ទំនុកតម្កើង(៦៣)

ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
១ ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់គង់នៅវាលរហោស្ថានស្រុកយូដា។
២ ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន ទូលបង្គំស្វែងរកព្រះអង្គ
ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ
ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។
៣ ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ
៤ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើង សិរីរុងរឿងព្រះអង្គ។
៥ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ អស់មួយជីវិតទូលបង្គំ
ហើយទូលបង្គំនឹងលើកដៃឡើង ថ្វាយបង្គំព្រះនាមព្រះអង្គ។
៦ ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។
៧ ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះអង្គ
៨ ដ្បិតព្រះអង្គជួយទូលបង្គំ ទូលបង្គំច្រៀងយ៉ាងសប្បាយ ក្រោមម្លប់បារមីព្រះអង្គ។
៩ ចិត្តគំនិតទូលបង្គំ នៅជាប់ជំពាក់នឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្ដារបស់ព្រះអង្គ។
១០ រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ
សូមអោយគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។
១១សូមអោយគេត្រូវស្លាប់ដោយមុខដាវ
សូមអោយគេបានទៅជាចំណីរបស់ចចក។
១២ពេលនោះ ព្រះរាជានឹងមានអំណរ ដោយព្រះនាមព្រះជាម្ចាស់
អ្នកណាស្បថក្នុងព្រះនាមព្រះជាម្ចាស់ អ្នកនោះនឹងលើកតម្កើងព្រះអង្គ
រីឯអ្នកដែលចូលចិត្តនិយាយកុហក នឹងត្រូវបាត់មាត់សូន្យឈឹងទៅ។