មាតិកា

ព្យាការីសាការី
ពាក្យលំនាំ

យើងអាចដាក់ឈ្មោះក័ណ្ឌគម្ពីរសាការីនេះ​ថាជាក័ណ្ឌគម្ពីរ​  «សេចក្តីសង្ឃឹម»​ក៏បាន ​ដ្បិតខ្លឹមសារនៃ​ក័ណ្ឌគម្ពីរនេះ  ចែងអំពីសេច ក្តីសង្ឃឹមរបស់ជន​ជាតិអ៊ីស្រាអែល  នៅជំនាន់នោះ។ ​យើងអាចបែងចែក​ក័ណ្ឌគម្ពីរសាការីជាពីរផ្នែក។    

ផ្នែកទីមួយ  (ចំពូក  ១  -  ៨)  ​ជាសេចក្តីដែលព្យាការីប្រកាស​នៅអំឡុងឆ្នាំ  ៥២០  -  ៥១៨  ​មុនគ្រីស្ត​សករាជ ​គឺក្នុងពេលជាមួយគ្នា នឹងព្យាការីហាកាយ​ដែរ។ ​សេចក្តីដែលព្យាការីថ្លែងក្នុងផ្នែកនេះ​មាន​លក្ខណៈជានិមិត្តហេតុដ៏អស្ចារ្យ    ​ហើយចែងអំពីការសង់ ព្រះវិហារ  និង  ក្រុងយេរូសាឡឹមឡើងវិញ  ​ដែល​ជាទីសំគាល់មួយនៃយុគសម័យថ្មី។ ​ព្រះជាម្ចាស់បានជ្រើសរើសលោកទេសាភិបាល សូរ៉ូបាបិល​ជាពូជ​ពង្សរបស់ព្រះបាទដាវីឌ​ព្រមទាំង​មហាបូជាចារ្យយ៉ូស៊ូអា​ធ្វើជាអ្នកដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ    នៅ​ដើមដំបូងនៃយុគសម័យនេះ។

សេចក្តីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល​ផ្ចង់ទៅរកគ្រាដែលព្រះជាម្ចាស់យាងមកគ្រងរាជ្យលើផែនដី​ទាំងមូល ​ហើយសេចក្តី សង្ឃឹមនេះក៏ជាប់ពាក់ព័ន្ធទៅលើមនុស្សម្នាក់ដែលព្រះជាម្ចាស់ជ្រើសរើសដែរ។​នៅផ្នែកទីពីរ  (ចំពូក  ៩​-​១៤)  ចែងអំពីសេចក្តី​សង្ឃឹម​នេះឯង ​គឺមាន បរិយាយអំពីអ្នកដែលព្រះជាម្ចាស់​តែងតាំងអោយរៀបចំព្រះរាជ្យរបស់ព្រះអង្គ។ ​ព្យាការីបង្ហាញអំពីលោកនោះ​ក្នុងឋានៈជាស្តេចដែល​មានចិត្តទន់​ទាប    ជាគង្វាលរបស់ហ្វូងចៀម  និង  ជាអ្នកបំរើរបស់ព្រះជាម្ចាស់ដែលត្រូវគេសម្លាប់។​គម្ពីរ​សម្ពន្ធ​មេត្រីថ្មីបង្ហាញអោយយើងឃើញថា  ព្រះយេស៊ូមាន លក្ខណៈសម្បត្តិខាងលើ​ដូចលោកសាការីបាន​ប្រកាស​ជាពិសេស  ត្រង់អត្ថ​បទ​ដែល​​បរិយាយអំពីការសោយទិវង្គតរបស់ព្រះអង្គ  ​(ម៉ាថាយ  ២១.​  ៤​-​៥  ;​ម៉ាថាយ  ២៦.​៣១  ​;  ម៉ាកុស  ១៤.  ២៧  ;  ​យ៉ូហាន  ១៩.​  ៣៧)។