លេវីវិន័យ (២៤)

បទ​បញ្ជា​ស្ដី​អំពី​ជើង​ចង្កៀង និង​ការ​តម្កល់​នំបុ័ង
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រាអែល អោយ​យក​ប្រេង​អូលីវ​ដ៏​ល្អ​បំផុត មក​សំរាប់​ដុត ដើម្បី​អោយ​ចង្កៀង​នៅ​ឆេះ​រហូត។ ៣ អរ៉ុន​ត្រូវ​តម្កល់​ចង្កៀង​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់ ខាង​មុខ​វាំងនន​នៃ​បន្ទប់​ដែល​គេ​តម្កល់​ហិប​នៃ​សន្ធិសញ្ញា ហើយ​ទុក​អោយ​ចង្កៀង​នោះ​ឆេះ​រហូត តាំង​ពី​ល្ងាច​ទល់​ព្រឹក នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។ ៤ អរ៉ុន​ត្រូវ​រៀប​ចង្កៀង​ទាំង​អស់ នៅ​លើ​ជើង​ចង្កៀង ដែល​ធ្វើ​ពី​មាស​សុទ្ធ ដូច្នេះ ចង្កៀង​ឆេះ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​ជា និច្ច។

 ចូរ​យក​ម្សៅ​ម៉ដ្ដ​ដប់ពីរ​គីឡូ​ក្រាម​មក​ធ្វើ​នំ​ចំនួន​ដប់ពីរ រួច​តម្កល់​នំ​ទាំង​នោះ​ជា​ពីរ​ជួរ លើ​តុ​ធ្វើ​ពី​មាស​សុទ្ធ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ក្នុង​មួយ​ជួរ​ៗ​មាន​នំ​ប្រាំ​មួយ។ ចូរ​ដាក់​គ្រឿង​ក្រអូប​ដ៏ ​ល្អ​បំផុត​នៅ​លើ​ជួរ​នីមួយ​ៗ ហើយ​ដុត​គ្រឿង​ក្រអូប​ជំនួស​នំបុ័ង​ទាំង​នោះ ទុក​ជា​ទី​រំលឹក នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ រៀង​រាល់​ថ្ងៃ​សប្ប័ទ* ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​យក​នំបុ័ង​មក​តម្កល់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​ជានិច្ច ស្រប​តាម​សម្ពន្ធមេត្រី ដែល​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។ នំបុ័ង​ទាំង​នោះ​ត្រូវ​ បាន​ទៅ​លើ​អរ៉ុន និង​កូន​ៗ​របស់​គាត់។ ពួក​គេ​បរិភោគ​នំបុ័ង​ទាំង​នោះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​តង្វាយ​ដ៏វិសុទ្ធ​បំផុត​យក​ចេញ​ពី​តង្វាយ​ដែល​គេ​ដុត នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​បាន​ជា​ចំណែក​របស់​ពួក​គេ​រហូត​ត​ទៅ»។

ទោស​សំរាប់​អ្នក​ប្រមាថ​ព្រះជាម្ចាស់ និង​ឃាត​ករ
១០ មាន​ស្ត្រី​ម្នាក់​ជា​ ជន​ជាតិ​អ៊ីស្រាអែល មាន​ប្ដី​ជន​ជាតិ​អេស៊ីប ហើយ​បាន​កូន​ប្រុស​មួយ។ កូន​ប្រុស​នោះ​ចេញ​ទៅ​កណ្ដាល​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ឈ្លោះ​គ្នា​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល នៅ​ក្នុង​ជំរំ។ ១១ កូន​ប្រុស​របស់​ស្ត្រី​ នោះ​បាន​ប្រមាថ​ព្រះនាម​ព្រះជាម្ចាស់ ព្រម​ទាំង​ដាក់​បណ្ដាសា​ព្រះអង្គ​ទៀត​ផង។ គេ​ក៏​នាំ​អ្នក​នោះ​មក​ជួប​លោក​ម៉ូសេ។ ម្ដាយ​របស់​អ្នក​នោះ​ឈ្មោះ​នាង​សេឡូមីត ជា​កូន​របស់​ឌីបរី ក្នុង​កុលសម្ព័ន្ធ​ដាន់។ ១២ គេ​បាន​ឃុំ​អ្នក​នោះ​ទុក រហូត​ដល់​បាន​ទទួល​បញ្ជា​ពី​ព្រះអម្ចាស់។

១៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ម៉ូសេ​ថា៖ ១៤ «ចូរ​យក​អ្នក​ប្រមាថ​ យើង​ចេញ​ពី​ជំរំ។ អស់​អ្នក​ដែល​ដឹង​ឮ ត្រូវ​ដាក់​ដៃ​ពី​លើ​ក្បាល​អ្នក​នោះ ហើយ​សហគមន៍​ទាំង​មូល​យក​ដុំ​ថ្ម​គប់​សម្លាប់​វា​ទៅ។ ១៥ ចូរ​ប្រាប់​ជន​ជាតិ​ អ៊ីស្រាអែល​ថា: អ្នក​ណា​ដាក់​បណ្ដាសា​ព្រះ​របស់​ខ្លួន អ្នក​នោះ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។ ១៦ អ្នក​ណា​ប្រមាថ​ព្រះនាម​ព្រះអម្ចាស់ អ្នក​នោះ​មាន​ទោស​ដល់​ស្លាប់។ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​មនុស្ស​បែប​នេះ ទោះ​បី​គេ​ជាម្ចាស់​ស្រុក ឬ​ជា​ជន​បរទេស​ក្ដី គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​គេ​បាន​ប្រមាថ​ព្រះនាម​ព្រះអម្ចាស់។ ១៧ អ្នក​ណា​វាយ​មនុស្ស​ម្នាក់​រហូត​ដល់​បាត់​បង់​ជីវិត អ្នក​នោះ​នឹង​មាន​ទោស​ដល់​ស្លាប់។ ១៨ អ្នក​ណា​វាយ​សត្វ​មួយ​រហូត​ដល់​ងាប់ អ្នក​នោះ​ត្រូវ​យក​សត្វ​រស់​ប្រភេទ​ដដែល​នោះ​មក​សង​វិញ។ ១៩ អ្នក​ណា​ធ្វើ​អោយ​ជន​រួម​ជាតិ​របស់​ខ្លួន​មាន​របួស​ត្រង់​កន្លែង​ណា​មួយ ត្រូវ​ធ្វើ​អោយ​អ្នក​នោះ​របួស​ត្រង់​កន្លែង​នោះ​ដែរ ២០ គឺ​បើ​អ្នក​នោះ​ធ្វើ​ អោយ​គេ​បាក់​ដៃ​បាក់​ជើង ត្រូវ​បំបាក់​ដៃ​បំបាក់​ជើង​អ្នក​នោះ​វិញ បើ​វាយ​ភ្នែក​គេ​ម្ខាង ត្រូវ​វាយ​ភ្នែក​ម្ខាង​វិញ បើ​វាយ​គេ​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​អ្នក​នោះ​អោយ​បាក់​ធ្មេញ​មួយ​ដែរ។ ត្រូវ​ធ្វើ​អោយ​អ្នក​នោះ​របួស​ដូច​គេ​បាន​ធ្វើ​អោយ​អ្នក​ដទៃ​របួស។

២១ អ្នក​ណា ​វាយ​សម្លាប់​សត្វ​មួយ​ក្បាល ត្រូវ​អោយ​អ្នក​នោះ​យក​សត្វ​មួយ​ក្បាល​មក​សង​វិញ តែ​អ្នក​ណា​វាយ​សម្លាប់​មនុស្ស​ម្នាក់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ ២២ ត្រូវ​មានច្បាប់​តែ​មួយ សំរាប់​ជន​បរទេស និង​ម្ចាស់​ស្រុក ដ្បិត​យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

​២៣ លោក​ ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល។ គេ​ក៏​នាំ​គ្នា​យក​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ចេញ​ពី​ជំរំ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់។ ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​តាម​ព្រះបន្ទូល ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។