ម៉ាកាបាយ (១៤)

លោកអាគីមជាមហាបូជាចារ្យ
ចម្បាំងប្រឆាំងនឹងលោកនីកាន័រ
(១ មរ ៧,១-៣៨)
បី​ឆ្នាំ​ក្រោយ​ម លោក​យូដា​និង​អ្នក​នៅ​ជាមួយ​ទទួល​ដំណឹង​ថា ព្រះ​បាទ​ដេម៉េទ្រី​យ៉ូស ជា​បុត្រ​របស់​ព្រះ​បាទ​សេលើគូស យាង​មក​កំពង់​ផែ​ទ្រីប៉ូលី ដោយ​មាន​កង​ទ័ព​ដ៏​ខ្លាំង​ពូកែ និង​នាវា​ជាច្រើន​មក​ជាមួយ​ផង។ បន្ទាប់​មក ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​វាយ​ដណ្តើម​យក​ស្រុក និង​ប្រហារ​ជីវិត​ព្រះ​បាទ​អន់ទី​យ៉ូគូស ព្រម​ទាំង​លោក​លីស៊ី​យ៉ាស ជា​អ្នក​ចិញ្ចឹម និង​អប់រំ​ព្រះ​រាជា​នេះ។ គ្រានោះ លោក​អាគីម ធ្លាប់​ធ្វើ​ជា​មហា​បូជា​ចារ្យ​កាល​ពី​មុន ប៉ុន្តែ លោក​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ​ហ្មង​ ដោយ​សុខ​ចិត្ត​កាន់​តាម​ប្រពៃណី​ក្រិក​ក្នុង​ពេល​ប្រជា​ជន​យូដា​បះ​បោរ។ លោក​យល់​ឃើញ​ថា គ្មាន​នរណា​គោរព​គាត់​ទេ ហើយ​ជន​ជាតិ​យូដា​ក៏មិន​អនុញ្ញាត​ ឲ្យ​គាត់​ចូល​ជិត​អាសនៈ​ដ៏​វិសុទ្ធ​ដែរ។ ប្រហែល​នៅ​ឆ្នាំ​មួយ​រយ​ហាសិប​មួយ គាត់​ចូល​ទៅ​គាល់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ហើយ​យក​មកុដ​មាស និង​ធាង​ត្នោត​ព្រម​ទាំង​មែក​ដើម​អូលីវ​ ទៅ​ថ្វាយ​ព្រះ​រាជា​តាម​ប្រពៃណី​ព្រះ​វិហារ​ផង។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ​គាត់​មិន​ទូល​ព្រះ​រាជា អំពី​មូល​ហេតុ​ដែល​គាត់​ចូល​មក​គាល់​នោះ​ទេ។

ថ្ងៃ​មួយ ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស​កោះ​ហៅ​គាត់​ មក​សួរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ពី​ចិត្ត​គំនិត និង​គំរោង​ការ​របស់​ជន​ជាតិ​យូដា។ គាត់​ឆ្លៀត​ឱកាស​នេះ​ដើម្បី​សម្រេច​ផែនការ​ដ៏លេ​លា​របស់​គាត់។ លោក​អាគីម​ទូល​ព្រះ​រាជា​ថា៖ «ក្នុង​ចំណោម​ជន​ជាតិ​យូដា​មាន​ក្រុម​មួយ​ហៅថា “ពួក​ហាស៊ី​ឌីន” ដែល​ស្ថិត​នៅ​ក្រោម ការ​ដឹក​នាំ​របស់​លោក​យូដា​ម៉ាកា​បាយ។ ពួក​នេះ​ចេះ​តែ​បង្ក​សង្គ្រាម និង​បះ​បោរ​ជានិច្ច។ ពួក​គេ​មិន​ទុក​ឲ្យ​រាជា​ណាចក្រ​ បាន​សេចក្តី​សុខ​សាន្ត​ឡើយ។ ទូល​បង្គំ​បាត់​បង់​មុខ​ងារ​ជា​មហា​បូជា​ចារ្យ​ដែល​ទូល​បង្គំ​កាន់​កាប់​ ជា​កេរ​មត៌ក​ពី​ដូន​តា​មក ដោយ​សារ​តែ​ពួក​នេះ! នេះ​ជា​មូល​ហេតុ​ដែល​ទូល​បង្គំ​មក​ទីនេះ។ ជា​បឋម​ទូល​បង្គំ​គិត​គូរ​យ៉ាង​ស្មោះ អំពី​អត្ថ​ប្រយោជន៍​របស់​ព្រះ​ករុណា។ បន្ទាប់​មក ទូល​បង្គំ​ក៏​គិត​ដល់​ប្រយោជន៍​របស់​ជន​រួម​ជាតិ ទូល​បង្គំ​ដែរ ដ្បិត​គំនិត​លេលា​របស់​ពួក​គេ​ដែល​ទូល​បង្គំ​ទើប​នឹង​ទូល​ថ្វាយ​នោះ បណ្តាល​ឲ្យ​ជាតិ​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ទាំង​មូល កើត​ទុក្ខ​វេទនា​ជា​ទម្ងន់។ បពិត្រ​ព្រះ​ករុណា! សូម​ឲ្យ​គេ​សាក​សួរ​យ៉ាង​ច្បាស់​លាស់ អំពី​សេចក្តី​ដែល​ទូល​បង្គំ​ទូល​ថ្វាយ​នេះ សូម​ទ្រង់​ព្រះ​មេត្តា​យាង​មក​សង្គ្រោះ​ស្រុក និង​ជាតិ​របស់​ទូល​បង្គំ​យើង​ខ្ញុំ ដែល​ត្រូវ​គេ​ជិះ​ជាន់ ដែល​ព្រះ​ករុណា ធ្លាប់​មាន​ព្រះ​ហឫ​ទ័យ​សប្បុរស ចំពោះ​មនុស្ស​ទាំង​អស់​ដែរ។ ១០ដរាប​ណា​លោក​យូដា​មាន​ជីវិត​នៅ​ឡើយ រដ្ឋ​អំណាច​គ្មាន​សេចក្តី​សុខ​សាន្ត​ទេ»។ ១១កាល​គាត់​មាន​ប្រសាសន៍​ចប់​ហើយ មន្ត្រី​ឯទៀតៗ​ដែល​មិន​ពេញ​ចិត្ត​នឹង​សកម្ម​ភាព​របស់​លោក​យូដា ក៏​ប្រញាប់​អុជ​អាល​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស ឲ្យ​ខ្ញាល់​កាន់​តែ​ខ្លាំង​ឡើងៗ។ ១២ព្រះ​រាជា​ជ្រើស​តាំង​លោក​នីកាន័រ ដែល​ជា​មេទ័ព​ដំរី​ឲ្យ​ធ្វើ​ជា​ទេសា​ភិបាល​ស្រុក​យូដា ហើយ​ចាត់​លោក​ឲ្យ​ទៅ ១៣ដោយ​ប្រហារ​ជីវិត​លោក​យូដា កំចាត់​កំចាយ​កង​ទ័ព​ដែល​នៅ​ជាមួយ​លោក និង​លោក​អាគីម ឲ្យ​ធ្វើ​ជា​មហា​បូជា​ចារ្យ នៅ​ព្រះ​វិហារ​ដ៏​ប្រសើរ​ជាង​គេ ក្នុង​ពិភព​លោក។ ១៤សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​ដែល​រត់​គេច​ពីមុខ​លោក​យូដា នាំ​គ្នា​មក​ចុះ​ចូល ជាមួយ​កង​ទ័ព​របស់​លោក​នីកាន័រ​ដោយ​នឹក​គិត​ថា ទុក្ខ​វេទនា និង​អន្ត​រាយ​របស់​ជន​ជាតិ​យូដា អាច​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ពួក​គេ​មិន​ខាន។

លោកនីកាន័រចងមិត្តភាពជាមួយលោកយូដា
១៥កាល​ជន​ជាតិ​យូដា​ទទួល​ដំណឹង​ថា លោក​នីកាន័​ធ្វើ​ដំណើរ​មក ហើយ​ពួក​សាសន៍​ដទៃ​កំពុង​ឈ្លាន​ពាន​ស្រុក ពួក​គេ​យក​ដី​មក​រោយ​លើ​ក្បាល ហើយ​ទូល​អង្វរ​ព្រះ ដែល​បាន​តែង​តាំង​ប្រជា​រាស្ត្រ​ផ្ទាល់​របស់​ព្រះ​អង្គ ឲ្យ​នៅ​ក្នុង​ទឹក​ដី​នេះ ហើយ​ដែល​ទ្រង់​តែង​តែ​សង្គ្រោះ​ទឹក​ដី ជា​មត៌ក​របស់​ព្រះ​អង្គ ដោយ​សម្តែង​ទី​សម្គាល់​ជាក់​ស្តែង។ ១៦ពួក​គេ​ចេញ​ដំណើរ​ពី​កន្លែង​របស់​ពួក​គេ​រស់​នៅ តាម​បញ្ជា​របស់​លោក​យូដា​ជា​មេ​ដឹក​នាំ​ភ្លាម ហើយ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​នៅ​ក្បែរ​ភូមិ​ដេសូ។ ១៧លោក​ស៊ីម៉ូន​ជា​បង​របស់​លោក​យូដា​ច្បាំង​នឹង​លោក​នីកាន័រ។ ប៉ុន្តែ ដោយ​មាន​សត្រូវ​មួយ​ចំនួន​ធំ មក​ដល់​នៅ​ពេល​ដែល​លោក​ស្មាន​មិន​ដល់​នោះ គាត់​ក៏​ចាញ់​គេ​បន្តិច​បន្តូច។ ១៨លោក​នីកាន័រ​ទទួល​ស្គាល់​ថា​ពល​ទាហាន​របស់​លោក​យូដា ​មាន​ចិត្ត​ក្លាហាន​អង់​អាច មិន​ខ្លាច​នឹង​ប្រយុទ្ធ​ ដើម្បី​ការពារ​មាតុ​ភូមិ​របស់​គេ​ទេ។ ដូច្នេះ លោក​យល់​ឃើញ​ថា លោក​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​ ដោយ​សារ​តែ​ការ​បង្ហូរ​ឈាម​បាន​ឡើយ។ ១៩ហេតុ​នេះ លោក​ចាត់​លោក​ប៉ូស៊ីដូ​នីយ៉ូស លោក​ថេអូដូត និង​លោក ម៉ាថា​ធីយ៉ាស ឲ្យ​ទៅ​ចរចា​ ដើម្បី​រក​សន្តិភាព​ជាមួយ​ពួក​យូដា។ ២០លោក​យូដា ជា​មេ​ដឹក​នាំ​បាន​ពិនិត្យ​ពិច័យ​សំណូម​ពរ​របស់​ខ្មាំង​យ៉ាង​ល្អិត​ល្អន់ រួច​ពិភាក្សា​សួរ​យោបល់​របស់​កង​ទ័ព ពួក​គេ​យល់​ស្រប​ទទួល​យក​កិច្ច​ព្រម​ព្រៀង​នេះ​ជា​ឯក​ច្ឆ័ន។ ២១គេ​កំណត់​ថ្ងៃ​មួយ​ដែល​មេ​ដឹក​នាំ​កង​ទ័ព​ទាំង​ពីរ ជួប​ពិភាក្សា​គ្នា​ដោយ​ឡែក​ពី​គេ​ មាន​រទេះ​ចេញ​មក​ពី​ជំរំ​កង​ទ័ព​ទាំង​ពីរ ហើយ​គេ​រៀប​ចំ​កៅអី​កិត្តិ​យស ដើម្បី​ទទួល​លោក​ទាំង​ពីរ​នោះ។ ២២លោក​យូដា​ដាស់​តឿន​ពល​ទាហាន​ប្រដាប់​អាវុធ នៅ​កន្លែង​សំខាន់ៗ​ដែល​ត្រៀម​ខ្លួន​នឹង​វាយ ក្រែង​ខ្មាំង​ប្រើ​កល្បិច។ ប៉ុន្តែ​ការ​ចរចា​នេះ នាំ​ឲ្យ​គេ​ធ្វើការ​ព្រម​ព្រៀង​ជាមួយ​គ្នា។ ២៣លោក​នីកាន័រ​ស្នាក់​នៅ​ក្រុង​យេរូ​សាឡឹម ដោយ​គ្មាន​ប្រព្រឹត្ត​អំពើ​អ្វី​មិន​សមរម្យ​ឡើយ។ លោក​បណ្តេញ​សាសន៍​ដ​ទៃ ដែល​តាម​លោក​មក​ស្រុក​យូដា។ ២៤លោក​នីកាន័រ​មាន​លោក​យូដា​នៅ​ក្បែរ​ជានិច្ច ដ្បិត​លោក​ជំពាក់​ចិត្ត​នឹង​បុរស​នេះ​ណាស់។ ២៥គាត់​ទូន្មាន​លោក​យូដា ឲ្យ​រៀបការ​ព្រម​ទាំង​បង្កើត​កូន​ចៅ។ លោក​យូដា​ក៏​សុខ​ចិត្ត​យក​ភរិយា ហើយ​រស់​នៅ​ដោយ​សុខ​សាន្ត។

លោក អាគីម ញុះញង់លោក នីកាន័រ
២៦ប៉ុន្តែ លោក​អាគីម​ឃើញ​ថា លោក​ទាំង​ពីរ​ត្រូវ​រូវ​នឹង​គ្នា​ដូច្នេះ​គាត់​រក​សេចក្តី​ចំលង​ពី​ការ​ព្រម​ព្រៀង ហើយ​ចូល​ទៅ​គាល់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស។ គាត់​ទូល​អង្វរ​ស្តេច​ថា លោក​នីកាន័រ​មាន​គម្រោង​ការ​ប្រឆាំង​រាជ​រដ្ឋា​ភិបាល ដ្បិត​លោក​បាន​ជ្រើស​តាំង​លោក​យូដា ជា​សត្រូវ​របស់​រាជា​ណាចក្រ ឲ្យ “ស្នងលោក” ។ ២៧ដោយ​សារ​តែ​ពាក្យ​មូល​បង្កាច់​របស់​ជន​ពាល​នេះ ព្រះ​រាជា​ក្រេវ​ក្រោធ​ជា​ខ្លាំង ហើយ​សរសេរ​សារ​ផ្ញើ​ជូន​ទៅ​លោក​នីការន័រ ដោយ​ប្រកាស​ថា ស្តេច​មិន​សព្វ​ព្រះ​ហឫ​ទ័យ​នឹង​កិច្ច​ព្រម​ព្រៀង​នោះ​ទេ ហើយ​បញ្ជា​ឲ្យ​ចាប់​ចង​លោក ម៉ាកា​បាយ បញ្ជូន​ទៅ​ក្រុង​អន់ទី​យ៉ូក​ជា​បន្ទាន់។ ២៨ពេល​លោក​នីកាន័រ​ទទួល​រាជសារ​នេះ លោក​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​ព្រោះ​លោក មិន​អាច​បំពាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​ជន​ម្នាក់ ដែល​គ្មាន​កំហុស​ដូច្នេះ​ឡើយ។ ២៩ប៉ុន្តែ គាត់​ត្រូវ​តែ​អនុវត្ត​តាម​បញ្ជា​របស់​ស្តេច។ ដូច្នេះ គាត់​ត្រូវ​រក​ឱកាស​ដើម្បី​ធ្វើ​តាម​រាជ​បញ្ជា​ដោយ​ប្រើ​កល្បិច។ ៣០រីឯ​លោក ម៉ាកា​បាយ​វិញ​ លោក​សង្កេត​ឃើញ​ទឹក​មុខ​របស់​លោក​នីកាន័រ មិន​រាក់​ទាក់​នឹង​លោក​ដូច​ពី​មុន ដូច្នេះ​គាត់​យល់​ថា​ជា​ការ​មួយ​មិន​ល្អ​សោះ! លោក​ក៏​ប្រមូល​កង​ពល​មួយ​ចំនួន ហើយ​តែង​តែ​គេច​មុខ​ពី​លោក​នីកាន័រ។ ៣១ពេល​នោះ លោក​នីកាន័រ​យល់​ឃើញ​ថា លោក​យូដា​ក៏​ប្រើ​ល្បិច​ជាមួយ​គាត់​ដែរ គាត់​ទៅ​ឯព្រះ​វិហារ​ដ៏​ប្រសើរ និង​វិសុទ្ធ​បំផុត ក្នុង​ពេល​ក្រុម​បូជា​ចារ្យ​ធ្វើ​យញ្ញ​បូជា ជា​ប្រក្រតី ហើយ​ក៏​បង្គាប់​គេ​ឲ្យ​ប្រគល់​លោក​យូដា​មក​គាត់។ ៣២ប៉ុន្តែ អស់​លោក​ស្បថ​ថា គេ​មិន​ដឹង​ថា អ្នក​ដែល​គេ​កំពុង​រក​នោះ​នៅ​ទីណា​ទេ។ ៣៣លោក​នីកាន័រ លើក​ដៃ​ស្តាំ​ទៅ​កាន់​ព្រះ​វិហារ​ដោយ​ស្បថ​ និង​គំរាម​ថា៖ «ប្រសិន​បើ​អស់​លោក មិន​ប្រគល់​លោក​យូដា​ដោយ​ដាក់​ច្រវាក់​មក​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​នឹង​រំលំ​ព្រះ​វិហារ​របស់​ព្រះ​ជាម្ចាស់​នេះ​ដល់​ដី ខ្ញុំ​នឹង​បំផ្លាញ​អាសនៈ ហើយ​ទីនេះ​ខ្ញុំ​នឹង​សង់​វិហារ​មួយ​ដ៏​ល្អ​ប្រណីត ថ្វាយ​ព្រះ​ឌីយ៉ូនី​សូស​ជំនួស​វិញ»។ ៣៤លោក​មាន​ប្រសាសន៍​ដូច្នេះ​ហើយ លោក​ក៏​ចាក​ចេញ​ទៅ។ អស់​លោក​បូជា​ចារ្យ លើក​ដៃ​ទៅ​លើ​ទូល​អង្វរ​ព្រះ​ជាម្ចាស់ ដែល​បាន​ប្រយុទ្ធ​ជានិច្ច​ដើម្បី​ជាតិ​របស់​យើង​ទាំង​ទូល​ថា៖ ៣៥បពិត្រ​ព្រះ​អម្ចាស់! ព្រះ​អង្គ​មិន​ត្រូវ​ការ​អ្វី​ឡើយ! ព្រះ​អង្គ​សព្វ​ព្រះ​ហឫ​ទ័យ​ជ្រើស​រើស​ព្រះ​វិហារ​មួយ​សម្រាប់ ព្រះ​អង្គ​គង់​នៅ​ក្នុង​ចំណោម​យើង​ខ្ញុំ។ ៣៦បពិត្រ​ព្រះ​អម្ចាស់​ដ៏​វិសុទ្ធ​ក្រៃ​លែង! ឥឡូវ​នេះ​សូម​ព្រះ​អង្គ​ថែ​រក្សា​ការពារ​ដំណាក់ ដែល​យើង​ខ្ញុំ​ទើប​នឹង​ជំរះ​ជាថ្មី​នេះ ឲ្យ​នៅ​វិសុទ្ធ​ជារៀង​រហូត​ផង។

លោករ៉ាស៊ីទទួលមរណៈភាព
៣៧មាន​ព្រឹទ្ធា​ចារ្យ​នៃ​ក្រុង​យេរូ​សាឡឹម ម្នាក់​ឈ្មោះ​រ៉ាស៊ី។ លោក​ជា​មនុស្ស ដែល​យក​ចិត្ត​ទុក​ដាក់​ជួយ​ជន​រួម​ជាតិ​ជា​អ្នក​ដ៏​មាន​ឈ្មោះ​ល្បី។ គេ​តែង​ហៅ​លោក​ថា “ឪពុក​នៃ​ជន​ជាតិ​យូដា” ព្រោះ​គាត់​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់។ គេ​បាន​ប្តឹង​ចោទ​ប្រកាន់​លោក​ទៅ​លោក​នីកាន័រ។ ៣៨មុន​ពេល​ជន​ជាតិ​យូដា​បះ​បោរ មាន​គេ​ចោទ​លោក​ថា លោក​នៅ​តែ​កាន់​តាម​ប្រពៃណី​ជន​ជាតិ​យូដា​នៅ​ឡើយ។ គាត់​ស៊ូ​ប្តូរ​ជីវិត ដើម្បី​ការពារ​ប្រពៃណី​ទាំង​នោះ​ដោយ​ចិត្ត​មោះ​មុត​អង់​អាច។ ៣៩លោក​នីកាន័រ​ចាប់​ទាហាន​ជាង​ប្រាំរយ​នាក់ ឲ្យ​ទៅ​ចាប់​លោក​រ៉ាស៊ី។ លោក​នីកាន័រ​ធ្វើ​ដូច្នេះ ដើម្បី​បញ្ជាក់​ថា គាត់​ស្អប់​ខ្ពើម​ជន​ជាតិ​យូដា។ ៤០គាត់​នឹក​ស្មាន​ថា ការ​ប្រហារ​ជីវិត​មនុស្ស​បែប​នេះ គាត់​ដូច​ជា​វាយ​លើ​ជន​ជាតិ​យូដា​ជា​ទម្ងន់​បាន។ ៤១កង​ទ័ព​របស់​គាត់​ជិត​ដណ្តើម​យក​បាន​ប៉ម​ដែល​លោក​រ៉ាស៊ី​នៅ​ទៅ​ហើយ ពួក​គេ​កំពុង​សំរុក​ចូល​មក​ខាង​ក្នុង ព្រម​ទាំង​មាន​បញ្ជា​ឲ្យ​ដុត​ទ្វារ​ទៀត។ ពេល​នោះ លោក​រ៉ាស៊ី​ក៏​យល់​ថា លោក​មិន​អាច​រត់​រួច​ឡើយ លោក​ក៏​លើក​ដាវ​ចាក់​សម្លាប់​ខ្លួន ៤២គឺ​លោក​សុខ​ចិត្ត​ស្លាប់ ដោយ​មាន​កិត្ត​យស​ប្រសើរ​ជាជាង​ ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ជន​ឧក្រឹដ្ឋ ហើយ​ទទួល​ការ​ត្មះ​តិះ​ដៀល មិន​សម​នឹង​ភាព​ថ្លៃ​ថ្នូរ​របស់​គាត់​ឡើយ។ ៤៣ប៉ុន្តែ ដោយ​ប្រញាប់​ប្រញាល់​ពេក លោក​មិន​បាន​ចាក់​សម្លាប់​ខ្លួន​តាម​គោល​ដៅ​ទេ។ ពេល​នោះ កង​ទ័ព​ក៏​សំរុក​ចូល​ក្នុង​ប៉ម លោក​រត់​ឡើង​ទៅ​លើ​កំពែង ហើយ​ក៏​លោត​សម្លាប់​ខ្លួន​ទៅ​លើ​ហ្វូង​មនុស្ស ដោយ​គ្មាន​ញញើត។ ៤៤ពួក​គេ​ថយ​ក្រោយ​យ៉ាង​រហ័ស ហើយ​រូប​លោក​ក៏​ធ្លាក់​មក​ចំ​កន្លែង​គ្មាន​មនុស្ស។ ៤៥ពេល​នោះ លោក​នៅ​មាន​ដង្ហើម​នៅ​ឡើយ ហើយ​ដោយ​សារ​កម្លាំង​ចិត្ត​ពុះ​កញ្ជ្រោល លោក ក្រោក​ឡើង​រត់​កាត់​ហ្វូង​មហា​ជន​ទាំង​មាន​ឈាម​ហូរ​ពេញ​ខ្លួន​ ហើយ​ឈឺ​ចុក​ចាប់​មុខ​របួស​ជា​ខ្លាំង។ លោក​ឡើង​ទៅ​ឈរ​នៅ​លើ​ផ្ទាំង​ថ្ម​យ៉ាង​ខ្ពស់ ៤៦ទោះ​បី​លោក​បាត់​បង់​ឈាម​ជិត​អស់​ពី​ខ្លួន​ទៅ​ហើយ​ក្តី លោក​លូក​បា​យក​ពោះ​វៀន​ចេញ​មក​កាន់​នៅ​ដៃ​ទាំង​ពីរ ហើយ​បោះ​ទៅ​លើ​មហា​ជន។ លោក​ទូល​អង្វរ​ព្រះ​ជាម្ចាស់​នៃ​ជីវិត និង​វិញ្ញាណ សូម​ព្រះ​អង្គ​ប្រទាន​ឲ្យ​លោក​នៅ​ថ្ងៃ​ណា​មួយ​វិញ។ លោក​ទទួល​មរណៈ​ភាព​ទៅ​យ៉ាង​ដូច្នេះ។