តង្វាយ​របស់​ស្ត្រី​មេ‌ម៉ាយ

(ម៉ាកុស ១២.៤១-៤៤)
1 ព្រះ‌យេស៊ូ​ទត​ឃើញ​ពួក​អ្នក​មាន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះ‌ជា‌ម្ចាស់។ 2 ព្រះ‌អង្គ​ទត​ឃើញ​ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​ម្នាក់​យក​ប្រាក់​ពីរ​សេន មក​ដាក់​ក្នុង​ហិប​នោះ​ដែរ។ 3 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ច្រើន​ជាង​គេ​ទាំង​អស់ 4 ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ រីឯ​ស្ត្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​យក​ប្រាក់​ទាំង​អស់ ដែល​នាង​ត្រូវ​ការ​ជា​ចាំ‌បាច់​សម្រាប់​ចិញ្ចឹម​ជីវិត មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះ‌ជា‌ម្ចាស់​ដែរ»។

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​ការ​បំផ្លាញ​ព្រះ‌វិហារ និង​ហេតុ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ
(ម៉ាថាយ ២៤.១-១៤ ម៉ាកុស ១៣.១-១៣)
5 អ្នក​ខ្លះ​កំពុង​និយាយ​សរសើរ​លម្អ​របស់​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ​ប្រណីត និង​មាន​តាំង​វត្ថុ​ផ្សេងៗ​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ជា‌ម្ចាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ 6 «នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់‌បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។

7 គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ​អើយ! ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​មាន​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឲ្យ​យើង​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ជិត​មក​ដល់?»។ 8 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «ចូរ​ប្រុង‌ប្រយ័ត្ន កុំ​បណ្ដោយ នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​បាន​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ដ*” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ” កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។ 9 កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះ‌បោរ មិន​ត្រូវ​ភ័យ​តក់‌ស្លុត​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព‌លោក​ភ្លាមៗ​ទេ»។ 10 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​ត‌ទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​ត‌ទល់​នឹង​ប្រទេស​មួយ​ទៀត​ក 11 នឹង​មាន​រញ្ជួយ​ផែន‌ដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេងៗបណ្ដាល​ឲ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សម្គាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។ 12 ប៉ុន្តែ មុន​នឹង​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀត‌បៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ* យក​អ្នក​រាល់​គ្នា​ទៅ​ឃុំ‌ឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ស្ដេច និង​លោក​ទេសា‌ភិបាល​កាត់​ទោស ព្រោះ​តែ​នាម​ខ្ញុំ។ 13 ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខី‌ភាព​ទៅ​វិញ។ 14 ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការ‌ពារ​ខ្លួន​ធ្វើ​អ្វី 15 ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង អាច​ប្រកែក​ត‌ទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។ 16 សូម្បី​តែ​ឪពុក‌ម្ដាយ បង‌ប្អូន​ញាតិ‌សន្ដាន និង​មិត្ត‌ភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​ឲ្យ​គេ​សម្លាប់​ផង​ដែរ។ 17 មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ 18 ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។ 19 អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ‌ទ្រាំ»។

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​ការ​បំផ្លាញ​ក្រុង​យេរូ‌សា‌ឡឹម
(ម៉ាថាយ ២៤.១៥-២១ ម៉ាកុស ១៣.១៤-១៩)
20 «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សា‌ឡឹម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។ 21 ពេល​នោះ អស់​អ្នក​នៅ​ស្រុក​យូដា​ត្រូវ​តែ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ រីឯ​អស់​អ្នក​នៅ​ក្រុង​យេរូ‌សា‌ឡឹម ត្រូវ​រត់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង ហើយ​អស់​អ្នក​ដែល​នៅ​ស្រុក​ស្រែ មិន​ត្រូវ​ចូល​ទៅ​ក្រុង​ឡើយ។ 22 គ្រា​នោះ ជា​គ្រា​ដែល​ព្រះ‌ជា‌ម្ចាស់​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ 23 គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ កូន​មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​នឹង​កើត​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ព្រះ‌ជា‌ម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​នេះ។ 24 គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សង្គ្រាម ឲ្យ​រស់​នៅ​កណ្ដាល​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ សាសន៍​ដទៃ​នឹង​ជាន់​ឈ្លី​ក្រុង​យេរូ‌សា‌ឡឹម រហូត​ដល់​ពេល​កំណត់​របស់​គេ»។

បុត្រ​មនុស្ស​យាង​ត្រឡប់​មក​វិញ
(ម៉ាថាយ ២៤.២៩-៣១ ម៉ាកុស ១៣.២៤-២៧)
25 «គ្រា​នោះនឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ​ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​ផ្កាយ​ទាំង​ប៉ុន្មាន។ ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​តឹង​ទ្រូង ព្រួយ​បារម្ភ ពេល​ឮ​សូរ​សន្ធឹក​រលក​សមុទ្រ​បក់‌បោក 26 មនុស្ស‌ម្នា​ភ័យ​ស្លុត​បាត់​ស្មារតី នៅ​ពេល​គិត​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​លើ​ផែន‌ដី ដ្បិត​ឫទ្ធិ‌បារមី​នានា​នៅ​លើ​មេឃ​នឹង​កក្រើក​រំពើក។ 27 ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្ស*​យាង​មក​ក្នុង​ពពក*​ខ ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុង​រឿង​ពន់‌ពេក​ក្រៃ។ 28 កាល​ណា​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់‌ផ្ដើម​កើត​មាន ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី‌ព្រោះ​ព្រះ‌ជា‌ម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។

ព្រះ‌បន្ទូល​អំពី​ដើម​ឧទុម្ពរ
(ម៉ាថាយ ២៤.៣២-៣៥ ម៉ាកុស ១៣.២៨-៣១)
29 បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​ថា៖ «ចូរ​មើល​ដើម​ឧទុម្ពរ* និង​ដើម​ឈើ​ទាំង​អស់​ចុះ! 30 កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ស្លឹក​វា​លាស់ អ្នក​រាល់​គ្នា​ដឹង​ថា​រដូវ​ប្រាំង​គ​ជិត​មក​ដល់​ហើយ។ 31 ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​កើត​ឡើង ត្រូវ​ដឹង​ថា ព្រះ‌រាជ្យ*​របស់​ព្រះ‌ជា‌ម្ចាស់​មក​ជិត​បង្កើយ​ហើយ។ 32 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​រស់​នៅ​ឡើយ។ 33 ផ្ទៃ​មេឃ និង​ផែន‌ដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។

ការ​ត្រៀម​ខ្លួន​ប្រុង‌ប្រយ័ត្ន
34 «ចូរ​អ្នក​រាល់​គ្នា​ប្រុង‌ប្រយ័ត្ន​ឲ្យ​មែន‌ទែន! កុំ​បណ្ដោយ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វក់‌វី​នឹង​គ្រឿង​សប្បាយ គ្រឿង​ស្រវឹង ឬ​ក៏​ខ្វល់‌ខ្វាយ​អំពី​រឿង​ជីវិត​នេះ​ឡើយ ក្រែង​លោ​ថ្ងៃ​នោះ​មក​ដល់ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ប្រុង‌ប្រៀប​ខ្លួន 35 ដ្បិត​ថ្ងៃ​នោះ​មក​ដល់ប្រៀប​បាន​នឹង​សំណាញ់ ដែល​គ្រប​ពី​លើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន‌ដី​ទាំង​មូល។ 36 ចូរ​ប្រុង​ស្មារតី និង​ទូល‌អង្វរ​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រ​មនុស្ស»។

37 ពេល​ថ្ងៃ ព្រះ‌យេស៊ូ​តែង​ប្រៀន‌ប្រដៅ​គេ​នៅ​ក្នុង​ព្រះ‌វិហារ* ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ចេញ​ទៅ​សម្រាក​នៅ​លើ​ភ្នំ​ដើម​អូលីវ។ 38 ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​មក​តាំង​ពី​ព្រលឹម ស្ដាប់​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ព្រះ‌វិហារ*។