ម៉ាកាបាយ (១០)

ព្រះ​ជាម្ចាស់​បាន​ដឹក​នាំ លោក​ម៉ាកា​បាយ និង​អ្នក​ដែល​នៅ​ជាមួយ​លោក​ដណ្តើម​យក​ព្រះ​វិហារ និង​ក្រុង​យេរូ​សាឡឹម​កាន់​កាប់​វិញ។ លោក​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ជន​បរទេស​សង់​នៅ​កន្លែង​សាធារណៈ និង​នៅ​កន្លែង​សម្រាប់​ព្រះ​ដទៃ​ទៀត។ ក្រោយ​ពី​បាន​ជំរះ​ព្រះ​វិហារ ពួក​គេ​សង់​អាសនៈ​ថ្មី​មួយ​ទៀត ពួក​គេ​បង្កាត់​ភ្លើង​ពី​ថ្ម ហើយ​យក​ភ្លើង​នោះ​ទៅ​ថ្វាយ​សក្ការ​បូជា។ ពួក​គេ​ខាន​ថ្វាយ​សក្ការ​បូជា​បែប​នេះ​ពីរ​ឆ្នាំ​មក​ហើយ។ ពួក​គេ​ដុត​គ្រឿង​ក្រអូប អុជ​ចង្កៀង និង​យក​នំប៉័ង​ថ្វាយ​ព្រះ​ជាម្ចាស់។ ក្រោយ​ពី​បាន​ធ្វើ​ពិធី​នេះ​ចប់​សព្វ​គ្រប់​ហើយ ពួក​គេ​នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​ទូល​អង្វរ​ព្រះ​អម្ចាស់ សូម​កុំ​បណ្តោយ​ឲ្យ​ពួក​គេ​ជួប​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់​ធ្ងរ​បែប​នេះ​ទៀត​ឡើយ។ ប្រសិន​បើ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប សូម​ព្រះ​អង្គ​កុំ​វាយ​ប្រដៅ​ពួក​គេ​ខ្លាំង​ពេក កុំ​បញ្ជូន​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​សាសន៍​ដ៏​ឃោ​ឃៅ ដែល​ប្រមាថ​ព្រះអង្គ។ ថ្ងៃ​ជំរះ​ព្រះ​វិហារ​ត្រូវ​នឹង​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​គីស​ឡេវ​ត្រូវ​ជា​ថ្ងៃ ដែល​សាសន៍​ដទៃ​បាន​ប្រមាថ​មើល​ព្រះ​វិហារ​កាល​ពីមុន។ ពួក​គេ​ប្រារព​ពិធី​បុណ្យ​អបអរ​សាទរ​យ៉ាង​សប្បាយ អស់​រយៈ​ពេល​ប្រាំបី​ថ្ងៃ​ដូច​នៅ​ថ្ងៃ​បុណ្យ​បារាំង​ដែរ ពួក​គេ​តែង​តែ​នឹក​ចាំ​ថា មិន​យូរ​ប៉ុន្មាន​ក្នុង​ឱកាស​បុណ្យ​បារាំង​នេះ ពួក​គេ​បាន​ស្នាក់​នៅ​តាម​ភ្នំ​ក្នុង​គុហារ ដូច​សត្វ​សាហាវ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​នាំ​គ្នា​កាន់​ស្លឹក មែក​ឈើ​ខៀវ​ខ្ចី និង​ស្លឹក​អន្សែ ហើយ​នាំគ្នា​លើក​តម្កើង​ព្រះ​ជាម្ចាស់​ដែល​បាន​ប្រោស ឲ្យ​ការ​ជំរះ​វិហារ​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ បាន​សម្រេច។ ពួក​គេ​ចេញ​ក្រឹត្យ​ជា​សាធា​រណៈ ដោយ​ការ​បោះ​ឆ្នោត បញ្ជា​ឲ្យ​ជាតិ​យូដា​ទាំង​មូល ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទាំង​នេះ​ជារៀង​រាល់ឆ្នាំ។

ព្រះ​បាទ​អន់ទី​យ៉ូគូស​ហៅ​អេពីផាន​ សោយ​ទិវង្គត​ដូច្នោះ​ឯង។ ១០ឥឡូវ​នេះ យើង​នឹង​រៀប​រាប់​ព្រឹត្ត​ការណ៍ ស្តី​ពី​ព្រះ​បាទ​អន់ទី​យ៉ូគូស​អឺប៉ាទ័រ ជា​បុត្រ​របស់​ជន​ពាល​នោះ ដោយ​សង្ខេប​សេចក្តី​អំពី​គ្រោះ​មហន្ត​រាយ​ទាំង​ឡាយ ដែល​បណ្តាល​មក​ពី​សង្គ្រាម។ ១១ពេល​ស្តេច​នេះ​ទទួល​រាជា​ណាចក្រ​ទុក​ជា​មត៌ក​ទ្រង់​តែង​តាំង​ឈ្មោះ លីស៊ី​យ៉ាស ជា​រដ្ឋ​មន្ត្រី​ទីមួយ។ លោក​លីស៊ី​យ៉ាស​នេះ​ជា​អភិបាល​ដឹកនាំ​ស្រុក​សេលើ​ស៊ីរី និង​ភេនេស៊ី ១២ជំនួស​លោក​ផ្ទូឡេម៉េ ហៅ​ម៉ាក្រូន។ លោក​ផ្ទូឡេម៉េ​ជា​មន្ត្រី​ដំបូង​បង្អស់ ដែល​រក​យុត្តិ​ធម៌​ឲ្យ​ជន​ជាតិ​យូដា គឺ​លោក​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ជន​ជាតិ​យូដា​ ដោយ​សន្តិ​វិធី ព្រោះ​លោក​យល់​ឃើញ​ថា ពួក​គេ​បាន​រង​អំពើ​អយុត្តិ​ធម៌​ជាច្រើន​មក​ហើយ។ ១៣ប៉ុន្តែ មន្តី្រ​ឯ​ទៀតៗ​បាន​ប្តឹង​ព្រះ​បាទ​អឺប៉ាទ័រ​ចោទ​ប្រកាន់​លោក គេ​តែង​ហៅ​លោក​ថា ជន​ក្បត់​ជាតិ​ញឹក​ញាប់ ព្រោះ​ព្រះ​បាទ​ភីឡូ​មេទ័រ ជា​ស្តេច​ស្រុក​អេស៊ីប​បាន​ផ្ញើ​កោះ​គីប្រូស​នឹង​លោក តែ​លោក​បាន​បោះ​បង់​ចោល​កោះ​នោះ ដើម្បី​បំរើ​ព្រះ​បាទ​អន់ទី​យ៉ូគូស​អេពីផាន។ ដោយ​លោក​ពុំអាច​បំពេញ​មុខងារ យ៉ាង​សមរម្យ ថ្លៃ​ថ្នូរ​របស់​លោក​បាន លោក​ក៏​ធ្វើ​អត្ត​ឃាត​ដោយ​ប្រើ​ថ្នាំ​ពុល។

(១ មរ ៥,១-៨)
១៤លោក​ក័រស៊ី​យ៉ាស ឡើង​ធ្វើ​ជា​ទេសា​ភិបាល​តំបន់​អ៊ីឌំមេ។ លោក​ប្រមូល​កង​ទ័ព​ឈ្នួល​ហើយ​ឈ្លៀត​គ្រប់​ឱកាស ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​ជន​ជាតិ​យូដា។ ១៥នៅ​គ្រា​ដដែល​នោះ ជន​ជាតិ​អ៊ីឌំមេ​កាន់​កាប់​ក្រុង​សំខាន់ៗ ដែល​មាន​កំពែង​ដ៏​រឹង​មាំ​ហើយ​តែង​តែ​វាយ​សំរុក​លើ​ជន​ជាតិ​យូដា។ ពួក​គេ​ទទួល​អស់​អ្នក ដែល​លោក​យូដា​បាន​បណ្តេញ​ចេញ​ពី​ក្រុង​យេរូ​សាឡឹម ហើយ​ខិត​ខំ​រក​ឱកាស ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ជន​ជាតិ​យូដា​ទៀត។ ១៦ប៉ុន្តែ លោក​ម៉ាកា​បាយ​និង​កង​ទ័ព​របស់​លោក នាំគ្នា​ទូល​អង្វរ​ព្រះ​ជា​ម្ចាស់​ជា​សាធា​រណៈ សូម​ព្រះ​អង្គ​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ ហើយ​ចេញ​ទៅ​វាយ​ដណ្តើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ ដែល​ជន​ជាតិ​អ៊ីឌំមេ​កាន់​កាប់​មក​វិញ។ ១៧ពួក​គេ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​ដេញ​ទ័ព​ដែល​នៅ​ការពារ​កំពែង ហើយ​ដណ្តើម​យក​ក្រុង​ទាំង​នោះ​បាន។ ពួក​គេ​អារ​ក​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គេ គេ​ប្រហារ​ជីវិត​ខ្មាំង​អស់​ជាង​ពីរ​ម៉ឺន​នាក់។ ១៨ខ្មាំង​ជាង​ប្រាំបួន​ពាន់​នាក់​រត់​ទៅ​ជ្រក​កោណ​ក្នុង​ប៉ម​ពីរ ដែល​មាន​កំពែង​រឹង​មាំ ហើយ​មាន​គ្រឿង​អ្វីៗ​ទាំង​អស់​សំរាប់​ទប់​ទល់​នឹង​ការ​ឡោម​ព័ទ្ធ​របស់​ពួក​សត្រូវ​ផង។ ១៩លោក​ម៉ាកា​បាយ​ទុក​កង​ទ័ព​មួយ​ចំនួន​នៅ​ឡោម​ព័ទ្ធ​ក្រុង​ទាំង​នោះ ក្រោម​បញ្ជា​របស់​លោក​ស៊ីម៉ូន លោក​យ៉ូសែប និង​លោក​សាខេ។ រីឯ​លោក​វិញ លោក​ចេញ​ទៅ​វាយ​កន្លែង​ដែល​ត្រូវ​ការ​លោក​ជា​បន្ទាន់។ ២០ប៉ុន្តែ កង​ទ័ព​របស់​លោក​ស៊ីម៉ូន​មាន​ចិត្ត​លោភ​លន់ ចង់​បាន​ទ្រព្យ​សម្បត្តិ ពួក​គេ​បាន​ទទួល​សំណូក​ពី​អ្នក​ខ្លះ​ដែល​យាម​ក្រុង​ទាំង​នេះ គឺ​ទទួល​ប្រាក់​ប្រាំពីរ​ម៉ឺន​កាក់​ហើយ​បណ្តោយ​ឲ្យ​ពួក​គេ​មួយ​ចំនួន​រត់​រួច។ ២១ពេល​លោក​ម៉ាកា​បាយ​ជ្រាប​អំពី​ហេតុ​ការណ៍​ ដែល​កើត​មាន​នោះ លោក​កោះ​ហៅ​លោក​មេទ័ព​ឲ្យ​មក​ជួប​ជុំគ្នា និង​ចោទ​ប្រកាន់​អ្នក​ដែល​ធ្វើ​ខុស​ទាំង​នោះ​ថា ពួក​គេ​បាន​លក់​បង​ប្អូន​រួម​ជាតិ ដោយ​ដោះ​លែង​ខ្មាំង​សត្រូវ​ឲ្យ​ទៅ​វាយ​បង​ប្អូន​របស់​ខ្លួន។ ២២លោក​បង្គាប់​ឲ្យ​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ ទុក​ជា​អ្នក​ក្បត់​ជាតិ ហើយ​ដណ្តើម​យក​ក្រុង​ទាំង​ពីរ​នោះ​ភ្លាម។ ២៣ក្នុង​ការ​ធ្វើ​សង្រ្គាម​លោក​មាន​ជ័យ​ជំនះ​គ្រប់​ពេល ហើយ​កំទេច​ខ្មាំង​ជាង​ពីរ​ម៉ឺន​នាក់​ក្នុង​ក្រុង​ទាំង​ពីរ។

២៤រីឯ​លោក​ធីម៉ូថេ​ដែល​ជន​ជាតិ​យូដា​បាន​វាយ​ឈ្នះ​ពី​លើក​មុន​ម្តង​មក​ហើយ កេណ្ឌ​កង​ទ័ព​បរទេស​ជាច្រើន ព្រម​ទាំង​ប្រមូល​ទ័ព​សេះ​មួយ​ចំនួន​ធំ​មក​ពី​ស្រុក​អាស៊ី។ លោក​លើក​ទ័ព​ទៅ​ស្រុក​យូដា ក្នុង​គោល​បំណង​វាយ​យក​ស្រុក​នេះ​មក​កាន់​កាប់​ដោយ​ប្រើ​អាវុធ។ ២៥ពេល​ពួក​គេ​មក​ជិត​ដល់​ លោក​ម៉ាកា​បាយ​និង​កង​ទ័ព​របស់​លោក នាំគ្នា​ទូល​អង្វរ​ព្រះ​ជាម្ចាស់ ដោយ​យក​ដី​រោយ​លើ​ក្បាល និង​យក​ប៉ាវ​មក​ក្រវាត់​ចង្កេះ។ ២៦ពួក​គេ​ក្រាប​ដល់​ដី​នៅ​មុខ​អាសនៈ ទូល​អង្វរ​ព្រះ​ជាម្ចាស់ សូម​ប្រោស​ប្រណី​ដល់​ពួក​គេ សូម​ឲ្យ​សត្រូវ​វាយ​លើ​សត្រូវ​គ្នា​ឯង ហើយ​ប្រឆាំង​នឹង​អស់​អ្នក ដែល​ប្រឆាំង​នឹង​ពួក​គេ តាម​សេចក្តី​ ដែល​មាន​ចែង​ទុក​យ៉ាង​ច្បាស់​ក្នុង​គម្ពីរ​ធម្ម​វិន័យ។ ២៧លុះ​ពេល​អធិដ្ឋាន​រួច ពួក​គេ​យក​អាវុធ​មក​កាន់​ធ្វើ​ដំណើរ​ចេញ​ទៅ​ឆ្ងាយ​ពី​ក្រុង​យេរូ​សាឡឹម​បន្តិច។ កាល​ពួក​គេ​មក​ជិត​ខ្មាំង​សត្រូវ​គេ​ក៏​ឈប់។ ២៨នៅ​ពេល​ព្រះ​អាទិត្យ​រះ​ឡើង កង​ទ័ព​ទាំង​ពីរ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក។ ជន​ជាតិ​យូដា​សង្ឃឹម​ថា ទទួល​បាន​ជ័យ​ជំនះ ដោយ​គេ​មាន​ចិត្ត​ក្លាហាន​អង់​អាច ហើយ​ជា​ពិសេស គឺ​ពួក​គេ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់។ រីឯ​ពួក​ខ្មាំង​មាន​តែ​កំហឹង​ឃោឃៅ​ទេ​ដែល​ដឹកនាំ​ក្នុង​ការ​ប្រយុទ្ធ។ ២៩ពេល​កង​ទ័ព​ទាំង​ពីរ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង ពួក​ខ្មាំង​សត្រូវ​ឃើញ​បុរស​ប្រាំ​នាក់​មាន​សំលៀក​បំពាក់​ដ៏រុង​រឿង​អស្ចារ្យ ជិះ​លើ​ខ្នង​សេះ ដែល​មាន​បង្ខាំ​មាស នាំមុខ​កង​ទ័ព​យូដា។ ៣០លោក​ទាំង​ប្រាំ​នាក់​វាយ​អម​លោក​ម៉ាកា​បាយ ឲ្យ​នៅ​កណ្តាល​ពួក​គេ ទាំង​យក​អាវ​ក្រោះ​របស់​ខ្លួន​មក​ការពារ​គាត់ ដើម្បី​កុំ​ឲ្យ​គាត់​មាន​របួស។ ចំពោះ​បច្ចា​មិត្ត​វិញ អស់​លោក​បាន​ធ្វើ​ជា​ផ្លេក​បន្ទោរ​និង​រន្ទះ ដូច​គេ​បាញ់​ព្រួញ​បណ្តោយ​ឲ្យ​ខ្មាំង​ស្រវាំង​ភ្នែក ភ័ន្ត​ច្រឡំ​ជ្រួល​ច្របល់ បាក់​ទ័ព​រត់​ខ្ចាត់​ខ្ចាយ។ ៣១កង​ទ័ព​យូដា​អារ​ក​ទ័ព​ថ្មើរ​ជើង​របស់​ខ្មាំង អស់​ពីរ​ម៉ឺន​ប្រាំ​រយ​នាក់ និង​ទ័ព​សេះ​អស់​ប្រាំមួយ​រយ​នាក់។ ៣២លោក​ធីម៉ូថេ ផ្ទាល់​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ​នៅ​កាសារ៉ា ដែល​មាន​លោក​ខេ​រេ​អា ជា​មេ​បញ្ជា​ការ។ ៣៣ប៉ុន្តែ លោក​ម៉ាកា​បាយ​និង​កង​ទ័ព​របស់​លោក បាន​ឡោម​ព័ទ្ធ​ក្រុង​នោះ​អស់​រយៈ​ពេល​បួន​ថ្ងៃ​ដោយ​ចិត្ត​រីក​រាយ។ ៣៤រីឯ​ខ្មាំង​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​នោះ​អាង​លើ​កំពែង​ដ៏​រឹង​មាំ នៅ​តែ​នាំគ្នា​ជេរ​ប្រមាថ​ព្រះ​ជាម្ចាស់ កាន់​តែ​ខ្លាំង​ឡើងៗ និង​ពោល​ពាក្យ​ព្រហើន តាម​របៀប​ជន​ពាល។ ៣៥លុះ​ដល់​ថ្ងៃ​ទី​ប្រាំ ពេល​ព្រះ​អាទិត្យ​រះ យុវជន​ម្ភៃ​នាក់​ជា​ពល​ទាហាន​របស់​លោក​ម៉ាកា​បាយ មាន​ចិត្ត​ក្តៅ​ក្រហាយ​ដោយ​ឮ​ពាក្យ​ជេរ​ដូច្នេះ ក៏​ស្ទុះ​ចេញ​ទៅ​វាយ​សំរុក​កំពែង ដោយ​ចិត្ត​អង់​អាច​ក្លាហាន​ដូច​ជា​វិរ​បុរស។ ពួក​គេ​មាន​កំហឹង​ពុះ​កញ្រ្ជោល​ជា​ខ្លាំង ហើយ​កាប់​សម្លាប់​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គេ។ ៣៦យុវជន​ខ្លះ​ទៀត​ដើរ​វាយ​ទៅ​ពី​ក្រោយ​ក្រុង វាយ​សំរុក​ខ្មាំង​ដែល​នៅ​ខាង​ក្នុង ដុត​ប៉ម​របស់​ពួក​គេ បង្កាត់​ភ្នក់​ភ្លើង​យ៉ាង​ធំ ហើយ​ដុត​ទាំង​រស់​ចំពោះ​អ្នក​ជេរ​ប្រមាថ​ព្រះ​ជាម្ចាស់។ ក្រុម​យុវ​ជន​ទីមួយ​វាយ​កំទេច​ទ្វារ​ឲ្យ​កង​ទ័ព​ដែល​នៅ​ខាង​ក្រោយ​ចូល​ក្នុង​បន្ទាយ ហើយ​ត្រូត​ត្រា​ក្រុង​ទាំង​មូល។ ៣៧ពួក​គេ​កាត់​ក​លោក​ធីម៉ូថេ​ដែល​រត់​ពួន​ក្នុង​អណ្តូង​មួយ​ ព្រម​ទាំង​សម្លាប់​លោក ខេរេអា និង​លោក​អាប៉ូឡូ​ផាន​ដែរ។ ៣៨ក្រោយ​ពី​ទទួល​ជ័យ​ជំនះ​ទាំង​នេះ ពួក​គេ​នាំគ្នា​ច្រៀង​លើក​តម្កើង​ព្រះ​អម្ចាស់ ទាំង​ស្មូត​បទ​សរសើរ​ថ្វាយ​ព្រះ​អង្គ ដែល​ប្រោស​ប្រណី​ដល់​ប្រជា​ជន​អ៊ីស្រា​អែល យ៉ាង​លើស​លប់ ហើយ​ប្រោស​ប្រទាន​ជ័យ​ជំនះ​ឲ្យ​ពួក​គេ​ផង។