ម៉ាកាបាយ (០១)

លិខិតផ្ញើជូនប្រជាជនយូដានៅស្រុកអេស៊ីប

លិខិតទី ១ ផ្ញើជូនប្រជាជនយូដា នៅស្រុកអេស៊ីប នាឆ្នាំ ១២៤ មុន គ.
សូម​ជំរាប​មក​បង​ប្អូន​រួម​ជាតិ​យូដា រស់​នៅ​ស្រុក​អេស៊ីប! បង​ប្អូន​ជាតិ​យូដា​ដែល​រស់​នៅ​ក្រុង​យេរូសាឡឹម និង​បង​ប្អូន​នៅ​ស្រុក​យូដា​ទាំង​អស់ សូម​ឲ្យ​បង​ប្អូន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត និង​ចំរុង​ចម្រើន!។ សូម​ព្រះ​ជាម្ចាស់​មេត្តា​ប្រោស​ប្រទាន​ពរ​ដល់​បង​ប្អូន ហើយ​នឹក​គិត​ដល់​សម្ព័ន្ធ​មេត្រី ដែល​ព្រះ​អង្គ​បាន​ចង​ជាមួយ​លោក អាប្រាហាំ លោក​អ៊ីសាក លោក​យ៉ាកុប ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ។ សូម​ព្រះ​អង្គ ប្រោស​ប្រទាន​ឲ្យ​បង​ប្អូន​ទាំង​អស់​មាន​ចិត្ត​គំនិត ដើម្បី​គោរព​ថ្វាយ​បង្គំ​ព្រះ​អង្គ និង​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត តាម​ព្រះ​ហឫ​ទ័យ​របស់​ព្រះ​អង្គ​យ៉ាង​ស្មោះ។ សូម​ព្រះ​អង្គ​បំភ្លឺ​ចិត្ត​គំនិត​របស់​បង​ប្អូន ឲ្យ​យល់​អំពី​ធម្ម​វិន័យ និង​អំពី​បញ្ជា​របស់​ព្រះ​អង្គ សូម​ប្រោស​ប្រទាន​សេចក្តី​សុខ​សាន្ត​ដល់​បង​ប្អូន​ផង។ សូម​ព្រះ​អង្គ មេត្តា​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​បង​ប្អូន សូម​លើក​លែង​ទោស​ឲ្យ​បង​ប្អូន កុំ​បោះ​បង់​ចោល​បង​ប្អូន​នៅ​គ្រា​មាន​អាសន្ន​ឡើយ!។ នេះ​ជា​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ នៅ​ពេល​នេះ​សម្រាប់​បង​ប្អូន​នៅ​ស្រុក​យូដា។ នៅ​ឆ្នាំ​មួយ​រយ​ហុក​បី ក្នុង​រជ្ជ​កាល​របស់​ព្រះ​បាទ​ដេម៉េ​ទ្រីយ៉ូស យើងខ្ញុំ​ជា​ជន​ជាតិ​យូដា​បាន​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើ​ជូន​បង​ប្អូន​ដូច​តទៅ៖ «តាំង​ពី​ពេល​ដែល​លោក​យ៉ាសូន និង​បក្ស​ពួក​គាត់​ក្បត់​ទឹក​ដី​ដ៏​វិសុទ្ធ ក្បត់​ព្រះ​ជាម្ចាស់ ជា​ព្រះ​មហា​ក្សត្រ​របស់​យើង​ខ្ញុំ​មក យើង​ខ្ញុំ​ជួប​តែ​ទុក្ខ​លំបាក និង​គ្រោះ​កាច​ជានិច្ច។ ពួក​គេ​បាន​ដុត​ទ្វារ​ធំ​នៃ​ព្រះ​វិហារ ហើយ​កាប់​សម្លាប់​ប្រជា​ជន​ស្លូត​ត្រង់​ទៀត​ផង។ យើង​ខ្ញុំ​ទូល​អង្វរ​ព្រះ​អម្ចាស់ ហើយ​ព្រះ​អង្គ​ក៏​ស្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ​ដែរ។ យើង​ខ្ញុំ​បាន​ថ្វាយ​យញ្ញ​បូជា និង​តង្វាយ​ម្សៅ​ម៉ដ្ឋ​ចំពោះ​ព្រះ​អង្គ អុជ​ចង្កៀង​ទាំង​ឡាយ​នៅ​ក្នុង​ព្រះ​វិហារ ហើយ​តម្កល់​នំប៉័ង​សក្ការៈ​ដែរ។ ឥឡូវ​នេះ យើង​ខ្ញុំ​សូម​សរសេរ​លិខិត ដើម្បី​សូម​អញ្ជើញ​បង​ប្អូន ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​បារាំ នៅ​ខែ​គីស​ឡេវ ដែល​ត្រូវ​នឹង​ខែ​អស្សុជ ១០ចុង​ឆ្នាំ​១៨៨។

ជន​ជាតិ​ដែល​រស់​នៅ​ក្រុង​យេរូ​សាឡឹម និង​នៅ​ស្រុក​យូដា​ទាំង​មូល ក្រុម​ជំនុំ​នៃ​ព្រឹទ្ធា​ចារ្យ​និង​លោក​យូដា សូម​ជំរាប​មក​លោក​អារីស្តូប៉ូល ជាទី​ប្រឹក្សា​របស់​ព្រះ​បាទ​ផ្ទូលេមេ និង​ជា​ពូជ​ពង្ស​របស់​មហា​បូជា​ចារ្យ ដែល​ត្រូវ​គេ​តែង​តាំង ដោយ​ចាក់​ប្រេង ព្រម​ទាំង​បង​ប្អូន​ជាតិ​យូដា​ដែល​រស់​នៅ​ស្រុក​អេស៊ីប​ទាំង​អស់ សូម​ជ្រាប! សូម​បង​ប្អូន​ប្រកប​ដោយ​អំណរ​សប្បាយ និង​សុខ​ភាព​ល្អ។ ១១ព្រះ​ជាម្ចាស់​បាន​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​គ្រោះ​កាច​ដ៏​ធ្ងន់​ធ្ងរ! យើង​ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ​ យ៉ាង​ជ្រាល​ជ្រៅ​បំផុត ដោយ​ព្រះ​អង្គ​ជួយ​ការ​ពារ​យើង​ខ្ញុំ ក្នុង​ពេល​ច្បាំង​ប្រឆាំង​នឹង​ស្តេច ១២គឺ​ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​បណ្តេញ​អស់​អ្នក​ដែល​កាន់​អាវុធ ទៅ​វាយ​ក្រុង​ដ៏វិសុទ្ធ។ ១៣ព្រះ​បាទ​អន់ទី​យ៉ូគូស​យាង​ទៅ​ស្រុក​ពែរ្ស ដោយ​នាំ​កង​ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​គេ​ស្មាន​ថា​នឹង​មិន​អាច​ចាញ់​ឡើយ។ ប៉ុន្តែ បូជា​ចារ្យ​នៃ​ព្រះ​វិហារ​ព្រះ​ណាណេអា បាន​ប្រើ​ឧបាយ​កល្ប​វាយ​កំទេច​ពួក​គេ នៅ​ក្នុង​ព្រះ​វិហារ​បស់​ព្រះ ណាណេអា។ ១៤ស្តេច​យាង​ទៅ​ទីនោះ​ជាមួយ​ពួក​មន្ត្រី​ជំនិត ដោយ​យក​លេស​ថា ទៅ​រៀប​អភិសេក​ជាមួយ​ម្ចាស់​ក្សត្រិយ៍។ តាម​ការ​ពិត ទ្រង់​មាន​បំណង​ទៅ​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ពី​ព្រះ​វិហារ​នេះ​ទុក​ដូច​ជា​ជំនូន។ ១៥បូជា​ចារ្យ​នៃ​ព្រះ​វិហារ​របស់​ព្រះ​ណាណេអា តម្កល់​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ថ្វាយ​ព្រះ​រាជា​ទត។ ស្តេច​យាង​ចូល​ក្នុង​បរិវេណ​នៃ​ព្រះ​វិហារ​ជាមួយ​មន្ត្រី​ជំនិត​ខ្លះ។ ពេល​ព្រះ​រាជា​យាង​ចូល​រួច​ហើយ អស់​លោក​បូជា​ចារ្យ​ទាំង​នោះ​បិទ​ទ្វារ​ពី​ក្រោយ​ទាំង​អស់។ ១៦រួច​បើក​ទ្វារ​មួយ​ទៀត​ដែល​លាក់​នៅ​លើ​ពិដាន ហើយ​យក​ដុំថ្ម​គប់​សម្លាប់​ព្រះ​រាជា​និង​ពួក​មន្ត្រី។ ពួក​គេ​ក៏​កាត់​អវៈ​យវៈ​សាក​សព​ទាំង​នោះ ហើយ​កាត់​ក្បាល​បោះ​ទៅ​ឲ្យ​អស់​អ្នក​នៅ​ខាង​ក្រៅ​មើល។ ១៧សូម​លើក​តម្កើង​ព្រះ​ជាម្ចាស់​របស់​យើង​ខ្ញុំ​ក្នុង​គ្រប់​កិច្ច​ការ ដ្បិត​ព្រះ​អង្គ​បាន​ប្រហារ​ជីវិត​អស់​អ្នក​ដែល​ប្រមាថ​ព្រះអង្គ!។

១៨នៅ​ថ្ងៃ​ទី​២៥ ខែ​គីសឡេវ ត្រូវ​នឹង​ខែ​មិគសិរ យើង​ខ្ញុំ​បំរុង​នឹង​ប្រារព្ធ​ពិធី​ជម្រះ​ព្រះ​វិហារ។ ដូច្នេះ យើង​ខ្ញុំ​យល់​ឃើញ​ថា យើង​ខ្ញុំ​ត្រូវ​តែ​ផ្តល់​ដំណឹង​ឲ្យ​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​រៀប​ចំ​ពិធី​បុណ្យ​នេះ​តាម​របៀប​បុណ្យ បារាំ​ដែរ។ បង​ប្អូន​មុខ​ជា​នឹក​ឃើញ​ពី​ភ្លើង​ដែល​លេច​ចេញ​មក នៅ​ពេល​លោក​នេហេមី ថ្វាយ​យញ្ញ​បូជា ក្រោយ​ពី​បាន​សង់​ព្រះ​វិហារ និង​អាសនៈ​ឡើង​វិញ។ ១៩នៅ​គ្រា​ដែល​ខ្មាំង​កៀរ​ដូន​តា​របស់​យើង​ខ្ញុំ​នាំ​ទៅ​ស្រុក​ពែរ្ស អស់​លោក​បូជា​ចារ្យ​ដ៏​ស្មោះ​ត្រង់​យក​ភ្លើង​ពី​អាសនៈ ទៅ​លាក់​ទុក​ក្នុង​រូង ដែល​មាន​រាង​ដូច​អណ្តូង​រីង​ស្ងួត ហើយ​លាក់​ភ្លើង​នេះ​យ៉ាង​ជិត គ្នាន​នរណា​ម្នាក់​ស្គាល់​កន្លែង​នោះ​ឡើយ។ ២០អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ក្រោយ​មក កាល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫ​ទ័យ នឹង​លោក​នេហេមី ដែល​ព្រះ​មហា​ក្សត្រ​ស្រុក​ពែករ្ស​ចាត់​លោក​នេហេមី ឲ្យ​មក​ក្រុង​យេរូ​សាឡឹម។ លោក​នេហេមី​ក៏​ចាត់​កូន​ចៅ​របស់​បូជា​ចារ្យ​ដែល​យក​ភ្លើង​លាក់​នោះ​ ឲ្យ​ស្វែង​រក​កន្លែង​ដែល​លាក់​ភ្លើង។ ពួក​គេ​បាន​មក​រាយ​ការណ៍​ថា ពួក​គេ​រក​ភ្លើង​នោះ​មិន​ឃើញ​ទេ គឺ​ឃើញ​តែ​ប្រេង​ខាប់ៗប៉ុណ្ណោះ។ លោក​នេហេមី បង្គាប់​ឲ្យ​ពួក​គេ​ទៅ​ដង​ប្រេង​នោះ​យក​មក។ ២១កាល​ពួក​គេ​រៀប​ចំ​អ្វីៗ​ទាំង​អស់ សម្រាប់​ថ្វាយ​យញ្ញ​បូជា​សព្វ​គ្រប់​ហើយ លោក​នេហេមី​បង្គាប់​ឲ្យ​បូជា​ចារ្យ យក​ប្រេង​នោះ​មក​ចាក់​លើ​អុស និង​លើ​តង្វាយ​ដែល​នៅ​លើ​អុស។ ២២បន្ទាប់​ពី​រៀប​ចំ​រួច​ហើយ​មិន​យូរ​ប៉ុន្មាន​ព្រះ​អាទិត្យ​ដែល​បាំង​ពពក ក៏​លេច​ចេញ​មក ហើយ​បញ្ចេញ​រស្មី​ឆាប​ឆេះ​យញ្ញ​បូជា យ៉ាង​សន្ធោ​សន្ធៅ ធ្វើ​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​ឆ្ងល់​យ៉ាង​ខ្លាំង។ ២៣នៅ​ពេល​ភ្លើង​កំពុង​ឆាប​ឆេះ​យញ្ញ​បូជា អស់​លោក​បូជា​ចារ្យ និង​អង្គ​ប្រជុំ​នាំគា្ន​ទូល​អង្វរ​ព្រះ​ជាម្ចាស់ គឺ​លោក​យូណាថាន នាំ​គេ​អធិដ្ឋាន​មុន​គេ រួច​អស់​បូជា​ចារ្យ លោក​នេហេមី​ក៏​ឆ្លើយ​ឆ្លង​ដែរ។ ២៤គេ​ទូល​អង្វរ​ដូច​តទៅ៖ បពិត្រ​ព្រះ​អម្ចាស់! ព្រះ​ជាអម្ចាស់​បាន​បង្កើត​អ្វីៗ​សព្វសារពើ ព្រះ​អង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ប្រកប​ដោយ​ឫទ្ធិ​បារមី សុចរិត មេត្តា​ករុណា​មាន​តែ​ព្រះ​អង្គ​ទេ ដែល​ជា​ព្រះ​មហា​ក្សត្រ​មាន​តែ​ព្រះ​អង្គ​ទេ ដែល​សប្បុរស​សុចរិត ២៥ប្រកប​ដោយ​ព្រះ​ហឫទ័យ​ទូលំ​ទូលាយ មាន​ឫទ្ធា​នុភាព​សព្វ​ប្រការ និង​មាន​ព្រះ​ជន្ម​អស់​កល្ប​ជានិច្ច ព្រះ​អង្គ​សង្រ្គោះ​ប្រជា​រាស្ត្រ​អ៊ីស្រា​អែល ឲ្យ​រួច​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ ព្រះ​អង្គ បាន​ជ្រើស​រើស​បុព្វ​បុរស​របស់​យើង​ខ្ញុំ ឲ្យ​ទៅ​ជា​ជន​ដ៏​វិសុទ្ធ។ ២៦សូម​ព្រះ​អង្គ​មេត្តា​ទទួល​យញ្ញ​បូជា ដែល​យើង​ខ្ញុំ​សូម​ថ្វាយ ក្នុង​នាម​ប្រជា​រាស្រ្ត​អ៊ីស្រា​អែល​ទាំង​មូល​ផង។ សូម​ព្រះ​អង្គ​ព្រះ​មេត្តា​ការពារ​ប្រជា​រាស្ត្រ​ផ្ទាល់​របស់​ព្រះ​អង្គ និង​ប្រោស​ប្រណី​ឲ្យ​បាន​វិសុទ្ធ​ផង។ ២៧សូម​ប្រមែ​ប្រមូល​បង​ប្អូន​យើង​ខ្ញុំ ​ដែល​ខ្ចាត់​ខ្ចាយ សូម​លោះ​បង​ប្អូន​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន ដែល​ជា​ទាសករ​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ផង សូម​ព្រះ​អង្គ​ទត​មើល​បង​ប្អូន​យើង​ខ្ញុំ​ដែល​ត្រូវ​គេ​មើល​ងាយ និង​ត្រូវ​គេ​ស្អប់​ខ្ពើម ដើម្បី​ឲ្យ​ជាតិ​សាសន៍​ដទៃ​ទទួល​ស្គាល់​ថា ព្រះ​អង្គ​ពិត​ជា​ព្រះ​ជាម្ចាស់​របស់​យើង​ខ្ញុំ​មែន!។ ២៨សូម​ដាក់​ទោស​ដល់​អស់​អ្នក​ដែល​ជិះ​ជាន់​សង្កត់​សង្កិន​យើង​ខ្ញុំ និង​ជេរ​ប្រមាថ​យើងខ្ញុំ​យ៉ាង​ព្រហើន។ ២៩សូម​ព្រះ​អង្គ​មេត្តា​ប្រោស​តែង​តាំង​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ ឲ្យ​ចាក់​ឫស​យ៉ាង​រឹង​មាំ នៅ​លើ​ទឹក​ដី​ដ៏​វិសុទ្ធ​របស់​ព្រះ​អង្គ ដូច​លោក​ម៉ូសេ បាន​ថ្លែង​ទុក»។

៣០អស់​លោក​បូជា​ចារ្យ​នាំគ្នា​ច្រៀង​កោត​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់។ ៣១កាល​យញ្ញ​បូជា​ឆេះ​សុស​អស់​ហើយ លោក​នេហេមី​បង្គាប់​ឲ្យ​យក​ប្រេង​ដែល​នៅ​សេស​សល់ មក​ចាក់​លើ​ផ្ទាំង​ថ្មធំៗ។ ៣២ស្រាប់​តែ​ភ្លើង​ឆេះ​ឡើង ប៉ុន្តែ​អណ្តាត​ភ្លើង​ឆេះ​នៅ​លើ​អាសនៈ មាន​ពន្លឺ​ភ្លឺ​ជាង​អណ្តាត​ភ្លើង​នេះ​ទៅ​ទៀត។ ៣៣ដំណឹង​នេះ បាន​ឮ​សុស​សាយ​គ្រប់​ទិស​ទី មាន​គេ​ទូល​ស្តេច​ស្រុក​ពែរ្ស ពី​កន្លែង​ដែល​ពួក​បូជា​ចារ្យ​បាន​យក​ភ្លើង​ទៅ​លាក​ទុក មុន​ពេល​គេ​កៀរ​យក​ទៅ ស្តេច​ស្រុក​ពែរ្ស​ក៏​ទទួល​ដំណឹង​ថា គេ​បាន​រក​ឃើញ​ប្រេង​នៅ​ទីនោះ។ លោក​នេហេមី​និង​អ្នក​នៅ​ជាមួយ បាន​យក​ប្រេង​នោះ​មក​ដុត​យញ្ញ​បូជា។ ៣៤ក្រោយ​ពី​បាន​ស៊ើប​ការណ៍​នោះ​ដឹង​ច្បាស់​លាស់ ស្តេច​បញ្ជា​ឲ្យ​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​កន្លែង​នោះ ហើយ​ចាត់​ទុក​ជា​កន្លែង​ដ៏​សក្ការៈ។ ៣៥ព្រះ​រាជា​ទទួល​កំរៃ​យ៉ាង​ច្រើន​ពី​កន្លែង​នោះ ហើយ​ក៏​ចែក​មួយ​ភាគ​នៃ​ចំណែក​នេះ ឲ្យ​អ្នក​ដែល​ទ្រង់​ទុក​ឲ្យ​មើល​កន្លែង​នោះ។ ៣៦លោក​នេហេមី​និង​អ្នក​ដែល​នៅ​ជាមួយ​លោក ហៅ​ប្រេង​នេះ​ថា ណិបថា មាន​ន័យ​ថា «វិធី​ជម្រះ» ប៉ុន្តែ ប្រជា​ជន​ទូទៅ​តែង​ហៅ​ប្រេង​នោះ​ថា ណិប វិញ។