ម៉ាកាបាយ (១២)

ក្រោយ ពី​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​រួច​ហើយ លោក​លីស៊ី​យ៉ាស​រត់​ត្រឡប់​ទៅ​គាល់​ព្រះ​រាជា​វិញ រីឯ​ជន​ជាតិ​យូដា​ប្រឹង​ប្រែង​ធ្វើ​ស្រែ​ចំការ​ជា​ធម្មតា​វិញ។ ប៉ុន្តែ​ក្នុង​ចំណោម​ទេសា​ភិបាល លោក​ធីម៉ូថេ​និង​លោក​អាប៉ូឡូ​នីយ៉ូស ជា​កូន​លោក​កេនី​យ៉ូស ព្រម​ទាំង​លោក​យេរ៉ូនី​ម៉ូស លោក​ដេម៉ូផុន និង​លោក​នីកាន័រ ជា​មេ​បញ្ជា​ការ​ទ័ព​នៅ​កោះ​គីប្រូស មិន​ទុក​ឲ្យ​ជន​ជាតិ​យូដា​រស់នៅ​ដោយ​សុខ​សាន្ត​ទេ។ ប្រជា​ជន​ក្រុង​យ៉ូប៉េ ប្រព្រឹត្ត​អំពើ​ពាល​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។ ពួក​គេ​អញ្ជើញ​ជន​ជាតិ​យូដា ដែល​រស់​នៅ​ក្នុង​ក្រុង​ជាមួយ ព្រម​ទាំង​ប្រពន្ធ​កូន ឲ្យ​ចុះ​ទូក​ដែល​ពួក​គេ​បាន​រៀប​ចំ​សម្រាប់​ជន​ជាតិ​យូដា​នោះ ព្រោះ​ពួក​គេ​និយាយ​ថា ឥឡូវ​នេះ​គ្មាន​ការ​ស្អប់​គ្នា​ទៀត​ទេ។ ដោយ​អះ​អាង​លើ​ក្រឹត្យ​នៃ​សភា​ប្រជា​ជន ​ក្នុង​ក្រុង​នោះ ជន​ជាតិ​យល់​ព្រម​តាម​សេចក្តី​អញ្ជើញ​របស់​ពួក​គេ ដើម្បី​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ជន​ជាតិ​យូដា​ក៏​ចង់​បាន​សន្តិភាព ហើយ​ទុក​ចិត្ត​លើ​ពួក​គេ។ ប៉ុន្តែ កាល​ទូក​នោះ​ទៅ​ដល់​កណ្តាល​សមុទ្រ ពួក​គេ​ក៏​បាន​ទម្លាក់​ជន​ជាតិ​យូដា​ទាំង​នោះ ទៅ​ក្នុង​ទឹក​សមុទ្រ​ឲ្យ​លង់​ទឹក​ស្លាប់​អស់​ជាង​ពីរ​រយ​នាក់។

កាល​លោក​យូដា​បាន​ទទួល​ដំណឹង ពី​អំពើ​ដ៏កាច​សាហាវ​យង់​ឃ្នង ប្រឆាំង​នឹង​ជន​រួម​ជាតិ​របស់​លោក​ដូច្នេះ លោក​ប្រមូល​កង​ទ័ព​របស់​លោក។ ពួក​គេ​ទូល​អង្វរ​ព្រះ​ជាម្ចាស់​ដែល​ជា​ចៅ​ក្រម​ដ៏​សុច​រិត រួច​ចេញ​ដំណើរ​ទៅ​វាយ​ប្រហារ​ឃាតករ​របស់​ជន​រួម​ជាតិ​របស់​លោក។ លោក​ដុត​កំពង់​ផែ​នៅ​ពេល​យប់ ព្រម​ទាំង​ដុត​នាវា និង​សម្លាប់​អស់​អ្នក​ដែល​រត់​ភៀស​ខ្លួន​មក​ជ្រក​កន្លែង​នោះ​ផង។ បន្ទាប់​មក​លោក​ដក​ថយ ព្រោះ​ទ្វារ​ក្រុង​បិទ​ជិត ប៉ុន្តែ លោក​មាន​បំណង​វិល​ត្រឡប់ មក​វិញ​ដើម្បី​សម្លាប់​រង្គាល​អ្នក​ក្រុង​យ៉ូប៉េ​នោះ។ លោក​ក៏​ទទួល​ដំណឹង​ថា ប្រជា​ជន​យ៉ាមនីយ៉ា មាន​បំណង​ប្រើ​កល្បិច​ដដែល ចំពោះ​ជន​ជាតិ​យូដា ដែល​រស់​នៅ​ក្នុង​ក្រុង​ជាមួយ​នោះ​ដែរ។ លោក​ចេញ​ទៅ​វាយ​ប្រហារ​ប្រជា​ជន​ក្រុង​យ៉ាមនីយ៉ា​ទាំង​យប់ ដុត​កំពង់​ផែ​និង​នាវា​ទាំង​អស់។ ប្រជា​ជន​នៅ​ក្រុង​យេរូ​សាឡឹម​ដែល​នៅ​ឆ្ងាយ​ប្រមាណ​សែ​សិប​គីឡូ​ម៉ែត្រ​ពី​ក្រុង​នេះ ក៏​ឃើញ​ពន្លឺ​ភ្លើង​នោះ​ដែរ។

(១ មរ ៥,៩-៥៤)
១០លោក​យូដា​និង​កង​ទ័ព​របស់​លោក ចេញ​ពី​ក្រុង​យ៉ាមនីយ៉ា​ប្រហែល​ពីរ​គីឡូ​ម៉ែត្រ ដើម្បី​ទៅ​វាយ​ប្រហារ​លោក​ធីម៉ូថេ ស្រាប់​តែ​មាន​ពល​ថ្មើរ​ជើង​ជន​ជាតិ​អារ៉ាប់​យ៉ាង​តិច​ប្រាំពាន់​នាក់ និង​ពល​សេះ​ប្រាំរយ​នាក់​វាយ​ប្រហារ​ពួក​គេ។ ១១ការ​ប្រយុទ្ធ​មួយ​យ៉ាង​ធំ​កើត​ឡើង ហើយ​កង​ទ័ព​របស់​លោក​យូដា​មាន​ជ័យ​ជំនះ ដោយ​ព្រះ​ជាម្ចាស់​ជួយ។ ពួក​ពនេចរ​ដែល​បរាជ័យ សូម​ចរចា​សន្តិភាព​ជាមួយ​លោក​យូដា ដោយ​សន្យា​ថា នឹង​ប្រគល់​ហ្វូង​សត្វ​ឲ្យ​លោក ព្រម​ទាំង​បម្រើ​លោក​គ្រប់​កិច្ច​ការ។ ១២លោក​យូដា​យល់​ឃើញ​ថា ពិត​ជា​មាន​ប្រយោជន៍​ជា​ច្រើន​ចំពោះ​លោក ក៏​សុខ​ចិត្ត​ចរចា​សន្តិ​ភាព​ជាមួយ​ពួក​គេ។ ក្រោយ​ពី​ចុះ​កិច្ច​ព្រម​ព្រៀង​ហើយ ពួក​គេ​ត្រឡប់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។

លោក​យូដា​វាយ​សំរុក​ចូល​ក្រុង​មួយ ដែល​មាន​កំពែង​ជុំវិញ​ហៅ​ថា​កាស្ពីន ដែល​មាន​ប្រជា​ជាតិ​នានា​រស់​នៅ​លាយ​ឡំគ្នា។ ១៤អ្នក​ក្រុង​អាង​លើ​កំពែង​ដ៏​រឹង​មាំ​របស់​ក្រុង និង​លើ​ឃ្លាំង​ស្បៀង​អាហារ​របស់​គេ។ ពួក​គេ​ជា​មនុស្ស​ព្រហើន មើល​ងាយ​ទាហាន​របស់​លោក​យូដា ដោយ​ជេរ​ប្រមាថ​ពួក​គេ និង​ពោល​ពាក្យ​ដែល​គ្មាន​នរណា​ហ៊ាន​និយាយ​តាម​ឡើយ។ ១៥ប៉ុន្តែ លោក​យូដា​និង​កង​ទ័ព​របស់​លោក ទូល​អង្វរ​ព្រះ​អធិបតី​នៃ​ពិភព​លោក គឺ​ព្រះ​អង្គ​ដែល​ផ្តួល​រំលំ​ក្រុង​យេរីខូ កាល​ពី​ជំនាន់​លោក​យ៉ូស៊ូអា ដោយ​មិន​ប្រើ​ឧបករណ៍​បុក​ទម្លាយ​កំពែង ឬ​គ្រឿង​ចម្បាំង​ផ្សេងៗ​ឡើយ។ បន្ទាប់​មក ពួក​គេ​វាយ​សំរុក​លើ​កំពែង​យ៉ាង​ក្លាហាន​បំផុត។ ១៦ពួក​គេ​ដណ្តើម​យក​ទី​ក្រុង​បាន​ដោយ​សារ​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫ​ទ័យ។ ពួក​គេ​កាប់​សម្លាប់​អ្នក​ក្រុង​យ៉ាង​ច្រើន​ឥត​គណនា មិន​អាច​រាប់​បាន​ឡើយ រហូត​ដល់​ធ្វើឲ្យ​បឹង​មួយ​ដែល​មាន​ទទឹង​ប្រមាណ​បួន​រយ​ម៉ែត្រ នៅ​ក្បែរ​ក្រុង​នោះ ពេញ​ទៅ​ដោយ​ឈាម។

(១ មរ ៥,៣៧-៤៤)
១៧កង​ទ័ព​របស់​លោក​យូដា ថយ​ពី​ក្រុង​នោះ​ ប្រហែល​ជាមួយ​រយ​សែ​សិប​គីឡូ​ម៉ែត្រ ក៏​ទៅ​ដល់​តំបន់​ខារ៉ាស ដែល​ជន​ជាតិ​យូដា​ហៅ​ថា កូន​ចៅ​លោក​តូប៊ី។ ១៨ពួក​គេ​មិន​ជួប​លោក​ធីម៉ូថេ នៅ​ទីនោះ​ទេ ព្រោះ​លោក​បាន​ដក​ថយ​ដោយ​បរាជ័យ ប៉ុន្តែ​លោក​ទុក​កង​ទ័ព​ដ៏ខ្លាំង​ក្លា​មួយ​ចំនួន នៅ​ក្នុង​បន្ទាយ​ក្រុង​នោះ។ ១៩លោក​ដូស៊ីថេ និង​លោក​សូស៊ី​ប៉ាទែរ ជា​មេ​ទ័ព​របស់​លោក​ម៉ាកា​បាយ លើក​ទ័ព​ចេញ​ទៅ​វាយ​បន្ទាយ​នោះ ហើយ​កាប់​សម្លាប់​កង​ទ័ព​ហើយ​អស់​ជាង​មួយ​ម៉ឺន​នាក់។ ២០រីឯ​លោក​ម៉ាកា​បាយ​វិញ លោក​ប្រមូល​កង​ទ័ព​របស់​លោក​ជា​កងៗ ហើយ​ចាត់​តាំង​មេទ័ព​ឲ្យ​គ្រប់​គ្រង រួច​លោក​ចេញ​ដំណើរ​ទៅ​ច្បាំង​នឹង​លោក​ធីម៉ូថេ ដែល​ប្រមូល​ពល​ទ័ព​ថ្មើរ​ជើង​ដប់​ពីរ​ម៉ឺន​នាក់ និង​ពល​សេះ​ពីរ​ពាន់​ប្រាំរយ​នាក់។ ២១លោក​ធីម៉ូថេ​ជ្រាប​ថា លោក​យូដា​ជិត​មក​ដល់​លោក​ចាត់​គេ​ឲ្យ​នាំ​ស្រ្តី និង​ក្មេង​ព្រម​ទាំង​យក​គ្រឿង​ប្រើ​ប្រាស់​ទាំង​អស់ ទៅ​ទុក​នៅ​កន្លែង​មួយ​ហៅ​ថា ការនីយ៉ុង ជា​កន្លែង​ដែល​គេ​ពិបាក​ឡោម​ព័ទ្ធ ហើយ​ពិបាក​ធ្វើ​ដំណើរ​ទៅ​ដល់​ ព្រោះ​ច្រក​ភ្នំ​ចូល​តំបន់​នោះ ចង្អៀត​ខ្លាំង​ណាស់។ ២២កង​ទ័ព​របស់​លោក​យូដា​មក​ដល់​មុន​គេ ពេល​នោះ​ខ្មាំង​សត្រូវ​រន្ធត់​តក់​ស្លុត ព្រម​ទាំង​ខ្លាច​ចំពោះ​ព្រះ​ដែល​ទត​មើល​អ្វីៗ​ទាំង​អស់ លេច​ចេញ​មក។ ពួក​គេ​រត់​ខ្ចាត់​ខ្ចាយ​គ្រប់​ទិស​ទី ហើយ​ពួក​គេ​វាយ​គ្នា​ឯង​ឲ្យ​របួស និង​យក​ដាវ​ចាក់​គ្នា​ផង។ ២៣លោក​យូដា​ដេញ​តាម​ក្រោយ​យ៉ាង​អង់​អាច ប្រហារ​ជីវិត​ជន​ឧក្រឹដ្ឋ​ដោយ​ដាវ រហូត​ដល់​បីម៉ឺន​នាក់។ ២៤លោក​ធីម៉ូថេ​ក៏​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ទាហាន​លោក​ដូស៊ីថេ​និង​លោក​សូស៊ី​ប៉ាទែរ។ លោក​អង្វរ​ករ​ពួក​ទាហាន​ដោយ​ប្រើ​កល្បិច សូម​ពួក​គេ​អនុញ្ញាត​ឲ្យ​គាត់​រួច​ខ្លួន​ទៅ កុំ​ធ្វើ​បាប​គាត់ ដ្បិត​គាត់​និយាយ​អះ​អាង​ថា គាត់​ចាប់​ក្រុម​គ្រួសារ និង​បង​ប្អូន​របស់​ពួក​គេ​បាន​ជាច្រើន ប្រសិន​បើ​ពួក​គេ​សម្លាប់​គាត់ កង​ទ័ព​របស់​គាត់ នឹង​សម្លាប់​ក្រុម​គ្រួសារ​ទាំង​នោះ​ចោល​ជាមិន​ខាន។ ២៥លោក​ធីម៉ូថេ​មាន​ប្រសាសន៍​យ៉ាង​យូរ ដោយ​សន្យា​ថា នឹង​ប្រគល់​បង​ប្អូន ក្រុម​គ្រួសារ​ទាំង​នោះ​មក​វិញ ដោយ​មិន​ធ្វើ​បាប​ពួក​គេ​ទេ។ កង​ទ័ព​ក៏​ដោះ​លែង​លោក​ធីម៉ូថេ ដើម្បី​សង្គ្រោះ​ជីវិត​បង​ប្អូន​របស់​ខ្លួន។ ២៦នៅ​ពេល​លោក​យូដា​ទៅ​ដល់​ការនីយ៉ុង និង​អតាកា​តេយ៉ុង ហើយ​កាត់​ក​ខ្មាំង​អស់​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់។

២៧ក្រោយ​ពី​ខ្មាំង​ទទួល​បរា​ជ័យ និង​វិនាស​អន្ត​រាយ លោក​យូដា​លើក​ទ័ព​ទៅ​វាយ​ក្រុង​ហេប្រូន គឺ​ជា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ និង​ជា​កន្លែង​ដែល​លោក​លីសា​ញ៉ាស​រស់នៅ។ ២៨យុវ​ជន​ដ៏​មាន​កម្លាំង​ក្លា​ហាន ឈរ​នៅ​មុខ​កំពែង​ហើយ​ប្រយុទ្ធ​យ៉ាង​ស្វាហាប់។ នៅ​ក្នុង​ក្រុង​នោះ​មាន​គ្រឿង​ចម្បាំង និង​គ្រាប់​ថ្ម​ត្រៀម​ទុក​យ៉ាង​ច្រើន។ ២៨ប៉ុន្តែ កង​ទ័ព​យូដា​ទូល​អង្វរ​ព្រះ​អធិបតី ដែល​មាន​ឫទ្ធា​នុភាព ឲ្យ​ជួយ​វាយ​កំទេច​កម្លាំង​របស់​សត្រូវ។ ដូច្នេះ​ពួក​គេ​កាន់​កាប់​ទីក្រុង​នេះ ហើយ​វាយ​សម្លាប់​ប្រជា​ជន​ក្នុង​ក្រុង​អស់ ជាង​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់។ ២៩ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ ទៅ​ច្បាំង​នឹង​ក្រុង​ស៊ីថូ​ប៉ូលិស ដែល​មាន​ចម្ងាយ​មួយ​រយ​ដប់​គីឡូ​ម៉ែត្រ ពី​ក្រុង​យេរូ​សាឡឹម។ ៣០ប៉ុន្តែ ប្រជា​ជន​យូដា​ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ បាន​បញ្ជាក់​ថា អ្នក​ក្រុង​ស៊ីថូ​ប៉ូលិស​នេះ មាន​ចិត្ត​សប្បុរស​ចំពោះ​ពួក​គេ និង​ទទួល​ពួក​គេ​យ៉ាង​រាក់​ទាក់​នៅ​ពេល​ពួក​គេ​ជួប​នឹង​ទុក្ខ​លំបាក។ ៣១ដូច្នេះ លោក​យូដា​និង​កង​ទ័ព​របស់​លោក​ថ្លែង​អំណរ​គុណ​អ្នក​ក្រុង និង​សូម​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ​ចំពោះ​ជន​ជាតិ​យូដា ដែល​រស់​នៅ​ក្រុង​នេះ​តទៅ​ទៀត។ ពួក​គេ​ក៏​វិល​ទៅ​ក្រុង​យេរូ​សាឡឹម​វិញ មុន​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​ថ្ងៃ​ទី​ហាសិប​បន្តិច។

៣២ក្រោយ​ពី​បុណ្យ​ថ្ងៃទី​ហាសិប លោក​យូដា​និង​កង​ទ័ព​របស់​លោក​ចេញ​ទៅ​ប្រយុទ្ធ​នឹង​លោក​ក័រស៊ី​យ៉ាស ជា​ទេសា​ភិបាល​ទាំង​មូល​នៃ​ស្រុក​អ៊ីឌំមេ។ ៣៣លោក​ក័រស៊ី​យ៉ាស​នាំ​ទ័ព​ថ្មើរ​ជើង​ចំនួន​បីពាន់​នាក់ និង​ទ័ព​សេះ​បួន​រយ​នាក់ ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ។ ៣៤ក្នុង​ពេល​ប្រយុទ្ធ​គ្នា​នោះ កង​ពល​របស់​​លោក​យូដា​មួយ​ចំនួន​តូច​ត្រូវ​បាត់​បង់​ជីវិត។ ៣៥មេ​ទ័ព​នៃ​ពល​សេះ​ម្នាក់​ឈ្នោះ​ដូស៊ីថេ ជា​កូន​ចៅ​របស់​លោក​តូប៊ីត ជា​យុវបុរស​ដ៏​ក្លាហាន​អង់​អាច ចាប់​អាវ​របស់​លោក​ក័រស៊ី​យ៉ាស​ជាប់ ដោយ​មាន​បំណង​ចាប់​ជន​ពាល​នេះ​ឲ្យ​បាន​ទាំង​រស់។ ប៉ុន្តែ ពេល​នោះ​មាន​ពល​សេះ​ជាតិ​ត្រាស់​ម្នាក់ ស្ទុះ​សំរុក​វាយ​លោក​ដូស៊ីថេ ហើយ​កាប់​ត្រូវ​ស្មា​របស់​គាត់។ លោក​ក័រស៊ី​យ៉ាស​ក៏​រត់​រួច ហើយ​ភៀស​ខ្លួន​ទៅ​ក្រុង​ម៉ារីសា។ ៣៦រីឯ​កង​ទ័ព​របស់​លោក​អេស្ឌ្រីយ៉ា ប្រយុទ្ធ​អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​ពួក​គេ​អស់​កម្លាំង​ជា​ខ្លាំង។ ដូច្នេះ លោក​យូដា​ទូល​អង្វរ​ព្រះ​ជាម្ចាស់ សូម​ព្រះ​អង្គ​វាយ​ជាមួយ​ពួក​គេ និង​ដឹក​នាំ​គេ​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ៣៧លោក​ស្រែក​ជយ​ឃោស និង​ច្រៀង​លើក​តម្កើង​ព្រះ​អង្គ ជា​ភាសា​កំណើត​របស់​លោក ហើយ​ធ្វើ​ឲ្យ​កង​ទ័ព​របស់​លោក​ក័រស៊ី​យ៉ាស​បាក់​ទ័ព​រត់​អស់។

៣៨បន្ទាប់​ពី​បាន​ប្រមូល​ផ្តុំ​កង​ទ័ព​រួច​មក លោក​យូដា​ដឹក​នាំ​កង​ទ័ព​ទៅ​កាន់​ក្រុង​អូដូឡាំ។ ប៉ុន្តែ​ថ្ងៃ​នោះ ជា​ថ្ងៃទី​ប្រាំពីរ ពួក​គេ​ធ្វើ​ពិធី​ជំរះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ស្រប​តាម​ប្រពៃណី ហើយ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ ថ្ងៃ​សប្ប័ទ​នោះ​ផង។ ៣៩ស្អែក​ឡើង​មាន​គេ​មក​ជួប​លោក​យូដា សូម​អនុញ្ញាត​ទៅ​យក​សាក​សព​របស់​ពល​ទាហាន ដែល​បាត់​បង់​ជីវិត​នៅ​លើ​សមរភូមិ ដើម្បី​បញ្ចុះ​ជាមួយ​ញាតិ​សន្តាន ក្នុង​ផ្នូរ​ដូន​តា​របស់​ពួក​គេ។ ៤០គេ​បាន​រក​ឃើញ​វត្ថុ នៅ​ក្នុង​សំលៀក​បំពាក់​របស់​សាក​សព​នីមួយៗ នូវ​វត្ថុ​សក្ការ​ព្រះ​ក្រុង​យ៉ាមនីយ៉ា ដែល​ធម្ម​វិន័យ​ហាម​ឃាត់ មិន​ឲ្យ​ជន​ជាតិ​យូដា​គោរព។ គេ​យល់​គ្រប់​គ្នា​យ៉ាង​ច្បាស់​ថា យុវ​ជន​ទាំង​នោះ​បាត់​បង់​ជីវិត ព្រោះ​តែ​មូល​ហេតុ​នេះ។ ៤១ដូច្នេះ ពួក​គេ​នាំគ្នា​លើក​តម្កើង​ព្រះ​អម្ចាស់​ព្រោះ​ព្រះ​អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិ​ធម៌ និង​បង្ហាញ​ការ​លាក់​កំបាំង​ឲ្យ​ឃើញ។ ៤២ពួក​គេ​ទូល​អង្វរ​ព្រះ​អង្គ សូម​មេត្តា​លើក​លែង​ទោស​កំហុស ដែល​ពួក​គេ​ប្រព្រឹត្ត។ លោក​យូដា ដែល​មាន​ចិត្ត​ក្លាហាន​អង់​អាច ក៏​ដាស់​តឿន​កង​ទ័ព​ទាំង​អស់​ឲ្យ​ប្រុង​ប្រយ័ត្ន​អំពើ​បាប​គ្រប់​បែប​យ៉ាង ព្រោះ​ពួក​គេ​ឃើញ​ផ្ទាល់​ភ្នែក​ហើយ អំពី​គ្រោះ​កាច​ដែល​កើត​មាន​ដល់​ពល​ទាហាន​ទាំង​នោះ។ ៤៣លោក​យូដា​រៃ​ប្រាក់​ពី​កង​ទ័ព​បាន​ប្រហែល​ពីរ​ពាន់​កាក់ ហើយ​ផ្ញើ​កាក់​នេះ​ទៅ​ក្រុង​យេរូ​សាឡឹម ដើម្បី​ឲ្យ​គេ​ថ្វាយ​យញ្ញ​បូជា​រំដោះ​បាប។ លោក​ធ្វើ​ដូច្នេះ​ជា​អំពើ​ដ៏​ល្អ​ប្រពៃ​និង​ថ្លៃ​ថ្នូរ​ផង ដោយ​នឹក​គិត​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ជា​ពុំ ខាន។ ៤៤ប្រសិន​បើ​លោក​មិន​សង្ឃឹម​ថា ពល​ទាហាន​ដែល​បាត់​បង់​ជីវិត​មិន​រស់​ឡើង​វិញ​ទេ លោក​ក៏​មិន​ឆោត​ល្ងង់​ទូល​អង្វរ​ព្រះ​ជាម្ចាស់ សម្រាប់​មនុស្ស​ស្លាប់​ដែរ។ ទោះបី​លោក​ទូល​អង្វរ​ព្រះ​អង្គ​ដូច្នេះ ក៏​គ្មាន​ន័យ ហើយ​ក៏​ឥត​បាន​ការ​អ្វី​ឡើយ។ ៤៥ប៉ុន្តែ លោក​នឹក​គិត​ថា ព្រះ​ជាម្ចាស់​មុខ​ជា​ប្រទាន​រង្វាន់​ដ៏​ប្រសើរ​បំផុត ដល់​មនុស្ស​ស្លាប់​ទាំង​គោរព​ប្រណិ​ប័តន៍​ព្រះ​អង្គ។ នេះ​ពិត​ជា​គំនិត​ដ៏​វិសុទ្ធ​របស់​អ្នក ដែល​គោរព​ប្រណិ​ប័តន៍​ព្រះ​អង្គ​មែន។ ៤៦អាស្រ័យ​ហេតុនេះ​ហើយ បាន​ជា​លោក​សូម​ឲ្យ​គេ​ថ្វាយ​សក្ការ​បូជា​រំដោះ​បាប ដើម្បី​សូម​ព្រះ​ជាម្ចាស់ លើក​លែង​ទោស​ឲ្យ​ពល​ទាហាន​ដែល​បាត់​បង់​ជីវិត។