ធីម៉ូថេ (០៣)

គុណ​សម្បត្តិ​របស់​អ្នក​ដឹក​នាំ​ព្រះ‌សហគមន៍
1 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា ប្រសិន​បើ​បង‌ប្អូន​ណា​ម្នាក់ ចង់​បាន​មុខ‌ងារ​ជា​អភិបាល គាត់​មាន​បំណង​បំពេញ​មុខ‌ងារ​ដ៏​ប្រសើរ​ហើយ។ 2 អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ​ មិន​ស្រវឹង​ស្រា មាន​ចិត្ត​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន 3 មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។ 4 គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​ឲ្យ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃ‌ថ្នូរ​ទាំង​ស្រុង 5 ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ព្រះ‌សហគមន៍*​របស់​ព្រះ‌ជាម្ចាស់​កើត!។ 6 មិន​ត្រូវ​ឲ្យ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​មារ*។ 7 មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ពី​សំណាក់​អស់​អ្នក ដែល​មិន​មែន​ជា​គ្រីស្ត‌បរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើល‌ងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។

គុណ​សម្បត្តិ​អ្នក​ជំនួយ
8 រីឯ​អ្នក​ជំនួយ*​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។ 9 គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ឲ្យ​ស្គាល់​ ដោយ​មន‌សិការ​បរិសុទ្ធ។ 10 ត្រូវ​ល្បង​មើល​ចិត្ត​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​ឲ្យ​គេ​បំពេញ​មុខ‌ងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។

11 ចំពោះ​ស្ត្រីៗ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ‌ត្រង់​ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់។

12 អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ​ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង 13 ដ្បិត​បង‌ប្អូន​ណា​បំពេញ​មុខ‌ងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់‌អាច​មោះ‌មុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ។

គម្រោង‌ការ​ដ៏​លាក់​កំបាំង
14 ខ្ញុំ​សរសេរ​សំបុត្រ​នេះ ទាំង​សង្ឃឹម​ថានឹង​បាន​មក​ជួប​អ្នក​ក្នុង​ពេល​ឆាប់ៗ 15 ក៏​ប៉ុន្តែ បើ​ខ្ញុំ​ក្រ​មក​ដល់ សំបុត្រ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណាៗ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​ក្នុង​ព្រះ‌សហគមន៍*​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ព្រះ‌សហគមន៍​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ‌ទ្រង់​សេចក្ដី​ពិត។ 16 យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​នោះ​ធំ​ណាស់ គឺ​ថាៈ

ព្រះ‌គ្រីស្ត​យាង​មក​មាន​ឋានៈ​ជា​មនុស្ស
ព្រះ‌អង្គ​បាន​សុចរិត​ដោយ‌សារ​ព្រះ‌វិញ្ញាណ
ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ
ពួក​ទេវទូត​ឃើញ គេ​បាន​ប្រកាស​អំពី​ព្រះ‌អង្គ​នៅ​ក្នុង​ចំណោម
ជាតិ​សាសន៍​នានា
គេ​បាន​ជឿ​លើ​ព្រះ‌អង្គ​ក្នុង​ពិភព‌លោក
ព្រះ‌ជាម្ចាស់​បាន​លើក​ព្រះ‌អង្គ​ឡើង
ឲ្យ​មាន​សិរី‌រុង​រឿង។