លេវីវិន័យ (០៥)

 ប្រសិន​បើ​នរណា​ម្នាក់​ជា ​សាក្សី បាន​ឮ​មនុស្ស​ម្នាក់​ទៀត​និយាយ​ស្បថ​បំពាន ហើយ​មិន​ព្រម​ប្រាប់​ពី​ហេតុ​ការណ៍​ដែល​ខ្លួន​បាន​ឃើញ និង​បាន​ឮ​ទេ​នោះ គាត់​មាន​បាប ហើយ​ត្រូវ​ទទួល​ទោស។ ប្រសិន​បើ​នរណា​ម្នាក់​ ប៉ះពាល់​អ្វី​មួយ​ដែល​មិន​បរិសុទ្ធ ដូច​ជា​ប៉ះពាល់​ខ្មោច​សត្វ​ព្រៃ ឬ​សត្វ​ស្រុក​ដែល​មិន​បរិសុទ្ធ ឬ​ខ្មោច​សត្វ​លូន​វារ​ដែល​មិន​បរិសុទ្ធ ទោះ​បី​គេ​ប៉ះពាល់​ដោយ​អចេតនា​ក្ដី ក៏​គេ​ត្រូវ​សៅហ្មង បណ្ដាល​អោយ​ខ្លួន​មាន​ទោស​ដែរ។ ប្រសិន​បើ​នរណា​ម្នាក់​ ប៉ះពាល់​មនុស្ស​មិន​បរិសុទ្ធ​ដោយ​អចេតនា ធ្វើ​អោយ​ខ្លួន​ឯង​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ​នោះ នៅ​ពេល​គេ​ដឹង​ខ្លួន គេ​នឹង​ត្រូវ​ទទួល​ទោស។ ប្រសិន​បើ​នរណា​ម្នាក់​ ស្បថ​លេង​ដោយ​អចេតនា ជា​សម្បថ​ដែល​មាន​ប្រយោជន៍ ឬ​អត់​ប្រយោជន៍ ទោះ​បី​អំពី​រឿង​អ្វី​ក៏​ដោយ នៅ​ពេល​គេ​ដឹង​ខ្លួន គេ​នឹង​ត្រូវ​ទទួល​ទោស។

 ពេល​នរណា​ម្នាក់​មាន​ទោស ដោយ​ប្រព្រឹត្ត​កំហុស​ណា​មួយ​ដូច​ខាង​លើ​នេះ គេ​ត្រូវ​សារ​ភាព​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។  បន្ទាប់​មក គេ​ត្រូវ​នាំ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ មក​ថ្វាយ​ព្រះអម្ចាស់ ជា​យញ្ញបូជា​សំរាប់​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ពេល​នោះ បូជាចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​គេ។

យញ្ញបូជា​របស់​ជន​ក្រីក្រ
 «ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធភាព​នឹង​ថ្វាយ​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ​ទេ​នោះ គេ​អាច​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ថ្វាយ​ព្រះអម្ចាស់ ដើម្បី​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សត្វ​មួយ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។ ៨ គាត់​ត្រូវ​យក​សត្វ​ទាំង​ នោះ​ទៅ​ជូន​លោក​បូជាចារ្យ។ មុន​ដំបូង លោក​ត្រូវ​ថ្វាយ​សត្វ​មួយ​ជា​យញ្ញបូជា​រំដោះ​បាប គឺ​លោក​មួល​ក​សត្វ​នោះ តែ​មិន​ផ្ដាច់​ក្បាល​វា​ចេញ​ពី​ខ្លួន​ទេ។ ៩ លោក​យក​ឈាម​ខ្លះ​របស់​ សត្វ​ដែល​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប​នោះ ប្រោះ​ទៅ​លើ​ជញ្ជាំង​អាសនៈ ហើយ​ចាក់​ឈាម​ដែល​នៅ​សល់​ត្រង់​ជើង​របស់​អាសនៈ។ នេះ​ជា​យញ្ញបូជា​រំដោះ​បាប។ ១០ បន្ទាប់​មក លោក​បូជាចារ្យ​ថ្វាយ​សត្វ​ទី​ពីរ​ជា​តង្វាយ​ដុត​ទាំង​មូល ស្រប​តាម​ច្បាប់។ លោក​បូជាចារ្យ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។

១១ ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធភាព​នឹង​ថ្វាយ​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​ទេ​នោះ គេ​អាច​យក​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា* មក​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប។ ប៉ុន្តែ គេ​មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ម្សៅ​នោះ​ទេ ព្រោះ​ជា​យញ្ញបូជា​រំដោះ​បាប។ ១២ គេ​យក​ម្សៅ​នោះ​ទៅ​ជូន​ លោក​បូជាចារ្យ។ លោក​បូជាចារ្យ យក​ម្សៅ​ពេញ​មួយ​ក្ដាប់ ទុក​ជា​ទី​រំលឹក* ហើយ​ដុត​ម្សៅ​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​យញ្ញបូជា​ឯ​ទៀត​ៗ​ដែល​គេ​ដុត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ នេះ​ជា​តង្វាយ​រំដោះ​បាប។ ១៣ លោក​បូជាចារ្យ​ធ្វើ​ ពិធី​នេះ ដើម្បី​រំដោះ​បាប​ណា​មួយ​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ បូជាចារ្យ​ធ្វើ​ដូច្នេះ ដូច​ថ្វាយ​តង្វាយ​ម្សៅ​ឯ​ទៀត​ៗ​ដែរ»។

យញ្ញបូជា​សំរាប់​លោះ​បាប
១៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ១៥ «ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា គឺ​បំ​ពាន​លើ​វិន័យ​ស្ដី​អំពី​វត្ថុ​សក្ការៈ​ដែល​ត្រូវ​ថ្វាយ​ព្រះអម្ចាស់ នោះ​គាត់​ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន​មក​ថ្វាយ​ព្រះអង្គ ដើម្បី​រំដោះ​ខ្លួន​អោយ​រួច​ពី​បាប។ សត្វ​នោះ​ត្រូវ​មាន​តម្លៃ​គិត​តាម​ប្រាក់​ដែល​គេ​ប្រើ​នៅ​ក្នុង​ទីសក្ការៈ។ ១៦ ម្យ៉ាង​ទៀត អ្នក​នោះ​ត្រូវ​តែ​សង​វត្ថុ​សក្ការៈ​ដែល​ខ្លួន​បាន​យក​ទៅ​ជូន​បូជាចារ្យ​វិញ ដោយ​បន្ថែម​មួយ​ភាគ​ប្រាំ​នៃ​តម្លៃ​វត្ថុ​នោះ​ផង។ លោក​បូជាចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​គាត់ ដោយ​យក​ចៀម​ឈ្មោល​ទៅ​ធ្វើ​យញ្ញបូជា​លោះ​បាប ហើយ​ព្រះជាម្ចាស់​នឹង​អត់​ទោស​​អោយ​គាត់។

១៧ ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ដឹង​ខ្លួន គឺ​ប្រព្រឹត្ត​អំពើ​ណា​មួយ​រំលោភ​លើ​បទ​បញ្ជា​របស់​ព្រះអម្ចាស់ ដែល​បណ្ដាល​អោយ​ខ្លួន​មាន​ទោស ១៨ គាត់​ត្រូវ​នាំ​ចៀម​ ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន មក​ជូន​លោក​បូជាចារ្យ ដោយ​គិត​តាម​តម្លៃ​យញ្ញបូជា សំរាប់​រំដោះ​ខ្លួន​អោយ​រួច​ពី​បាប។ លោក​បូជាចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​គាត់​បាន​ប្រព្រឹត្ត​ដោយ​អចេតនា ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។ ១៩ នេះ​ជា​យញ្ញបូជា​លោះ​បាប ដ្បិត​អ្នក​នោះ​ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអម្ចាស់»។

២០ (៦.១)ជ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២១(២) «ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​បំពាន​លើ​វិន័យ​ព្រះអម្ចាស់ គឺ​បំបាត់​វត្ថុ​អ្វី​មួយ​ពី​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​បន្លំ​យក​របស់​ដែល​គេ​យក​មក​ផ្ញើ​ទុក ឬ​លួច​យក​របស់​គេ ឬ​កំហែង​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​ខ្លួន ២២(៣) ឬ​បាន​រើស​របស់​ដែល​គេ​បាត់ តែ​ប្រកែក​ថា​មិន​ឃើញ ឬ​ក៏​ស្បថ​បំពាន ដើម្បី​បិទបាំង​អំពើ​បាប​ណា​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ២៣(៤) មនុស្ស​ប្រព្រឹត្ត​អំពើ​ បាប​បណ្ដាល​អោយ​ខ្លួន​មាន​ទោស ដូច្នេះ ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​លួច ឬ​កំហែង​យក ឬ​សង​វត្ថុ​ដែល​គេ​យក​មក​បញ្ចាំ ឬ​វត្ថុ​ដែល​ខ្លួន​រើស​បាន​នោះ ទៅ​អោយ​ម្ចាស់​ដើម​វិញ។ ២៤(៥) អ្នក​នោះ​ក៏​ត្រូវ​សង​ វត្ថុ​ដែល​ខ្លួន​បាន​ស្បថ​បំពាន​យក​ផង​ដែរ។ នៅ​ពេល​គាត់​ដឹង​ខ្លួន​ថា​មាន​ទោស​ នោះ​គាត់​មិន​គ្រាន់​តែ​សង​វត្ថុ​ទាំង​អស់​ទៅ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ ពី​លើ​តម្លៃ​របស់​វត្ថុ​នោះ​ទៀត​ផង។ ២៥(៦) បន្ទាប់​មក គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ជូន​បូជាចារ្យ​សំរាប់​ថ្វាយ​ព្រះអម្ចាស់ ដោយ​គិត​តាម​តម្លៃ​យញ្ញបូជា​លោះ​បាប។ ២៦(៧) នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ លោក​បូជាចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​ព្រះអង្គ​នឹង​អត់ទោស​អោយ​គាត់ ទោះ​បី​គាត់​មាន​កំហុស​អ្វី​ក៏​ដោយ»។