ម៉ាកាបាយ (០២)

ក្នុង​ឯក​សារ​បុរាណ​មាន​ចែង​ថា ព្យាការី​យេរេមី​បាន​បង្គាប់​អស់​អ្នក ដែល​ត្រូវ​ខ្មាំង​កៀរ​នាំ​ទៅ ហើយ​យក​ភ្លើង​ពី​អាសនៈ មក​លាក់​ទុក​ដូច​គេ​រៀប​រាប់​ខាង​លើ។ ព្យាការី​យេរេមី​ក៏​ប្រគល់​គម្ពីរ​វិន័យ ឲ្យ​ពួក​ដែល​ត្រូវ​ខ្មាំង​កៀរ​នាំ​យក​ទៅ និង​ទូន្មាន​ កុំ​ឲ្យ​ភ្លេច​បទ​បញ្ជា​របស់​ព្រះ​អម្ចាស់ កុំ​វង្វេង​ស្មារតី ដោយ​ឃើញ​រូបដិមា​ធ្វើ​ពី​មាស​ប្រាក់ និង​ឃើញ​គ្រឿង​លំអ​រូប​ទាំង​នោះ​ផង។ លោក​ក៏​ដាស​តឿន​ពួក​គេ​ជាច្រើន ដោយ​បញ្ជាក់​ទៀត​ថា កុំ​បោះ​បង់​ធម្ម​វិន័យ​របស់​ព្រះ​អម្ចាស់ ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ចិត្ត​គំនិត​ឡើយ។ ក្នុង​ឯកសារ​នេះ ក៏​មាន​ចែង​ទុក​មក​ទៀត​ថា ព្យាការី​យេរេមី​ទទួល​ដំណឹង​ពី​ព្រះ​ជាម្ចាស់ ឲ្យ​នាំ​យក​ព្រះ​ពន្លា​និង​ហិប ទៅ​កាន់​ភ្នំ​ដែល​លោក​ម៉ូសេ​ឡើង ហើយ​បាន​ឃើញ​ទឹក​ដី​ជា​ចំណែក​មត៌ក​ផ្ទាល់​របស់​ព្រះ​ជាម្ចាស់។ កាល​ព្យាការី​យេរេមី​ឡើង​លើ​ភ្នំ​ហើយ លោក​ឃើញ​រូងថ្ម​មួយ​ដូច​ជា​ផ្ទះ ហើយ​លោក​ក៏​ដាក់​ព្រះ​ពន្លា ហិប និង​អាសនៈ សម្រាប់​ថ្វាយ​គ្រឿង​ក្រអូប​ក្នុង​រូង​ថ្ម​នោះ។ បន្ទាប់​មក លោក​ក៏​បិទ​មាត់​រូង​ថ្ម​នោះ​វិញ។ មាន​អ្នក​ខ្លះ ដែល​នៅ​ជាមួយ​ព្យាការី​នៅ​ទីនោះ ដើម្បី​គូស​ចំណាំ​ផ្លូវ ប៉ុន្តែ​ពួក​គេ​មិន​អាច​រក​ឃើញ​ផ្លូវ​ទៅ​រូង​នោះ​ឡើយ។ កាល​ព្យាការី​យេរេមី​ដឹង​រឿង​នេះ លោក​ស្តី​បន្ទោស​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖​«គ្មាន​នរណា​អាច​ស្គាល់​ទី​កន្លែង​នោះ​បាន​ទេ ទាល់​តែ​ព្រះ​ជាម្ចាស់​ប្រមូល​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ ហើយ​សម្តែង​ព្រះ​ហឫ​ទ័យ​សណ្តោស​ប្រណី ដល់​ពួក​គេ ទើប​គេ​ស្គាល់​បាន។ ពេល​នោះ ព្រះ​អម្ចាស់​នឹង​បង្ហាញ​គ្រឿង​បរិក្ខារ​ទាំង​នោះ​ឲ្យ​គេ​ឃើញ ហើយ​សិរី​រុង​រឿង​របស់​ព្រះ​អម្ចាស់ និង​លេច​ចេញ​មក​ជាមួយ​ពពក​ដែរ ដូច​នៅ​ជំនាន់​របស់​លោក​ម៉ូសេ ឬ​ដូច​នៅ​ពេល​ដែល​ព្រះ​បាទ​សាឡូម៉ូន ទូល​អង្វរ​សូម​ព្រះ​អង្គ​សំដែង​សិរី​រុង​រឿង ដើម្បី​ឲ្យ​ទី​សក្ការៈ​នោះ​បាន​វិសុទ្ធ»។ គេ​រៀប​រាប់​ទៀត​ថា ព្រះ​បាទ​សាឡូ​ម៉ូន ដែល​ប្រកប​ដោយ​ព្រះ​ប្រាជ្ញា​ញាណ​យ៉ាង​ឈ្លាស​វៃ ថ្វាយ​យញ្ញ​បូជា​សម្រាប់​ធ្វើ​បុណ្យ​ឆ្លង​ទី​សក្ការៈ​ដែល​បាន​សង់​រួច​ហើយ​នោះ។ ១០លោក​ម៉ូសេ​ទូល​អង្វរ​ព្រះ​អម្ចាស់ នៅ​ពេល​នោះ មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ឆាប​ឆេះ​យញ្ញ​បូជា​យ៉ាង​ណា ព្រះបាទ​សាឡូម៉ូន​ក៏​ទូល​អង្វរ ហើយ​ពេល​នោះ​ភ្លើង​ក៏​ធ្លាក់​មក​ឆាប​ឆេះ​យញ្ញ​បូជា យ៉ាង​នោះ​ដែរ។ ១១លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា យញ្ញ​បូជា​សម្រាប់​រំដោះ​បាប​ឆាប​ឆេះ​ដូច្នេះ ព្រោះ​ពួកគេ​មិន​បាន​បរិភោគ។ ១២យ៉ាង​ណា​មិញ ព្រះ​បាទ​សាឡូម៉ូន ប្រារព្វ​ពិធី​បុណ្យ​អស់​រយៈ​ពេល​ប្រាំបី​ថ្ងៃ។

១៣ក្នុង​ឯក​សារ​នេះ និង​ក្នុង​សេចក្តី​រាយ​ការណ៍​របស់​លោក​នេហេមី មាន​រៀប​រាប់ពី​ហេតុ​ការណ៍​ដដែល​នេះ​ថែម​ទៀត ហើយ​មាន​រៀប​រាប់​ថា លោក​នេហេមី​បង្កើត​បណ្ណា​ល័យ ព្រម​ទាំង​ប្រមូល​សៀវ​ភៅ​ស្តី​អំពី​ព្រះ​មហា​ក្សត្រ និង​ព្យាការី​ទាំង​ឡាយ គឺ​សៀវភៅ​និពន្ធ​ដោយ​ព្រះ​បាទ​ដាវីឌ និង​សារ​របស់​ស្តេច​នានា​ស្តី​ពី​តង្វាយ។ ១៤លោក​យូដា​ប្រមូល​សៀវ​ភៅ​ទាំង​ប៉ុន្មាន ដែល​នៅ​រប៉ាត់​រប៉ាយ​ដោយ​សារ​សង្គ្រាម។ នៅ​ពេល​នេះ យើង​ខ្ញុំ​មាន​សៀវ​ភៅ​ទាំង​នេះ​ហើយ។ ១៥ដូច្នេះ ប្រសិន​បើ​បង​ប្អូន​ត្រូវ​ការ​សៀវ​ភៅ​ទាំង​នោះ សូម​ចាត់​មនុស្ស​ឲ្យ​មក​ជួប​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​ផ្ញើ​សៀវ​ភៅ​នោះ​ជូន​បង​ប្អូន។

១៦យើង​ខ្ញុំ​សរសេរ​លិខិត​នេះ ក្នុង​ពេល​យើង​ខ្ញុំ​រៀប​នឹង​ធ្វើ​ពិធី​ជម្រះ​ព្រះ​វិហារ ហេតុ​នេះ សូម​បង​ប្អូន​ធ្វើ​ពិធី​នេះ​ដូច​យើង​ខ្ញុំ​ដែរ។ ១៧ព្រះ​ជាម្ចាស់​បាន​សង្គ្រោះ​ប្រជា​រាស្ត្រ​ទាំង​មូល​របស់​ព្រះ​អង្គ ព្រះអង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​មាន​ទឹក​ដី មាន​ព្រះ​មហា​ក្សត្រ បូជា​ចារ្យ និង​ប្រោស​យើង​ខ្ញុំ​ឲ្យ​ទៅ​ជា​ជន​ដ៏​វិសុទ្ធ ១៨តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ។ យើង​សង្ឃឹម​ថា ព្រះ​អង្គ​នឹង​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ នៅ​ពេល​ឆាប់ៗ​នេះ ព្រះអង្គ​នឹង​ប្រមូល​ផ្តុំ​យើង​ខ្ញុំ ឲ្យ​ត្រឡប់​មក​ពី​គ្រប់​តំបន់​នៅ​លើ​ផែន​ដី ដើម្បី​ចូល​រួម​នៅ​ទី​ដ៏​វិសុទ្ធ ដ្បិត​ព្រះ​អង្គ​បាន​រំដោះ​យើង​ខ្ញុំ ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​ដ៏​ធ្ងន់​ធ្ងរ​បំផុត និង​បាន​ជំរះ​ទី​ដ៏​វិសុទ្ធ រួច​ទៅ​ហើយ​នោះ។

១៩លោក​យ៉ាសូន​ជា​អ្នក​ស្រុក​ស៊ីរ៉ែន បាន​ចែង​ទុក​នូវ​ប្រវត្តិ​របស់​លោក​យូដា​ម៉ាកា​បាយ និង​បង​ប្អូន​របស់​លោក អំពី​ពិធី​ជម្រះ​ទី​សក្ការៈ​ដ៏​ប្រសើរ​ឧត្តម ឲ្យ​បាន​បរិសុទ្ធ អំពី​ពិធី​ប្រសិទ្ធ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ​ជា​ថ្មី ២០ព្រម​ទាំង​ចម្បាំង​ប្រឆាំង​នឹង​ព្រះ​បាទ​អន់ទី​យ៉ូគូស​អេពី​ថាន និង​ព្រះ​បាទ​អឺប៉ាទ័រ​ជា​បុត្រ។ ២១លោក​ក៏​រៀប​រាប់​អំពី​វីរ​បុរស មាន​ចិត្ត​អង់​អាច ឃើញ​និមិត្ត​ហេតុ​ពី​ស្ថាន​បរម​សុខ វីរបុរស​ដែល​បាន​ប្រយុទ្ធ​យ៉ាង​ក្លាហាន​ដើម្បី​សាសនា​យូដា។ ទោះបី​អ្នក​ទាំង​នោះ មាន​គ្នា​តិច​ក្តី​ក៏​ពួក​គេ​ដណ្តើម​យក​ស្រុក​មក​វិញ ហើយ​បណ្តេញ​កង​ទ័ព​ជាច្រើន​របស់​ជន​ជាតិ​បរទេស។ ២២ពួក​គេ​វាយ​ដណ្តើម​យក​ទី​សក្ការៈ​ដ៏​ល្បី​ល្បាញ​នៅ​លើ​ផែន​ដី​ទាំង​មូល។ ពួក​គេ​រំដោះ​ក្រុង​យេរូ​សាឡឹម ហើយ​ចាត់​តាំង​ច្បាប់​វិន័យ​ឲ្យ​គេ​គោរព​ដូច​ដើម​វិញ គឺ​ជា​ច្បាប់​ដែល​សត្រូវ​ប៉ុន​ប៉ង​លុប​បំបាត់​ចោល។ ពួក​គេ​សម្រេច​កិច្ចការ​ទាំង​នោះ ដោយ​ព្រះ​ហឫ​ទ័យ​សប្បុរស​យ៉ាង​ក្រៃ​លែង​ របស់​ព្រះ​អម្ចាស់ ដែល​បាន​សណ្តោស​ប្រណី​ដល់​ពួកគេ។ ២៣លោក​យ៉ាសូន​ជា​អ្នក​ស្រុក​ស៊ីរ៉ែន ក៏​បាន​កត់​ត្រា​ព្រឹត្ត​ការណ៍​ទាំង​នោះ ទុក​ក្នុង​សៀវ​ភៅ​ប្រាំ​ក្បាល។ យើង​ខិត​ខំ​សង្ខេប​សៀវ​ភៅ​ទាំង​ប្រាំ​នោះ មក​ជា​សៀវ​ភៅ​តែ​មួយ​ច្បាប់។ ២៤យើង​សង្កេត​ឃើញ​ថា អ្នក​ដែល​មាន​បំណង​សិក្សា​អំពី​ប្រវត្តិ​សាស្រ្ត តែង​ជួប​ប្រទះ​ការ​លំបាក ដោយ​សារ​មាន​លេខ​ច្រើន និង​សាច់​រឿង​ច្រើន​ពេក។ ២៥យើង​ខិត​ខំ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​អ្នក​អាន​ដែល​គ្រាន់​តែ​ជា​កំសាន្ត ងាយ​ស្រួល​ចង​ចាំ​ហេតុ​ការណ៍​នានា​ក្នុង​ចិត្ត​គំនិត ហើយ​ផ្តល់​សារ​សំខាន់​សម្រាប់​អស់​អ្នក ដែល​បាន​សិក្សា​ពី​សៀវ​ភៅ​នេះ។ ២៦ចំពោះ​យើង​វិញ យើង​មាន​ការ​នឿយ​ហត់ ក្នុង​ការ​សង្ខេប​សៀវ​ភៅ​នេះ។ កិច្ច​ការ​នេះ មិន​មែន​ជា​ការ​ងាយ​ទេ គឺ​យើង​ត្រូវ​បែក​ញើស​ហូរ​ញើស និង​អត់​ងងុយ​ផង ២៧ប្រៀប​ដូចជា​កិច្ច​ការ​ដ៏​សែន​ពិបាក របស់​អ្នក​ចាត់​ចែង​ពិធី​ជប់​លៀង ដែល​មាន​បំណង​ធ្វើ​ឲ្យ​ភ្ញៀវ​សប្បាយ​ចិត្ត។ យើង​សុខ​ចិត្ត​តស៊ូ​បំពេញ​កិច្ចការ​ដ៏​លំបាក​នេះ ដោយ​រីក​រាយ​ដើម្បី​បម្រើ​មនុស្ស​ជា​ច្រើន។ ២៨យើង​ទុក​ឲ្យ​អ្នក​និពន្ធ​រៀប​រាប់​ពី​ព្រឹត្ត​ការណ៍​យ៉ាង​ល្អិត​ល្អន់ រីឯ​យើង​ខ្ញុំ​វិញ បាន​ត្រឹម​តែ​ខិត​ខំ​សរសេរ​សេចក្តី​យ៉ាង​សង្ខេប​ប៉ុណ្ណោះ។ ២៩អ្នក​គូរ​ប្លង់​ផ្ទះ​ថ្មី យក​ចិត្ត​ទុក​ដាក់​លើ​ការ​សង់​ផ្ទះ​ទាំង​មូល រីឯ​អ្នក​ដែល​ទទួល​បន្ទុក​តុប​តែង​លំអ និង​លាប​ថ្នាំ ត្រូវ​ស្វែង​រក​អ្វីៗ​ដែល​គាត់​ត្រូវ​ការ​ជា​ចាំបាច់ សម្រាប់​ការ​តុប​តែង​លំអ។ ចំពោះ​យើង​ខ្ញុំ​ក៏​យល់​ដូច្នេះ​ដែរ។ ៣០អ្នក​និពន្ធ​ឯកសារ​ប្រវតិ្ត​សាស្រ្ត ត្រូវ​តែ​សិក្សា​ស្រាវ​ជ្រាវ​ហេតុ​ការណ៍​ទាំង​អស់​ឲ្យ​បាន​ច្បាស់ ស្វែង​យល់​ដំណើរ​រឿង​យ៉ាង​លំអិត។ ៣១រីឯ​អ្នក​សម្រួល​វិញ ត្រូវ​អនុញ្ញាត​ឲ្យ​គេ​សរសេរ​សង្ខេប​យ៉ាង​ផ្ចិត​ផ្ចង់ មិន​រៀប​រាប់​ហេតុ​ការណ៍​ទាំង​ដែល​មាន​នោះ​ទេ។ ៣២ហេតុ​នេះ​ហើយ​យើង​ចាប់​ផ្តើម​រៀប​រាប់​ព្រឹត្តិ​ការណ៍ ដោយ​មិន​បន្ថែម​សេចក្តី​ទៀត​ទេ។ មិន​គួរ​សរសេរ​អត្ថបទ​វែង​មុន​សាច់​រឿង ហើយ​សង្ខេប​សាច់​ទ្បើយ។