ទំនុកតម្កើង(៦០)

ពាក្យទូលអង្វររបស់ប្រជាជាតិក្រោយពេលបរាជ័យ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «ផ្កាម្លិះបន្ទាល់»។ បទចំរៀងរបស់ស្ដេច
ដាវីឌសំរាប់ប្រៀនប្រដៅ។ ២ រំលឹកពីគ្រាដែលព្រះអង្គធ្វើសឹកជាមួយជនជាតិស៊ីរី
នៅស្រុកមេសូប៉ូតាមី និងជនជាតិស៊ីរីនៅស្រុកសូបា ហើយនៅពេលដែលលោកយ៉ូអាប់
វិលមកពីច្បាំងឈ្នះទ័ពអេដុមមួយម៉ឺនពីរ ពាន់នាក់ នៅវាលទំនាបអំបិល។
៣ ឱព្រះជាម្ចាស់អើយ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គបានធ្វើអោយយើងខ្ញុំបាក់ទ័ព
ទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំក៏ដោយ ព្រះអង្គអើយ
សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
៤ ព្រះអង្គបានធ្វើអោយផែនដីរញ្ជួយ និងប្រេះចេញពីគ្នា
ឥឡូវនេះ សូមទ្រង់ផ្សារភ្ជាប់ឡើងវិញផង ព្រោះផែនដីកំពុងរង្គើ។
៥ ព្រះអង្គបានធ្វើអោយប្រជារាស្ត្ររបស់ព្រះអង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក
ព្រះអង្គបានដាក់ទោសយើងខ្ញុំ ស្ទើរតែវង្វេងស្មារតី។
៦ ព្រះអង្គប្រទានទង់ជ័យជាសញ្ញាអោយអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ
អាចគេចផុតពីបរាជ័យ។ – សំរាក
៧ សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមឆ្លើយតបនឹងយើងខ្ញុំផង
ដើម្បីអោយប្រជាជនជាទីស្រឡាញ់ របស់ព្រះអង្គបានរួចជីវិត។
៨ ព្រះជាម្ចាស់មានព្រះបន្ទូល ពីទីសក្ការៈរបស់ព្រះអង្គមកថា:
«យើងនឹងយកជ័យជំនះ យើងនឹងបែងចែកស្រុកស៊ីគែម
យើងនឹងវាស់ជ្រលងភ្នំស៊ូកូត ចែកប្រជារាស្ត្ររបស់យើង។
៩ កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង ហើយយូដាជាដំបងរាជ្យរបស់យើង។
១០ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង
យើងបោះស្បែកជើងយើងលើទឹកដីអេដុម ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។
យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។
១១ តើនរណាអាចនាំខ្ញុំចូលទៅ ក្នុងទីក្រុងដ៏មាំមួនបាន?
តើនរណាអាចនាំខ្ញុំចូលទៅស្រុកអេដុម?
១២ឱព្រះជាម្ចាស់អើយ! មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ
ក៏ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គឈប់យាងទៅជាមួយ កងទ័ពយើងខ្ញុំទៀតហើយ។
១៣សូមជួយយើងខ្ញុំអោយប្រឆាំងតទល់ នឹងពួកសត្រូវផង
ដ្បិតការសង្គ្រោះមកពីមនុស្សលោក ឥតប្រយោជន៍អ្វីសោះ។
១៤បើព្រះជាម្ចាស់គង់នៅជាមួយយើង នោះយើងនឹងមានជ័យជំនះ
ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត របស់យើងអោយរាប។