មាតិកា

លិខិត​ទី​មួយ​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​ថេស្សា‌ឡូនិក
ពាក្យ​លំនាំ

ក្រុង​ថេស្សា‌ឡូនិកៈ សព្វ​ថ្ងៃ ក្រុង​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្រិក។ នៅ​ជំនាន់​លោក​ប៉ូល ក្រុង​ថេស្សា‌ឡូនិក​នេះ​ធំ​ណាស់ មាន​ប្រជា‌ជន​ប្រមាណ ៣០០.០០០ នាក់។ អ្នក​ក្រុង​ជា​ច្រើនប្រកប​របរ​ពាណិជ្ជ‌កម្ម​តាម​កំពង់‌ផែ។ មាន​មនុស្ស​ជា​ច្រើន​សាសន៍​ស្នាក់​នៅ​ក្រុង​នោះ មាន​ជន​ជាតិ​យូដា​ជា​ដើម។

គ្រីស្តទូត​ប៉ូល​បាន​ប្រកាស​ដំណឹង‌ល្អ​នៅ​ក្រុង​ថេស្សា‌ឡូនិក​ក្នុង​គ.ស.៥០ (កិច្ច‌ការ ១៧.១-១០)។ លោក​បាន​ប្រកាស​ដំណឹង‌ល្អ​ដល់​ជន​ជាតិ​យូដា​មុន​គេ មាន​អ្នក​ខ្លះ​ជឿ ហើយ​អ្នក​ខ្លះ​ប្រឆាំង​នឹង​គ្រីស្ត‌បរិស័ទ​ដែល​ទើប​នឹង​ជឿ​ថ្មីៗ។ ពួក​គេ​បង្ខំ​លោក​ប៉ូល​ឲ្យ​ចាក​ចេញ​ពី​ក្រុង​នោះ ហើយ​លោក​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​អាថែន និង​ក្រុង​កូរិន‌ថូស។ ដោយ​លោក​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​ថេស្សា‌ឡូនិក​លះ‌បង់​ជំនឿ លោក​ក៏​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លើក​ទឹក​ចិត្ត​ពួក​គេ​នៅ​គ.ស.៥១។

គោល​សំខាន់ៗ:
ក្នុង​លិខិត​នេះ លោក​ប៉ូល​បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​គ្រីស្ត‌បរិស័ទ ដែល​លោក​ចាត់​ទុក​ដូច​ជា​កូន​របស់​លោក​ផ្ទាល់។ លោក​ដាស់‌តឿន​គេ​ឲ្យ​កាន់​តាម​ការ​ប្រៀន‌ប្រដៅ​របស់​លោក​យ៉ាង​ខ្ជាប់‌ខ្ជួន ទោះ​បី​ពួក​គេ​ជួប​ប្រទះ​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ។

នៅ​សម័យ​នោះ គ្រីស្ត‌បរិស័ទ​ជា​ច្រើន​ស្មាន​ថា ព្រះ‌គ្រីស្ត​ត្រូវ​យាង​មក​វិញ​ក្នុង​ពេល​ឆាប់ៗ។ មាន​អ្នក​ខ្លះ​ព្រួយ​បារម្ភ ខ្លាច​ក្រែង​ស្លាប់ មុន​ពេល​ឃើញ​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​វិញ។ ដូច្នេះ លោក​ប៉ូល​ប្រៀន‌ប្រដៅ​គេ​ថា ទោះ​បី​ពួក​គេ​ស្លាប់​ហួស​ហើយ​ក៏​ដោយ ក៏​ព្រះ‌គ្រីស្ត​នឹង​ប្រោស​គេ​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​គេ​មាន​សិរី‌រុង​រឿង​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ (១ ថេស្សា‌ឡូនិក ៤.១៣‑៥.១១)។ ប៉ុន្តែ មាន​គ្រីស្ត‌បរិស័ទ​ខ្លះ​ទៀត​យល់​ច្រឡំ ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​រស់​នៅ​ក្នុង​ពិភព‌លោក​នេះ​ទេ ដោយ​សម្អាង​ថា​ព្រះ‌គ្រីស្ត​ជិត​យាង​មក​វិញ ឬ​យាង​មក​វិញរួច​ស្រេច​ហើយ (២ ថេស្សា‌ឡូនិក ២.១-២)។ ដូច្នេះ លោក​ប៉ូល (ឬ​កូន​ចៅ​របស់​លោក​មួយ​រូប) បាន​តែង​លិខិត​មួយ​ទៀត (ថេស្សា‌ឡូនិក​ទី​២) ដើម្បី​ប្រៀន‌ប្រដៅ​ពួក​គេ​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រគត់‌ស្រគំ ទម្រាំ​ដល់​ព្រះ‌គ្រីស្ត​យាង​មក។

គម្រោង​គម្ពីរ​ថេស្សា‌ឡូនិកៈ
១​ថេស្សា‌ឡូនិកៈ
• សេចក្ដី​ផ្ដើម ១.១
• ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ ១.២‑៣.១៣
• ពាក្យ​ដាស់‌តឿន​អំពី​របៀប​រស់​នៅ​ស្រប​តាម​ជំនឿ ៤.១-១២
• ការ​បង្រៀន​ស្ដី​អំពី​ព្រះ‌អម្ចាស់​យាង​មក​វិញ ៤.១៣‑៥.១១
• ពាក្យ​ទូន្មាន​ផ្សេងៗ ៥.១២-២២
• អវសាន‌កថា ៥.២៣-២៨
២​ថេស្សា‌ឡូនិកៈ
• សេចក្ដី​ផ្ដើម ១.១-២
• ពាក្យ​សរសើរ និង​ពាក្យ​ទូន្មាន​ផ្សេងៗ ១.៣-១២
• ការ​បង្រៀន​ស្ដី​អំពី​ព្រះ‌អម្ចាស់​យាង​មក​វិញ ២.១-១៧
• ពាក្យ​ដាស់‌តឿន​អំពី​របៀប​រស់​នៅ​របស់​គ្រីស្ត‌បរិស័ទ ៣.១-១៥
• អវសាន‌កថា ៣.១៦-១៨