ម៉ាកាបាយ (១១)

(១ មរ ៤,២៦-៣៥)
លោក​លីស៊ី​យ៉ាស ជា​ញាតិ​វង្ស​ដែល​ជា​អ្នក​ថែ​អប់រំ​ស្តេច និង​ជា​រដ្ឋ​មន្ត្រី​ទីមួយ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​ព្រឹតិ្ត​ការណ៍​ដែល​កើត​មាន​នោះ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក លោក​ប្រមូល​ផ្តុំ​ពល​ទ័ព​ថ្មើរ​ជើង​ប្រមាណ​ប្រាំបី​ម៉ឺន​នាក់ និង​ពល​ទ័ព​សេះ​ទាំង​អស់ ហើយ​លើក​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​យូដា លោក​ចង់​ធ្វើ​ឲ្យ​ក្រុង​យេរូ​សាឡឹម ក្លាយ​ទៅ​ជា​ក្រុង​របស់​ជន​ជាតិ​ក្រិក។ លោក​ចង់​ឲ្យ​ព្រះ​វិហារ​បង់​ពន្ធ ដូច​វិហារ​របស់​ប្រជា​ជាតិ​ដទៃ​ទៀត​ដែរ និង​មាន​ការ​ដេញ​ថ្លៃ​មុខ​ងារ​មហា​បូជា​ចារ្យ​ជា​រៀង​រាល់​ឆ្នាំ។ លោក​ពុំបាន​នឹក​គិត​ អំពី​ឫទ្ធា​នុភាព​របស់​ព្រះ​ជាម្ចាស់​ទេ គឺ​លោក​អាង​យ៉ាង​ព្រហើន​កម្លាំង​ទ័ព​ថ្មើរ​ជើង​រាប់​ម៉ឺន​នាក់ ពល​ទ័ព​សេះ​រាប់​ពាន់​នាក់ និង លើ​ដំរី​ចម្បាំង​ប៉ែត​សិប​ក្បាល​ប៉ុណ្ណោះ។

ពេល​លោក​មក​ដល់​ស្រុក​យូដា លោក​ចាប់​វាយ​ក្រុង​បេត​សួរ​យ៉ាង​ខ្លាំង។ ក្រុង​បេត​សួរ​នេះ​មាន​កំពែង​ដ៏រឹង​មាំ ហើយ​ស្ថិត​នៅ​ប្រមាណ​ជា​ប្រាំពីរ​គីឡូ​ម៉ែត្រ​ពី​ក្រុង​យេរូ​សាឡឹម។ កាល​លោក​ម៉ាកា​បាយ​និង កង​ទ័ព​ជ្រាប​ដំណឹង​ថា លោក​លីស៊ី​យ៉ាស​ឡោម​ព័ទ្ធ​ក្រុង​នានា ពួក​គេ​នាំគ្នា​ទូល​អង្វរ​ព្រះ​អម្ចាស់ ទាំង​ថ្ងូរ​និង​បង្ហូរ​ទឹក​ភ្នែក​រួម​ជាមួយ​ប្រជាជន សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា ចាត់​ទេវទូត​ដ៏​សប្បុរស​មួយ​រូប ឲ្យ​មក​សង្គ្រោះ​ប្រជា​ជន​អ៊ីស្រា​អែល​ផង។ លោក​ម៉ាកា​បាយ​កាន់​អាវុធ​មុន​គេ ហើយ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ទៀត​ ឲ្យ​ពុះពារ​នឹង​គ្រោះ​ថ្នាក់​ជាមួយ​គាត់ ដើម្បី​សង្គ្រោះ​បង​ប្អូន​របស់​ខ្លួន។ ពួក​គេ​ក្រោក​ឡើង​ដោយ​ចិត្ត​ក្លាហាន​អង់​អាច។ កាល​ពួក​គេ​ស្ថិត​នៅ​ក្បែរ​ក្រុង​យេរូ​សាឡឹម នៅ​ឡើយ​ស្រាប់​តែ​ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​ស ជិះ​សេះ​មក ហើយ​នាំមុខ​ពួក​គេ ទាំង​គ្រវី​អាវុធ​មាស។ គេ​នាំគ្នា​អរ​ព្រះ​គុណ​លើក​តម្កើង​ព្រះ​ជាម្ចាស់ ប្រកប​ដោយ​ព្រះ​ហឫ​ទ័យ​មេត្តា​ករុណា។ ព្រះ​អង្គ​បាន​ប្រទាន​កម្លាំង​ខ្លាំង​ក្លា​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ចេញ​ទៅ​វាយ មិន​ត្រឹម​តែ​មនុស្ស​ប៉ុណ្ណោះ​ទេ​ គឺ​វាយ​ទំលុះ​ទាំង​សត្វ​សាហាវ​បំផុត ទាំង​កំពែង​ដែល​ធ្វើ​អំពី​ដែក​ផង។ ១០ពួក​គេ​ចេញ​ដំណើរ​ទៅ​មុខ​តាម​ក្បួន​ទ័ព ដោយ​មាន​សម្ព័ន្ធ​មិត្ត​មួយ​រូប មក​ពី​ស្ថាន​បរម​សុខ ព្រោះ​ព្រះ​អម្ចាស់​អាណិត​អាសូរ​ពួក​គេ។ ១១ពួក​គេ​វាយ​សំរុក​លើ​ខ្មាំង​សត្រូវ ដូច​សត្វ​សិង្ហ។ ពួក​គេ​ប្រហារ​ពល​ទ័ព​ថ្មើរ​ជើង​មួយ​ម៉ឺន​មួយ​ពាន់​នាក់ និង​ពល​ទ័ព​សេះ មួយ​ពាន់​ប្រាំ​រយ​នាក់ ហើយ​បង្ខំ​ទ័ព​ខ្មាំង​ឲ្យ​បាក់​ទ័ព​រត់​អស់។ ១២ទ័ព​ខ្មាំង​ដែល​រត់​ភាគ​ច្រើន​សុទ្ធ​តែ​មាន​របួស និង​គ្មាន​អវុធ សូម្បី​តែ​លោក​លីស៊ី​យ៉ាស ខ្លួន​ឯង​ក៏​រត់​ទាំង​អាម៉ាស​ដែរ។

(១ មរ ៦,៥៧-៦១)
១៣ប៉ុន្តែ លោក​លីស៊ី​យ៉ាស​ដែល​ជា​អ្នក​ឆ្លាត​វាង​វៃ លោក​រិះ​គិត​អំពី​ការ​បរាជ័យ​របស់​លោក ហើយ​យល់​ឃើញ​ថា មិន​អាច​វាយ​ឈ្នះ​ជន​ជាតិ​យូដា​ទេ ព្រោះ​ព្រះ​ជាម្ចាស់​ដ៏​មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ ជា​សម្ព័ន្ធ​មិត្ត ជួយ​ច្បាំង​ពួក​គេ​ដូច្នេះ​លោក​ចាត់​អ្នក​នាំ​សារ ១៤ឲ្យ​ទៅ​ចរចា សុំ​សន្តិ​ភាព​ជាមួយ​ជន​ជាតិ​យូដា ដោយ​សំរុះ​សំរួល​គ្នា​យ៉ាង​សមរម្យ និង​យុត្តិ​ធម៌។ លោក​សន្យា​ថា នឹង​ទូល​សុំ​ស្តេច​ឲ្យ​ចង​មិត្ត​ភាព​ជាមួយ​ពួក​គេ​ដែរ។ ១៥លោក ម៉ាកា​បាយ យល់​ព្រម​នឹង​សំណូម​ពរ​ទាំង​ប៉ុន្មាន របស់​លោក​លីស៊ី​យ៉ាស ដោយ​នឹក​គិត​ដល់​ផល​ប្រយោជន៍​រួម។ ព្រះ​រាជា​យល់​ព្រម​តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន ដែល​លោក​ម៉ាកា​បាយ​បាន​សរសេរ​ផ្ញើ​ជូន​លោក​លីស៊ី​យ៉ាស ស្តី​អំពី​ជន​ជាតិ​យូដា។

១៦លោក​លីស៊ី​យ៉ាស​សរសេរ​សំបុត្រ ផ្ញើ​ជូន​ជន​ជាតិ​យូដា​មាន​សេចក្តី​ដូច​តទៅ៖ «ខ្ញុំ​លីស៊ី​យ៉ាស សូម​ជំរាប​មក​ដល់​ជន​ជាតិ​យូដា​ទាំង​មូល ​សូម​ជ្រាប ១៧លោក​យ៉ូហាន​និង​លោក​អាប់​សាឡុម ជាអ្នក​នាំ​សារ​របស់​អស់​លោក​បាន​ជូន​កិច្ច​ព្រម​ព្រៀង ដូច​មាន​ចែង​ខាង​ក្រោម​នេះ​មក​ខ្ញុំ ដោយ​សូម​ឲ្យ​ខ្ញុំ​យល់​ព្រម​តាម​មាត្រា​ទាំង​ប៉ុន្មាន​ដែល​មាន​កត់​ត្រា​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​យល់​ព្រម​ដោយ​ផ្ទាល់​ពីអ្វី​ដែល​ខ្ញុំ​អាច​អនុញ្ញាត​បាន ខ្ញុំ​ក៏​រ៉ាយ​រ៉ាប់​ថ្វាយ​ព្រះ​រាជា​ពីអ្វី​ ដែល​ទ្រង់​ព្រះ​សម្រេច។ ១៩ហេតុ​នេះ ប្រសិន​បើ​អស់​លោក​នៅ​តែ​មាន​ឆន្ទៈ​ល្អ​ចំពោះ​រដ្ឋ​ខ្ញុំ​នឹង​ខិត​ខំ​ជួយ​រក​ផល​ប្រយោជន៍​ដល់​បង​ប្អូន នៅ​ពេល​អនា​គត។ ២០រីឯ​បញ្ហា​បន្ទាប់​បន្សំ​ទៀត​ខ្ញុំ​ឲ្យ​អ្នក​នាំ​សារ​របស់​លោក និង​តំណាង​របស់​ខ្ញុំ​ពិភាក្សា​ជាមួយ​អស់​លោក។ ២១សូម​អស់​លោក​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត។

ធ្វើ​នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ឌីយ៉ុស្កូរ ត្រូវ​នឹង​ខែ​មាឃ ឆ្នាំ​មួយ​រយ​សែ​សិប​ប្រាំបី»។

២២រាជ​សារ​របស់​ស្តេច មាន​ចែង​ដូច​តទៅ៖ «ព្រះ​បាទ​អន់ទី​យ៉ូគូស​ជំរាប​មក​លោក​លីស៊ី​យ៉ាស ជា​អនុជ សូម​ជ្រាប! ២៣តាំង​ពី​របស់​បិតា​យើង​បាន​ទៅ​ស្ថាន​សួគ៌ ជា​មួយ​ព្រះ​របស់​ខ្លួន យើង​ចង់​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​រាជា​ណាចក្រ​របស់​យើង អាច​គិត​គូរ​កិច្ច​ការ​របស់​ខ្លួន ដោយ​គ្មាន​បារម្ភ​អ្វី​ឡើយ។ ២៤យើង​ដឹង​ថា ​ជន​ជាតិ​យូដា​មិន​ព្រម​ទទួល​យក​នូវ​របៀប​រស់​នៅ​របស់​ជន​ជាតិ​ក្រិក តាម​សំណូម​ពរ​បិតា​យើង​ទេ។ ពួក​គេ​ចូល​ចិត្ត​រស់​នៅ​តាម​ទំនៀម​ទម្លាប់​របស់​ខ្លួន​ប្លែក​ពី​គេ ហើយ​សូម​អនុញ្ញត​ឲ្យ​ពួក​គេកាន់​តាម​ធម្ម​វិន័យ​របស់​គេ។ ២៥អាស្រ័យ​ហេតុ​នេះ ហើយ​បាន​ជា​យើង​ចង់​ឲ្យ​ប្រជា​ជន​នេះ រួច​ផុត​ពី​ការ​ព្រួយ​បារម្ភ ហើយ​ក៏​សម្រេច​ព្រះ​ហឫ​ទ័យ ប្រគល់​ព្រះ​វិហារ​ឲ្យ​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ឋានៈ​ជា​ប្រជា​ពល​រដ្ឋ តាម​ប្រពៃ​ណី​ដូច​តា​របស់​ពួក​គេ។ ២៦ដូច្នេះ លោក​ត្រូវ​ចាត់​ទូត​ម្នាក់​ទៅ​ជួប​ពួក​គេ និង​ផ្តល់​សន្តិ​ភាព​ដើម្បី​ឲ្យ​ពួក​គេ​លែង​ភ័យ​ខ្លាច គិត​គូរ​តែ​ពី​កិច្ច​ការ​របស់​ខ្លួន ​ដោយ​គ្មាន​កង្វល់​អ្វី​ឡើយ ហើយ​រស់​នៅ​ដោយ​សេចក្តី​សុខ​សាន្ត»។ ២៧ស្តេច​សរសេរ​សារ​ ផ្ញើ​ជូន​ជន​ជាតិ​យូដា​មាន​សេចក្តី​ដូច​តទៅ៖ «ព្រះ​បាទ​អន់ទី​យ៉ូគូស​ជំរាប​មក​ក្រុម​ប្រឹក្សា​ព្រឹទ្ធា​ចារ្យ និង​ជន​ជាតិ​យូដា​ទាំង​អស់​សូម​ជ្រាប!។ ២៨ប្រសិន​បើ​អស់​លោក​ប្រកប​ដោយ​សេចក្តី​សុខ យើង​មាន​អំណរ​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។ យើង​នៅ​ឯណេះ​ក៏​ប្រកប​ដោយ​សេចក្តី​សុខ​ជា​ធម្មតា​ដែរ។ ២៩លោក​ម៉េណេឡា​បាន​ប្រាប់​យើង​ថា អស់​លោក​ចង់​ត្រឡប់​ទៅ​ផ្ទះ​ដើម្បី​ប្រកប​កិច្ច​ការ​របស់​ខ្លួន។ ៣០យើង​សូម​ធានា​ថា នឹង​អត់​ទោស​ឲ្យ​អស់​អ្នក​ដែល​ត្រឡប់​ទៅ​ផ្ទះ មុន​ថ្ងៃ​ទី​សាម​សិប ខែ​សង់​ទីក ត្រូវ​នឹង​ខែ​ផល្គុន។ ៣១ជន​ជាតិ​យូដា​មាន​សិទ្ធិ​កាន់​តាម​វិន័យ​ស្តី​អំពី​ម្ហូប​អាហារ និង​ច្បាប់​ឯទៀតៗ​របស់​អស់​លោក​ដូច​កាល​ពីមុន។ គ្មាន​នរណា​ហ៊ាន​ចាប់​ពួក​អស់​លោក​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​ខុស ដោយ​មិន​ដឹង​ខ្លួន​ឡើយ។ ៣២យើង​ក៏​បាន​ចាត់​លោក​ម៉េណេឡា មក​ដើម្បី​ជំរាប​អស់​លោក កុំ​ឲ្យ​អស់​លោក​ភ័យ​ខ្លាច។ ៣៣សូម​អស់​លោក​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត! ធ្វើ​នៅ​ថ្ងៃទី​ដប់​ប្រាំ ខែ​ផល្គុន ឆ្នាំ​មួយ​រយ​សែ​សិប​ប្រាំបី»។

រីឯ​ជន​ជាតិ​រ៉ូម៉ាំង​សរសេរ​លិខិត ផ្ញើ​ជូន​ជន​ជាតិ​យូដា ដែល​មាន​ន័យ​ដូច​តទៅ៖​«លោក​គិន​ទូស​មែន​មីយ៉ូស លោក​ទីទូស-ម៉ានីយ៉ូស និង​លោក​ម៉ានីយ៉ូស-សែគីយ៉ូស ជា​ប្រតិភូ​ជាតិ​រ៉ូម៉ាំង ជំរាប​មក​ប្រជា​ជន​យូដា សូម​ជ្រាប!។ ៣៥សេច​ក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​លីស៊ី​យ៉ាស​ជា​ញាតិ​វង្ស​របស់​ស្តេច បាន​អនុញ្ញាត​ឲ្យ​អស់​លោក យើង​ក៏​អនុញ្ញាត​ដែរ។ ៣៦រីឯ​សេចក្តី​ដែល​លោក​យល់​ថា ត្រូវ​តែ​សុំ​សេចក្តី​សំរេច​ពី​ព្រះ​ករុណា​វិញ សូម​ចាត់​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ​ជួប​យើង។ យើង​នឹង​រៀប​រាប់​ថ្វាយ​ព្រះ​រាជា តាម​វិធី​ណា​ដែល​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍ សម្រាប់​អស់​លោក ពេល​យើង​ទៅ​ក្រុង​អន់​ទីយ៉ូក។ ៣៧ដូច្នេះ​សូម​ប្រញាប់​ប្រញាល់​បញ្ជូន​មនុស្ស ​ឲ្យ​មក​ជួប​នឹង​យើង​ដើម្បី​យើង​ដឹង​ពី​គោល​បំណង​របស់​អស់​លោក។ ៣៨សូម​អស់​លោក​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត។ ធ្វើ​នៅ​ថ្ងៃទី​១៥ ខែ​ផល្គុន ឆ្នាំ​មួយ​រយ​សែ​សិប​ប្រាំបី»។