ពាក្យលំនាំ

ទំនុកតម្កើង
តាំងពីដើមរៀងមក​ប្រជាជនអ៊ីស្រាអែលតែងតែនិពន្ធបទចម្រៀង​ និង ​កំណាព្យជាច្រើន​ដើម្បី​សរសីរតម្កើងព្រះជាម្ចាស់​អរព្រះ គុណព្រះអង្គ​និង​ទូលព្រះអង្គនូវអំណរសប្បាយ​ឬ​ទុក្ខលំបាករបស់ពួក​គេ។​  ​ ក្រោយមក  គេប្រមូលបទចម្រៀង  និង   កំណាព្យទាំង នោះមកចងក្រងជាក័ណ្ឌគម្ពីរមួយ​ដែលមាន​ចំណងជើង​ថា    «ទំនុកតម្កើង» ។

តាមរយៈទំនុកតម្កើង​ប្រជាជនសំដែងនូវការទុកចិត្ត   ​និង​ផ្ញើជីវិតរបស់ខ្លួនលើព្រះជាម្ចាស់​ជាព្រះ​ដែលមាន ព្រះជន្មគង់ នៅ​ព្រោះ គេជឿថា នៅពេលណាគេស្រែកអង្វររកព្រះអង្គ ។

ក្នុងគម្ពីរទំនុកតម្កើងនេះ​យើងឃើញថា  ជនជាតិអ៊ីស្រាអែលតែងតែបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់​ជានិច្ច ។   ​ ឧទាហរណ៍  ​ពេល​ណា​សត្រូវមក យាយី​ជនជាតិអ៊ីស្រាអែលភ័យខ្លាច​ហើយនាំគ្នាទទូចអង្វរ​ព្រះជាម្ចាស់     ​ព្រោះគេជឿថា  ​ព្រះជាម្ចាស់តែងតែ​មាន​ព្រះ​ហប្ញទ័យស្មោះត្រង់នឹងព្រះបន្ទូល សន្យារបស់​ព្រះអង្គជានិច្ច ។  ​ ព្រះអង្គតែងតែយកព្រះហប្ញទ័យទុកដាក់និងមនុស្សលោក  ​ជា​ពិសេស​ជួយមនុស្ស​កំសត់ទុគ៌ត  ដោយព្រះហប្ញទ័យ ស្រឡាញ់​។  ​

នៅពេលមានកិត្តិយស​នៅពេលសប្បាយ​នៅពេលរងទុក្ខលំបាក​ឬ​នៅពេលមានអាសន្ន​ទោះបី​កវីទំនុកតម្កើងមានអា​រម្មណ៍​យ៉ាង​ណាក្តី​ក៏ពួកគេ នៅតែនាំគ្នាចូលមករកព្រះជាម្ចាស់ជានិច្ច​ដើម្បីទូល​ព្រះអង្គអំពីអ្វីៗដែលមានដក់ជាប់ក្នុងចិត្តរបស់ខ្លួន។

គម្ពីរទំនុកតម្កើងនេះបានតែងឡើងជាច្រើនសតវត្សមកហើយ  ​ ប៉ុន្តែ ​ពាក្យទូលអង្វរ​ពាក្យអធិស្ឋាន​និង​ពាក្យសរសើរ តម្កើង​នៅតែ​មាន​ខ្លឹមសារ​សម្រាប់អ្នកជឿនាបច្ចុប្បន្នកាលនេះជានិច្ច ។ ​អ្នកជឿគ្រប់ៗ​រូបអាចយកសេចក្តីដែលមានចែង ក្នុងទំនុក​តម្កើងមក​អនុវត្ត​ក្នុងជីវិតរបស់ខ្លួនផ្ទាល់​ស្របតាមស្ថានភាព ​ដែលខ្លួនកំពុងឆ្លងកាត់​  ឬ​  ក៏ប្រើ​ទំនុកតម្កើងទាំង នេះ ជាគំរូក្នុងការអធិស្ឋានក៏បាន ។

ប្រហែលជាអ្នកអាននឹកឆ្ងល់ចំពោះឃ្លាខ្លះ   ​ដែលកវីអធិស្ឋានសុំព្រះជាម្ចាស់ដាក់បណ្តាសាខ្មាំងសត្រូវ​របស់ខ្លួន ។   ​  មូលហេតុ​នាំឲ្យ​គេធ្វើដូច្នេះ  ​មកពីប្រជាជនអ៊ីស្រាអែល នៅសម័យនោះ   ​ពុំទាន់បានយល់​ច្បាស់នូវព្រះហប្ញទ័យ​មេត្តាករុណា​របស់ព្រះជាម្ចាស់​ ចំពោះ​ប្រជាជាតិទាំង អស់ក្នុងសកលលោកនេះ ។

ព្រះគ្រីស្ត ​ព្រមទាំងសាវ័ករបស់ព្រះអង្គ នៅជំនាន់ដើម  ​និង  ​គ្រីស្តបរិស័ទគ្រប់ជំនាន់ទាំងអស់​ តែងតែ​ប្រើទំនុកតម្កើងជា ពាក្យ​អធិស្ឋាន​  ជាពាក្យសរសើរតម្កើង ​ដ្បិតព្រះជាម្ចាស់ផ្ទាល់បានដាក់ពាក្យទាំងនេះ​ក្នុងដួងចិត្តប្រជារាស្ត្ររបស់ព្រះអង្គ  ​ដើម្បីឲ្យទំនុក​តម្កើង​​មានលក្ខណៈមិនត្រឹមតែ ជាពាក្យអធិស្ឋាន​របស់មនុស្សប៉ុណ្ណោះទេ   តែជាព្រះបន្ទូលរបស់ព្រះដ៏មាន ព្រះជន្មគង់នៅផងដែរ ។

យើងអាចបែងចែកគម្ពីរទំនុកតម្កើងទាំងមួយរយហាសិបចំពូក  ​ជាប្រាំភាគ:

           ភាគទីមួយ  ​(១-៤១)
           ភាគទីពីរ  ​(៤២-៧២)
           ភាគទីបី  (៧៣-៨៩)
           ភាគទីបួន  ​(៩០-១០៦)
           ភាគទីប្រាំ  (១០៧-១៥០)

«ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត   ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះកិត្តិនាមព្រះរបស់ខ្ញុំ​  ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ»។    (ទំនុកតម្កើង  ១៤៦.២)