រ៉ូម (១១)

ព្រះ‌ជាម្ចាស់​ពុំ​បោះ​បង់​ចោល​សាសន៍​អ៊ីស្រា‌អែល​ឡើយ
1 ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​ព្រះ‌ជាម្ចាស់​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ហើយ​ឬ? ទេ ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​គេ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជាតិ​អ៊ីស្រា‌អែល​ដែរ ខ្ញុំ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ*​បេន‌យ៉ាមីន។ 2 ព្រះ‌ជាម្ចាស់​ពុំ​បាន​បោះ​បង់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស​ទុក​ជា​មុន​នោះ​ឡើយ។ តើ​បង‌ប្អូន​មិន​ជ្រាប​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ស្ដី​អំពី​ព្យាការី*​អេលី​ទូល​ព្រះ‌ជាម្ចាស់​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ? គឺ​លោក​ទូល​ថាៈ 3 «បពិត្រ​ព្រះ‌អម្ចាស់ ពួក​គេ​បាន​នាំ​គ្នា​សម្លាប់​ព្យាការី​ទាំង‌ឡាយ​របស់​ព្រះ‌អង្គ និង​រំលំ​អាសនៈ​របស់​ព្រះ‌អង្គ។ មាន​តែ​ទូល‌បង្គំ​ម្នាក់​គត់ដែល​បាន​រួច​ខ្លួន តែ​ពួក​គេ​រក​ផ្ដាច់​ជីវិត​ទូល‌បង្គំ​ទៀត!»។ 4 តើ​ព្រះ‌ជាម្ចាស់​តប​ទៅ​លោក​វិញ​ដូច​ម្ដេច? គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថាៈ «យើង​បាន​បម្រុង​ទុក​មនុស្ស​ប្រាំ​ពីរ‌ពាន់​នាក់ អ្នក​ទាំង​នេះ​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល​ឡើយ»5 រីឯ​បច្ចុប្បន្ន‌កាល​នេះ​ក៏​ដូច្នោះ​ដែរ គឺ​មាន​នៅ​សល់​មនុស្ស​មួយ​ចំនួន​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ។ 6 ប្រសិន​បើ​ព្រះ‌អង្គ​ជ្រើស‌រើស​គេ​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដូច្នេះ បាន​សេចក្ដី​ថា មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។ បើ​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​លែង​មាន​លក្ខណៈ​ជា​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ទៀត​ហើយ​ក។ 7 ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? អ្វីៗ​ដែល​សាសន៍​អ៊ីស្រា‌អែល​ខំ​ស្វែង​រក​នោះ គេ​មិន​បាន​ទទួល​ទេ។ មាន​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ជ្រើស‌រើស​ប៉ុណ្ណោះ ទើប​បាន​ទទួល រីឯ​អ្នក​ឯ​ទៀត ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​រឹង‌រូស​វិញ 8 ដូច​មាន​ចែង​ទុក​មក​ថាៈ

«ព្រះ‌ជាម្ចាស់​ទ្រង់​ធ្វើ​ឲ្យ​គេ​មាន​វិញ្ញាណ 
ស្ពឹក‌ស្រពន់ ឲ្យ​ភ្នែក​គេ​មើល​ពុំ​ឃើញ 
និង​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ពុំ​ឮ រហូត​មក​ទល់ 
សព្វ​ថ្ងៃ​នេះ»
9 ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ថាៈ 
«សូម​ឲ្យ​តុ​ខ​របស់​ពួក​គេ  
ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​ជា​មង 
ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ 
និង​ឲ្យ​គេ​មាន​ទោស។ 
10 សូម​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ងងឹត 
មើល​លែង​ឃើញ 
ហើយ​សូម​ធ្វើ​ឲ្យ​គេ​កោង​ខ្នង 
រហូត​ត​ទៅ»

11 ដូច្នេះ ខ្ញុំ​សូម​សួរ​ថា សាសន៍​យូដា​ដែល​ជំពប់​ដួល តើ​គេ​ត្រូវ​ដួល​រហូត​ឬ? ទេ គេ​មិន​ដួល​រហូត​ទេ! គឺ​កំហុស​របស់​ពួក​គេបាន​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ការ​សង្គ្រោះ ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ច្រណែន។ 12 ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដានាំ​ឲ្យ​ពិភព‌លោក​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លប់ ហើយ​ការ​ចុះ​អន់‌ថយ​របស់​គេនាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លប់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ពួក​គេ​បាន​ចម្រើន​ឡើង​យ៉ាង​ពោរ‌ពេញ​វិញ​នោះ តើ​ព្រះ‌ពរ​នឹង​មាន​កាន់​តែ​ច្រើន​លើស‌លប់​យ៉ាង​ណា​ទៅ​ទៀត?។

ព្រះ‌ជាម្ចាស់​សង្គ្រោះ​សាសន៍​ដទៃ
13 ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ជា​សាសន៍​ដទៃ ក្នុង​នាម​ខ្ញុំ​ជា​គ្រីស្ដ‌ទូត*​សម្រាប់​សាសន៍​ដទៃ​ថា ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខ‌ងារ​របស់​ខ្ញុំឲ្យ​បាន​ល្អ​ប្រសើរ 14 ក្នុង​គោល​បំណង​ឲ្យ​បង‌ប្អូន​រួម​ឈាម​របស់​ខ្ញុំ​ច្រណែន ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ។ 15 ដោយ​សាសន៍​អ៊ីស្រា‌អែល​ដាច់​ចេញ​ពី​ព្រះ‌អង្គ​ទៅ ធ្វើ​ឲ្យ​មនុស្ស​លោក​បាន​ជា​នា​នឹង​ព្រះ‌អង្គ​វិញ​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះ‌អង្គ​ទទួល​គេ​សា​ជា​ថ្មី តើ​នឹង​កើត​មាន​យ៉ាង​ណា​ទៅ​ទៀត? គឺ​ប្រាកដ​ជា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ពុំ‌ខាន!

16 ប្រសិន​បើ​យើង​យក​ផល​ដំបូង​ថ្វាយ​ព្រះ‌ជាម្ចាស់ ម្សៅ​នំបុ័ង​ទាំង​មូល​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ ហើយ​ប្រសិន​បើ​ឫស​ជា​របស់​ព្រះ‌ជាម្ចាស់ មែក​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ។ 17 សាសន៍​អ៊ីស្រា‌អែល​ប្រៀប​បី​ដូច​ជា​ដើម​អូលីវ ដែល​គេ​កាត់​មែក​ខ្លះ​ចោល រីឯ​អ្នក​វិញ អ្នក​ប្រៀប​បី​ដូច​ជា​មែក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​ផ្សាំ​ជំនួស​មែក​ឃដែល​គេ​កាត់​ចោល​នោះ។ ឥឡូវ​នេះ អ្នក​ស្រូប​យក​ជី‌ជាតិ​ពី​ឫស​រួម​ជា​មួយ​មែក​ឯ​ទៀតៗ​ដែរ 18 ដូច្នេះ អ្នក​មិន​ត្រូវ​អួត​ខ្លួន ដោយ​មើល‌ងាយ​មែក​ដែល​គេ​កាត់​ចោល​នោះ​ឡើយ។ បើ​អ្នក​ចង់​អួត​ខ្លួន តោង​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក! 19 ប្រហែល​ជា​អ្នក​ពោល​ថា “ព្រះ‌ជាម្ចាស់​បាន​កាត់​មែក​ទាំង​នោះ​ចោល ដើម្បី​យក​ខ្ញុំ​មក​ផ្សាំ​ជំនួស!”។ 20 មែន​ហើយ! ព្រះ‌អង្គ​កាត់​មែក​ទាំង​នោះ​ចោល មក​ពី​មែក​ទាំង​នោះ​គ្មាន​ជំនឿ រីឯ​អ្នក​វិញ អ្នក​នៅ​ជាប់​នឹង​ដើម​មក​ពី​អ្នក​មាន​ជំនឿ។ ដូច្នេះ កុំ​លើក​ខ្លួន​សោះ​ឡើយ ត្រូវ​ភ័យ​ខ្លាច​វិញ។ 21 ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ពុំ​បាន​ទុក​មែក​ពី​កំណើត​ទេ ព្រះ‌អង្គ​មុខ​ជា​ពុំ​ទុក​អ្នក​ដែរ។ 22 ដូច្នេះ សូម​គិត​ពិចារណា​អំពី​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ប្រិត‌ប្រៀប​របស់​ព្រះ‌ជាម្ចាស់​ទៅ។ ព្រះ‌អង្គ​ប្រិត‌ប្រៀប​ចំពោះ​អស់​អ្នក​ដែល​ដួល ហើយ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​អ្នក លុះ​ត្រា​ណា​អ្នក​នៅ​តែ​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​សប្បុរស​នេះ។ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អង្គ​នឹង​កាត់​អ្នក​ចោល​ដែរ។ 23 ចំពោះ​ពួក​គេ ប្រសិន​បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល ព្រះ‌ជាម្ចាស់​មុខ​តែ​ផ្សាំ​គេ​វិញ​ជា​មិន​ខាន ដ្បិត​ព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាព​អាច​នឹង​ផ្សាំ​ពួក​គេ​សា​ជា​ថ្មី​បាន។ 24 រីឯ​អ្នក​បើ​អ្នក​មាន​កំណើត​ពី​ដើម​អូលីវ​ព្រៃ ហើយ​ត្រូវ​ព្រះ‌អង្គ​កាត់​យក​មក​ផ្សាំ​នឹង​ដើម​អូលីវ​ស្រុក ដែល​មិន​មែន​ជា​ដើម​ពី​កំណើត​របស់​អ្នក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ពួក​គេ​វិញ ព្រះ‌អង្គ​នឹង​យក​គេ​មក​ផ្សាំ​ជាប់​នឹង​ដើម​ពី​កំណើត​របស់​ខ្លួន​វិញ រឹត​តែ​ងាយ​ជាង​នេះ​យ៉ាង​ណា​ទៅ​ទៀត។

ព្រះ‌ជាម្ចាស់​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល
25 បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​យ៉ាង​ច្បាស់​ពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ ក្រែង​លោ​បង‌ប្អូន​ស្មាន​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា។ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ គឺ​សាសន៍​អ៊ីស្រា‌អែល​មួយ​ចំនួន​មាន​ចិត្ត​រឹង‌រូស​រហូត​ដល់​ពេល​សាសន៍​ដទៃ​ទាំង​អស់​បាន​ចូល​មក​ទទួល​ការ​សង្គ្រោះ 26 ពេល​នោះ ទើប​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ទទួល​ការ​សង្គ្រោះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថាៈ

«ព្រះ‌អង្គ​ដែល​រំដោះ​នឹង​យាង​ចេញ​ពី 
ក្រុង​ស៊ីយ៉ូន 
ព្រះ‌អង្គ​នឹង​ដក​អំពើ​ទមិឡ*​ចេញ​ពី​កូន​ចៅ 
លោក​យ៉ាកុប 
27 នេះ​ហើយ​ជា​សម្ពន្ធ‌មេត្រី*​ដែល​យើង​នឹង 
ចង​ជា​មួយ​ពួក​គេ 
នៅ​ពេល​ដែល​យើង​ដក​អំពើ​បាប 
ចេញ​ពី​ពួក​គេ»។ 

28 បើ​គិត​តាម​ដំណឹង‌ល្អ* សាសន៍​អ៊ីស្រា‌អែល​ជា​សត្រូវ​នឹង​ព្រះ‌ជាម្ចាស់​ច ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន។ បើ​គិត​តាម​ការ​ជ្រើស‌រើស​វិញ ព្រះ‌ជាម្ចាស់​ស្រឡាញ់​គេ មក​ពី​ព្រះ‌អង្គ​គិត​ដល់​បុព្វបុរស​របស់​គេ។ 29 កាល​ណា​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ហើយ ព្រះ‌អង្គ​មិន​ដក​ហូត​វិញ​ទេ ហើយ​កាល​ណា​ព្រះ‌អង្គ​ត្រាស់​ហៅ ទ្រង់​ក៏​មិន​ប្រែ‌ប្រួល​ដែរ។ 30 រីឯ​បង‌ប្អូន ពី​ដើម​បង‌ប្អូន​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ទេ តែ​ឥឡូវ​នេះ ដោយ​សាសន៍​អ៊ីស្រា‌អែល​មិន​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​មេត្តា‌ករុណា​ដល់​បង‌ប្អូន។ 31 រីឯ​ពួក​គេ​វិញ ពួក​គេ​មិន​ស្ដាប់​បង្គាប់​នៅ​ពេល​នេះ មក​ពី​ព្រះ‌ជាម្ចាស់​មេត្តា‌ករុណា​ដល់​បង‌ប្អូន។ ដូច្នេះ ព្រះ‌អង្គ​ក៏​មេត្តា‌ករុណា​ដល់​ពួក​គេ​នៅ​ពេល​នេះ​ដែរ 32 ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​មិន​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ដើម្បី​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​អស់។

33 ព្រះ‌ហឫទ័យ​ទូលាយ​របស់​ព្រះ‌ជាម្ចាស់ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ក៏​ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ព្រះ‌អង្គ​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​ព្រះ‌អង្គ​បាន​ដែរ! 34 តើ​នរណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះ‌អង្គ? 35 តើ​នរណា​បាន​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​តប​ស្នង​សង​គុណ​វិញ?36 អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយ‌សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ!។ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ អស់​កល្ប‌ជានិច្ច! អាម៉ែន!។