កូឡូស (០១)

សេចក្ដី​ផ្ដើម
(លូកា ៣.២៣-៣៨)
1 ខ្ញុំ ប៉ូល ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ជា​គ្រីស្ត‌ទូត​របស់​ព្រះ‌គ្រីស្ត‌យេស៊ូ និង​លោក​ធីម៉ូថេ 2 សូម​ជម្រាប​មក​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ* និង​បង‌ប្អូន​ដែល​ជឿ​លើ​ព្រះ‌គ្រីស្ត នៅ​ក្រុង​កូឡូស។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើងប្រណី‌សន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។

ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​ទូល‌អង្វរ​របស់​លោក​ប៉ូល
3 យើង​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត* ជា‌អម្ចាស់​នៃ​យើង​ជា‌និច្ច គ្រប់​ពេល​ដែល​យើង​អធិស្ឋាន*​ឲ្យ​បង‌ប្អូន 4 ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បង‌ប្អូន​លើ​ព្រះ‌គ្រីស្ត‌យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង‌ប្អូន ចំពោះ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ទាំង​អស់ 5 ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​បង‌ប្អូន​នៅ​ស្ថាន​បរម‌សុខ*។ បង‌ប្អូន​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​នេះ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង‌ល្អ* 6 ដែល​បាន​មក​ដល់​បង‌ប្អូន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បង‌ប្អូន​បាន​ទទួល និង​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ស្រប​តាម​សេចក្ដី​ពិត​នោះ​មក ដំណឹង‌ល្អ​នេះ​បាន​បង្កើត​ផល និង​ចម្រើន​ឡើង​ក្នុង​ចំណោម​បង‌ប្អូន ដូច​នៅ​ក្នុង​ពិភព‌លោក​ទាំង​មូល​ដែរ។ 7 បង‌ប្អូន​បាន​ទទួល​ការ​អប់រំ​នេះពី​សំណាក់​លោក​អេប៉ា‌ប្រាស​ដ៏​ជា​ទី​ស្រឡាញ់ ដែល​រួម​ការ‌ងារ​ជា​មួយ​យើង។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌គ្រីស្ត​សម្រាប់​បង‌ប្អូន។ 8 គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង​ច្បាស់អំពី​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​មក​បង‌ប្អូន។

9 ហេតុ​នេះ ចំពោះ​យើង តាំង​ពី​យើង​ឮ​ដំណឹង​ពី​បង‌ប្អូន យើង​ចេះ​តែ​អធិស្ឋាន និង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​បង‌ប្អូន ឥត​ឈប់​ឈរ​ឡើយ ដើម្បី​ឲ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង​តម្រិះ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ។ 10 សូម​ឲ្យ​បង‌ប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បង‌ប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បង‌ប្អូន​ធ្វើ ហើយ​បង‌ប្អូន​នឹង​ស្គាល់​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្បាស់​ឡើងៗ។ 11 សូម​ឲ្យ​បង‌ប្អូន​មាន​កម្លាំង​មាំ‌មួន​គ្រប់​ចំពូក ដោយ​ព្រះ‌ចេស្ដា​ដ៏​រុង‌រឿង​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់‌ធ្មត់​ទៀត​ផង។

12 ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីក‌រាយ ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន មាន​សមត្ថ‌ភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​នៅ​ក្នុង​ពន្លឺ។ 13 ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។ 14 ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះ‌អង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។

15 ព្រះ‌គ្រីស្ត​ជា​តំណាង​​របស់​ព្រះ‌ជាម្ចាស់
ដែល​យើង​មើល​ពុំ​ឃើញ
ព្រះ‌អង្គ​ជា​រៀម‌ច្បង​នៃ​អ្វីៗ​ទាំង​អស់
ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក
16 ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ
ក្នុង​អង្គ​ព្រះ‌គ្រីស្ត
ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែន‌ដី
ទាំង​អ្វីៗ​ដែល​មើល​ឃើញ
ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ
ទាំង​ទេវ‌រាជ​ខ 
ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រង
ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា
ព្រះ‌ជាម្ចាស់​បាន​បង្កើត​ទាំង​អស់​មក
ដោយ‌សារ​ព្រះ‌គ្រីស្ត និង​សម្រាប់​ព្រះ‌គ្រីស្ត។
17 ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់
ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​រួម​គ្នា
ដោយ‌សារ​ព្រះ‌អង្គ​ដែរ។
18 ព្រះ‌អង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ
គឺ​ព្រះ‌សហគមន៍*
ព្រះ‌អង្គ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។
ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​ 
ដើម្បី​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់
19 ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ
គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌អង្គ
ស្ថិត​នៅ​ក្នុង​ព្រះ‌គ្រីស្ត។
20 ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​អ្វីៗ​ទាំង​អស់
នៅ​លើ​ផែន‌ដី និង​នៅ​ស្ថាន​បរម‌សុខ
ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ
ដោយ‌សារ​ព្រះ‌គ្រីស្ត និង​សម្រាប់​ព្រះ‌គ្រីស្ត
គឺ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​សន្តិ‌ភាព
ដោយ​ព្រះ‌បុត្រា​បង្ហូរ​ព្រះ‌លោហិត
នៅ​លើ​ឈើ​ឆ្កាង។

21 ចំពោះ​បង‌ប្អូន​វិញ ពី​ដើម បង‌ប្អូន​នៅ​ខាង​ក្រៅ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ ព្រោះ​តែ​គំនិត និង​អំពើ​អាក្រក់​របស់​បង‌ប្អូន។ 22 តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រុះ‌សម្រួល​បង‌ប្អូន​ឲ្យ​ជា‌នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា ដែល​កើត​មក​ជា​មនុស្ស បាន​សោយ​ទិវង្គត ដើម្បី​ឲ្យ​បង‌ប្អូន​បាន​វិសុទ្ធ*​ឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។ 23 ក៏​ប៉ុន្តែ បង‌ប្អូន​ត្រូវ​តែ​កាន់​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង​ខ្ជាប់‌ខ្ជួន ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បង‌ប្អូន​មាន តាំង​ពី​បាន​ឮ​ដំណឹង‌ល្អ*​មក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ​ប៉ូល បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។

កិច្ច‌ការ​ដ៏​លំបាក​របស់​លោក​ប៉ូល
24 ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បង‌ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត សម្រាប់​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ដែល​ជា​ព្រះ‌សហគមន៍*។ 25 ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ព្រះ‌សហគមន៍​នេះ តាម​ការ​ចាត់​ចែង​ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បង‌ប្អូន​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​សព្វ​គ្រប់។ 26 នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ​ស្គាល់។ 27 ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​នេះ ស្គាល់​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​ព្រះ‌គ្រីស្ត​គង់​នៅ​ក្នុង​បង‌ប្អូន ព្រះ‌អង្គ​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។ 28 ដូច្នេះ យើង​ផ្សព្វ‌ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រីស្ត​នេះ​ហើយ យើង​ដាស់‌តឿន និង​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត។ 29 ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ដើម្បី​សម្រេច​គោល‌ដៅ​នេះ​ឯង គឺ​ខំ​ប្រឹង​តយុទ្ធ​ដោយ​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ ដែល​កំពុង​តែ​មាន​សកម្ម‌ភាព​ក្នុង​រូប​ខ្ញុំ​យ៉ាង​ខ្លាំង។