ទំនុកតម្កើង(៦៩)

ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់
១ បទពីសៀវភៅរបស់គ្រូចំរៀង។ បទ «ផ្កាម្លិះ»។
ទំនុករបស់ស្ដេចដាវីឌ។
២ ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំផង
ទឹកឡើងដល់ច្រមុះទូលបង្គំហើយ!។
៣ ទូលបង្គំកាន់តែផុងខ្លួនទៅៗ ពុំមានអ្វីដែលទូលបង្គំអាចតោងបានឡើយ
ទូលបង្គំលិចចុះទៅក្នុងទឹក ហើយទឹកក៏ហូរនាំយកទូលបង្គំទៅ។
៤ ទូលបង្គំលែងមានកម្លាំងស្រែកហៅ អោយគេជួយទៀតហើយ
ព្រោះទូលបង្គំស្រែករហូតដល់ស្ងួតបំពង់ក
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គរហូតដល់ផ្សាភ្នែក។
៥ អ្នកដែលស្អប់ទូលបង្គំដោយឥតមូលហេតុ មានគ្នាច្រើនជាងសក់ក្បាល របស់ទូលបង្គំទៅទៀត
ពួកមេបំផ្លាញទាំងនោះមានកម្លាំងខ្លាំងណាស់ ពួកគេរកព្យាបាទទូលបង្គំទាំងយល់ច្រឡំ
តើអោយទូលបង្គំសងទៅគេវិញដូចម្ដេចកើត បើទូលបង្គំមិនបានយករបស់នោះសោះ!
៦ ឱព្រះជាម្ចាស់អើយ ព្រះអង្គជ្រាបនូវអំពើលេលា របស់ទូលបង្គំស្រាប់ហើយ
ទោសពៃរ៍របស់ទូលបង្គំ ពុំអាចលាក់កំបាំងនឹងព្រះអង្គបានទេ។
៧ ឱព្រះអម្ចាស់ ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ
សូមកុំអោយអស់អ្នកដែលផ្ញើជីវិត លើព្រះអង្គត្រូវអាម៉ាស់ ព្រោះតែទូលបង្គំ
ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ
សូមកុំអោយអស់អ្នកដែលស្វែងរកព្រះអង្គ ត្រូវបាក់មុខ ព្រោះតែទូលបង្គំ!
៨ ដ្បិតទូលបង្គំទ្រាំទ្រអោយគេជេរប្រមាថ
ទូលបង្គំសុខចិត្តអាម៉ាស់មុខ ព្រោះតែព្រះអង្គ។
៩ ញាតិសន្ដានរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនដទៃ
បងប្អូនបង្កើតរបស់ទូលបង្គំចាត់ទុកទូលបង្គំ ដូចជនបរទេស។
១០មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ
ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
១១ទូលបង្គំយំសោកទាំងតមអាហារ
ដែលធ្វើអោយមនុស្សម្នារឹតតែ ជេរប្រមាថទូលបង្គំថែមទៀត។
១២ទូលបង្គំស្លៀកសម្លៀកបំពាក់កាន់ទុក្ខ
ហើយពួកគេនាំគ្នាយករឿងទូលបង្គំ ទៅលេងសើច។
១៣គេនាំគ្នានិយាយដើមទូលបង្គំ នៅតាមទីសាធារណៈ
ហើយមនុស្សប្រមឹកនាំគ្នាយករឿង ទូលបង្គំទៅច្រៀងឡកឡឺយ។
១៤ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ
ឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យ ព្រះអង្គហើយ
ឱព្រះជាម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង
ព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខាន សូមឆ្លើយតបមកទូលបង្គំផង!។
១៥សូមរំដោះទូលបង្គំអោយរួចពីភក់ជ្រាំនេះ កុំអោយទូលបង្គំផុងខ្លួនទៀតឡើយ!
សូមអោយទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ទូលបង្គំ
សូមយកទូលបង្គំចេញពីទឹកដ៏ជ្រៅនេះផង!
១៦សូមកុំអោយចរន្តទឹកនេះ អាចហូរនាំយកទូលបង្គំទៅបានឡើយ
សូមកុំអោយទឹកដ៏ជ្រៅនេះ កួចយកទូលបង្គំអោយលិចលង់
ហើយក៏សូមកុំអោយអណ្ដូងនេះ ឃុំទូលបង្គំទុកបានដែរ!
១៧ព្រះអម្ចាស់អើយ ដោយព្រះអង្គមាន ព្រះហឫទ័យសប្បុរស និងមេត្តាករុណា
សូមឆ្លើយតបមកទូលបង្គំ
ដោយព្រះហឫទ័យអាណិតមេត្តាដ៏ធំធេង សូមងាកមកទតមើលទូលបង្គំផង!
១៨សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ដែលជាអ្នកបំរើរបស់ព្រះអង្គឡើយ
សូមមេត្តាឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំកំពុងតែមានអាសន្ន!
១៩សូមយាងមកជិតទូលបង្គំ ហើយលោះជីវិតទូលបង្គំ
សូមរំដោះទូលបង្គំអោយរួចពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវផង!
២០ដ្បិតព្រះអង្គជ្រាបហើយថា ទូលបង្គំត្រូវគេជេរប្រមាថ ត្រូវអាម៉ាស់ និងបាត់បង់កិត្តិយស
ព្រះអង្គទតឃើញបច្ចាមិត្តទាំងប៉ុន្មាន របស់ទូលបង្គំស្រាប់ហើយ។
២១ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើអោយ ទូលបង្គំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា
ទូលបង្គំសង្ឃឹមថានឹងមានគេអាណិតទូលបង្គំ តែគ្មាននរណាម្នាក់អាណិតសោះ!
ទូលបង្គំសង្ឃឹមថានឹងមានគេរំលែកទុក្ខទូលបង្គំ តែរកមិនបានឡើយ!
២២ពួកគេដាក់ថ្នាំបំពុលនៅក្នុងម្ហូបអាហាររបស់ទូលបង្គំ
ហើយនៅពេលទូលបង្គំស្រេកទឹក គេបែរជាយកទឹកខ្មេះ មកអោយទូលបង្គំទៅវិញ។
២៣សូមអោយតុ និងពិធីជប់លៀង ដ៏សក្ការៈរបស់ពួកគេ
ក្លាយទៅជាអន្ទាក់នាំពួកគេអោយវិនាស!
២៤សូមអោយភ្នែករបស់គេត្រឡប់ ទៅជាងងឹតមើលអ្វីលែងឃើញ
ហើយសូមអោយគេកោងខ្នងរហូតតទៅ!
២៥សូមព្រះអង្គធ្វើទោសពួកគេយ៉ាងធ្ងន់
ហើយសូមធ្វើទារុណកម្ម ពួកគេឥតត្រាប្រណីឡើយ។
២៦សូមអោយលំនៅរបស់គេក្លាយទៅជាទីស្ងាត់ជ្រងំ
ហើយសូមកុំអោយមាននរណារស់នៅ ក្នុងផ្ទះរបស់ពួកគេទៀតឡើយ!
២៧ដ្បិតពួកគេតាមព្យាបាទអស់អ្នក ដែលព្រះអង្គបានដាក់ទោសរួចហើយ
ពួកគេធ្វើអោយអស់អ្នកដែលព្រះអង្គបានវាយ អោយរបួសនោះ រឹងរឹតតែឈឺចាប់ថែមទៀត។
២៨សូមព្រះអង្គកត់ត្រាទុកនូវកំហុសរបស់ពួកគេ
សូមកុំអត់ទោសអោយពួកគេឡើយ!
២៩សូមលុបឈ្មោះពួកគេចេញពីបញ្ជីជីវិត
សូមកុំរាប់ពួកគេចូលទៅ ក្នុងចំណោមមនុស្សអោយសោះ។
៣០ចំពោះទូលបង្គំ ទូលបង្គំជាមនុស្សកំសត់ទុគ៌ត និងឈឺចុកចាប់
ឱព្រះជាម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំ សូមលើកទូលបង្គំឡើងវិញផង។
៣១ខ្ញុំនឹងច្រៀងសរសើរតម្កើង ព្រះនាមព្រះជាម្ចាស់
ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើង រុងរឿងរបស់ព្រះអង្គ ទាំងកោតសរសើរ។
៣២ការលើកតម្កើងបែបនេះ គាប់ព្រះហឫទ័យព្រះអម្ចាស់
ជាងការថ្វាយគោឈ្មោល ឬ ថ្វាយគោឡើងកទៅទៀត។
៣៣ពេលមនុស្សទុគ៌តឃើញព្រះអង្គរំដោះខ្ញុំដូច្នេះ គេនឹងមានអំណរសប្បាយ។
អស់អ្នកដែលស្វែងរកព្រះជាម្ចាស់អើយ សូមអោយអ្នករាល់គ្នាមានអាយុវែង!
៣៤ដ្បិតព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ ពាក្យរបស់មនុស្សកំសត់ទុគ៌ត
ហើយនៅពេលប្រជារាស្ត្ររបស់ព្រះអង្គ ជាប់ឃុំឃាំង ព្រះអង្គមិនបំភ្លេចគេឡើយ។
៣៥សូមអោយផ្ទៃមេឃ និងផែនដី សរសើរតម្កើងព្រះអង្គ
ហើយសូមអោយសមុទ្រទាំងឡាយ និងអ្វីៗដែលរស់នៅក្នុងសមុទ្រ
សរសើរតម្កើងព្រះអង្គដែរ
៣៦ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះក្រុងស៊ីយ៉ូន
ព្រះអង្គនឹងសង់ក្រុងទាំងឡាយ នៅស្រុកយូដាឡើងវិញ
ប្រជាជននឹងរស់នៅក្នុងស្រុក ហើយនឹងកាន់កាប់ទឹកដីជាកម្មសិទ្ធិសាជាថ្មី។
៣៧ពូជពង្សអ្នកបំរើរបស់ព្រះអង្គ នឹងទទួលទឹកដីជាមត៌ក
ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមព្រះអង្គ នឹងតាំងទីលំនៅលើទឹកដីនោះ!