ម៉ាកាបាយ (០៥)

ព្រះបាទអន់ទីយ៉ូគូស​វាយប្រហារស្រុកអេស៊ីប
នៅ​សម័យ​នោះ ព្រះ​បាទ​អន់​ទីយ៉ូគូស​រៀប​ចំ​ចេញ​ប្រយុទ្ធ​ជាមួយ​ស្រុក​អេស៊ីប​ស​ជាថ្មី។ ក្នុង​អំឡុង​ពេល​ប្រហែល​ជា​សែ​សិប​ថ្ងៃ ​គេ​ឃើញ​មាន​ពល​សេះ​ស្លៀក​សំលៀក​បំពាក់ សុទ្ធ​តែ​ប៉ាក់​ពី​មាស និង​ពល​ទាហាន​កាន់​លំពែង​ហោះ​ហើរ​លើ​អាកាស ក្នុង​ក្រុង​យេរូ​សាឡឹម​ទាំង​មូល។ ទ័ព​ទាំង​នោះ​ចែក​ជា​កង់ៗ មាន​កង​ពល​សេះ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ។ គេ​ឃើញ​មាន​ការ​ប្រយុទ្ធ​គ្នា ខែល​គ្រវី​ចុះ​ឡើង លំពែង​ដ៏​ច្រើន​ច្រូង​ច្រាង​ដូច​ព្រៃ ដាវ​ហូត​ចេញ​មក ព្រួញ​ហោះ​ទៅ​មក អាវ​ក្រោះ​ធ្វើ​ពី​មាស​ចាំង​ភ្លឺ​ផ្លេកៗ។ ហេតុ​នេះ ប្រជា​ជន​ទាំង​អស់​ទូល​អង្វរ​ព្រះ​ជាម្ចាស់ សូម​ឲ្យ​អភូត​ហេតុ​ដែល​គេ​ឃើញ​នោះ នាំ​មក​នូវ​ប្រផ្នូល​ល្អ។

មាន​គេ​ផ្សាយ​ដំណឹង​កុហក​ថា ព្រះ​បាទ​អន់ទី​យ៉ូគូស សោយ​ទិវង្គត​ហើយ។ ពេល​នោះ​លោក​យ៉ាសូន ប្រមូល​កង​ទ័ព​យ៉ាង​តិច​មួយ​ពាន់​នាក់ ហើយ​ចេញ​ទៅ​វាយ​ប្រហារ​ក្រុង​យេរូ​សាឡឹម មិន​ឲ្យ​ប្រជា​ជន​ដឹង​ខ្លួន​ជាមុន។ កង​ពល​នោះ​វាយ​សំរុក​ទំលាយ​កំពែង ហើយ​គេ​ដណ្តើម​យក​ក្រុង​បាន។ លោក​ម៉េណេឡា រត់​ភៀស​ខ្លួន​ក្នុង​បន្ទាយ ដែល​នៅ​ខាង​លើ​ព្រះ​វិហារ។ លោក​យ៉ាសូន​សម្លាប់​ជន​រួម​ជាតិ​រួម​ជាតិ​របស់​ខ្លួន ឥត​ត្រា​ប្រណី គាត់​ពុំ​បាន​គិត​ថា ជ័យ​ជំនះ​លើ​បង​ប្អូន​ជន​រួម​ជាតិ​ដូច្នេះ វា​ជា​ការ​បរាជ័យ​មួយ​ដ៏​ជូរ​ចត់​ទៅ​វិញ​ទេ។ គាត់​នឹក​ស្មាន​ថា គាត់​កំពុង​ឈ្នះ​លើ​ខ្មាំង​សត្រូវ​របស់​ខ្លួន ពុំ​មែន​ឈ្នះ​លើ​បង​ប្អូន​ជន​រួម​ជាតិ​របស់​គាត់​ឡើយ!។ ម្យ៉ាង គាត់​ពុំ​អាច​ដណ្តើម​យក​អំណាច​បាន ម្យ៉ាង​ទៀត​គាត់​ត្រូវ​អម៉ាស់​ដោយ​សារ​តែ​គាត់​ក្បត់​ជាតិ ហើយ​ត្រូវ​តែ​ភៀស​ខ្លួន​សា​ជាថ្មី ទៅ​នៅ​ស្រុក​អាំម៉ាន់​វិញ។ ជីវិត​របស់​ជន​ឧក្រិដ្ឋ​នេះ ត្រូវ​ចប់​យ៉ាង​វេទនា គឺ​ដំបូង​ព្រះ​បាទ អរេតាស ជា​ស្តេច​នៃ​ជន​ជាតិ​អារ៉ាប់ ចាប់​គាត់​ឃុំ​ឃាំង។ បន្ទាប់​មក គាត់​រត់​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ គាត់​ត្រូវ​គេ​ដេញ ហើយ​ស្អប់​គ្រប់ៗ​គ្នា​ព្រោះ​គាត់​បាន​បំពាន​ធម្ម​វិន័យ គេ​ស្អប់​ខ្ពើម​គាត់ ព្រោ​ះគាត់​នាំឲ្យ​មាតុ​ភូមិ​ជួប​នូវ​សេចក្តី​អន្តរាយ និង​សម្លាប់​ប្រជា​ជន​របស់​ខ្លួន​ទៀត​ផង។ នៅ​ទី​បំផុត គេ​បណ្តេញ​គាត់​ដល់​ស្រុក​អេស៊ីប។ គាត់​ជិះ​សំពៅ​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ​ក្រុង​ស្ប៉ាត ដ្បិត​គាត់​សង្ឃឹម​ថា​នឹង​បាន​ជ្រក​នៅ​ស្រុក​នោះ ព្រោះ​ប្រជា​ជន​ទាំង​ពីរ​មាន​ដើម​កំណើត​តែ​មួយ។ ជន​ពាល​នេះ​បាន​និរទេស​មនុស្ស​ជាច្រើន ឲ្យ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន គេ​សម្លាប់​នៅ​លើ​ទឹក​ដី​បរទេស។ ១០ជន​អាក្រក់​នេះ បាន​ទុក​ចោល​សាក​សព​មនុស្ស​ជាច្រើន ដោយ​គ្មាន​នរណា​ម្នាក់​បញ្ចុះ​ឡើយ។ ដូច្នេះ នៅ​ពេល​គាត់​ស្លាប់​គ្មាន​នរណា​យំ​សោក​ស្តាយ​ស្រណោះ ហើយ​ក៏​គាន​នរណា​គោរព​គាត់​ដែរ។ គាត់​គ្មាន​កន្លែង​ក្នុង​ផ្នូរ​រួម​ជាមួយ​ដូន​តា​របស់​គាត់​ទេ។

១១កាល​ស្តេច​ទទួល​ដំណឹង អំពី​ព្រឹត្តិ​ការណ៍​ទាំង​នេះ ទ្រង់​ឆ្វេង​យល់​ថា ស្រុក​យូដា​បែក​ចេញ​ពី​រាជា​ណាចក្រ​ហើយ។ ហេតុ​នេះ ស្តេច​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ទាំង​ក្រេវ​ក្រោធ ដូច​ជា​សត្វ​សាហាវ ហើយ​វាយ​ដណ្តើម​យក​ក្រុង​មក​វិញ។ ១២បន្ទាប់​មក ស្តេច​បញ្ជា​ពល​ទាហាន ឲ្យ​វាយ​ប្រហារ​ឥត​ត្រា​ប្រណី​អស់​អ្នក ដែល​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គេ និង​អា​ក​អស់​អ្នក​ដែល​ឡើង​ទៅ​នៅ​លើ​ផ្ទះ​របស់​គេ។ ១៣ពួក​គេ​សម្លាប់​រង្គាល ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ចាស់ ​អារ​ក​ស្រីក្រមុំ និង​ទារក។ ១៤ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​នោះ ប្រជា​ជន​ប្រាំបី​ម៉ឺន​នាក់​ត្រូវ​រង​គ្រោះ គឺ​បូន​ម៉ឺន​នាក់​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ចំនួន​ទៀត ក៏​មិន​តិច​ជាង​មួយ​ម៉ឺន​នាក់​ដែរ ត្រូវ​គេ​ចាប់​យក​ទៅ​លក់​ដូច​ទាសករ។

(១ មរ ១,២១-២៤)
១៥ព្រះ​បាទ​ អន់ទី​យ៉ូគូស ប្រព្រឹត្ត​ប៉ុណ្ណឹង​ហើយ​ នៅ​មិន​ស្កប់​ព្រះ​ហឫ​ទ័យ​ទៀត គឺ​ហ៊ាន​ចូល​ក្នុង​ទី​សក្ការ​ដ៏​វិសុទ្ធ ជាង​គេ​នៅ​លើ​ផែន​ដី​ទាំង​មូល​ ដោយ​មាន​លោក​ម៉េណេឡា​ជា​មនុស្ស​ក្បត់​វិន័យ និង​ក្បត់​ជាតិ​ថ្វាយ​ដំណើរ​ស្តេច​ផង។ ១៦ព្រះ​រាជា​យក​ភាជន៍​ដ៏​សក្ការ មក​កាន់​ក្នុង​ព្រះ​ហស្ត​ដែល​មិន​បរិសុទ្ធ ហើយ​លុក​ព្រះ​ហស្ត​ដ៏​សៅ​ហ្មង​ប្រមូល​ដង្វាយ ដែល​ស្តេច​នានា​បាន​យក​មក​ថ្វាយ ដើម្បី​ធ្វើ​ឲ្យ​ទី​សក្ការ​មាន​សិរី​រុង​រឿង និង​មាន​កិត្តិ​យស។ ១៧ព្រះ​បាទ​អន់ទី​យ៉ូគូស​មាន​អំនួត​ដោយ​មិន​យល់​ថា ព្រះ​អម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត ទ្រង់​ព្រះ​ពិរោធ​តែ​មួយ​រយៈ​ពេល​ខ្លី ព្រោះ​តែ​អំពើ​បាប​របស់​អ្នក​ក្រុង​នេះ។ នេះ​ជា​មូល​ហេតុ​ដែល​ព្រះ​ជាម្ចាស់ ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ទីដ៏​វិសុទ្ធ។ ១៨ប្រសិន​បើ​អ្នក​ក្រុង​នោះ​ប្រព្រឹត្ត​អំពើ​បាប​ច្រើន​ឥត​គណនា​ទេ ព្រះ​រាជា​មុខ​ជា​ត្រូវ​ព្រះ​ជាម្ចាស់​វាយ​ប្រដៅ តាំង​ពី​ពេល​ដែល​ស្តេច​ទើប​នឹង​យាង​មក​ដល់​ម្លេះ ហើយ​ត្រូវ​បង្វែរ​មិន​ឲ្យ​ធ្វើ​តាម​គំរោង​ការ​លេលា​នេះ ដូច​លោក​ហេលី​យ៉ូដ័រ ដែល​ព្រះ​បាទ​សេលើគូស​ ចាប់​ឲ្យ​ត្រួត​ពិនិត្យ​ឃ្លាំង​ប្រាក់​ដែរ។ ១៩ប៉ុន្តែ ព្រះ​អម្ចាស់​ពុំ​បាន​ជ្រើស​រើស​ប្រជា​ជន ព្រោះ​តែ​ទី​សក្ការ​ទេ គឺ​ព្រះ​អង្គ​បាន​ជ្រើស​រើស​ទី​សក្ការ ព្រោះ​តែ​ប្រជា​ជន​វិញ។ ២០ហេតុ​នេះ​ហើយ សូម្បី​តែ​ទី​សក្ការ​ក៏​ទទួល​គ្រោះ​កាច រួម​ជាមួយ​ប្រជា​ជន​ដែរ តែ​ពេល​ក្រោយ​ទី​សក្ការ​ក៏​បាន​ទទួល​ពរ​រួម​ជាមួយ​ប្រជា​ជន​វិញ។ នៅ​ដែល​ព្រះ​ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ​ទ្រង់​ព្រះ​ពិរោធ ព្រះ​វិហារ​ត្រូវ​គេ​លះ​បង់​ចោល នៅ​ពេល​ព្រះ​អង្គ​លើក​លែង​ទោស​ឲ្យ​ប្រជា​ជន ព្រះ​វិហារ​ត្រូវ​បាន​គេ​ជួស​ជុល​ប្រកប​ដោយ​សិរី​រុង​រឿង​ដូច​ពីមុន។

(១មរ ១,៤១-៤៦)
២១ព្រះ​បាទ​អន់ទី​យ៉ូគូស​យក​ប្រាក់ បួន​ម៉ឺន​ប្រាំបី​ពាន់​គីឡូ​ក្រាម​ពី​ព្រះ​វិហារ រួច​យាង​ត្រឡប់​ទៅ​ក្រុង​អន់ទី​យ៉ូក​ជា​ប្រញាប់។ ព្រះ​រាជា​មាន​អំនួត​ជា​ខ្លាំង​រហូត​ដល់​នឹក​ស្មាន​ថា ខ្លួន​អាច​ធ្វើ​អ្វី​ក៏​បាន​ដូចជា​ធ្វើ​ឲ្យ​សំពៅ​បើក​លើ​គោក និង​ធ្វើ​ឲ្យ​មនុស្ស​ដើរ​លើ​ទឹក​សមុទ្រ!។ ២២ប៉ុន្តែ ព្រះ​រាជា​តែង​តាំង​ទេសា​ភិបាល​ជា​ច្រើន ឲ្យ​ធ្វើ​បាប​ប្រជា​ជាតិ​យូដា គឺ​លោក​ភីលីព​ជា​ជន​ជាតិ​ព្រីគី ជា​មនុស្ស​មាន​ចិត្ត​សាហាវ​ជាង​ស្តេច ដែល​បាន​តែង​តាំង​គាត់​ទៅ​ទៀត ឲ្យ​ត្រូត​ត្រា​ក្រុង​យេរូ​សាឡឹម។ ព្រះ​រាជា​តែង​តាំង​លោក​អន់​ដ្រូនីក ឲ្យ​ត្រួត​ត្រា​នៅ​ភ្នំ​ការីស៊ីម។ ២៣ក្រៅ​ពី​អ្នក​ទាំង​ពីរ​នោះ ស្តេច​ក៏​តែង​តាំង​លោក​ម៉េណេឡា ម្នាក់​ទៀត​ដែល​ជា​មនុស្ស​មាន​ចិត្ត​អាក្រក់ ជា​អ្នក​ជិះ​ជាន់​ជន​រួម​ជាតិ លើស​ពី​លោក​ភី​លីព និង​អន់​ដ្រូនីក​ទៅ​ទៀត!។

ព្រះ​បាទ​អន់ទី​យ៉ូគូស ស្អប់​ជន​ជាតិ​យូដា​ខ្លាំង​ណាស់ ២៤ក៏​ចាត់​លោក​អាប៉ូឡូ​នីយ៉ូស ជា​មេទ័ព​នៃ​ទាហាន​ស៊ីឈ្នួល មក​ពី​ស្រុក​មីស៊ី​ឲ្យ​នាំ​កង​ទ័ព​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់ ទៅ​ក្រុង​យេរូ​សាឡឹម។ ព្រះ​រាជា​បញ្ជា​លោក ឲ្យ​អារ​ក​មនុស្ស​ពេញ​វ័យ​ទាំង​អស់ ព្រម​ទាំង​លក់​ស្ត្រី​និង​កូន​ក្មេង​ផង។ ២៥ពេល​លោក​អាប៉ូឡូ​នីយ៉ូស មក​ដល់​ក្រុង​យេរូ​សាឡឹម លោក​ធ្វើ​ហាក់​ដូច​ជា​អ្នក​ស្រឡាញ់​សន្តិភាព។ លោក​រង់​ចាំ​ដល់​ថ្ងៃ​សប្ប័ទ ជា​ថ្ងៃ​ដ៏​វិសុទ្ធ ដែល​ជន​ជាតិ​យូដា​ឈប់​សំរាក។ នៅ​ថ្ងៃ​នោះ គាត់​រៀប​ចំ​កង​ទ័ព​ដើរ​ជា​ក្បួន​ព្យុហ​យាត្រា។ ២៦លោក​បញ្ជា​កង​ទ័ព​ឲ្យ​សម្លាប់​អស់​អ្នក​ដែល​ចេញ​ទៅ​មើល​ក្បួន​ហែរ​នោះ រួច​ចូល​ទីក្រុង​ជាមួយ​កង​ទ័ព​ប្រដាប់​អាវុធ ហើយ​កាប់​សម្លាប់​មនុស្ស​មួយ​ចំនួន​ធំ។

២៧ពេល​នោះ លោក​យូដា​ម៉ាកា​បាយ ភៀស​ខ្លួន​ទៅ​នៅ​វាល​រហោ​ស្ថាន ជាមួយ​មនុស្ស​បួន​ដប់​នាក់​ទៀត។ ពួក​លោក​រស់​នៅ​តាម​តំបន់​ភ្នំ តាម​របៀប​សត្វ​ព្រៃ ដោយ​បរិភោគ​តែ​ស្មៅ ដើម្បី​ជៀស​វាង​ភាព​សៅ​ហ្មង។