ម៉ាកាបាយ (០៣)

រឿងលោកអេរីយ៉ូដ័រ
នៅ​គ្រា​នោះ អ្នក​ក្រុង​យេរូ​សាទ្បឹម​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត យ៉ាង​បរិបូណ៏ និង​កាន់​តាម​ធម្ម​វិន័យ​យ៉ាង​ហ្មត់​ចត់​ដោយ​សារ​មហា​បូជា​អូនី​យ៉ាស គោរព​ប្រណិ​ប័តន៍​ព្រះ​ជាម្ចាស់ ហើយ​ស្អប់​ខ្ពើម​អំពើ​អាក្រក់។ សូម្បី​តែ​ស្តេច​នានា​ក៏​យាង​មក​គោរព​ព្រះ​វិហារ និង​ថ្វាយ​តង្វាយ​ដ៏​មាន​តម្លៃ​បំផុត​ដែរ។ ព្រះ​បាទ​សេលើ​គូស ជា​ស្តេច​ស្រុក​អាស៊ី យក​រាជ​សម្បត្តិ​ផ្ទាល់​ចំណាយ​ក្នុង​កិច្ចការ​ថ្វាយ​យញ្ញ​បូជា។ ប៉ុន្តែ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ក្នុង​កុល​សម្ព័ន្ធ​ប៊ីលកា ជា​អភិបាល​ចាត់​ចែង​ការងារ​ក្នុង​ព្រះ​វិហារ មាន​ការ​ខ្វែង​គំនិត​នឹង​មហា​បូជា​ចារ្យ ស្តី​អំពី​ការ​គ្រប់​គ្រង​ក្នុង​ទីផ្សារ​ក្នុង​ទីក្រុង។ លោក​ស៊ីម៉ូន​មិន​អាច​យក​ឈ្នះ​លើ​លោក​មហា​បូជា​ចារ្យ​អូនី​យ៉ាស​បាន ជា​កូន​របស់​លោក​ត្រាសេអា ដែល​ជា​មេ​បញ្ជា​ការ​ស្រុក​នៅ​សេលើ​ស៊ីរី និង​ស្រុក​ភេនីស៊ី នា​សម័យ​នោះ។ គាត់​និយាយ​ប្រាប់​លោក​អាប៉ូឡូ​នីយ៉ូស នូវ​ពាក្យ​មិន​ពិត​ថា ឃ្លាំង​ព្រះ​វិហារ​នៅ​ក្រុង​យេរូ​សាឡឹម មាន​មាស​ប្រាក់​ជាច្រើន​ឥត​គណនា រាប់​មិន​អស់ មិន​ស្រប​នឹង​ប្រាក់​ដែល​បាន​មក​ពី​យញ្ញ​បូជា​ទេ ហើយ​គូរ​តែ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ទាំង​នោះ មក​ធ្វើ​ជា​រាជ​ទ្រព្យ​វិញ។ លោក​អាប៉ូឡូ​នីយ៉ូស​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថ្វាយ​សេចក្ដី ដែល​លោក​ស៊ីម៉ូន​ប្រាប់​អំពី​ទ្រព្យ​សម្បត្តិ​ទាំង​នោះ។ ព្រះ​រាជា​ចាត់​លោក​អេលី​យ៉ូដ័រ ដែល​ស្ដេច​ជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ទីមួយ ឲ្យ​ទៅ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​មក។ លោក​អេលី​យ៉ូដ័រ​ចេញ​ដំណើរ​ភ្លាម ធ្វើ​ហាក់​ដូច​ជា​គ្រាន់​តែ​ទៅ​ត្រួត​ពិនិត្យ​ក្រុង​នានា នៅ​ស្រុក​សេលើ​ស៊ីរី និង​ស្រុក​ភេនីស៊ី​ប៉ុណ្ណោះ។ ប៉ុន្តែ តាម​ការ​ពិត លោក​ចេញ​ទៅ​អនុវត្ត​តាម​បញ្ជា​របស់​ស្ដេច។ លុះ​មក​ដល់​ក្រុង​យេរូ​សាឡឹម លោក​មហា​បូជា​ចារ្យ ព្រម​ទាំង​អ្នក​ក្រុង​នោះ​ទទួល​លោក​យ៉ាង​រាក់​ទាក់។ លោក​ក៏​រៀប​រាប់​សេចក្ដី​ដែល​គេ​ប្រាប់​លោក អំពី​ទ្រព្យ​សម្បត្តិ និង​ពន្យល់​អំពី​មូល​ហេតុ ដែល​លោក​មក​ទីនេះ។ លោក​សួរ​ថា តើ​សេច​ក្ដី​ដែល​គេ​ប្រាប់​នោះ​ពិត​ដូច​គេ​ចោទ​ឬ​ទេ។ ១០លោក​មហា​បូជា​ចារ្យ​នៅ​ក្នុង​ឃ្លាំង មាន​តែ​ប្រាក់​មួយ​ចំណែក ទុក​សំរាប់​ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា​ប៉ុណ្ណោះ ១១ឯ​ប្រាក់​មួយ​ចំណែក​ទៀត ជា​របស់​លោក​អៀរកាន ជា​កូន​របស់​លោក​តូប៊ីត ដែល​ជា​មន្ត្រី​មាន​ឋានៈ​ខ្ពស់​បាន​ផ្ញើ​ទុក។ នៅ​ក្នុង​ឃ្លាំង​នោះ មាន​តែ​ប្រាក់​មួយ​ពាន់​មួយ​រយ​គីឡូ​ក្រាម និង​មាស​ប្រាំ​ពាន់​ប្រាំ​រយ​គីឡូ​ក្រាម គឺ​ផ្ទុយ​ស្រឡះ​ពី​សេចក្ដី​ដែល​លោក​ស៊ីម៉ូន​ជា​ជន​ពាល បាន​និយាយ​មួល​បង្កាច់។ ១២ម្យ៉ាង​ទៀត គ្មាន​នរណា​អាច​បន្លំ​មាស​ប្រាក់​របស់​ប្រជា​ជន​ដែល​ទុក​ចិត្ត លើ​ទី​សក្ការៈ​ដ៏​វិសុទ្ឋ​នេះ​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​លួច​ប្លន់​ពី​ព្រះ​វិហារ ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​គួរ​ជាទី​គោរព​ក្នុង​ពិភព​លោក​ទាំង​មូល​នេះ​ដែរ។

១៣ប៉ុន្តែ លោក​អេលី​យ៉ូដ័រ​យោង​តាម​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ លោក​ចចេស​ទារ​រឹប​អូស​យក​មាស​ប្រាក់​ទាំង​នេះ មក​ដាក់​ជា​រាជ​ទ្រព្យ​ដាច់​ខាត។ ១៤ដូច្នេះ នៅ​ពេល​ដែល​លោក​បាន​កំណត់​ថ្ងៃ ចូល​ទៅ​កត់​បញ្ជី​ទ្រព្យ​សម្បត្តិ​ទាំង​នោះ ប្រជា​ជន​នៅ​ទីក្រុង​ទាំង​មូល តប់​ប្រមល់​យ៉ាង​ខ្លាំង។ ១៥អស់​លោក​បូជា​ចារ្យ​ស្លៀក​សម្លៀក​បំពាក់ សំរាប់​ពិធី​បុណ្យ​របស់​ខ្លួន នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​នៅ​មុខ​អាសនៈ ទូល​អង្វរ​ព្រះ​ជាម្ចាស់​ដែល​បាន​បង្កើត​ធម្មវិន័យ ស្ដី​អំពី​ការ​ផ្ញើ​ប្រាក់​ទុក សូម​ព្រះ​អង្គ​មេត្តា​ការពារ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដែល​យក​មក​ផ្ញើ​ឲ្យ នៅ​គង់​វង្ស​ផង។ ១៦អស់​អ្នក​ដែល​ឃើញ​លោក​បូជា​ចារ្យ យល់​ថា​លោក​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ទឹក​មុខ​របស់​លោក​ស្លេក​ស្លាំង បង្ហាញ​ឲ្យ​ដឹង​ថា លោក​តប់​ប្រមល់​ពេក​ក្រៃ។ ១៧លោក​តក់​ស្លុត​ញាប់​ញ័រ​ពេញ​ក្នុង​ខ្លួន បង្ហាញ​ឲ្យ​គេ​ឃើញ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។ ១៨ប្រជា​ជន​ចេញ​ពី​ផ្ទះ​រៀងៗ​ខ្លួន ជួប​ជុំគ្នា​ជា​ក្រុមៗ ដើម្បី​អង្វរ​ព្រះ​ជាម្ចាស់​រួម​គ្នា សួរ​ព្រះ​អង្គ​ពង្វាង​ភាព​អាម៉ាស់ ចេញ​ពី​ទី​សក្ការៈ​នេះ​ផង។ ១៩ស្ត្រីៗ​ស្លៀក​សម្លៀក​បំពាក់​កាន់​ទុក្ខ ចេញ​មក​ពាស​ពេញ​តាម​ផ្លូវ។ រីឯ​យុវនារី​ដែល​គេ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ខ្លះ​រត់​ទៅ​មាត់​ទ្វារ​ខ្លះ​នៅ​តាម​របង​ខ្លះ​អើត​តាម​បង្អួច ២០នាង​លើក​ដៃ​ឡើង​អង្វរ​ព្រះ​ជាម្ចាស់ ២១នេះ​ជា​ទិដ្ឋ​ភាព​គួរ​ឲ្យ​អាណិត​អាសូរ ចំពោះ​មហា​ជន​ដែល​កំពុង​ក្រាប​ចុះ​ដល់​ដី​ទូល​អង្វរ ហើយ​គួរ​ឲ្យ​អាណិត​លោក​មហា​បូជា​ចារ្យ ដែល​ញាប់​ញ័រ តក់​ស្លុត តប់​ប្រមល់​យ៉ាង​ខ្លាំង។ ២២ពេល​ពួក​គេ​អង្វរ​ព្រះ​ជា​ម្ចាស់ ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ​សូម​ព្រះ​អង្គ​ជួយ​ការពារ​ទ្រព្យ​សម្បត្តិ ដែល​គេ​ផ្ញើ​ទុក​ឲ្យ​គង់​វង្ស ២៣លោក​អេលី​ក៏​អនុវត្ត​តាម​បញ្ជា​របស់​ស្ដេច។ ២៤លោក​អេលី​យ៉ូដ័រ​និង​ពល​ទាហាន បាន​មក​ដល់​ក្បែរ​ឃ្លាំង​ប្រាក់​ហើយ។ ពេល​នោះ ព្រះ​អម្ចាស់​នៃ​ពពួក​ទេវតា​ទាំង​ឡាយ ដែល​មាន​អំណាច​គ្រប់​យ៉ាង​លេច​ធ្លោ​ឡើង​យ៉ាង​អស្ចារ្យ។ ព្រះ​ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា​នុភាព វាយ​ប្រហារ​របស់​អ្នក​ដែល​ហ៊ាន​ចូល​មក​កាន់​ទីនេះ ធ្វើ​ឲ្យ​ពួក​គេ​បាក់​កម្លាំង និង​បាត់​បង់​សេក្ដី​ក្លាហាន។ ២៥ពួក​គេ​ឃើញ​សេះ​មួយ ពាក់​គ្រឿង​ក្រោះ​យ៉ាង​ល្អ​ប្រណីត ហើយ​អ្នក​ជិះ​ដែល​ពាក់​អាវ​ក្រោះ​មាស មាន​រាង​គួរ​ឲ្យ​ស្ញែង​ខ្លាច ឡើង​ជិះ​លើ​ខ្នង​សេះ​នោះ។ សេះ​បោល​សំដៅ​ស្ទុះ​ទៅ​រក​លោក​អេលី​យ៉ូដ័រ យ៉ាង​លឿន​លើក​ជើង​មុខ​ចំ​ប្រាវ​ទៅ​លើ​លោក។ ២៦នៅ​ពេល​នោះ​មាន​យុវជន​ពីរ​នាក់​ទៀត លេច​ចេញ​មក​ឲ្យ​លោក​អេលី​យ៉ូដ័រ​ឃើញ​បុរស​ទាំង​ពីរ​នេះ​មាន​កម្លាំង​ខ្លាំង​ក្លា រូប​សម្បត្តិ​ក៏​ល្អ​ស្អាត ហើយ​ស្លៀក​សម្លៀក​បំពាក់​យ៉ាង​ល្អ​ប្រណីត ឈរ​នៅ​សង​ខាង​លោក ហើយ​វាយ​ប្រហារ​លោក​ឥត​ដក​ដៃ​ឡើយ។ ២៧លោក​អេលី​យ៉ូដ័រ​ដួល​ដល់​ដី​មួយ​រំពេច​ទាំង​មិន​ដឹង​ខ្លួន ហើយ​គេ​គ្រាហ៍​លោក​យក​ទៅ​ដាក់​លើ​គ្រែ។ ២៨លោក​នេះ​ដែល​ទើប​ចូល​ក្នុង​ឃ្លាំង ដោយ​មាន​កង​ទ័ព​ជា​ច្រើន​មក​ជាមួយ​ផង ពេល​នេះ​ត្រូវ​គេ​សែង​យក​ទៅ ព្រោះ​គាត់​មិន​អាច​ជួយ​ខ្លួន​ឯង។ ២៩ឫទ្ធិ​បារមី​របស់​ព្រះ​ជាម្ចាស់ បាន​ប្រហារ​លោក​អេលី​យ៉ូដ័រ​ឲ្យ​ដេក​ស្ដូក​ស្ដឹង​នៅ​ស្ងៀម និយាយ​មិន​កើត​ គ្មាន​សង្ឃឹម​នឹង​អាច​រស់​ទៀត​បាន។ ៣០រីឯ​ប្រជា​ជន​នៅ​ទីក្រុង​វិញ ពួក​គេ​លើក​តម្កើង​ព្រះ​អម្ចាស់ ដែល​បាន​សំដែង​សិរី​រុង​រឿង​របស់​ព្រះ​អង្គ មក​ការពារ​ទី​សក្ការៈ​របស់​ព្រះ​អង្គ។ កាល​ពីមុន​នេះ​បន្តិច នៅ​ទីនោះ​គេ​ភ័យ​ខ្លាច និង​ជ្រួល​ច្របល់​តែ​ឥឡូវ​នេះ មាន​អំណរ​សប្បាយ​រីក​រាយ ដោយ​សារ​ព្រះ​អម្ចាស់​ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ​បាន​សំដែង​ព្រះ​អង្គ​ឲ្យ​គេ​ឃើញ។ ៣១អ្នក​ខ្លះ​ដែល​នៅ​ជាមួយ​លោក​អេលី​យ៉ូដ័រ សូម​លោក​អូនី​យ៉ាស​ជា​មហា​បូជា​ចារ្យ ជួយ​អង្វរ​ព្រះ​ដ៏​ខ្ពង់​ខ្ពួស់​បំផុត សូម​ព្រះ​អង្គ​មេត្តា​ប្រោស​ប្រទាន​ជីវិត​ឲ្យ​លោក ដែល​ដេក​ស្ដូក​ស្ដឹង​ជិត​ផុត​ដង្ហើម​នេះ​ផង។ ៣២លោក​មហា​បូជា​ចារ្យ​ថ្វាយ​យញ្ញ​បូជា សូម​ព្រះ​ជាម្ចាស់​ប្រោស​ឲ្យ​លោក​អេលី​យ៉ូដ័រ មាន​ជីវិត​ឡើង​វិញ ដ្បិត​លោក​មហា​បូជា​ចារ្យ​ខ្លាច​ស្ដេច​ស្មាន​ថា ជន​ជាតិ​យូដា​បាន​ប្រព្រឹត្ត​ អំពើ​អាក្រក់​ណា​មួយ ចំពោះ​លោក​អេលី​យ៉ូដ័រ។ ៣៣ពេល​លោក​មហា​បូជា​ចារ្យ​អូនី​យ៉ាស​កំពុង​ថ្វាយ​យញ្ញ​បូជា​រំដោះ​បាប យុវ​បុរស​ទាំង​ពីរ​មាន​សម្លៀក​បំពាក់​ដដែល ក៏​លេច​ចេញ​មក ឲ្យ​លោក​អេលី​យ៉ូដ័រ​ឃើញ​ម្ដង​ទៀត ហើយ​ឈរ​នៅ​ក្បែរ​លោក ទាំង​មាន​ប្រសាសន៍​ថា៖ «សូម​អគុណ​លោក​មហា​បូជា​ចារ្យ​យ៉ាង​ខ្លាំង ដ្បិត​ដោយ​សារ​លោក ព្រះ​ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​លោក​រួច​ជីវិត។ ៣៤រីឯ​អ្នក​វិញ ព្រះ​ជាម្ចាស់​បាន​ស្ដី​ប្រដៅ​អ្នក ឥឡូវ​នេះ​ចូរ​ទៅ​ប្រកាស​ប្រាប់​មនុស្ស​ម្នា​ទាំង​អស់ ឲ្យ​បាន​ដឹង​អំពី​ឫទ្ធា​នុភាព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​អង្គ​ចុះ។ យុវ​បុរស​ទាំង​ពីរ​នាក់​មាន​ប្រសាសន៍​ដូច្នេះ​ហើយ​ក៏​បាត់​មើល​លែង​ឃើញ​ទៅ។

៣៥លោក​អេលី​យ៉ូដ័រ​ថ្វាយ​យញ្ញ​បូជា ចំពោះ​ព្រះ​អម្ចាស់ ហើយ​អរ​ព្រះ​គុណ​ព្រះ​អង្គ​ដែល​បាន​ទុក​ជីវិត​ឲ្យ​លោក។ បន្ទាប់​មក លោក​ជំរាប​លា​លោក​អូនី​យ៉ាស ហើយ​នាំ​កង​ទ័ព​ត្រឡប់​ទៅ​គាល់​ស្តេច​វិញ។ ៣៦លោក ចេះ​តែង​តែ​ប្រកាស​ពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ជាម្ចាស់​ដ៏​ប្រសើរ​ឧត្តម ដែល​លោក​ឃើញ​នឹង​ភ្នែក។ ៣៧ព្រះ​រាជា​សួរ​លោក​ថា៖ ៣៨«តើ​ត្រូវ​ចាត់​មនុស្ស​បែប​ណា​ឲ្យ​ទៅ​ក្រុង​យេរូ​សាឡឹម​សា​ជាថ្មី»។ លោក​អេលី​យ៉ូដ័រ​ទូល​ថា៖ «ប្រសិន​បើ​ព្រះ​ករុណា​មាន​សត្រូវ​ម្នាក់ ឬ​អ្នក​ណា​ម្នាក់​ដែល​ចង់​ក្បត់​ប្រឆាំង​នឹង​ព្រះ​ករុណា សូម​ព្រះ​ករុណា​ចាត់​គេ​ឲ្យ​ទៅ​ទីនោះ​ចុះ!។ ប្រសិន​បើ​អ្នក​នោះ​រួច​ខ្លួន គេ​មុខ​ជា​ត្រឡប់​មក​វិញ​មាន​ស្នាម​ជាំ​ពេញ​ខ្លួន! ដ្បិត​ឫទ្ធា​នុភាព​របស់​ព្រះ​ជាម្ចាស់​ពិត​ជា​ស្ថិត​នៅ​ទី​នោះ។ ៣៩ព្រះ​អង្គ​ដែល​គង់​នៅ​ស្ថាន​បរម​សុខ ទ្រង់​ទត​មើល និង​ថែ​រក្សា​ការ​ពារ​ទីនោះ ព្រះ​អង្គ​នឹង​វាយ​ព្រម​ទាំង​បំផ្លាញ​អស់​អ្នក​ដែល​មាន​គំរោង​ការ​អាក្រក់​ចំពោះ​ទីនោះ»។ ៤០ព្រឹត្ត​ការណ៍​ស្តី​ពី​លោក​អេលី​យ៉ូដ័រ និង​ការ​ថែ​រក្សា​ឃ្លាំង​ប្រាក់​នៃ​ព្រះ​វិហារ​កើត​ឡើង​ដូច្នេះ​ឯង។