ម៉ាកាបាយ (០៦)

 ព្រះបាទអន់ទីយ៉ូគូស យកព្រះដទៃទៅដាក់ក្នុងព្រះវិហារ
(១មរ១,៤១-៦៤)
មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ព្រះ​រាជា​ចាត់​លោក​កេរ៉ូន ជា​អ្នក​ក្រុង​អាថែន នៅ​ក្រុង​យេរូ​សាឡឹម ដើម្បី​បង្ខំ​ឲ្យ​ជន​ជាតិ​យូដា​ឲ្យ​បោះ​បង់​ចោល​សាសនា​របស់​ដូន​តា និង​លែង​រស់​នៅ​ស្រប​តាម​វិន័យ​របស់​ព្រះ​ជាម្ចាស់។ លោក​ទទួល​បញ្ជា​ឲ្យ​បង្អាប់​បង្អោន​ព្រះ​វិហារ​ក្រុង​យេរូ​សាឡឹម និង​យក​ព្រះ​វិហារ​នោះ​ថ្វាយ​ទៅ​ព្រះ​ស៊ឺស ដែល​នៅ​ភ្នំ​អូឡាំ ព្រម​ទាំង​ព្រះ​វិហារ​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ការី​ស៊ីម ថ្វាយ​ទៅ​ព្រះ​ស៊ឺស​ជា​អ្នក​ទទួល​ភ្ញៀវ​តាម​សំណូម​ពរ​របស់​ប្រជា​ជន ដែល​រត់​ទៅ​តំបន់​នោះ។ ប៉ុន្តែ ការ​អនុវត្ត​តាម​ក្រឹត្យ​ដ៏​អាក្រក់​នោះ បណ្តាល​ឲ្យ​ប្រជា​ជន​ទាំង​មូល​លំបាក​វេទនា ទ្រាំ​ទ្រ​មិន​កើត។ សាសន៍​ដទៃ​នាំគ្នា​ធ្វើ​អំពើ​ពាលា និង​អត់​សណ្តាប់​ធ្នាប់​ពាស​ពេញ​ព្រះ​វិហារ គឺ​នាំ​គ្នា​លេង​ស្រី​ពេស្យា​នៅ​ក្នុង​ទី​លាន​ដ៏​សក្ការ និង​យក​វត្ថុ​ដែល​វិន័យ​ហាម​យក​ចូល​ក្នុង​ព្រះ​វិហារ។ នៅ​លើ​អាសនៈ​មាន​សុទ្ធ​តែ​យញ​បូជា​មិន​បរិសុទ្ធ ដែល​វិន័យ​មិន​អនុញ្ញាត​ឲ្យ​ថ្វាយ។ ប្រជា​ជន​គ្មាន​សិទ្ធិ​គោរព​វិន័យ​ថ្ងៃ​សប្ប័ទ ឬ​ធ្វើ​ពិធី​បុណ្យ​តាម​ប្រពៃ​ណី​ដូនតា ឬ​គ្រាន់​តែ​ប្រកាស​ថា​ខ្លួន​ជា​ជន​ជាតិ​យូដា​ក៏ដោយ។ រៀង​រាល់​ខែ ឬ​នៅ​ថ្ងៃ​ខួប​កំណើត​របស់​ព្រះ​រាជា គេ​តែង​តែ​បង្ខំ​ជន​ជាតិ​យូដា ឲ្យ​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ព្រះ​របស់​គេ​យ៉ាង​អាម៉ាស​ជាទី​បំផុត​។ នៅ​ថ្ងៃ​បុណ្យ​ព្រះ​ឌីយ៉ូនី​ស៊ីយ៉ូស គេ​បង្ខំ​ជន​ជាតិ​យូដា ឲ្យ​ពាក់​ភួង​ស្លឹក​នៅ​លើ​ក្បាល ដង្ហែ​ក្បូន​ព្រះ​នោះ។

ព្រះ​រាជា​ចេញ​ព្រះ​រាជ​ក្រឹត្យ​មួយ តាម​សំណូម​ពរ​របស់​អ្នក​ក្រុង​ផ្ទោលេម៉ៃស៍ ដោយ​បញ្ជាក់​ថា ក្រុង​ក្រឹត្យ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ ត្រូវ​អនុវត្ត​តាម​របៀប​ដូច​គ្នា ចំពោះ​ជន​ជាតិ​យូដា គឺ​ត្រូវ​បង្ខំ​ពួក​គេឲ្យ​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ព្រះ​ដ៏ទៃ។ ស្តេច​បញ្ជា​ឲ្យ​អារ​ក​អស់​អ្នក ដែល​មិន​ព្រម​អនុវត្ត​តាម​ប្រពៃណី​ក្រឹត្យ​នេះ។ ដូច្នេះ គេ​អាច​ដឹង​ថា គ្រោះ​កាច​ទាំង​ឡាយ មុខ​ជា​កើត​ឡើង​ចំពោះ​ពួក​គេ នៅ​ពេល​ខាង​មុខ​មិន​ខាន។

១០គេ​បញ្ជូន​ស្រ្តី​ពីរ​នាក់​ទៅ​កាត់​ទោស ព្រោះ​នាង​ទាំង​ពីរ​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​កូន​របស់​ខ្លួន។ គេ​នាំ ស្រ្តី​ទាំង​ពីរ​ដោយ​មាន​កូន​បៅ​នឹង​ដោះ​បណ្តើរ​អាក្រោស តាម​ផ្លូវ​ក្នុង​ក្រុង​ទាំង​មូល ហើយ​ច្រាន​ទម្លាក់​នាង​ពី​លើ​កំពែង​ក្រុង។ ១១ជន​ជាតិ​យូដា​ខ្លះ​ទៀត នាំ​គ្នា​ចូល​ទៅ​គុហារ​ដែល​នៅ​ជិត​ក្រុង​យេរូ​សាឡឹម ដើម្បី​លួច​ប្រារព្ធ​ពិធី​បុណ្យ​ថ្ងៃ​សប្ប័ទ។ មាន​គេ​ទៅ​ប្តឹង​លោក​ភីលីព​ពី​រឿង​នេះ។ ពួក​គេ​មិន​ព្រម​ត​ទល់ ហើយ​ត្រូវ​គេ​ដុត​ទាំង​រស់ ព្រោះ​នៅ​តែ​គោរព​ថ្ងៃ​ដ៏​វិសុទ្ធ​នោះ។

១២ហេតុ​នេះ ខ្ញុំ​សូម​ទូន្មាន​មិត្ត​អ្នក​អាន​ទាំង​ឡាយ កុំបាត់​បង់​សេចក្តី​ក្លាហាន​ដោយ​សារ​គ្រោះ​កាច​ទាំង​នេះ​ឲ្យ​សោះ! ផ្ទុយ​ទៅ​វិញ​ត្រូវ​គិត​ថា​ខ្មាំង​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​នោះ ពុំមែន​ដើម្បី​បំផ្លាញ​ជាតិ​របស់​យើង​ទេ គឺ​ដើម្បី​អប់រំ​ជាតិ​របស់​យើង​ទៅ​វិញ។ ១៣ព្រះ​ជា​ម្ចាស់​បង្ហាញ​ព្រះ​ហឫ​ទ័យ​សប្បុរស ដ៏​ក្រៃ​លែង​របស់​ព្រះ​អង្គ ចំពោះ​មនុស្ស​ពាល ដោយ​ដាក់​ទោស​ពួក​គេ​ក្នុង​ពេល​ឆាប់ៗ គឺ​ព្រះ​អង្គ​ប្រណី​ពួក​គេ​មិន​យូរ​ទេ!។ ១៤ព្រះ​អម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត ប្រកប​ដោយ​ព្រះ​ហឫ​ទ័យ​អត់​ធ្មត់​យ៉ាង​ខ្លាំង រង់​ចាំ​ឲ្យ​ប្រជា​ជាតិ​នានា ប្រព្រឹត្ត​អំពើ​បាប​ដល់​កំរិត ទើប​ព្រះ​អង្គ​ដាក់​ទោស​គេ។ ប៉ុន្តែ ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហឫ​ទ័យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​យើង​ខ្ញុំ​ទេ ១៥ទ្រង់​មិន​បណ្តោយ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប ហួស​ហេតុ​ពេក​ឡើយ ក្រែង​លោ ព្រះ​អង្គ​ដាក់​ទោស​យើង​ខ្ញុំ​យ៉ាង​ធ្ងន់។ ១៦ហេតុ​នេះ​ហើយ បាន​ជា​ព្រះ​អង្គ​នៅ​តែ​សម្តែង​ព្រះ​ហឫ​ទ័យ​សប្បុរស​ចំពោះ​យើង​ខ្ញុំ​ជា​និច្ច​ព្រះ​អង្គ​គ្រាន់​តែ​ប្រើ​អ្នក​ប្រឆាំង​ដើម្បី​អប់រំ​ប្រជា​រាស្ត្រ តែ​ព្រះ​អង្គ​មិន​បោះ​បង់​ចោល​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ទេ។ ១៧យើង​ខ្ញុំ​គ្រាន់​តែ​រំលឹក​សេចក្តី​ពិត​នេះ ប៉ុណ្ណោះ។ ក្រោយ​ពី​សរសេរ​សេចក្តី​នេះ យើង​ត្រឡប់​មក​រឿង​និទាន​យើង​វិញ។

១៨លោក​អេឡាសារ​ជា​ធម្មា​ចារ្យ​ដ៏​សំខាន់​ម្នាក់​ក្នុង​ចំណោម​ធម្មា​ចារ្យ​ទាំង​ប៉ុន្មាន។ លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ ឫក​ពារ​ក៏​ល្អ​គួរ​ឲ្យ​គោរព។ គេ​ចាប់​បើក​មាត់ បង្ខំ​ឲ្យ​លោក​ពិសារ​សាច់​ជ្រូក។ ១៩លោក​ស៊ូ​ស្លាប់​យ៉ាង​ថ្លៃ​ថ្នូរ ប្រសើរ​ជាង​រស់​នៅ​យ៉ាង​អាម៉ាស់។ លោក​ស្ម័គ្រ​ចិត្ត​ដើរ​តម្រង់​ទៅ​កន្លែង​ធ្វើ​ទារុណ​កម្ម។ ២០លោក​ខ្ជាក់​សាច់​ជ្រូក​ពី​ក្នុង​មាត់ ដូច​អ្នក​ក្លាហាន​មិន​ព្រម​ពិសារ​អ្វី ដែល​គម្ពីរ​វិន័យ​មិន​អនុញ្ញាត​ឲ្យ​បរិភោគ ទោះបី​ត្រូវ​បាត់​បង់​ជីវិត​ក៏​ដោយ។ ២១អស់​លោក​ដែល​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ជប់​លៀង​ព្រះ​ដទៃ​ដែល​វិន័យ​ហាម​នោះ ស្គាល់​លោក​ជា​យូរ​យារ​ណាស់​មក​ហើយ។ គេ​នាំ​លោក​អេឡា​សារ ទៅ​ដោយ​ឡែក​ពី​ប្រជា​ជន ហើយ​បញ្ចេះ​ឲ្យ​គេ​យក​សាច់​ដែល​វិន័យ​អនុញ្ញាត មក​ធ្វើ​ម្ហូប​សម្រាប់​លោក រួច​លោក​ត្រូវ​តែ​ពិសារ​សាច់​ដែល​គេ​ធ្វើ​នោះ ហើយ​ធ្វើ​ពុត ដូច​ជា​ពិសារ​សាច់​ដែល​គេ​បូជា​ថ្វាយ​ព្រះ​ដទៃ តាម​បញ្ជា​របស់​ព្រះ​រាជា។ ២២ធ្វើ​ដូច្នេះ នោះ​លោក​នឹង​រួច​ជីវិត។ អ្នក​ទាំង​នោះ​និយាយ​ដូច្នេះ ព្រោះ​អាណិត​ស្រលាញ់ រាប់​អាន​គាត់​ជា​យូរ​ណាស់​មក​ហើយ។ ២៣ប៉ុន្តែ លោក​អេឡា​សារ​ប្តេជ្ញា​ចិត្ត​យ៉ាង​អង់​អាច​តាម​វ័យ និង​សក់​ស្កូវ​របស់​គាត់ ព្រម​ទាំង​ចរិយា​សម្បតិ្ត ដ៏​ប្រសើរ​ដែល​លោក​មាន​តាំង​ពី​កុមារ​មក ជា​ពិសេស​លោក​ចង់​ធ្វើ​ឲ្យ​ស្រប​តាម​វិន័យ​ដ៏​វិសុទ្ធ ដែល​ព្រះ​ជាម្ចាស់​បាន​តែង​តាំង។ លោក​សុំ​ឲ្យ​គេ​បញ្ជូន​លោក​ទៅ​ស្ថាន​មច្ចុរាជ ២៤ទាំង​ប្រាប់​ថា៖ «មនុស្ស​មាន​អាយុ​ប៉ុន​ខ្ញុំ​នេះ មិន​គួរ​នឹង​បោក​បញ្ឆោត​គេ​ឡើយ! បើ​ខ្ញុំ​ធ្វើ​ពុត​ដូច្នេះ យុវជន​ជា​ច្រើន​មុខ​ជា​ស្មាន​ថា អេឡា​សារ ខ្ញុំ​នេះ​មាន​អាយុ​កៅសិប​ឆ្នាំ​ទៅ​ហើយ បែក​ចិត្ត​ទៅ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​បរទេស!។ ២៥ដូច្នេះ​យុវជន​ទាំង​នោះ មុខ​ជា​វង្វេង​ដោយ​សារ​តែ​កំហុស​របស់​ខ្ញុំ ដែល​ធ្វើ​ពុត​ចង់​រស់​រាន​មាន​ជីវិត មួយ​រយៈ​ពេល​មួយ​យ៉ាង​ខ្លី​នេះ​ជា​មិន​ខាន។ ធ្វើ​ដូច្នេះ មិន​សម​រម្យ​ទេ! ប្រសិន​បើ​ខ្ញុំ​ធ្វើ​ក្នុង​ពេល​ដែល​ខ្ញុំ​មាន​វ័យ​ចាស់​ដូច្នេះ ខ្ញុំ​នឹង​អាប់​ឱន​កិត្តិ​យស​របស់​ខ្ញុំ ហើយ​ត្រូវ​សៅ​ហ្មង​ទៀត​ផង!។ ២៦ទោះ​បី​ខ្ញុំ​រួច​ទោស​ពី​មនុស្ស​លោក ពេល​ឥឡូវ​នេះ​ក្តី ក៏​ខ្ញុំ​មិន​អាច​គេច​រួច​ពី​ព្រះ​ហស្ត នៃ​ព្រះ​ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ​បាន​ដែរ។ ទោះបី​រស់​ឬ​ស្លាប់​ក្តី ក៏​ខ្ញុំ​មិន​រួច​ខ្លួន​ឡើយ។ ២៧ហេតុ​ដូច្នេះ ឥឡូវ​នេះ ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ជីវិត​របស់​ខ្ញុំ​ដោយ​ក្លាហាន ខ្ញុំ​នឹង​បង្ហាញ​កិត្តិ​យស​ឲ្យ​សម​តាម​អាយុ​របស់​ខ្ញុំ ២៨ដោយ​ធ្វើ​ជា​គំរូ​ដ៏ល្អ​ទុកស​ម្រាប់​យុវជន គឺ​គំរូ​របស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ស្លាប់​ដោយ​មិន​រុញ​រា ដើម្បី​គោរព​វិន័យ​ដ៏​វិសុទ្ធ។

មាន​ប្រសាសន៍​ដូច្នេះ​ហើយ លោក​អេឡា​សារ ក៏​ដើរ​តំរង់​ទៅ​កន្លែង​ធ្វើ​ទារុណ​កម្ម។ ២៩រីឯ​អស់​អ្នក​ដែល​នាំ​លោក គេ​ក៏​នាំ​គ្នា​ដូរ​ចិត្ត​គំនិត កាល​ពី​មុន ពួក​គេ​ដែល​ធ្លាប់​តែ​អាណិត​ស្រលាញ់​លោក បែរ​ជា​ស្អប់​លោក​ទៅ​វិញ ព្រោះ​គេ​ចាត់​ទុក​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​នោះ​ថា ជា​ពាក្យ​ឆ្កួត​លេលា។ ៣០រីឯ​លោក​វិញ ពេល​ដែល​លោក​ជិត​ផុត​ដង្ហើម ដោយ​សារ​គេ​វាយ​ធ្វើ​បាប​នោះ លោក​មាន​ប្រសាសន៍​ទាំង​ថ្ងូរ​ថា៖ «ព្រះ​អម្ចាស់​ជ្រាប​អ្វីៗទាំង​អស់ ព្រះ​អង្គ​ជ្រាប​ច្បាស់​ថា ទូល​បង្គំ​អាច​រួច​ពី​ស្លាប​បាន។ នៅ​ពេល​នេះ គេ​វាយ​ដំ​ខ្លួន​ប្រាណ​ទូល​បង្គំ​យ៉ាង​សាហាវ​យង់​ឃ្នង តែ​ក្នុង​ចិត្ត​ទូល​បង្គំ​រង​ទុក្ខ​ដោយ​សប្បាយ ព្រោះ​ទូល​បង្គំ​គោរព​កោត​ខ្លាច​ព្រះ​អង្គ»។

៣១លោក​អេឡា​សារ​ចែក​ស្ថាន​ទៅ យ៉ាង​នេះ។ ការ​ស្លាប់​របស់​លោក មិន​ត្រឹម​តែ​ធ្វើ​ជា​គំរូ​សម្រាប់​យុវជន​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​ប្រជា​ជាតិ​ជា​ច្រើន​ទៀត​ផង។ គេ​នឹក​ចាំ​ពី​ព្រហ្ម​វិហារ​ធម៌ និង​ចិត្ត​អង់​អាច​ក្លាហាន​របស់​លោក​តរៀង​ទៅ។