ទំនុកតម្កើង(៥៨)

ព្រះជាម្ចាស់ជាចៅក្រមនៅលើផែនដី
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។
ទំនុករបស់ស្ដេចដាវីឌ។
២ ចៅក្រមទាំងឡាយអើយ ពេលកាត់ក្ដី តើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ?
តើអ្នករាល់គ្នាកាត់ក្ដីអោយមនុស្សលោក ដោយយុត្តិធម៌ឬ?
៣ ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិតដោយចេតនា
អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ រាលដាលនៅលើផែនដីនេះ។
៤ មនុស្សអាក្រក់មានចិត្តវៀចវេរតាំងពីក្នុងផ្ទៃម្ដាយ
ហើយចេះកុហក និងវង្វេង តាំងពីទើបកើតមកម៉្លេះ។
៥ គេមានពិសដូចពស់វែក គេធ្វើថ្លង់ ធ្វើមិនដឹងមិនឮដូចសត្វពស់
៦ ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយ គឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។
៧ ឱព្រះជាម្ចាស់អើយ សូមកាច់បំបាក់ធ្មេញរបស់ពួកគេ!
ព្រះអម្ចាស់អើយ សូមបំបាក់ចង្កូមពួកសិង្ហទាំងនោះទៅ!
៨ សូមអោយអ្នកទាំងនោះរសាត់បាត់ទៅ ដូចទឹកហូរឥតត្រឡប់
សូមអោយពួកគេបានរាបដូចជាស្មៅ ដែលមនុស្សដើរជាន់។
៩ សូមអោយពួកគេប្រៀបដូចជាជន្លេន ដែលវារទៅមុខ ហើយស្ងួតក្រៀមអស់ទៅ
សូមអោយពួកគេប្រៀបដូចជាកូនរលូត ស្លាប់ទៅ ទាំងពុំឃើញពន្លឺ
១០ ព្រះជាម្ចាស់នឹងធ្វើអោយមនុស្ស អាក្រក់វិនាសសូន្យទៅ
ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង
ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ ខៀវស្រស់ក្ដី ឬក្រៀមទៅហើយក្ដី។
១១ រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញព្រះជាម្ចាស់ សងសឹកជំនួសពួកគេ
ហើយគេលាងជើងនៅក្នុងឈាម របស់មនុស្សអាក្រក់។
១២ ពេលនោះ ប្រជាជនទាំងឡាយនាំគ្នាពោលថា:
ពិតមែនហើយ មនុស្សសុចរិតនឹងទទួលរង្វាន់
ពិតមែនហើយ មានព្រះជាម្ចាស់មួយព្រះអង្គ ជំនុំជំរះមនុស្សលោក។