង្ការ​ទទូច​អង្វរ​ស្រ្តី​នោះ​យ៉ាង​យូរ ទើប​គាត់​សុខ​ចិត្ត​និយាយ​ដាស់​តឿន​កូន។ ២៧គាត់​ឱន​ទៅ​រក​កូន ដើម្បី​បញ្ឆោត​ព្រះ​រាជា​ដ៏​ឃោ​ឃៅ​នេះ ហើយ​និយាយ​ភាសា​ដូនតា​ថា៖ «កូន​អើយ​អាណិត​ម៉ែ​ផង! ម៉ែ​បាន​ពរ​ពោះ​កូន​ចំនួន​ប្រាំបូន​ខែ! ម៉ែ​បាន​បំបៅ​កូន​អស់​រយៈ​ពេល​បី​ឆ្នាំ ម៉ែ​ចិញ្ចឹម​បី​បាច់ និង​អប់រំ​កូន​រហូត​មក​ដល់​សព្វ​ថ្ងៃ!។ ២៨ម៉ែ​អង្វរ​កូន ចូរ​សម្លឹង​មើល​ផ្ទៃ​មេឃ និង​ផែន​ដី ចូរ​រំពៃ​មើល​អ្វីៗ ដែល​មាន​នៅ​លើ​ផែន​ដី និង​ផ្ទៃ​មេឃ! ចូរ​ទទួល​ស្គាល់​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​អ្វីៗ​ទាំង​នោះ ដោយ​មិន​ប្រើ​អ្វី​សោះ រីឯ​មនុស្ស​វិញ ព្រះ​អង្គ​បាន​បង្កើត​តាម​របៀប​ដូច្នោះ​ដែរ។ ២៩កុំ​ខ្លាច​ពេជ្ឈ​នេះ​ឲ្យ​សោះ! ចូរ​មាន​ចិត្ត​អង់​អាច! សុខ​ចិត្ត​ស្លាប់​ដូច​បងៗ​កូន ម៉ែ​នឹង​ជួប​កូន​រួម​ជាមួយ​បងៗ នៅ​ពេល​ព្រះ​ជាម្ចាស់​សម្តែង​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា​ដល់​យើង»។

៣០នាង​និយាយ​មិន​ទាន់​ចប់​ផង យុវ​បុរស​ជា​កូន​ពៅ​ពោល​ឡើង​ថា៖ «តើ​អស់​លោក​នៅ​ចាំ​អ្វី​ទៀត? ខ្ញុំ​មិន​គោរព​តាម​បញ្ជា​របស់​ព្រះ​រាជា​ទេ! គឺ​ខ្ញុំ​គោរព​តាម​បញ្ជា​នៃ​វិន័យ ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ​ដូន​តា​របស់​យើង តាម​រយៈ​លោក​ម៉ូសេ​វិញ។ ៣១រីឯ​ព្រះ​ករុណា​ដែល​បាន​បង្ក​ទុក្ខ​វេទនា​ទាំង​អស់ ដល់​ជន​ជាតិ​ហេប្រឺ ព្រះ​ករុណា​មិន​អាច​គេច​រួច​ផុត​ពី​ព្រះ​ហស្ត​របស់​ព្រះ​ជាម្ចាស់​ឡើយ!។ ៣២យើង​រង​ទុក្ខ​វេទនា​ដូច្នេះ គឺ​មក​ពី​អំពើ​បាប​របស់​យើង​ផ្ទាល់។ ៣៣ព្រះ​អម្ចាស់​របស់​យើង​ ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ទ្រង់​ព្រះ​ពិរោធ​នឹង​យើង​តែ​មួយ​រយៈ​ប៉ុណ្ណោះ ដើម្បី​ដាក់​ទោស​និង​អប់រំ​យើង។ ព្រះ​អង្គ​នឹង​លើក​លែង​ទោស​ឲ្យ​យើង ជា​អ្នក​បំរើ​របស់​ព្រះ​អង្គ។ ៣៤រីឯ​ព្រះ​ករុណា​វិញ ជា​ជន​ពាល​និង​ជា​ជន​គួរ​ស្អប់​ខ្ពើម​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់ សូម​កុំ​អួត​បំប៉ោង​ឡើយ! កុំ​សង្ឃឹម​ផ្តេស​ផ្តាស ហើយ​លើក​ដៃ​វាយ​ប្រហារ​អ្នក​បំរើ​របស់​ព្រះ​ជាម្ចាស់!។ ៣៥ព្រះ​ករុណា​មិន​ទាន់​គេច​ផុត​ពី​ការ​វិនិច្ឆ័យ​ទោស​របស់​ព្រះ​ជាម្ចាស់​ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ ដែល​ឈ្វេង​យល់​គ្រប់​កិច្ចការ​ទាំង​អស់​នោះ​ទេ! ។ ៣៦បង​ប្អូន​ទូល​បង្គំ​រង​ទុក្ខ​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ និង​ដោយ​មាន​ចិត្ត​ស្មោះ​នឹង​សម្ព័ន្ធ​មេត្រី​របស់​ព្រះ​ជាម្ចាស់។ គេ​នឹង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច!។ រីឯ​ព្រះ​ករុណា​វិញ ព្រះ​ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​របស់​ព្រះ​ករុណា ហើយ​ដាក់​ទោស​យ៉ាង​ត្រឹម​ត្រូវ ទៅ​តាម​ព្រះ​ហឫ​ទ័យ​អូត​បំប៉ោង​របស់​ព្រះ​ករុណា​ពុំខាន​ឡើយ!។ ៣៧ទូល​បង្គំ​សុខ​ចិត្ត​បូជា​ខ្លួន​ប្រាណ និង​ជីវិត​ដូច​បងៗ ដើម្បី​វិន័យ​របស់​ដូនតា។ ទូល​បង្គំ​អង្វរ​ព្រះ​ជាម្ចាស់ សូម​ព្រះ​អង្គ​ទ្រង់​មេត្តា​អាណិត​ អាសូរ ​ជាតិ​ទូល​បង្គំ​យើង​ខ្ញុំ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ សូម​ព្រះ​អង្គ​ធ្វើ​ទារុណ​កម្ម និង​នាំ​គ្រោះ​កាច​ដល់​ព្រះ​ករុណា ដើម្បី​ឲ្យ​ព្រះ​ករុណា​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ​អង្គ​ទេ​ដែល​ជា​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ!។ ៣៨ទូល​បង្គំ​ទូល​អង្វរ​ព្រះ​ដ៏មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ! សូម​ព្រះ​អង្គ​បញ្ឈប់​ព្រះ​ពិរោធ​ដ៏ត្រឹម​ត្រូវ​ ចំពោះ​ជាតិ​ទូល​បង្គំ​យើង​ខ្ញុំ! កុំ​ឲ្យ​នរណា​រង​ទុក្ខ​ទោស​ដូច​ទូល​បង្គំ និង​បង​ប្អូន​ទៀត​ឡើយ!។

៣៩ព្រះ​រាជា​មាន​ព្រះ​ហឫ​ទ័យ​ក្រេវ​ក្រោធ ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​បញ្ជា​ឲ្យ​គេ​ធ្វើ​ទារុណ​កម្ម​លើ​ប្អូន​ពៅ​នេះ​យ៉ាង​ឃោ​ឃៅ ជាង​បង​ឯទៀតៗ ព្រោះ​គេ​មើល​ងាយ​ស្តេច​ខ្លាំង​ជាង​គេ។ ៤០យុវ​បុរស​នេះ បាត់​បង់​ជីវិត​ដោយ​ឥត​សៅ​ហ្មង ព្រះ​ទាំង​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើ​ព្រះ​អម្ចាស់។ ៤១ទី​បញ្ចប់ ម្តាយ​ក៏​ត្រូវ​បាត់​បង់​ជីវិត​ក្រោយ​កូនៗ​ទាំង​អស់។ ៤២យើង​រៀប​រាប់​អំពី​ពិធី​ជប់​លៀង​ដល់​ព្រះ​ដ៏ទៃ និង​អំពី​ទារុណ​កម្ម​ដ៏ឃោ​ឃៅ​ត្រឹម​តែ​ប៉ណ្ណោះ។