មាតិកា

ព្យាការីសេផានី
ពាក្យលំនាំ

ពេលដែលព្យាការីសេផានីនាំព្រះបន្ទូលរបស់ព្រះអម្ចាស់ ទៅថ្លែងប្រាប់ប្រជាជនយូដានោះ ប្រហែលជានៅចុង​សតវត្សទី ៧ មុនគ្រីស្ដសករាជ។ ពេលលោកថ្លែងព្រះបន្ទូលនេះ ព្រះបាទយ៉ូស្សាសពុំទាន់បាមធ្វើការកែទំរងជំនឿសាស​នានៅឡើយទេ។ (សូមអាន ២ពង្ស. ២៣,១-២៨) ហើយស្រុកយូដាកំពុងតែឆ្លងកាត់ស្ថានភាពមួយដ៏សែនលំបាក។ ដូច្នេះ ប្រហែលជាលោក​បម្រើព្រះជាម្ចាស់មុនព្យាការីហាបាគូក។ នៅគ្រានោះ អ្នកដែលមានចិត្ដសង្ស័យ ហើយចោទសួរ​ថា តើព្រះជាម្ចាស់​រវីរវល់​នឹង​មនុស្ស​លោកឬយ៉ាងណា? តើព្រះអង្គពិតជាគ្រប់គ្រងលើប្រវត្ដិសាស្ត្រមែនឬទែ? ព្យាការីសេផានីឆ្លើយតបទៅពួកគេវិញដោយប្រកាសថា​ ព្រះជាម្ចាស់នឹងធ្វើអន្ដរាគមមកលើប្រជារាស្រ្ដរបស់ព្រះអង្គតាមរបៀបពីរយ៉ាង៖ មុនដំបូង ព្រះអង្គនឹងយាងមកវិនិច្ជ័យទោស​អ្នក​ស្រុក​យូដា ព្រមទាំងអ្នកក្រុងយេរូសាសឡឹម (១.១-២.៣) ព្រះអង្គរំលាយជាតិសាសន៍ដែលនៅជុំវិញជនជាតិយូដា (២.៤-១៥)។ បន្ទាប់មកព្រះអង្គនឹងស្ដារក្រុងយេរូសាឡឹមឡើងវិញ ក្រោយពីបានជំរះអំពើបាបចេញអស់ពីទីក្រុង ហើយទុកឲ្យមានប្រជាជនមួយ​ចំនួន ដែលក្រីក្រទុគ៌ត និង មានចិត្ដទន់ទាប ឲ្យនៅសេសសល់ ក្នុងគោលបំណងបំផ្លាស់បំប្រែមនុស្សជាតិទាំងមូល (៣.១-២០)។

លោកសេផានីប្រកាសថា ដរាបណាប្រជាជនមិនព្រមកំចាត់មនុស្សដែលស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនជាជាងធ្វើតាមបង្គាប់​របស់ព្រះជាម្ចាស់ ឲ្យអស់ពីក្នុងចំណោមពួកគេទេ នោះពួកគេពុំអាចមានទំនាក់ទំនងដ៏ពិតប្រាកដជាមួយព្រះអង្គបានឡើយ។ ប៉ុន្ដែ​លោកសម្ដែងភាពទន់ភ្លន់ ចំពោះមនុស្សទន់ទាបនៅក្នុងស្រុក (២.៣,៣.១៣)