លេវីវិន័យ (២៥)

ឆ្នាំ​សប្ប័ទ
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​ថា៖ ២ «ចូរ​ប្រាប់​កូន​ចៅ​ អ៊ីស្រា​អែល​ដូច​ត​ទៅ: កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​អោយ​អ្នក​រាល់​ គ្នា​ហើយ រៀង​រាល់​ប្រាំពីរ​ឆ្នាំ ចូរ​ទុក​ដី​អោយ​នៅ​ទំនេរ​មួយ​ឆ្នាំ ដែល​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ព្រះអម្ចាស់។ ក្នុង​អំឡុង​ពេល​ប្រាំ​ មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចំការ​របស់​អ្នក ក្នុង​អំឡុង​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​ថែ​ទាំ​ចំការ​ទំពាំងបាយជូរ និង​បេះ​យក​ផ្លែ​បាន។ ៤ ប៉ុន្តែ ឆ្នាំ​ទី​ប្រាំពីរ​ជា​ឆ្នាំ​សប្ប័ទ ត្រូវ​ទុក​ដី​អោយ​នៅ​ទំនេរ​ទាំង​ស្រុង ព្រោះ​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ព្រះអម្ចាស់។ អ្នក​មិន​ត្រូវ​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចំការ ហើយ​ក៏​មិន​ត្រូវ​ថែ​ទាំ​ចំការ​ទំពាំងបាយជូរ​ដែរ។ ៥ អ្នក​មិន​ត្រូវ​ច្រូត​យក​ ផល​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី​កាល​ពី​រដូវ​ចំរូត​មុន ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំងបាយជូរ​ពី​ដើម​ដែល​អ្នក​ទុក​ចោល​នោះ​ដែរ ព្រោះ​ជា​ឆ្នាំ​ដែល​ត្រូវ​ទុក​អោយ​ដី​នៅ​ទំនេរ​ទាំង​ស្រុង។ ៦ ទោះ​បី​ដី​ទំនេរ​នៅ​ឆ្នាំ ​សប្ប័ទ​នោះ​ក៏​ដោយ ក៏​នៅ​តែ​ផ្ដល់​អាហារ​គ្រប់​គ្រាន់​ដល់​អ្នក និង​អ្នក​បំរើ​ប្រុស​ស្រី​របស់​អ្នក ព្រម​ទាំង​កូន​ឈ្នួល និង​មនុស្ស​ដែល​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​ជា​មួយ​អ្នក។ ៧ រីឯ​សត្វ​ពាហនៈ និង​សត្វ​ព្រៃ​នៅ​ក្នុង​ស្រុក​របស់​អ្នក ក៏​ទទួល​ភោគផល​ពី​ដី​ជា​ចំណី​ដែរ»។

ឆ្នាំ​ដែល​ត្រូវ​លោះ​កម្មសិទ្ធិ
 «ចូរ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំពីរ​ដង គឺ​ប្រាំពីរ​ឆ្នាំ​ប្រាំពីរ​ដង សរុប​ទាំង​អស់​សែសិបប្រាំបួន​ឆ្នាំ។ ៩ នៅ​ខែ​ទី​ប្រាំពីរ ថ្ងៃ​ទី​ដប់ ត្រូវ​ផ្លុំ​ស្នែង និង​ស្រែក​យ៉ាង​រំពង​ពាសពេញ​ស្រុក​ទាំង​មូល ព្រោះ​ជា​ថ្ងៃ​រំដោះ​បាប។ ១០ អ្នក​រាល់​គ្នា​ត្រូវ​ ចាត់​ទុក​ឆ្នាំ​ទី​ហាសិប​នោះ​ជា​ឆ្នាំ​ដ៏វិសុទ្ធ ត្រូវ​ប្រកាស​សេរីភាព​នៅ​ក្នុង​ស្រុក​ទាំង​មូល។ ឆ្នាំ​នោះ​ត្រូវ​មាន​ឈ្មោះ​ថា “ឆ្នាំ​មេត្តា​ករុណា”។ ពេល​នោះ ម្នាក់​ៗ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​ភូមិ ទៅ​ជួបជុំ​នឹង​អំបូរ​របស់​អ្នក​រាល់​គ្នា​វិញ។

១១ ឆ្នាំ​ទី​ហាសិប ជា​ឆ្នាំ​មេត្តា​ករុណា​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ ឬ​ច្រូត​កាត់​ភោគផល​ដុះ​ពី​គ្រាប់​ដែល​ធ្លាក់​ទៅ​លើ​ដី កាល​ពី​រដូវ​ចំរូត​មុន​ឡើយ ហើយ​ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំងបាយជូរ ដែល​អ្នក​រាល់​គ្នា​ទុក​ចោល​នោះ​ដែរ។ ១២ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​មេត្តា​ករុណា​ជា​ឆ្នាំ​សក្ការៈ។ អ្នក​រាល់​គ្នា​នឹង​បរិភោគ​អ្វី​ៗ​ដែល​ដុះ​នៅ​ក្នុង​ចំការ។

១៣ នៅ​ឆ្នាំ​មេត្តា​ករុណា អ្នក​រាល់​គ្នា​អាច​វិល​ទៅ​កាន់​កាប់​កម្ម​សិទ្ធិ​របស់​ខ្លួន​វិញ។ ១៤ ប្រសិន​បើ​អ្នក​រាល់​គ្នា​លក់ ឬ​ទិញ​អ្វី ពី​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​កេង​បន្លំ​គេ​ឡើយ។ ១៥ ពេល​ទិញ​ដី​ពី​ជន​រួម​ ជាតិ​របស់​អ្នក ត្រូវ​គិត​តម្លៃ​ចាប់​ពី​ឆ្នាំ​មេត្តា​ករុណា​ទៅ ហើយ​គេ​ត្រូវ​លក់​អោយ​អ្នក​ដោយ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ ដែល​អ្នក​អាច​ច្រូត​យក​ផល​បាន រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។ ១៦ ​ប្រសិន​បើ​នៅ​សល់​ច្រើន ​ឆ្នាំ​មុន​នឹង​ដល់​ឆ្នាំ​មេត្តា​ករុណា អ្នក​អាច​លក់​ដី​នោះ​ថ្លៃ តែ​បើ​នៅ​សល់​តិច​ឆ្នាំ​ទេ នោះ​ត្រូវ​បញ្ចុះ​តម្លៃ ដោយ​គិត​ដល់​ចំនួន​ឆ្នាំ​ដែល​អាច​ច្រូត​កាត់​នៅ​សល់​តិច។ ១៧ មិន​ត្រូវ​អោយ​នរណា​ ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា កេងប្រវ័ញ្ច​ជន​រួម​ជាតិ​របស់​ខ្លួន​ឡើយ ធ្វើ​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

១៨ ចូរ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ចូរ​ធ្វើ​តាម​វិន័យ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខសាន្ត​ក្នុង​ស្រុក។ ១៩ ដី​នឹង​ផ្ដល់​ភោគផល អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សុខសាន្ត​ក្នុង​ស្រុក។ ២០ ប្រសិន​បើ​អ្នក​រាល់​ គ្នា​ពោល​ថា “នៅ​ឆ្នាំ​ទី​ប្រាំពីរ តើ​ពួក​យើង​នឹង​បាន​អ្វី​បរិភោគ បើ​ពួក​យើង​មិន​សាប​ព្រោះ មិន​ច្រូត​កាត់​ដូច្នេះ!”។ ២១ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ យើង​នឹង​អោយ​ពរ​អ្នក​រាល់​គ្នា គឺ​ក្នុង​ឆ្នាំ​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ភោគផល​គ្រប់​គ្រាន់​សំរាប់​បី​ឆ្នាំ។ ២២ អ្នក​រាល់​គ្នា​សាប​ព្រោះ​ សា​ជា​ថ្មី នៅ​ឆ្នាំ​ទី​ប្រាំបី តែ​អ្នក​រាល់​គ្នា​បរិភោគផល​ដែល​ប្រមូល​បាន​ពី​មុន រហូត​ដល់​ឆ្នាំ​ទី​ប្រាំបួន។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគផល​ចាស់ រហូត​ទាល់​តែ​បាន​ទទួល​ភោគផល​ថ្មី។

២៣ អ្នក​ រាល់​គ្នា​មិន​អាច​លក់​ដី​ផ្ដាច់​អោយ​គេ​រហូត​ទេ ដ្បិត​ស្រុក​នេះ​ជា​កម្មសិទ្ធិ​របស់​យើង អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ជន​បរទេស ដែល​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​លើ​ដី​របស់​យើង។

២៤ នៅ​ក្នុង​ស្រុក​ទាំង​មូល ​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក ត្រូវ​​​​​បង្កើត​អោយ​មាន​ច្បាប់​លោះ​ដី។ ២៥ ប្រសិន​បើ​បង​ប្អូន​ របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​លក់​ដី​មួយ​ចំណែក​របស់​ខ្លួន អ្នក​ដែល​មាន​សិទ្ធិ​លោះ​ដី គឺ​សាច់ញាតិ​ដ៏​ជិតដិត ត្រូវ​មក​លោះ​យក​ដី​ដែល​បង​ប្អូន​នោះ​លក់។ ២៦ ប្រសិន​បើ​អ្នក​នោះ​គ្មាន​សាច់ញាតិ​មក​លោះ​យក​ដី​ទេ ហើយ​ប្រសិន​បើ​គាត់​ធូរធារ​អាច​លោះ​ដី​នោះ​ដោយ​ខ្លួន​ឯង​បាន ២៧ គាត់​ត្រូវ​រាប់​ចំនួន​ ឆ្នាំ ចាប់​ពី​ឆ្នាំ​ដែល​ខ្លួន​បាន​លក់​ដី​នោះ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា រួច​បង់​ប្រាក់​ទៅ​អោយ​អ្នក​ទិញ​តាម​ចំនួន​ឆ្នាំ​ទាំង​នោះ ហើយ​កាន់​កាប់​ទឹក​ដី​របស់​ខ្លួន​វិញ។ ២៨ ប្រសិន​បើ​គេ​គ្មាន​ ប្រាក់​លោះ​ដី​នោះ​ទេ ដី​នោះ​ត្រូវ​នៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។ នៅ​ឆ្នាំ​មេត្តា​ករុណា អ្នក​ទិញ​ត្រូវ​ចាក​ចេញ​ពី​ដី​នោះ ហើយ​ម្ចាស់​ដី​អាច​វិល​មក​កាន់​កាប់​ដី​របស់​ខ្លួន​វិញ។ ២៩ ប្រសិន​បើ​នរណា​ម្នាក់​ លក់​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​មួយ​ដែល​មាន​កំពែង គេ​មាន​សិទ្ធិ​លោះ​យក​ផ្ទះ​នោះ​មក​វិញ ក្នុង​អំឡុង​មួយ​ឆ្នាំ​ក្រោយ​ពេល​លក់ គឺ​គេ​មាន​សិទ្ធិ​លោះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ ៣០ លុះ​ផុត​កំណត់​ពេល​មួយ​ ឆ្នាំ​ហើយ ប្រសិន​គេ​មិន​លោះ​ផ្ទះ​នៅ​ក្នុង​ក្រុង​ទេ ផ្ទះ​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ និង​ពូជពង្ស​រហូត សូម្បី​តែ​នៅ​ឆ្នាំ​មេត្តា​ករុណា​ក៏​ម្ចាស់​ដើម​មិន​អាច​យក​វិញ​ដែរ។ ៣១ ចំណែក​ឯ​ផ្ទះ​ស្ថិត​នៅ​ តាម​ភូមិ​ត្រូវ​គិត​ដូច​ដី​ឯ​ទៀត​ៗ​ដែរ គឺ​គេ​អាច​លោះ​យក​ពេល​ណា​ក៏​បាន ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ទិញ​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​នោះ​នៅ​ឆ្នាំ​មេត្តា​ករុណា។ ៣២ ចំណែក​ក្រុង​របស់​ពួក​លេវី​វិញ​ ពួក​លេវី​អាច​លោះ​យក​ផ្ទះ​ដែល​គេ​មាន​នៅ​ក្នុង​ក្រុង​ទាំង​នោះ នៅ​ពេល​ណា​ក៏​បាន។ ៣៣ ទោះ​បី​អ្នក​ទិញ​ផ្ទះ​ នោះ​ជា​ពួក​លេវី​ក្ដី នៅ​ឆ្នាំ​មេត្តា​ករុណា ផ្ទះ​នោះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដើម​វិញ ដ្បិត​ផ្ទះ​ដែល​ស្ថិត​នៅ​ក្រុង​របស់​ពួក​លេវី​ជា​កម្មសិទ្ធិ​របស់​ពួក​គេ នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។ ៣៤ រីឯ​ស្រែ​ចំការ​ដែល​ស្ថិត​នៅ​ជុំវិញ​ក្រុង​របស់​ពួក​លេវី​មិន​អាច​លក់​បាន​ទេ ព្រោះ​ជា​កម្មសិទ្ធិ​របស់​ពួក​គេ រហូត​ត​ទៅ»។

ច្បាប់​អំពី​ការ​អោយ​ប្រាក់​អ្នក​ក្រ​ខ្ចី
៣៥ «ពេល​បង​ប្អូន​ណា​ ម្នាក់​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ និង​ខ្វះ​ខាត ទោះ​បី​អ្នក​នោះ​ជា​ជន​បរទេស ឬ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្ដី អ្នក​ត្រូវ​តែ​ជួយ​គេ ដើម្បី​អោយ​គេ​អាច​រស់​នៅ​ក្បែរ​អ្នក​ត​ទៅ​មុខ​ទៀត។ ៣៦ កុំ​យក​ការ​ប្រាក់ ឬ​ចង់​បាន​សគុណ​អ្វី​ពី​គេ​ឡើយ ធ្វើ​ដូច្នេះ អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក ហើយ​ទុក​អោយ​បង​ប្អូន​នោះ​រស់​នៅ​ជា​មួយ​អ្នក។ ៣៧ បើ​អ្នក​នោះ​ខ្ចី​ប្រាក់ កុំ​គិត​ការ​ប្រាក់​អោយ​សោះ ហើយ​បើ​អ្នក​អោយ​អាហារ​ទៅ​គេ កុំ​ចង់​បាន​សគុណ​អ្វី​ឡើយ។ ៣៨ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ស្រុក​កាណាន​នេះ​អោយ​អ្នក​រាល់​គ្នា និង​ដើម្បី​អោយ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

៣៩ ពេល​បង​ប្អូន​ណា​ម្នាក់​ធ្លាក់​ខ្លួន​ក្រ ហើយ​មក​សុំ​លក់​ខ្លួន​បំរើ​អ្នក មិន​ត្រូវ​បង្ខំ​អោយ​គេ​ធ្វើ​ការ​ដូច​ទាសករ​ឡើយ។ ៤០ ត្រូវ​អោយ​គេ​ធ្វើ​ការ​ ក្នុង​ឋានៈ​ជា​អ្នក​បំរើ ឬ​ដូច​អ្នក​ដែល​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន។ គេ​ត្រូវ​នៅ​ធ្វើ​ការ​ជា​មួយ​អ្នក រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា។ ៤១ ពេល​នោះ គេ និង​កូន​ចៅ​របស់​គេ​អាច​ចាក​ចេញ​ពី​ផ្ទះ​អ្នក វិល​ត្រឡប់​ទៅ​នៅ​ក្នុង​អំបូរ និង​ក្នុង​ទឹក​ដី​ដែល​ជា​កេរអាករ​របស់​គេ​វិញ ៤២ ដ្បិត​អស់​អ្នក​ដែល​យើង ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​យើង ហេតុ​នេះ មិន​ត្រូវ​លក់​ពួក​គេ​ដូច​លក់​ទាសករ​ឡើយ។ ៤៣ កុំ​ជិះជាន់​ធ្វើ​បាប​ពួក​គេ​អោយ​សោះ ធ្វើ​ដូច្នេះ ទើប​អ្នក​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ ៤៤ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ខ្ញុំ​បំរើ​ប្រុស​ស្រី ត្រូវ​ទិញ​ពួក​គេ​ពី​ចំណោម​ប្រជា​ជាតិ​នានា ដែល​នៅ​ជុំវិញ​អ្នក​រាល់​គ្នា។ ៤៥ អ្នក​រាល់​គ្នា​អាច​ទិញ ​ខ្ញុំ​បំរើ​ពី​ចំណោម​កូន​ចៅ​របស់​ជន​បរទេស ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ឬ​ពី​ចំណោម​ពូជ​អំបូរ​របស់​គេ ដែល​កើត​ក្នុង​ស្រុក​នេះ មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​អ្នក។ ៤៦ អ្នក​រាល់​គ្នា​អាច​ចែក ​ខ្ញុំ​បំរើ​ទាំង​នោះ​អោយ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នៅ​ជំនាន់​ក្រោយ ទុក​ជា​កេរមត៌ក។ អ្នក​រាល់​គ្នា​អាច​ទុក​ពួក​គេ​ជា​ខ្ញុំ​បំរើ​រហូត​ត​ទៅ។ ផ្ទុយ​ទៅ​វិញ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​នរណា​ម្នាក់​ជិះជាន់​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល ដែល​ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។

៤៧ ប្រសិន​ បើ​ជន​បរទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ជា​អ្នក​មាន ហើយ​ប្រសិន​បើ​មាន​បង​ប្អូន​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ លក់​ខ្លួន​ទៅ​អោយ​ជន​បរទេស ឬ​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះ​អា​សន្ន ឬ​លក់​ខ្លួន​អោយ​ពូជពង្ស​របស់​ជន​បរទេស​នោះ ៤៨ បង​ប្អូន​របស់​អ្នក​ក្រ​មាន​សិទ្ធិ​លោះ​អ្នក​ក្រ​នោះ​យក​មក​វិញ ក្រោយ​ពេល​គាត់​បាន​លក់​ខ្លួន។ ៤៩ ឪពុក​មា​របស់​គាត់ កូន​របស់​ឪពុក​មា ឬ​សាច់ញាតិ​ជិតដិត​ណា​ម្នាក់ អាច​លោះ​គាត់​យក​មក​វិញ ឬ​គាត់​ត្រូវ​រក​ប្រាក់​លោះ​ខ្លួន​ឯង​ក៏​បាន។ ៥០ គាត់​ត្រូវ​គិត​ចំនួន​ ឆ្នាំ​ជា​មួយ​ម្ចាស់​ដែល​ទិញ​គាត់​នោះ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​ដែល​គាត់​បាន​លក់​ខ្លួន​រហូត​ដល់​ឆ្នាំ​មេត្តា​ ករុណា ហើយ​បង់​ប្រាក់​ទៅ​អោយ​ម្ចាស់​តាម​ចំនួន​ឆ្នាំ​នោះ គិត​ដូច​ប្រាក់​ឈ្នួល​របស់​អ្នក​បំរើ។ ៥១ ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ ត្រូវ​បង់​ប្រាក់​លោះ​ខ្លួន​ទៅ​អោយ​ម្ចាស់ គិត​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ។ ៥២ ប្រសិន​បើ​នៅ​សល់​តិច​ ឆ្នាំ មុន​នឹង​ដល់​ឆ្នាំ​មេត្តា​ករុណា ក៏​ត្រូវ​គិត​ប្រាក់​លោះ​ខ្លួន​បង់​ទៅ​អោយ​ម្ចាស់ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ​ដែរ។ ៥៣ ត្រូវ​រាប់​គាត់​ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល​ប្រចាំ​ឆ្នាំ នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់ គឺ​មិន​ត្រូវ​ជិះជាន់​ធ្វើ​បាប​គាត់​ឡើយ។ ៥៤ ប្រសិន​បើ​ក្នុង​ឆ្នាំ​ ដែល​គាត់​នៅ​បំរើ​គេ​នោះ គាត់​ពុំ​អាច​លោះ​ខ្លួន​បាន​ទេ នៅ​ឆ្នាំ​មេត្តា​ករុណា គាត់ និង​កូន​ចៅ​របស់​គាត់ អាច​ចាក​ចេញ​ពី​ផ្ទះ​របស់​ម្ចាស់ ៥៥ ដ្បិត​ជន​ជាតិ​អ៊ីស្រាអែល​ជា​អ្នក​បំរើ​របស់​យើង យើង​បាន​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​អោយ​ពួក​គេ​បំរើ​យើង។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។