លោក​យ៉ូហាន‌បាទីស្ដ​ប្រៀន‌ប្រដៅ​បណ្ដា‌ជន 

(ម៉ាថាយ ៣.១-១២ ម៉ាកុស ១.១-៨ យ៉ូហាន ១.១៩-២៨)
1 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជ‌កាល​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ព្រះ‌នាម​ទីប៊ែរ លោក​ប៉ុន‌ពី‌ឡាត​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ*​គ្រប់‌គ្រង​ស្រុក​កាលី‌ឡេ ព្រះ‌បាទ​ភីលីព​អនុជ​របស់​ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​តំបន់​អ៊ីទូរេ និង​តំបន់​ត្រាខូ‌នីត ព្រះ‌បាទ​លីសា‌ញ៉ាស​ជា​ស្ដេច​អនុ‌រាជ​គ្រប់‌គ្រង​ស្រុក​អាប៊ី‌ឡែន 2 លោក​ហាណ្ណា និង​លោក​កៃផាស​ធ្វើ​ជា​មហា‌បូជា‌ចារ្យ*។ ពេល​នោះ ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូហាន ជា​កូន​របស់​លោក​សាការី នៅ​ក្នុង​វាល​រហោ‌ស្ថាន*។ 3 លោក​យ៉ូហាន​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ឲ្យ​មនុស្ស​កែ‌ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ព្រះ‌ជា‌ម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។ 4 លោក​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ​កថា៖
«មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង 
នៅ​វាល​រហោ‌ស្ថាន​ថាៈ 
ចូរ​រៀប‌ចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ 
ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ។ 
5 ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ឲ្យ​រាប​ស្មើ 
និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប 
ត្រូវ​តម្រង់​ផ្លូវ​កោង​ឲ្យ​ត្រង់ 
ព្រម​ទាំង​លុប​ផ្លូវ​រដិប‌រដុប​ឲ្យ​រាប​ស្មើ​ដែរ 
6 នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ 
របស់​ព្រះ‌ជា‌ម្ចាស់»។ 

7 លោក​យ៉ូហាន​តែង‌តែ​បន្ទោស​មហា‌ជន ដែល​មក​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​គេច​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌ជា‌ម្ចាស់​ខ ដែល​ជិត​មក​ដល់​ដូច្នេះ?។ 8 ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ‌ប្រែ​ចិត្ត​គំនិត​មែន។ កុំ​អាង​ខ្លួន​ថាមាន​លោក​អប្រាហាំ​ជា​បុព្វ‌បុរស*​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជា‌ម្ចាស់​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។ 9 ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច​ហើយ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ ត្រូវ​កាប់​រំលំ​បោះ​ទៅ​ក្នុង​ភ្លើង»។ 10 មហា‌ជន​សួរ​លោក​យ៉ូហាន​ថា៖ «បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ 11 លោក​យ៉ូហាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «អ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​ឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នក​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​ឲ្យ​អ្នក​គ្មាន​ដែរ»។ 12 មាន​អ្នក​ទារ​ពន្ធ*​ខ្លះ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​សួរ​លោក​ថា៖ «លោក​គ្រូ​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ 13 លោក​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កម្រិត ដែល​មាន​កំណត់​ទុក​នោះ​ឡើយ»។ 14 មាន​ទាហាន​មក​សួរ​លោក​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​ត្រូវ​ធ្វើ​អ្វី​ដែរ?»។ លោក​ឆ្លើយ​ថា៖ «កុំ​ចោទ​ប្រកាន់ កុំ​សង្កត់‌សង្កិន​យក​ប្រាក់​ពី​អ្នក​ណា​ឲ្យ​សោះ ត្រូវ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​បាន​ហើយ»។

15 ប្រជា‌ជន​នៅ​តែ​រង់‌ចាំ ហើយ​គេ​រិះ‌គិត​ក្នុង​ចិត្ត​គ្រប់ៗ​គ្នា​ថា ប្រហែល​លោក​នេះ​ទេ​ដឹង​ជា​ព្រះ‌គ្រិស្ដ*!។ 16 លោក​យ៉ូហាន​មាន​ប្រសាសន៍​ប្រាប់​គេ​ទាំង​អស់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ប៉ុន្តែ លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ 17 លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ ដើម្បី​អុំ​ស្រូវ​យក​គ្រាប់​ល្អ​ប្រមូល​ដាក់​ជង្រុក រីឯ​សម្ដី​គ វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។ 18 លោក​យ៉ូហាន​ប្រកាស​ដំណឹង‌ល្អ*​ដល់​ប្រជា‌ជន ដោយ​ពាក្យ​ដាស់​តឿន​ជា​ច្រើន​ទៀត​ផង។ 19 លោក​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ​ថែម​ទៀត ព្រោះ​ទ្រង់​បាន​យក​ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា ដែល​ត្រូវ​ជា​មហេសី​របស់​អនុជ*​ព្រះ‌អង្គ​មក​ធ្វើ​ជា​មហេសី​របស់​ព្រះ‌អង្គ​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ​សោត លោក​យ៉ូហាន​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ ព្រោះ​ទ្រង់​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ផង។ 20 ទ្រង់​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ទៀត គឺ​ចាប់​លោក​យ៉ូហាន​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង។

ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក
(មថ.៣.១៣-១៧ មក.១.៩-១១ យហ.១.៣២-៣៤)
21 ពេល​ប្រជា‌ជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះ‌យេស៊ូ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​ព្រះ‌អង្គ​កំពុង​អធិ‌ស្ឋាន* ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ 22 ហើយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​យាង​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះ‌អង្គ។ មាន​ឮ​ព្រះ‌សូរ‌សៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះ‌អង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់‌ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»​ឃ។

បញ្ជី​រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ
(ម៉ាថាយ ១.១-១៧)
23 កាល​ព្រះ‌យេស៊ូ​ចាប់‌ផ្ដើម​ព្រះ‌បរម‌កិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ប្រមាណ​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​ស្មាន​ព្រះ‌អង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប ដែល​ត្រូវ​ជា​បុត្រ​លោក​អេលី 24 លោក​អេលី​ជា​បុត្រ​លោក​ម៉ាថាត់ លោក​ម៉ាថាត់​ជា​បុត្រ​លោក​លេវី លោក​លេវី​ជា​បុត្រ​លោក​មែលឃី លោក​មែលឃី​ជា​បុត្រ​លោក​យ៉ាណាយ លោក​យ៉ាណាយ​ជា​បុត្រ​លោក​យ៉ូសែប 25 លោក​យ៉ូសែប​ជា​បុត្រ​លោក​ម៉ាថាធី លោក​ម៉ាថាធី​ជា​បុត្រ​លោក​អម៉ូស លោក​អម៉ូស​ជា​បុត្រ​លោក​ណាអ៊ូម លោក​ណាអ៊ូម​ជា​បុត្រ​លោក​ហែស‌លី លោក​ហែស‌លី​ជា​បុត្រ​លោក​ណាកាយ 26 លោក​ណាកាយ​ជា​បុត្រ​លោក​ម៉ាអាត លោក​ម៉ាអាត​ជា​បុត្រ​លោក​ម៉ាថាធី លោក​ម៉ាថាធី​ជា​បុត្រ​លោក​សេមែន លោក​សេមែន​ជា​បុត្រ​លោក​យ៉ូសិច លោក​យ៉ូសិច​ជា​បុត្រ​លោក​យ៉ូដា 27 លោក​យូដា​ជា​បុត្រ​លោក​យ៉ូណាន់ លោក​យ៉ូណាន់​ជា​បុត្រ​លោក​រេសា លោក​រេសា​ជា​បុត្រ​លោក​សូរ៉ូ‌បា‌បែល លោក​សូរ៉ូ‌បា‌បែល​ជា​បុត្រ​លោក​សាឡា‌ធី‌អែល លោក​សាឡា‌ធី‌អែល​ជា​បុត្រ​លោក​នេរី 28 លោក​នេរី​ជា​បុត្រ​លោក​មែលឃី លោក​មែលឃី​ជា​បុត្រ​លោក​អាត់ឌី លោក​អាត់ឌី​ជា​បុត្រ​លោក​កូសាម លោក​កូសាម​ជា​បុត្រ​លោក​អែល‌ម៉ា‌ដាម លោក​អែល‌ម៉ា‌ដាម​ជា​បុត្រ​លោក​អ៊ែរ 29 លោក​អ៊ែរ​ជា​បុត្រ​លោក​យេស៊ូ លោក​យេស៊ូ​ជា​បុត្រ​លោក​អេលី‌អេ‌ស៊ែរ លោក​អេលី‌អេ‌ស៊ែរ​ជា​បុត្រ​លោក​យ៉ូរីម លោក​យ៉ូរីម​ជា​បុត្រ​លោក​ម៉ាថាត់ លោក​ម៉ាថាត់​ជា​បុត្រ​លោក​លេវី 30 លោក​លេវី​ជា​បុត្រ​លោក​ស៊ីម៉ូន លោក​ស៊ីម៉ូន​ជា​បុត្រ​លោក​យូដា លោក​យូដា​ជា​បុត្រ​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​បុត្រ​លោក​យ៉ូណាម លោក​យ៉ូណាម​ជា​បុត្រ​លោក​អេលី‌យ៉ា‌គីម 31 លោក​អេលី‌យ៉ា‌គីម​ជា​បុត្រ​លោក​ម៉េលា លោក​ម៉េលា​ជា​បុត្រ​លោក​មេណា លោក​មេណា​ជា​បុត្រ​លោក​ម៉ាតា‌ថា លោក​ម៉ាតា‌ថា​ជា​បុត្រ​លោក​ណាថាន់ លោក​ណាថាន់​ជា​បុត្រ​ស្ដេច​ដាវីឌ 32 ស្ដេច​ដាវីឌ​ជា​បុត្រ​លោក​យេសាយ លោក​យេសាយ​ជា​បុត្រ​លោក​យ៉ូបេដ លោក​យ៉ូបេដ​ជា​បុត្រ​លោក​បូអូស លោក​បូអូស​ជា​បុត្រ​លោក​សាឡា លោក​សាឡា​ជា​បុត្រ​លោក​ណាសូន 33 លោក​ណាសូន​ជា​បុត្រ​លោក​អមី‌ណា‌ដាប លោក​អមី‌ណា‌ដាប​ជា​បុត្រ​លោក​អើដមី លោក​អើដមី​ជា​បុត្រ​លោក​អ័រនី លោក​អ័រនី​ជា​បុត្រ​លោក​អែស‌រ៉ូម លោក​អែស‌រ៉ូម​ជា​បុត្រ​លោក​ផារ៉ែស លោក​ផារ៉ែស​ជា​បុត្រ​លោក​យូដា 34 លោក​យូដា​ជា​បុត្រ​លោក​យ៉ាកុប លោក​យ៉ាកុប​ជា​បុត្រ​លោក​អ៊ីសាក លោក​អ៊ីសាក​ជា​បុត្រ​លោក​អប្រាហាំ លោក​អប្រាហាំ​ជា​បុត្រ​លោក​តេរ៉ា លោក​តេរ៉ា​ជា​បុត្រ​លោក​ណាហ៊រ 35 លោក​ណាហ៊រ​ជា​បុត្រ​លោក​សេរូក លោក​សេរូក​ជា​បុត្រ​លោក​រ៉ាកៅ លោក​រ៉ាកៅ​ជា​បុត្រ​លោក​ពេឡេក លោក​ពេឡេក​ជា​បុត្រ​លោក​ហេប៊ើរ លោក​ហេប៊ើរ​ជា​បុត្រ​លោក​សេឡា 36 លោក​សេឡា​ជា​បុត្រ​លោក​កៃណាម លោក​កៃណាម​ជា​បុត្រ​លោក​អារប៉ាក‌សាដ លោក​អារប៉ាក‌សាដ​ជា​បុត្រ​លោក​សិម លោក​សិម​ជា​បុត្រ​លោក​ណូអេ លោក​ណូអេ​ជា​បុត្រ​លោក​ឡាម៉េក 37 លោក​ឡាម៉េក​ជា​បុត្រ​លោក​ម៉ាធូ‌សាឡា លោក​ម៉ាធូ‌សាឡា​ជា​បុត្រ​លោក​ហេណុក លោក​ហេណុក​ជា​បុត្រ​លោក​យ៉ារ៉េដ លោក​យ៉ារ៉េដ​ជា​បុត្រ​លោក​ម៉ាឡេ‌ឡែល លោក​ម៉ាឡេ‌ឡែល​ជា​បុត្រ​លោក​កៃណាម 38 លោក​កៃណាម​ជា​បុត្រ​លោក​អេណុស លោក​អេណុស​ជា​បុត្រ​លោក​សេថ លោក​សេថ​ជា​បុត្រ​លោក​អដាំ ហើយ​លោក​អដាំ​ជា​បុត្រ​ព្រះ‌ជា‌ម្ចាស់។