ម៉ាកាបាយ (០៤)

លោក​ស៊ីម៉ូន​ដែល​បាន​រាយ​ការណ៍ អំពី​ឃ្លាំង​ប្រាក់ និង​អំពី​ប្រទេស​ជាតិ​នៅ​តែ​មូល​បង្កាច់​លោក អូនីយ៉ាស ដោយ​ពោល​ថា លោក​បាន​វាយ​ធ្វើ​បាប​លោក​អេលី​យ៉ូដ័រ និង​បង្ក​ហេតុ​អាក្រក់​ទាំង​នោះ​ផង។ ទោះបី​លោក​អូនី​យ៉ាស ជា​អ្នក​ធ្វើ​អំពី​ល្អ​ដល់​ទីក្រុង​ក្តី ជា​អ្នក​ការពារ​បង​ប្អូន​រួម​ជាតិ​ក្តី និង​ជា​អ្នក​កាន់​វិន័យ​ដោយ​ចិត្ត​ស្មោះ​ក្តី ក៏​លោក​ស៊ីម៉ូន​ហ៊ាន​ចោទ​ប្រកាន់​លោក​អេនី​យ៉ាស​ថា ជា​ជន​ឃុប​ឃិត​ប្រឆាំង​នឹង​រដ្ឋ​អំណាច។ លោក​ស៊ីម៉ូន​ស្អប់​លោក​អូនី​យ៉ាស​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​គាត់​រើស​ជន​ខ្លះ ឲ្យ​ប្រព្រឹត្ត​អំពើ​ឃាត​កម្ម​ក្នុង​ក្រុង។ លោក​អេនី​យ៉ាស​យល់​ថា ការ​ប្រឆាំង​គ្នា​ដូច្នេះ នាំ​ឲ្យ​កើត​អន្តរាយ ហើយ​ឃើញ​ថា លោក​អាប៉ូឡូ​នីយ៉ូស​ជា​កូន​របស់​លោក​ម៉េណេថេ ជា​អភិបាល​ស្រុក​ស៊ីរី និង​ស្រុក​ភេនីស៊ី​ទាំង​មូល ញុះ​ញុង​លោក​ស៊ីម៉ូន ឲ្យ​មាន​ចិត្ត​អាក្រក់​ប្រឆាំង​នឹង​គាត់។ ដូច្នេះ លោក​ចូល​ទៅ​គាល់​ស្តេច គ្មាន​គោល​បំណង​ចោទ​ប្រកាន់​ជន​រួម​ជាតិ​របស់​ខ្លួន​ទេ គឺ​លោក​គិត​តែ​ពី​ប្រយោជន៍​រួម ជា​ពិសេស​ផល​ប្រយោជន៍​របស់​ប្រជា​ជន​ទាំង​មូល។ លោក​យល់​ឃើញ​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​ព្រះ​រាជា​មិន​ចេញ​រាជ​ក្រឹត្យ​ទេ​នោះ សន្តិ​ភាព​ក៏​មិន​អាច​កើត​មាន ក្នុង​ចំណោម​មន្ត្រី​រាជ​ការ​ឡើយ រីឯ​លោក​ស៊ីម៉ូន​ក៏​មិន​ចោល​គំនិត​លេលា​របស់​គាត់​ដែរ។

(១​មរ ,១០-១៥)
ព្រះ​បាទ​សេលើគូ​សោយ​ទិវង្គត​ហើយ។ ព្រះ​បាទ​អន់ទី​យ៉ូគូស​ហៅ​អេពីផាន​ ឡើង​ស្នង​រាជ្យ។ លោក​យ៉ាសូន ជា​ប្អូន​របស់​លោក​បូជា​ចារ្យ។ លោក​សុំ​ចូល​គាល់​ព្រះ​រាជា ហើយ​សន្យា​ថា នឹង​ថ្វាយ​ប្រាក់​ចំនួន​មួយ​ម៉ឺន​គីឡូ​ក្រាម និង​ប្រាក់​ពីរ​ពាន់​ពីរ​រយ​គីឡូ​ក្រាម​ទៀត ដែល​បាន​មក​ពី​ការ​ហូត​ពន្ធដារ​ផ្សេងៗ។ ប្រសិន​បើ​ព្រះ​រាជា​អនុញ្ញាត​ឲ្យ​លោក​សង់​កីឡា​ដ្ឋាន និង​មណ្ឌល​សំរាប់​ហ្វឹក​ហ្វឺន​យុវជន ព្រម​ទាំង​ធ្វើ​ជំរឿន​ប្រជា​ជន​នៅ​ស្រុក​យេរូ​សាឡឹម ដែល​អាច​ចូល​សញ្ជាតិ​អន់ទី​យ៉ូក​នោះ លោក​យ៉ាសូន​សន្យា​ថា នឹង​ថ្វាយ​ប្រាក់​ចំនួន​បួន​ពាន់​គីឡូ​ក្រាម​ថែម​ទៀត។ ១០ព្រះ​រាជា​ក៏​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក។ ពេល​លោក​យ៉ាសូន​ដណ្ដើម​អំណាច លោក​ណែ​នាំ​បង​ប្អូន​រួម​ជាតិ ឲ្យ​ប្ដូរ​របៀប​រស់​នៅ​តាម​អរិយធម៌​ក្រិក​វិញ។ ១១លោក​លុប​បំបាត់​ចោល​រាជ​ក្រិត្យ ដែល​ស្ដេច​អនុគ្រោះ​ឲ្យ​ជន​ជាតិ​យូដា​មិន​បាច់​បង់​ពន្ធ នៅ​ពេល​លោក​យ៉ូហាន ជា​ឪពុក​របស់​លោក​អឺប៉ូឡែម​ធ្វើ​អន្ត​រាគមន៍។ (នៅ​គ្រា​នោះ គេ​ចាត់​ឲ្យ​លោក​អឺប៉ូឡែម​ទៅ​ក្រុង​រ៉ូម​ក្នុង​ឋានៈ​ជា​ទូត ដើម្បី​ចង​សម្ព័ន្ធ​មិត្ត​ និង​ចង​មិត្ត​ភាព​ជាមួយ​ជន​ជាតិ​រ៉ូម៉ាំង)។ លោក​យ៉ាសួន​បំផ្លាញ​ទំនៀម​ទម្លាប់ ដែល​ផ្ទុយ​ពី​ធម្ម​វិន័យ​វិញ។ ១២លោក​សប្បាយ​ចិត្ត ដោយ​បាន​សង់​កីឡា​ដ្ឋាន​នៅ​ជើង​ភ្នំ​នៃ​ទីក្រុង ហើយ​នាំ​យុវជន​ដ៏​ស្អាតៗ​ជាង​គេ មក​ហាត់​ហ្វឹក​ហ្វឺន តាម​របៀប​ក្រិក។ ១៣ហេតុ​នេះ​ហើយ​បាន​ជា​អារ្យ​ធម៌​ក្រិក និង​ឥទ្ឋិ​ពល​បរទេស ចូល​មក​ក្នុង​ស្រុក​យូដា​ច្រើន​ហួស​កំរិត ដោយ​សារ​តែ​ចិត្ត​ពាល​ហួស​និស្ស័យ​របស់​លោក​យ៉ាសូន។ គាត់​ជា​ជន​អន្ឋ​ពាល ពុំមែន​ជា​មហា​បូជា​ចារ្យ​ទេ។ ១៤ក្រុម​បូជា​ចារ្យ​មិន​យក​ចិត្ត​ទុក​ដាក់​បំរើ​អាសនៈ​ទេ គឺ​ពួក​គេ​មិន​គោរព​ព្រះ​វិហារ ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ថ្វាយ​យញ្ញ​បូជា​ឡើយ។ ពេល​ឮ​ស្នូរ​ជួង​បន្លឺ​ឡើង ពួក​គេ​ប្រញាប់​ប្រញាល់​ចេញ​ទៅ​ទទួល​ប្រេង ដែល​មាន​ចែក​ក្នុង​កីឡា​ដ្ឋាន ទោះ​បី​ធម្ម​វិន័យ​ហាម​ឃាត់​ក៏ដោយ។ ១៥ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​កិត្តិ​យស ដែល​បាន​មក​តាម​រយៈ​ប្រពៃ​ណី​ដូន​តា​ទេ គឺ​គិត​តែ​ពី​រក​កិត្តិ​យស​ដែល​បាន​មក តាម​របៀប​ក្រិក​វិញ។ ១៦ហេតុ​នេះ​ហើយ នៅ​ពេល​ក្រោយ​ពួក​គេ​ជួប​ប្រទះ​នឹង​ការ​លំបាក​យ៉ាង​ធ្ងន់​ធ្ងរ ព្រោះ​គេ​ខិត​ខំ​យក​តម្រាប់​តាម​ជន​ជាតិ​ក្រិក និង​ខិត​ខំ​ធ្វើ​ឲ្យ​បាន​ដូច​គេ​ទាំង​អស់ តែ​ជន​ជាតិ​ក្រិក​ក្លាយ​ទៅ​ជា​ខ្មាំង​សត្រូវ ជិះ​ជាន់​សង្កត់​សង្កិន​ពួក​គេ​វិញ។ ១៧មនុស្ស​ដែល​បំពាន​វិន័យ​របស់​ព្រះ​ជាម្ចាស់ រមែង​តែង​តែ​ទទួល​ផល​វិបាក! ដូច​ព្រឹត្តិ​ការណ៍​ដែល​កើត​មាន​នៅ​ជំនាន់​ក្រោយ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ស្រាប់។

១៨នៅ​គ្រា​នោះ មាន​ការ​ប្រកួត​កីឡា​នៅ​ក្រុង​ទីរ៉ុស ដូច​គេ​ធ្លាប់​ចាត់​ចែង​រៀង​រាល់​បួន​ឆ្នាំ​ម្ដង​ដោយ​មាន​ទាំង​ស្ដេច​យាង​ចូល​ទត​ដែរ។ ១៩ជន​អន្ឋ​ពាល​យ៉ាសូន​នេះ​ចាត់​តំណាង​ជន​ជាតិ​យូដា ដែល​ចូល​សញ្ជាតិ​អន់ទី​យ៉ូក ឲ្យ​ទៅ​ចូល​រួម​ប្រកួត​កីឡា​ជាមួយ​គេ​ ព្រម​ទាំង​នាំ​យក​ប្រាក់​បីរយ​ដួង​សំរាប់​ធ្វើ​យញ្ញ​បូជា​ថ្វាយ​ព្រះ​អេរ៉ា​គ្លេស។ ប៉ុន្តែ ពួក​អ្នក​ដែល​នាំ​យក​ប្រាក់​ទៅ យល់​ឃើញ​ថា​មិន​គួរ​ចំណាយ​ក្នុង​ករណី​ផ្សេង​វិញ។ ២០ហេតុ​នេះ ពួក​អ្នក​ដែល​នាំ​យក​ប្រាក់​សំរាប់​ថ្វាយ​យញ្ញ​បូជា ព្រះ​អេរ៉ា​គ្លេស​សំរេច​ថា យក​ប្រាក់​នោះ​ធ្វើ​នាវា​ចំបាំង ផ្ទុយ​ពី​បំណង​របស់​លោក​យ៉ាសូន។

២១ព្រះ​បាទ​អន់ទី​យ៉ូគូស ចាត់​លោក​អាប៉ូឡូ​នីយ៉ូស ជា​កូន​របស់​លោក​មេណេថេ ទៅ​ស្រុក​អេស៊ីប ដើម្បី​ចូល​រួម​ពីធី​អភិសេក​របស់​ព្រះ​បាទ​ភីឡូ​មេទ័រ។ នៅ​ពេល​នោះ​ព្រះ​បាទ​អន់ទី​យ៉ូគូស​ជ្រាប​ថា ស្ដេច​ស្រុក​អេស៊ីប មិន​យល់​ស្រប​នឹង​នយោ​បាយ​របស់​ខ្លួន​ទេ។ ដូច្នេះ ព្រះ​រាជា​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​នឹង​សន្តិ​សុខ ក្នុង​រាជា​ណាចក្រ​របស់​ខ្លួន។ ហេតុ​នេះ​ហើយ ទ្រង់​យាង​ទៅ​ក្រុង​យ៉ូប៉េ រួច​បន្ត​ដំណើរ​ទៅ​ក្រុង​យេរូ​សាឡឹម​ទៀត។ ២២លោក​យ៉ាសូន​និង​ប្រជា​ជន​ក្នុង​ក្រុង ទទួល​ស្វាគមន៍​ព្រះ​រាជា​យ៉ាង​អធិក​អធម យាង​ព្រះ​រាជា​ចូល​ទីក្រុង​ទាំង​អបអរ ក្រោម​ពន្លឺ​ភ្លើង​ចន្លុះ និង​សម្លេង​ជយ​ឃោស​ផង។ បន្ទាប់​មក ព្រះ​រាជា​នាំ​កង​ទ័ព​ទៅ​បោះ​ទីតាំង​នៅ​ស្រុក​ភេនីស៊ី។

២៣បី​ឆ្នាំ​ក្រោយ​មក លោក​យ៉ាសូន​ចាត់​លោក​ម៉េណេឡា ជា​ប្អូន​របស់​លោក​ស៊ីម៉ូន ដែល​បាន​រៀប​រាប់​ខាង​លើ​ឲ្យ​នាំ​យក​ប្រាក់​មួយ​ចំនួន​ទៅ​ថ្វាយ​ស្តេច ព្រម​ទាំង​ចរចា​អំពី​ការងារ​សំខាន់ៗ។ ២៤លោក​ម៉េណេឡា ចូល​គាល់​ព្រះ​រាជា ដោយ​ធ្វើ​ឫក​ពារ​ជា​អ្នក​មាន​អំណាច​យ៉ាង​ខ្ពង់​ខ្ពស់។ គាត់​យក​ប្រាក់​ចំនួន​បីរយ​ណែន លើស​ពី​ប្រាក់​របស់​លោក​យ៉ាសូន ថ្វាយ​ព្រះ​រាជា ដើម្បី​ទទួល​មុខងារ​ជា​មហា​បូជា​ចារ្យ​ជំនួស​លោក​យ៉ាសូន។ ២៥លោក​វិល​ត្រឡប់​មក​ក្រុង​យេរូ​សាឡឹម​វិញ ទាំង​កាន់​រាជ​ក្រឹត្យ​តែង​តាំង​ពី​ព្រះ​រាជា ប៉ុន្តែ​លោក​មិន​បាន​ប្រព្រឹត្ត​អ្វី ឲ្យ​សម​នឹង​ឋានៈ​របស់​ខ្លួន​ជា​មហា​បូជា​ចារ្យ​ទេ គឺ​លោក​ប្រព្រឹត្ត​អំពើ​ឃោ​ឃៅ កាន់​អំណាច​ផ្តាច់​ការ គ្មាន​ត្រា​ប្រណី​ដូច​សត្វ​សាហាវ។ ២៦ដូច្នេះ លោក​យ៉ាសូន​ដែល​ដណ្តើម​មុខងារ​ជា​មហា​បូជា​ចារ្យ​ពី​បង​របស់​ខ្លួន ក៏​ត្រូវ​អ្នក​ដទៃ​ដណ្តើម​យក​មុខ​ងារ​នេះ ពី​គាត់​វិញ​ដែរ ហើយ​ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អាំម៉ាន់។ ២៧រីឯ​លោក​ម៉េណេអា​វិញ គាត់​ឡើង​កាន់​អំណាច​មែន ប៉ុន្តែ​គាត់​មិន​យក​មាស​ប្រាក់​ថ្វាយ​ព្រះ​រាជា ដូច​ពាក្យ​ដែល​លោក​សន្យា​នោះ​ទេ។ ២៨លោក​សូស្ត្រាត​ដែល​ជា​មេ​បញ្ជា​ការ​នៅ​ក្រុង​យេរូ​សាឡឹម ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រមូល​ពន្ធដារ នៅ​តែ​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ប្រាក់​នោះ។ ទី​បញ្ចប់​ព្រះ​រាជា​កោះ​ហៅ​អ្នក​ទាំង​ពីរ​ឲ្យ​ចូល​គាល់។ ២៩លោក​ម៉ែណេឡា ឲ្យ​លោក​លីស៊ីម៉ាក ជា​ប្អូន​បំពេញ​មុខងារ​ជា​មហា​បូជា​ចារ្យ​ជំនួស​លោក រីឯ​លោក​សូស្ត្រាត​ក៏ឲ្យ​លោក​ក្រាទែស ធ្វើ​ជា​មេទ័ព​របស់​ពួក​ទាហាន​កោះ​គីប្រុស​ជំនួស​លោក​ដែរ។

៣០នៅ​គ្រា​នោះ អ្នក​ក្រុង​តារសូស និង​អ្នក​ក្រុង​ម៉ាឡូស​ប៉ះ​បោរ​ប្រឆាំង​នឹង​ស្តេច ព្រោះ​ស្តេច​បាន​ប្រគល់​ក្រុង​ទាំង​ពីរ ទៅ​ឲ្យ​នាង​អន់ទីយ៉ូ​ឃីស ជា​ស្នំឯក​របស់​ស្តេច។ ៣១ដូច្នេះ ព្រះ​រាជា​យាង​ចេញ​យ៉ាង​ប្រញាប់​ដើម្បី​បង្ក្រាប​ពួក​បះ​បោរ ដោយ​ទុក​ឲ្យ​លោកអន់ដ្រូនីក ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទទួល​បន្ទុក​ជំនួស។ ៣២លោក ម៉េណេឡា​យល់​ឃើញ​ថា នេះ​ជា​ឱកាស​ល្អ​សំរាប់​គាត់​ហើយ! គាត់​ក៏លួច​យក​គ្រឿង​មាស​ខ្លះ​ពីទី​សក្ការ ជូន​ជា​អំណោយ​ដល់​លោក​អន់ដ្រូនីក។ គាត់​ក៏​ឆ្លៀត​លក់​គ្រឿង​មាស​ប្រាក់​ខ្លះ​ទៀត នៅ​ក្រុង​ទីរ៉ុស និង​ក្រុង​ជិត​ខាង។ ៣៣លោក​អូនីយ៉ាស ទទួល​ពត៌មាន​យ៉ាង​សប្បាយ​អំពី​រឿង​នេះ លោក​ក៏ភៀស​ខ្លួន​ទៅ​ពួន​ក្នុង​វិហារ​នៅ​ក្រុង​ដាប់ណេ ក្បែរ​ក្រុង​អន់ទី​យ៉ូក ជា​ជំរក​ដែល​គ្មាន​នរណា​មាន​សិទ្ធិ​ចូល​បាន ហើយ​ចោទ​ប្រកាន់​លោក​ម៉េណេឡា យ៉ាង​ខ្លាំង។ ៣៤លោក​ម៉េណេឡា​ជួប​លោក​អន់ដ្រូ​នីន ជា​សំងាត់ ហើយ​ញុះ​ញង់​ឲ្យ​សម្លាប់​លោក​អូនីយ៉ាស។ ដូច្នេះ លោក​អន់ដ្រូនីក​ទៅ​ជួប​លោក​អូនីយ៉ាស​ ដោយ​ប្រើ​ល្បិច​កល​លោក លូក​ដៃ​ស្តាំ​ទៅ​គេ​បញ្ជាក់​ថា លោក​អត់​ទោស​ឲ្យ​ទាំង​ស្បថ​ស្បែ។ ធ្វើ​ដូច្នេះ លោក​បញ្ចុះ​បញ្ចូល​លោក​អូនីយ៉ាស ឲ្យ​ចេញ​ពី​ជំរក ទោះបី​លោក​អូនីយ៉ាស​នៅ​តែ​មាន​ការ​សង្ស័យ​ក្តី។ លុះ​លោក​អូនីយ៉ាស​ចេញ​ពី​ជំរក​ហើយ លោក​អន់ដ្រូនីក​សម្លាប់​គាត់​ភ្លាម ដោយ​មិន​គោរព​យុត្តិ​ធម៌​សោះ​ឡើយ។ ៣៥ឃាត​កម្ម​ដ៏​អយុត្តិ​ធម៌​លើ​មនុស្ស​សុច​រិត​នេះ មិន​គ្រាន់​តែ​បណ្តាល​ឲ្យ​ជន​ជាតិ​យូដា​ជ្រួល​ច្របល់ ប៉ុណ្ណោះ​ទេ សូម្បី​តែ​សាសន៍​ដទៃ​ជាច្រើន​ក៏​ទាស់​ចិត្ត និង​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​ដែរ។

៣៦កាល​ព្រះ​រាជា​យាង​ត្រឡប់ មក​ពី​បង្ក្រាប​អ្នក​ក្រុង​ស៊ីលីស៊ី​វិញ ជន​ជាតិ​យូដា​នៅ​ក្រុង​អន់ទី​យ៉ូក និង​ជន​ជាតិ​ក្រិក​មួយ​ចំនួន ដែល​ស្អប់​ខ្ពើម​អំពើ​អាក្រក់​ដូច​ជន​ជាតិ​យូដា នាំគ្នា​ចូល​ទៅ​គាល់​ស្តេច តវ៉ា​អំពី​អំពើ​ឃាត​កម្ម ដែល​គ្មាន​ហេតុ​ផល​លើ​លោក​អូនីយ៉ាស។ ៣៧ព្រះ​បាទ​អន់ទី​យ៉ូគូស​មាន​ព្រះ​ហឫ​ទ័យ​សោក​សង្រេង អាណិត​អាសូរ​លោក​អូនីយ៉ាស​ខ្លាំង​ណាស់ ព្រះ​រាជា​ទ្រង់​ព្រះ​កន្សែង​ដោយ​នឹក​ដល់​ប្រាជ្ញា និង​ចិត្ត​ស្លូត​ត្រង់​របស់​លោក។ ៣៨ព្រះ​រាជា​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង បញ្ជា​ឲ្យ​គេ​ដោះ​អាវ​ស្វាយ​ពី​លោក​អន់​ដ្រូនីក​ចេញ​ភ្លាម ហែក​សំលៀក​បំពាក់​នោះ​ចោល ហើយ​បណ្តើរ​អាក្រោស​ក្នុង​ក្រុង​ទាំង​មូល​រហូត​ដល់​កន្លែង​ដែល​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់​បំផុត ដោយ​ប្រហារ​ជីវិត​លោក​អូនីយ៉ាស ទ្រង់​ក៏​ប្រហារ​ជីវិត​ឃាតករ​នៅ​ទីនោះ​ដែរ។ ព្រះ​អម្ចាស់​ដាក់​ទោស​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​លោក​អន់តូនីក។

៣៩នៅ​គ្រា​នោះ លោក​លីស៊ីម៉ាក​បាន​លួច​យក​គ្រឿង​សក្ការ​ជាច្រើន ក្នុង​ព្រះ​វិហារ​ក្នុង​ក្រុង​យេរូ​សាឡឹម ដោយ​ផ្សំ​គំនិត​ជាមួយ​លោក​ម៉េណេឡា​ជា​បង។ គ្រឿង​ប្រដាប់​ដែល​ធ្វើ​ពី​មាស​និង​ប្រាក់​ជាច្រើន​ត្រូវ​បាត់​បង់។ ដំណឹង​នេះ​ក៏​លេច​ឮ​ពាស​ពេញ​ក្រុង។ ប្រជា​ជន​នាំ​គ្នា​បះ​បោរ​ប្រឆាំង​នឹង​លោក​លីស៊ី​ម៉ាស។ ៤០ពេល​លោក លីស៊ីម៉ាក​ឃើញ​ប្រជា​ជន​បះ​បោរ ទាំង​កំហឹង​ពុះ​កញ្ជ្រោល​ដូច្នេះ លោក​រៀប​ចំ​កង​ទ័ព ប្រហែល​បីពាន់​នាក់ ចេញ​ទៅ​បង្ក្រាប​មហា​ជន​ដោយ​អយុត្តិ​ធម៌ ក្រោម​ការ​ដឹក​នាំ​របស់​លោក​អូរ៉ា​នូស ជា​មនុស្ស​ដែល​មាន​អាយុ​ច្រើន ហើយ​លេលា​ផង។ ៤១ប្រជា​ជន​សង្កេត​ឃើញ​ថា កង​ទ័ព​វាយ​ប្រហារ​មក​លើ​ពួក​គេ​ដូច្នេះ គឺ​បណ្តាល​មក​ពី​លោក​លីស៊ីម៉ាក ហេតុ​នេះ អ្នក​ខ្លះ​យក​ដុំថ្ម អ្នក​ខ្លះ​យក​ព្រនង់​មក​វាយ អ្នក​ខ្លះ​យក​ផេះ​ដែល​នៅ​ក្បែរ​អាសនៈ ក្តាប់​បាច​មក​លើ​កង​ទ័ព​របស់​លោក​លីស៊ី​ម៉ាក ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង។ ៤២ពួក​គេ​វាយ​កង​ទ័ព​មួយ​ចំនួន​ធំ​ឲ្យ​របួស ហើយ​ខ្លះ​ត្រូវ​ស្លាប់​ទៀត​ផង។ គេ​បណ្តេញ​អ្នក​ដែល​នៅ​សេស​សល់​ឲ្យ​រត់​អស់ ហើយ​ប្រហារ​ជីវិត​លោក​លីស៊ី​ម៉ាក ដែល​ជា​អ្នក​ប្លន់​គ្រឿង​សក្ការ​ដែល​នៅ​ក្បែរ​ឃ្លាំង​នោះ។

៤៣គេ​ប្តឹង​លោក​ម៉េណេឡា ពី​ហេតុ​ការណ៍​ទាំង​នេះ។ ៤៤កាល​ព្រះ​រាជា​យាង​ទៅ​ក្រុង​ទីរ៉ុស ក្រុម​ព្រឹទ្ធា​ចារ្យ​ចាត់​មេធាវី​បី​នាក់ ឲ្យ​និយាយ​តវ៉ា​ការពារ​ក្តី​របស់​គេ នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះ​រាជា។ ៤៥លោក​ម៉េណេឡា​ដឹង​ថា គាត់​មុខ​ជា​ចាញ់​ក្តី​ជា​មិន​ខាន​ ហេតុ​នេះ គាត់​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​ជា​ច្រើន​ដល់​លោក​ផ្ទូលេម៉េ ជា​កូន​របស់​លោក​ដូរីមែន ដើម្បី​ទូល​ព្រះ​រាជា​ឲ្យ​គាត់​បាន​ឈ្នះ​ក្តី​នោះ។ ៤៦ដូច្នេះ​លោក​ផ្ទូលេម៉េ នាំ​ព្រះ​រាជា​ទៅ​ទីលាន​ខាង​ក្រៅ ដោយ​យក​លេស​ថា ទៅ​យក​ខ្យល់​អាកាស ហើយ​ទូល​ស្តេច​ឲ្យ​ដូរ​ព្រះ​ហឫ​ទ័យ។ ៤៧ព្រះ​រាជា​លើក​លែង​ទោស​ជន​ពាល​ម៉េណេឡា ដែល​ជា​អ្នក​បង្ក​គ្រោះ​កាច​ទាំង​អស់​នេះ ឲ្យ​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ ស្តេច​កាត់​ទោស​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​ដែល​ឡើង​ការពារ​ក្តី​របស់​គេ។ សូម្បី​តែ​ជន​ជាតិ​ស៊ីត​ដ៏​ឃោ​ឃៅ ក៏​គេ​ចេះ​គិត​ថា ប្រសិន​បើ​ពួក​គេ​ជា​អ្នក​វិនិច្ឆ័យ​ក្នុង​រឿង​នេះ ពួក​គេ​មុខ​ជា​ដោះ​លែង​ជន​ស្លូត​ត្រង់​ទាំង​នោះ​ឲ្យ​រួច​ខ្លួន​ពុំខាន!។ ៤៨រំពេច​នោះ គេ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​បាន​និយាយ​ការពារ​ក្រុង​ស្រុក​ភូមិ និង​គ្រឿង​ប្រដាប់​សក្ការ។ ការ​នេះ​ពិត​ជា​អយុត្តិ​ធម៌​មែន!។ ៤៩ហេតុ​នេះ អ្នក​ក្រុង​ទីនោះ​ទាស់​ចិត្ត​នឹង​អំពើ​អាក្រក់​នេះ ហើយ​នាំគ្នា​ជួយ​ធ្វើ​ពិធី​បញ្ចុះ​សព​អ្នក​ទាំង​នោះ​យ៉ាង​អធិក​អធម។ ៥០ចំពោះ​លោក​ម៉េណេឡា នៅ​តែ​កាន់​អំណាច​រហូត​ដោយ​សារ​តែ​អ្នក​គ្រប់​គ្រង មាន​ចិត្ត​លោភ​លន់។ គាត់​មាន​ចិត្ត​កាន់​តែ​អាក្រក់​ឡើងៗ ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​យ៉ាង​ធំ​របស់​បង​ប្អូន​រួម​ជាតិ។