ពាក្យលំនាំ

លោកតូប៊ីត

រឿងលោកតូប៊ីត ជារឿងមួយពីរោះស្ដាប់ ដូចជារឿងប្រលោមលោកដែរ។ ក្នុងកណ្ឌនេះ មាននិទាំនអំពីក្រុមគ្រួសារជនជាតិយូដាពីរគ្រូសារ ដែលស្មោះត្រង់នឹងព្រះជាម្ចាស់ជានិច្ច។ ពួកគេត្រូវជនជាតិអាស្ស៊ីរីកៀរ មុនពេលក្រុងសាម៉ារីត្រូវវិនាសអន្ដរាយ (គឺមុនឆ្នាំ ៧២២ មុន គ.ស.)។ ទោះបីគ្រួសារទាំងពីរនេះជួបប្រទះនឹងគ្រោះកាចផ្សេងៗក៏ដោយ ក៏គេនៅតែកាន់តាមធម្មវិន័យរបស់​ព្រះជាម្ចាស់ជានិច្ច។ មានទេវទូតរ៉ាផាអែល ដែលនិមិត្ដខ្លួនជាមនុស្សធម្មតា តាមជួយពួកគេឲ្យសម្រេចគំរោងការរបស់គេ។

អ្នកនិពន្ធកណ្ឌនេះមានគោលបំណងចង់ដាស់តឿនជនជាតិយូដា​​ ដែលរស់នៅក្នុងចំណោមជនជាតិដទៃឲ្យគោរពប្រតិបត្ដិតាមវិន័យរបស់ព្រះជាម្ចាស់​ដោយចិត្ដស្មោះ ដូចលោកតូប៊ីតដែរ គឺជឿ សង្ឃឹម លើព្រះជាម្ចាស់ជានិច្ច គោរពកោតខ្លាចឪពុកម្ដាយ ចែកទាន និង ធ្វើបុណ្យផ្សេងៗ រៀប អាពាហ៍ពិពាហ៍ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ និង អធិដ្ឋានជានិច្ច។ ប្រសិនបើជនជាតិយូដា​ ដែលរស់នៅក្នុងចំណោមសាសន៍ដទៃប្រព្រឹត្ដដូច្នេះ ពួកគេមុខជារក្សាទុកនូវលក្ខណៈរបស់ខ្លួនជាប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ ហើយព្រះអង្គមុខជាសង្រ្គោះគេ ដូចព្រះអង្គបានសង្គ្រោះមនុស្សសុចរិត ពីដើមពុំខាន។ មនុស្សសុចរិតតែងតែវេទនាមែន ប៉ុន្ដែ ព្រះ​ជាម្ចាស់មើលថែរក្សាពួកគេ ហើយនឹងប្រទានឲ្យគេបានសុភមង្គល។ ក្នុងកណ្ឌនេះ មាន បង្ហាញអំពីជំនឿលើទេវទូត តាមរបៀបជន​ជាតិយូដាធ្លាប់ចែងនៅជំនាន់នោះ។ គេរៀបរាប់អំពីទេវទូតដូច្នេះ ដើម្បីប្រកាសថា ព្រះជាម្ចាស់តាមថែរក្សា មនុស្សលោកជានិច្ច។

រឿងនេះប្រហែលនិពន្ធនៅឆ្នាំ ២០០មុន គ.ស.។