ម៉ាកាបាយ (១៣)

ព្រះបាទអន់ទីយ៉ូគូស និង លីស៊ីយ៉ាសធ្វើសង្គ្រាម
នៅ​ឆ្នាំ​ មួយ​រយ​សែ​សិប​ប្រាំបួន លោក​យូដា​និង​កង​ទ័ព​របស់​លោក​ទទួល​ដំណឹង​ថា ព្រះ​បាទ​អន់ទី​យ៉ូគូស​អឺប៉ាតទ័រ លើក​ទ័ព​មួយ​ចំនួន​ធំ​ចេញ​ដំណើរ​មក​វាយ​ស្រុក​យូដា។ លោក​លីស៊ី​យ៉ាស ជា​អ្នក​ចិញ្ចឹម​អប់រំ​ស្តេច ហើយ​ជា​រដ្ឋ​មន្ត្រី​ទីមួយ ក៏​នៅ​ជាមួយ​ស្តេច​ដែរ។ មាន​កង​ទ័ព​ថ្មើរ​ជើង​ជា​ជន​ជាតិ​ក្រិក ចំនួន​ដប់​មួយ​ម៉ឺន​នាក់ ទ័ព​សេះ​ប្រាំពាន់​បីរយ​នាក់ ដំរី​ចម្បាំង​ម្ភៃពីរ​ក្បាល និង​មាន​រទេះ​ចម្បាំង​ចំនួន​បីរយ​គ្រឿង​ប្រដាប់​ដោយ​ផ្លែ​កាំបិត​ធំៗ។ លោក​ម៉េណេឡា​ចូល​រួម​ជាមួយ​ពួក​គេ ហើយ​ប្រើ​កល្បិច​ជាច្រើន​និយាយ​បញ្ជោរ​ព្រះ​បាទ​អន់ទី​យ៉ូគូស​ ពុំមែន​ដើម្បី​សង្គ្រាម​មាតុ​ភូមិ​ទេ គឺ​ដោយ​សង្ឃឹម​ថា នឹង​បាន​ទទួល​មុខ​ងារ​ជា​មហា​បូជា​ចារ្យ​វិញ។ ប៉ុន្តែ ព្រះ​ជាម្ចាស់​ជា​ព្រះ​មហា​ក្សត្រ​លើ​ស្តេច​នានា ព្រះ​អង្គ​បាន​បណ្តាល​ឲ្យ​ព្រះ​បាទ​អន់ទី​យ៉ូគូស ទ្រង់​ព្រះ​ពិរោធ​ប្រឆាំង​នឹង​ជន​ពាល​នេះ។ ពេល​លោក​លីស៊ីយ៉ាស បញ្ជាក់​ទូល​ព្រះ​រាជា​ឲ្យ​ជ្រាប​ថា លោក​ម៉េណេ​ឡា​នោះ ជាមូល​ហេតុ​ដែល​បង្ក​បង្កើត​គ្រោះ​កាច​ទាំង​នេះ។ ព្រះ​បាទ​អន់ទី​យ៉ូគូស​បញ្ជា​ឲ្យ​នាំ​លោក​ម៉េណេឡា នៅ​ក្រុង​បេរេ​និង​សម្លាប់​គាត់​តាម​ទំនៀម​ទម្លាប់​របស់​អ្នក​ក្រុង។ នៅ​ក្រុង​នោះ មាន​ប៉ម​មួយ​ដែល​មាន​កំពស់​ ប្រហែល​ម្ភៃប្រាំ​ម៉ែត្រ ហើយ​មាន​ផេះ​ពេញ។ នៅ​លើ​កំពូល​ប៉ម​នោះ មាន​គ្រឿង​ចក្រ​មាន​រាង​ដូច​បំពង់​បង្ហូរ​ដ៏​ធំ​មួយ សម្រាប់​ដាក់​ផេះ​នោះ។ គេ​ធ្លាប់​នាំ​ជន​ដែល​បាន​លួច​យក​គ្រឿង​ប្រដាប់​ជាទី​សក្ការៈ ឬ​អ្នក​ដែល​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ដ៏ធ្ងន់​ធ្ងរ​បំផុត មក​ច្រាន​ទម្លាក់​តាម​បំពង់​ដើម្បី​ឲ្យ​ស្លាប់​ក្នុង​ផេះ​នោះ។ ជន​ពាល​ឥត​សាសនា​នោះ ក៏​ស្លាប់​ដូច្នេះ​ដែរ ហើយ​គេ​ពុំ​បាន​ធ្វើ​ពិធី​បញ្ចុះ​សព​ជូន​លោក​ម៉េណេឡា​នោះ​ទេ។ អ្នក​ក្រុង​ប្រហារ​ជីវិត​កាត់​ដូច្នេះ ពិត​ជា​យុត្តិ​ធម៌​មែន! ព្រោះ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប​ជាច្រើន ប្រឆាំង​នឹង​អាសនៈ​ដែល​មាន​ភ្លើង និង​ផេះ​សុទ្ធ​តែ​បរិសុទ្ធ ដូច្នេះ​គាត់​ត្រូវ​តែ​ស្លាប់​ក្នុង​ផេះ​បែប​នេះ។

ជនជាតិយួដាទទួលជ័យជំនះនៅក្រុងម៉ូឌីន
ព្រះ​បាទ​អន់ទី​យ៉ូគូស តែង​តែ​មាន​បំណង​ខ្មៅ​កខ្វក់ ហើយ​បំរុង​នឹង​យាង​ទៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជន​ជាតិ​យូដា ឲ្យ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ជាង​បិតា​របស់​ទ្រង់​បាន​ធ្វើ​លើ​ពួក​គេ​ទៅ​ទៀត។ ១០កាល​លោក​យូដា​ជ្រាប​ពី​ដំណឹង​នេះ លោក​ក៏​បង្គាប់​មហា​ជន​ឲ្យ​ទូល​អង្វរ​ព្រះ​អម្ចាស់​ទាំង​ថ្ងៃ​ទាំង​យប់ សូម​ព្រះ​អង្គ​យាង​មក​សង្គ្រោះ​ពួក​គេ​លើក​នេះ​ទៀត ព្រោះ​ខ្មាំង​មាន​បំណង​លុប​បំបាត់​វិន័យ មាតុ​ភូមិ​និង​ព្រះ​វិហារ​ដ៏វិសុទ្ធ​ផង។ ១១សូម​ព្រះ​អង្គ​កុំ​បណ្តោយ​ឲ្យ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ ដែល​ទើប​នឹង​រស់​រាន​ឡើង​វិញ ធ្លាក់​ក្រោម​អំណាច​ប្រជា​ជាតិ​ដ៏​ព្រហើន​ទាំង​នេះ ឲ្យ​សោះ។ ១២ពួក​គេ​ទូល​អង្វរ​ព្រះ​អម្ចាស់​ប្រកប​ដោយ​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា​គ្រប់ៗ​គ្នា ទាំង​ក្រាប​ថ្វាយ​បង្គំ​ជានិច្ច អស់​រយៈ​ពេល​បីថ្ងៃ ព្រម​ទាំង​តម​អាហារ និង​បង្ហូរ​ទឹក​ភ្នែក។ បន្ទាប់​មក​លោក​យូដា លើក​ទឹក​ចិត្ត​ពួក​គេ និង​បង្គាប់​ពួក​គេ​ឲ្យ​រៀប​ចំ​ចេញ​ដំណើរ​ទៅ​ច្បាំង​ជាមួយ​លោក។ ១៣លោក​ក៏​ពិភាក្សា​ជាមួយ​ក្រុម​ព្រឹទ្ធា​ចារ្យ រួច​សម្រេច​ថា នឹង​ចេញ​ទៅ​ច្បាំង មុន​ពេល​កង​ទ័ព​របស់​ស្តេច​ លុក​លុយ​ស្រុក​យូដា និង វាយ​ដណ្តើម​យក​ក្រុង​យេរូ​សាឡឹម។ លោក​សម្រេច​ចេញ​ទៅ​ច្បាំង ដោយ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់។ ១៤ដូច្នេះ ក្រោយ​ពី​បាន​រឿង​ហេតុ​នឹង​ព្រះ​ជាម្ចាស់ ដែល​បង្កើត​ពិភព​លោក​រួច​មក​ហើយ លោក​ដាស់​តឿន​កង​ទ័ព​ឲ្យ​ច្បាំង យ៉ាង​អង់​អាច​ក្លាហាន ដើម្បី​វិន័យ​ព្រះ​វិហារ​ក្រុង​យេរូ​សាឡឹម មាតុ​ភូមិ​និង​ប្រពៃ​ណី។ លោក​លើក​ទ័ព​ទៅ​បោះ​ទីតាំង​នៅ​ក្បែរ​ក្រុង​ម៉ូឌីល។ ១៥លោក​ដាក់​ពាក្យ​ស្លោក​ឲ្យ​ទាហាន​ថា៖ “ជ័យ​ជំនះ​របស់​ព្រះ​ជាម្ចាស់”។ លោក​ជ្រើស​រើស​យុវជន​ដ៏​ក្លាហាន នាំ​ទៅ​វាយ​ប្រហារ​ពន្លា​របស់​ព្រះ​រាជា​ទាំង​យប់ ហើយ​សម្លាប់​ខ្មាំង​ដែល​នៅ​ក្នុង​ជំរំ​ប្រមាណ​ពីរ​ពាន់​នាក់។ ពល​ទាហាន​របស់​លោក​សម្លាប់​ដំរី និង​ហ្ម​មួយ​ចំនួន​ធំ​ផង។ ១៦ទី​បំផុត​ពួក​គេ​ធ្វើ​ឲ្យ​កង​ទ័ព​ក្នុង​ជំរំ​ភ័យ​តក់​ស្លុត និង​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង រួច​ពួក​គេ​ក៏​ដក​ថយ​ក្រោយ​វិញ​ដោយ​ជោគ​ជ័យ​ យ៉ាង​ត្រចះ​ត្រចង់​គួរ​ជាទី​ពេញ​ចិត្ត។ ១៧ពេល​នោះ​ថ្ងៃ​ក៏​រះ​ឡើង ពួក​គេ​បាន​សម្រេច​កិច្ច​ការ​នេះ​រួច​ជា​ស្រេច ដោយ​មាន​ព្រះ​អម្ចាស់​តាម​ថែរក្សា​ការពារ​លោក​យូដា។

ព្រះបាទអន់ទីយ៉ូគូសទី ៥ ចរចាជាមួយជនជាតិយូដា
(១ មរ ៦,៤៨-៦៣)
១៨ស្តេច​បាន​ទត​ឃើញ​ដោយ​ផ្ទាល់ ពី​ទឹក​ចិត្ត​ក្លាហាន​របស់​ជន​ជាតិ​យូដា​ដូច្នេះ ទ្រង់​រក​កល្បិច​គ្រប់​យ៉ាង​ដើម្បី​ដណ្តើម​យក​ក្រុង​នានា ដែល​មាន​កំពែង។ ១៩ព្រះ​រាជា​យាង​មក​ជិត​ដល់​ក្រុង​បេតសួរ ជា​ក្រុង​មួយ ដែល​មាន​កំពែង​រឹង​មាំ​របស់​ជន​ជាតិ​យូដា។ ប៉ុន្តែ កង​ទ័ព​យូដា​បាន​វាយ​រុញ​ច្រាន​កង​ទ័ព​របស់​ស្តេច​ឲ្យ​បរា​ជ័យ។ ២០លោក​យូដា​បញ្ជូន​អ្វីៗ​ដែល​អ្នក​ក្រុង​ត្រូវ​ការ នៅ​ពេល​ដែល​ស្តេច​ឡោម​ពទ្ធ័។ ២១ប៉ុន្តែ លោក​រ៉ូដូគូស ជា​ទាហាន​របស់​កង​ទ័ព​យូដា បាន​យក​អាថ៌​កំបាំង​ទាំង​នេះ​ទៅ​ប្រាប់​ខ្មាំង​សត្រូវ។ លោក​យូដា​តាម​ដាន​ចាប់​គាត់ ហើយ​ប្រហារ​ជីវិត​ចោល។ ២២ព្រះ​រាជា​សូម​ចរចា​សា​ជាថ្មី ជា​មួយ​អ្នក​ក្រុង​បេត​សួរ ដោយ​យល់​ព្រម​ចរចា​ផ្តល់​សន្តិ​ភាព​ជាមួយ​ពួក​គេ រួច​ដក​ទ័ព​ថយ។ ២៣ព្រះ​រាជា​វាយ​ប្រហារ​លោក​យូដា និង​កង​ទ័ព​របស់​គាត់​ម្តង​ទៀត​តែ​ត្រូវ​បរា​ជ័យ។ ព្រះ​រាជា​ទទួល​ដំណឹង​ថា លោក​ភីលីព​ ដែល​ទ្រង់​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ទីមួយ បាន​បះបោរ​ នៅ​ក្រុង​អន់ទី​យ៉ូក ជា​ហេតុ​ធ្វើ​ឲ្យ​ស្តេច​វិល​វល់​ក្នុង​ព្រះ​ហឫ​ទ័យ​យ៉ាង​ខ្លាំង។ ព្រះ​រាជា​ចាប់​ផ្តើម​ចរចា​ជាមួយ​ជន​ជាតិ​យូដា និង​យល់​ព្រម​តាម​សំណូម​របស់​ពួក​គេ​ទាំង​សន្យា​យ៉ាង​ម៉ឹង​ម៉ាត់​ថា នឹង​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ដ៏​ត្រឹម​ត្រូវ ហើយ​ស្រុះ​ស្រួល​ជាមួយ​ពួក​គេ។ ទ្រង់​ក៏​ថ្វាយ​យញ្ញ​បូជា​សម្តែង​ការ​គោរព​ចំពោះ​ព្រះ​វិហារ និង​ថ្វាយ​តង្វាយ​ដោយ​សទ្ធា​ជ្រះ​ថ្លា ចំពោះ​ទី​សក្ការៈ​ផង។ ២៤ព្រះ​រាជា​ទទួល​ស្វាគមន៍​លោក​ម៉ាកា​បាយ ​យ៉ាង​រាក់​ទាក់ ហើយ​តែង​តាំង​លោក​អេកេម៉ូនីដ ជា​ទេសា​ភិបាល​គ្រប់​គ្រង​ចាប់​តាំង​ពី​ក្រុង​ផ្ទោ​ឡេម៉ៃស៍ រហូត​ដល់​ស្រុក​កេរ៉ា។ ២៥ព្រះ​រាជា​យាង​ទៅ​ក្រុង​ផ្ទោ​ឡេម៉ៃស៍ ប៉ុន្តែ អ្នក​ក្រុង​នោះ​មិន​ពេញ​ចិត្ត​នឹង​កិច្ច​ព្រម​ព្រៀង​ដែល​ទ្រង់​ចុះ​ជាមួយ​ជន​ជាតិ​យូដា​នេះ​ទេ។ ពួក​គេ​ខឹង​ ហើយ​ចង់​ឲ្យ​ព្រះ​រាជា​លុប​បំបាត់​កិច្ច​ព្រម​ព្រៀង​នេះ​ ចោល​ទៀត​ផង។ ២៦ពេល​នោះ​លោក​លីស៊ី​យ៉ាស​ឡើង​លើ​វេទិកា​ ដោយ​យក​ចិត្ត​ទុក​ដាក់​ ខិត​ខំ​អស់​ពី​សមត្ថ​ភាព និយាយ​ការពារ​កិច្ច​ព្រម​ព្រៀង​នោះ។ លោក​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​យល់​ស្រប​តាម​លោក ដោយ​ស្ងៀម​ស្ងាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​យល់​ដល់​ព្រះ​ករុណា រួច​ចេញ​ដំណើរ​ទៅ​ក្រុង​អន់ទី​យ៉ូក។

នេះ​ជា​ព្រឹត្តិ​ការណ៍​ដែល​កើត​ឡើង នៅ​ពេល​ធ្វើ​សឹក​សង្គ្រាម និង​ការ​ដក​ថយ​របស់​ស្តេច។