ទំនុកតម្កើង(៧១)

ពាក្យអធិស្ឋានរបស់មនុស្សចាស់ជរា
១ ព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គហើយ
សូមកុំអោយទូលបង្គំត្រូវអាម៉ាស់ឡើយ!
២ ដោយព្រះអង្គមានព្រះហឫទ័យសុចរិត សូមរំដោះទូលបង្គំអោយមានសេរីភាព
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ សូមសង្គ្រោះទូលបង្គំផង!
៣ សូមព្រះអង្គធ្វើជាថ្មដា សំរាប់ទូលបង្គំជ្រកកោន
ព្រះអង្គបង្គាប់អោយទូលបង្គំ មករកថ្មដានេះជានិច្ច ដើម្បីអោយបានរួចជីវិត
ដ្បិតព្រះអង្គពិតជាថ្មដា និងជាកំពែងការពារទូលបង្គំមែន!
៤ ឱព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំអោយគេចផុត ពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់
ព្រមទាំងគេចផុតពីកណ្ដាប់ដៃ របស់មនុស្សទុច្ចរិត និងមនុស្សកំណាច!
៥ ឱព្រះជាអម្ចាស់អើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ
ទូលបង្គំបានផ្ញើជីវិតលើព្រះអង្គតាំងពីក្មេងមក!
៦ ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្ដាយ
គឺព្រះអង្គហើយដែលបានយក ទូលបង្គំចេញពីផ្ទៃម្ដាយ
ទូលបង្គំសរសើរតម្កើងព្រះអង្គឥតឈប់ឈរ!
៧ មនុស្សជាច្រើនយល់ថាព្រះអង្គ បានដាក់បណ្ដាសាទូលបង្គំ
ក៏ប៉ុន្តែ តាមពិតព្រះអង្គជាជំរក ដ៏រឹងមាំរបស់ទូលបង្គំ។
៨ សូមអោយទូលបង្គំពោលពាក្យ សរសើរតម្កើងព្រះអង្គជានិច្ច
ទូលបង្គំចង់លើកតម្កើងសិរីរុងរឿង របស់ព្រះអង្គជារៀងរាល់ថ្ងៃ!
៩ សូមកុំលះបង់ទូលបង្គំ នៅគ្រាដែលទូលបង្គំមានវ័យចាស់ជរា
សូមកុំបោះបង់ចោលទូលបង្គំ នៅគ្រាដែលកម្លាំងទូលបង្គំចុះអោនថយនេះឡើយ!
១០ ដ្បិតសត្រូវរបស់ទូលបង្គំកំពុង តែគិតគ្នាប្រឆាំងនឹងទូលបង្គំ
អស់អ្នកដែលប៉ុនប៉ងប្រហារជីវិតទូលបង្គំ កំពុងតែពិភាក្សាគ្នា
១១ គេពោលថា: ព្រះជាម្ចាស់ បានបោះបង់ចោលគាត់ហើយ!
ចូរដេញតាមគាត់ចាប់យកមក! គ្មាននរណាជួយរំដោះគាត់បានទេ!
១២ ឱព្រះជាម្ចាស់អើយ សូមកុំទៅណាឆ្ងាយពីទូលបង្គំឡើយ!
ឱព្រះនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់!
១៣ សូមអោយអស់អ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ!
សូមអោយអស់អ្នកដែលប្រាថ្នាអោយទូលបង្គំ វេទនា ត្រូវបាត់បង់កិត្តិយស និងបាក់មុខ!
១៤ រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ច
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ហើយសរសើរតម្កើងទៀត!
១៥ ជារៀងរាល់ថ្ងៃ ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត
និងការសង្គ្រោះរបស់ព្រះអង្គ ដែលមានចំនួន ដ៏ច្រើនឥតគណនា។
១៦ ព្រះជាអម្ចាស់អើយ ដោយសារព្រះអង្គជួយ ទូលបង្គំនឹងចូលមកក្នុងព្រះដំណាក់
ទូលបង្គំនឹងរំលឹកពីសេចក្ដីសុចរិត របស់ព្រះអង្គតែមួយប៉ុណ្ណោះ។
១៧ ព្រះជាម្ចាស់អើយ ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ តាំងពីទូលបង្គំនៅក្មេង
រហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាស អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គដដែល។
១៨ ឱព្រះជាម្ចាស់អើយ ឥឡូវនេះ ទូលបង្គំចាស់សក់ស្កូវហើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ
ដើម្បីអោយទូលបង្គំអាចប្រកាសអំពីព្រះចេស្ដា របស់ព្រះអង្គប្រាប់មនុស្សនៅជំនាន់នេះ
និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។
១៩ ព្រះជាម្ចាស់អើយ ព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់
ដ្បិតព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើន
ព្រះជាម្ចាស់អើយ គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានឡើយ!
២០ ព្រះអង្គបានធ្វើអោយយើងខ្ញុំ ជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើន
ក៏ប៉ុន្តែ ព្រះអង្គប្រទានអោយយើងខ្ញុំ មានជីវិតសាជាថ្មី
ព្រះអង្គបាននាំទូលបង្គំឡើងពីរណ្ដៅមកវិញ។
២១ ព្រះអង្គនឹងប្រទានអោយទូលបង្គំ មានកិត្តិយសកាន់តែខ្ពស់
ព្រះអង្គនឹងសំរាលទុក្ខទូលបង្គំសាជាថ្មី។
២២ ព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងចាប៉ី
ព្រោះព្រះអង្គមានព្រះហឫទ័យស្មោះស្ម័គ្រ
ឱព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលអើយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ ដោយដេញពិណកំដរផង!
២៣ ទូលបង្គំនឹងច្រៀងតម្កើងព្រះអង្គ ទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរ
ទូលបង្គំនឹងច្រៀងអស់ពីចិត្ត ព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។
២៤ ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ព្រះអង្គជារៀងរាល់ថ្ងៃ
ដ្បិតអស់អ្នកដែលប្រាថ្នាអោយទូលបង្គំវេទនា ត្រូវអាប់អោន និងអាម៉ាស់មុខ!