លេវីវិន័យ (១៥)

វិន័យ​ស្ដី​អំពី​ភាព​មិន​បរិសុទ្ធ​ផ្នែក​ភេទ​របស់​បុរស
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖ ២ «ចូរ​ប្រាប់​ជន​ជាតិ​ អ៊ីស្រា​អែល​​​ដូច​ត​ទៅ: កាល​ណា​បុរស​ម្នាក់​មាន​ជំងឺ​កាម​រោគ ហើយ​មាន​ខ្ទុះ​ហូរ​ចេញ​មក បណ្ដាល​អោយ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ។ ៣ ខ្ទុះ​ដែល​ហូរ​ចេញ​មក ឬ​ក៏​ស្ទះ​មិន​ព្រម​ហូរ​ចេញ​មក​ក្ដី សុទ្ធ​តែ​មិន​បរិសុទ្ធ ហើយ​បណ្ដាល​អោយ​មនុស្ស​មិន​បរិសុទ្ធ​ដែរ។ ៤ ដូច្នេះ គ្រែ​បុរស​នោះ​ដេក ឬ​កន្លែង​បុរស​នោះ​អង្គុយ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ ៥ អ្នក​ប៉ះ​នឹង​គ្រែ​នោះ​ ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ អ្នក​ដែល​អង្គុយ​លើ​កៅអី​ ដែល​អ្នក​ជំងឺ​បាន​អង្គុយ​ត្រូវ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ៧ អ្នក​ដែល​ប៉ះ​អ្នក​ជំងឺ​ ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ៨ ប្រសិន​បើ​អ្នក​ជំងឺ​ ស្ដោះ​ទឹក​មាត់​ទៅ​លើ​មនុស្ស​បរិសុទ្ធ អ្នក​ដែល​បរិសុទ្ធ​នោះ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ៩ រីឯ​កែប​សេះ ឬ​កែប​លា​ដែល​អ្នក​ជំងឺ​ជិះ ក៏​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។ ១០ អ្នក​ណា​ប៉ះពាល់​វត្ថុ​ ដែល​គេ​ដាក់​នៅ​ក្រោម​អ្នក​ជំងឺ អ្នក​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ អ្នក​កាន់​វត្ថុ​នេះ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ១១ បើ​អ្នក​ជំងឺ​ពុំ​បាន​ លាង​ដៃ ហើយ​ទៅ​ពាល់​នរណា​ម្នាក់ អ្នក​នោះ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ១២ ផើង​ធ្វើ​អំពី​ដី​ដែល​អ្នក​ជំងឺ​ប៉ះពាល់ ត្រូវ​តែ​បំបែក​ចោល​ទាំង​អស់ តែ​បើ​ជា​ផើង​ធ្វើ​ពី​ឈើ​វិញ នោះ​ត្រូវ​តែ​យក​ទឹក​មក​លាង​សំអាត។

១៣ កាល​ណា​ ខ្ទុះ​របស់​អ្នក​កើត​ជំងឺ​កាម​រោគ​នោះ​ឈប់​ហូរ គាត់​​​​ត្រូវ​រង់ចាំ​ប្រាំពីរ​ថ្ងៃ ទើប​គាត់​អាច​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បាន​បរិសុទ្ធ គាត់​ត្រូវ​បោក​សម្លៀកបំពាក់ ហើយ​ដង​ទឹក​ជ្រោះ​យក​មក​លាង​សំអាត​ខ្លួន​ប្រាណ រួច​ហើយ​ទើប​គាត់​បរិសុទ្ធ។ ១៤ នៅ​ថ្ងៃ​ទី​ប្រាំ​បី គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ គាត់​ត្រូវ​ជូន​សត្វ​នោះ​ទៅ​បូជាចារ្យ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ១៥ បូជាចារ្យ​យក​សត្វ​មួយ​ ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជាចារ្យ​ធ្វើ​ពិធី​ជំរះ​បាប​អោយ​បុរស​ដែល​មាន​កាម​រោគ​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។

១៦ ប្រសិន​បើ​បុរស​ម្នាក់​ហូរ​ទឹក​កាម គេ​ត្រូវ​លាង​សំអាត​ខ្លួន​ប្រាណ​ទាំង​មូល ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ១៧ សម្លៀកបំពាក់ ឬ​កំរាល​ដែល​ប្រឡាក់​ទឹក​កាម​នោះ ត្រូវ​តែ​បោក​សំអាត ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

១៨ កាល​ណា​ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​រួមរ័ក​ជា​មួយ​គ្នា នោះ​គេ​ទាំង​ពីរ​នាក់​ត្រូវ​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច»។

វិន័យ​ស្ដី​អំពី​ភាព​មិន​បរិសុទ្ធ​ផ្នែក​ភេទ​របស់​ស្ត្រី
១៩ «កាល​ណា​ស្ត្រី​ម្នាក់​ ធ្លាក់​ឈាម ដោយ​មាន​រដូវ នាង​ត្រូវ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ អ្នក​ដែល​ប៉ះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២០ ពេល​មាន​រដូវ​នោះ​គ្រែ​ដែល​នាង​ដេក ឬ​កៅអី​ដែល​នាង​អង្គុយ ក៏​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។ ២១ អ្នក​ដែល​ប៉ះ​នឹង​គ្រែ​ នោះ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២២ អ្នក​ប៉ះ​នឹង​កៅអី​ដែល​ នាង​បាន​អង្គុយ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២៣ ប្រសិន​បើ​មាន​នរណា​ ម្នាក់​ប៉ះ​នឹង​វត្ថុ​អ្វី​មួយ​នៅ​លើ​គ្រែ ឬ​កៅអី​ដែល​នាង​អង្គុយ អ្នក​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ ២៤​ ប្រសិន​បើ​មាន​បុរស​ ម្នាក់​រួម​ដំណេក​ជា​មួយ​នាង ក្នុង​អំឡុង​ពេល​នាង​មាន​រដូវ បុរស​នោះ​ក៏​ទៅ​ជា​មិន​បរិសុទ្ធ អស់​រយៈ​ប្រាំពីរ​ថ្ងៃ ហើយ​គ្រែ​ដែល​គេ​ដេក​នោះ​ក៏​មិន​បរិសុទ្ធ​ដែរ។

២៥ កាល​ណា​ ស្ត្រី​ម្នាក់​ធ្លាក់​ឈាម​ខុស​ពី​ធម្មតា ឬ​ធ្លាក់​ឈាម​ច្រើន​ថ្ងៃ​ជាង​ពេល​មាន​រដូវ នាង​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​ធ្លាក់​ឈាម​នោះ ដូច​គ្រា​នាង​មាន​រដូវ​ដែរ។ ២៦ ពេល​នោះ គ្រែ​ដែល​នាង​ដេក ឬ​កៅអី​ដែល​នាង​អង្គុយ នឹង​ទៅ​ជា​មិន​បរិសុទ្ធ​ដូច​ពេល​នាង​មាន​រដូវ​ដែរ។ ២៧ អ្នក​ដែល​ប៉ះ​នឹង​គ្រែ​ នោះ​ត្រូវ​តែ​បោក​សម្លៀកបំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

២៨ កាល​ណា​នាង​ឈប់​ធ្លាក់​ឈាម​ហើយ នាង​ត្រូវ​រង់ចាំ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទៀត ទើប​នាង​អាច​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ។ ២៩ នៅ​ថ្ងៃ​ទី​ប្រាំបី នាង​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ជូន​បូជាចារ្យ​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ ៣០ បូ​ជា​​​ចារ្យ​យក​សត្វ​មួយ ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ បន្ទាប់​មក បូជាចារ្យ​ធ្វើ​ពិធី​ជំរះ​បាប​អោយ​ស្ត្រី​ធ្លាក់​ឈាម ដែល​បណ្ដាល​អោយ​នាង​ទៅ​ជា​មិន​បរិសុទ្ធ​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។

៣១ ចូរ ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​នៅ​ដាច់​ឆ្ងាយ​ពី​យើង ក្នុង​​​​​​​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រួច​ផុត​ពី​ស្លាប់ ព្រោះ​តែ​ភាព​មិន​បរិសុទ្ធ គឺ​ពួក​គេ​មិន​ធ្វើ​អោយ​ដំណាក់​របស់​យើង​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ទៅ​ជា​សៅហ្មង​ឡើយ។

៣២ នេះ​ជា​ច្បាប់​ស្ដី​អំពី​បុរស​ដែល​មាន​ជំងឺ​កាម​រោគ ឬ​ហូរ​ទឹក​កាម​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​មិន​បរិសុទ្ធ ៣៣ និង​ស្ដី​អំពី​ស្ត្រី​ ដែល​ធ្លាក់​ឈាម​ក្នុង​ពេល​មាន​រដូវ ព្រម​ទាំង​បុរស និង​ស្ត្រី​ដែល​រួម​ដំណេក​ជា​មួយ​គ្នា នៅ​ពេល​ស្ត្រី​ស្ថិត​ក្នុង​ភាព​មិន​បរិសុទ្ធ»។