ទំនុកតម្កើង(៦៨)

បទតម្កើងព្រះជាម្ចាស់ដ៏មានជ័យជំនះ
១ បទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
ចំរៀងតម្កើងព្រះជាម្ចាស់។
២ ពេលព្រះជាម្ចាស់ក្រោកឡើង ខ្មាំងសត្រូវរបស់ព្រះអង្គបាក់ទ័ព
ហើយអស់អ្នកដែលស្អប់ព្រះអង្គ នឹងនាំគ្នារត់ចេញពីព្រះភក្ត្ររបស់ព្រះអង្គ។
៣ ព្រះអង្គនឹងធ្វើអោយពួកគេ រលាយសូន្យទៅដូចជាផ្សែង
ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីព្រះភក្ត្រព្រះអង្គ ដូចក្រមួនត្រូវថ្ងៃ។
៤ រីឯមនុស្សសុចរិតវិញនឹងបានរីករាយ
គេនឹងអរសប្បាយឥតឧបមា នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់
គេមានអំណរសប្បាយយ៉ាងខ្លាំង។
៥ ចូរច្រៀងតម្កើងព្រះជាម្ចាស់ ចូរស្មូត្រទំនុកតម្កើងព្រះនាមព្រះអង្គ!
ចូរត្រួសត្រាយផ្លូវថ្វាយព្រះអង្គ ដែលជិះសេះកាត់អាកាសវេហាស៍!
ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
ចូរនាំគ្នាអរសប្បាយឥតឧបមា នៅចំពោះព្រះភក្ត្រព្រះអង្គ!
៦ ព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះដំណាក់ដ៏វិសុទ្ធ*
ព្រះអង្គជាឪពុករបស់ក្មេងកំព្រា ព្រះអង្គរកយុត្តិធម៌អោយស្ត្រីមេម៉ាយ។
៧ ព្រះជាម្ចាស់ប្រទានគ្រួសារអោយមនុស្សឯកោ
ព្រះអង្គនាំអ្នកជាប់ឃុំឃាំង អោយមានសេរីភាពពេញទី
រីឯជនបះបោរវិញ គេនឹងទៅរស់នៅក្នុងទីហួតហែង។
៨ បពិត្រព្រះជាម្ចាស់ ពេលព្រះអង្គនាំមុខប្រជារាស្ត្ររបស់ព្រះអង្គ
ពេលព្រះអង្គយាងនៅវាលរហោស្ថាន – សំរាក
៩ ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់
ជាព្រះរបស់អ៊ីស្រាអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។
១០ ឱព្រះជាម្ចាស់អើយ! ព្រះអង្គបានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ
មកលើទឹកដីដ៏ហួតហែងរបស់ព្រះអង្គ
ដើម្បីអោយប្រជារាស្ត្ររបស់ព្រះអង្គ បានរស់រានឡើងវិញ។
១១ប្រជារាស្ត្ររបស់ព្រះអង្គបានតាំងទីលំនៅ លើទឹកដីនោះ
ដោយព្រះអង្គសំដែងព្រះហឫទ័យសប្បុរស ចំពោះពួកគេដែលជាជនកំសត់ទុគ៌ត។
១២ពេលព្រះអម្ចាស់ចេញបញ្ជា
ពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំ នាំគ្នាចេញទៅប្រកាសដំណឹងថា:
១៣ស្ដេចនានាបាក់ទ័ពរត់ ទៅជាមួយពលទាហានរបស់ខ្លួន។
ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភ័ណ្ឌ។
១៤រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នា នៅសំរាកក្នុងជំរំដូច្នេះទៅវិញ?
មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់ ជាប់ពេញស្លាបវាដែរ
ហើយរោមវាចាំងចែងទៅដោយមាស។
១៥នៅពេលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ធ្វើអោយស្ដេចនានាបាក់ទ័ព
នោះក៏មានព្រឹលធ្លាក់មកលើភ្នំសាលម៉ូនដែរ។
១៦ភ្នំបាសានជាភ្នំដ៏សក្ការៈមួយ ភ្នំបាសានជាភ្នំដែលមានកំពូលយ៉ាងច្រើន។
១៧ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន
ច្រណែននឹងភ្នំដែលព្រះជាម្ចាស់ជ្រើសរើស សំរាប់គង់នៅ?
ពិតមែនហើយ ព្រះអម្ចាស់នឹងគង់នៅលើភ្នំនេះរហូតតទៅ។
១៨ទ័ពសេះរបស់ព្រះជាម្ចាស់ មានចំនួនរាប់លានរាប់កោដិ
ព្រះអង្គគង់ជាមួយពួកគេនៅភ្នំស៊ីណៃ ជាទីសក្ការៈរបស់ព្រះអង្គ។
១៩ព្រះអង្គយាងឡើងទៅស្ថានខ្ពស់ ទាំងនាំអ្នកទោសទៅជាមួយ
ព្រះអង្គបានទទួលតង្វាយផ្សេងៗពីមនុស្សលោក
សូម្បីតែមនុស្សប្រឆាំងនឹងព្រះអង្គ ក៏ព្រះអង្គទទួលពីគេដែរ
ហើយព្រះជាអម្ចាស់គង់នៅទីនោះ!។
២០សូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ
ដ្បិតព្រះអង្គតែងតែជួយគាំទ្រ និងសង្គ្រោះយើង។ – សំរាក
២១ ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង
ព្រះជាអម្ចាស់អាចជួយយើង អោយរួចផុតពីសេចក្ដីស្លាប់។
២២ខ្មាំងសត្រូវទុកសក់វែង ដើម្បីធ្វើចំបាំងសាសនា
ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងកំទេចក្បាល របស់ជនទុច្ចរិតទាំងនោះ។
២៣ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងនាំពួកគេពីភ្នំបាសាន
យើងនឹងនាំពួកគេឡើងពីបាតសមុទ្រមក
២៤ដើម្បីអោយអ្នករាល់គ្នាដើរ លុយក្នុងឈាម
របស់ពួកគេ ហើយឆ្កែនឹងនាំគ្នាលិទ្ធឈាម របស់ខ្មាំងសត្រូវទាំងនោះដែរ»។
២៥ឱព្រះជាម្ចាស់អើយ មនុស្សម្នាបានឃើញក្បួនជ័យជំនះរបស់ព្រះអង្គ
ក្បួនជ័យជំនះរបស់ព្រះជាម្ចាស់ ជាព្រះមហាក្សត្ររបស់ខ្ញុំ ចូលទៅក្នុងទីសក្ការៈ
២៦មានអ្នកចំរៀងដើរនៅខាងមុខ និងអ្នកភ្លេងដើរនៅខាងក្រោយ
ហើយនៅកណ្ដាលមានពួកយុវនារី នាំគ្នាវាយក្រាប់។
២៧ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងអង្គប្រជុំ
សូមអោយអស់អ្នកដែលជាពូជពង្ស របស់អ៊ីស្រាអែលនាំគ្នាសរសើរតម្កើងព្រះអង្គ!
២៨គឺចាប់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលតូចជាងគេ
បន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដា ដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីត
រួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូន និងកុលសម្ព័ន្ធណែបថាលី។
២៩ព្រះជាម្ចាស់សព្វព្រះហឫទ័យ អោយអ្នកមានកម្លាំងខ្លាំងពូកែ។
ឱព្រះជាម្ចាស់អើយ សូមបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ ដូចព្រះអង្គតែងតែជួយយើងខ្ញុំ
៣០ពីព្រះដំណាក់របស់ព្រះអង្គ ដែលស្ថិតនៅលើក្រុងយេរូសាឡឹម
ជាកន្លែងដែលស្ដេចនានា នាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។
៣១សូមព្រះអង្គគំរាមកំហែងស្រុកអេស៊ីប ពួកគេជាសត្វធាតុរស់នៅតាមដើមត្រែង
ពួកគេជាមេដឹកនាំលើស្រុកនានា ដូចហ្វូងគោឡើងក និងកូនរបស់វា។
ពួកគេនឹងមកចុះចូលព្រះអង្គ ដោយយកប្រាក់មកជាតង្វាយ។
សូមធ្វើអោយជនជាតិទាំងនោះ ដែលចូលចិត្តច្បាំងវិនាសខ្ចាត់ខ្ចាយទៅ។
៣២ជនជាតិអេស៊ីបនឹងចាត់ទូតមកជនជាតិអេត្យូពី នឹងលើកដៃស្វែងរកព្រះជាម្ចាស់។
៣៣នគរនានានៅលើផែនដីអើយ ចូរច្រៀងតម្កើងព្រះជាម្ចាស់
ចូរប្រគំភ្លេងថ្វាយព្រះអង្គ។ – សំរាក
៣៤ព្រះអង្គគង់លើព្រះរាជរថឡើងខ្ពស់ជាងផ្ទៃមេឃ ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត
ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងរន្ទឺខ្ទរខ្ទារ។
៣៥ចូរប្រកាសថាព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាព
ព្រះអង្គគ្រងរាជ្យលើអ៊ីស្រាអែល យ៉ាងថ្កុំថ្កើងរុងរឿង
អាកាសវេហាស៍សំដែង អំពីឫទ្ធានុភាពរបស់ព្រះអង្គ។
៣៦នៅក្នុងទីសក្ការៈរបស់ព្រះអង្គ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរអោយស្ញែងខ្លាចណាស់
ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ព្រះអង្គប្រទានអោយប្រជារាស្ត្រ របស់ព្រះអង្គមានកម្លាំង និងអំណាច
សូមសរសើរតម្កើងព្រះអង្គ!