ទំនុកតម្កើង(៥៧)

ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ
នៅគ្រាដែលទ្រង់ភៀសព្រះអង្គចេញពីស្ដេចសូលទៅពួននៅរូងភ្នំ។
២ សូមអាណិតមេត្តាទូលបង្គំ ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង
ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គ ទូលបង្គំមក ជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
៣ ខ្ញុំបានស្រែករកព្រះដ៏ខ្ពង់ខ្ពស់បំផុត
គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។
៤ ពីស្ថានបរមសុខ សូមព្រះអង្គប្រទានការសង្គ្រោះមកខ្ញុំ
សូមព្រះអង្គវាយប្រហារអស់អ្នក ដែលបៀតបៀនខ្ញុំ – សំរាក
សូមព្រះជាម្ចាស់សំដែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
៥ ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ
អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ ដែលប្រុងស៊ីសាច់មនុស្ស
ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្ដាតរបស់គេជាដាវដ៏មុត។
៦ ឱព្រះជាម្ចាស់អើយ សូមសំដែងភាពថ្កុំថ្កើងឧត្ដុង្គឧត្ដម របស់ព្រះអង្គនៅលើផ្ទៃមេឃ
ហើយសូមអោយសិរីរុងរឿង របស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
៧ សត្រូវរបស់ទូលបង្គំនាំគ្នាដាក់អន្ទាក់ចាំចាប់ ទូលបង្គំ ធ្វើអោយទូលបង្គំព្រួយចិត្តជាខ្លាំង។
ពួកគេបានជីករណ្ដៅនៅពីមុខទូលបង្គំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។ – សំរាក
៨ ទូលបង្គំទុកចិត្តលើព្រះអង្គ ឱព្រះជាម្ចាស់អើយ ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូត្រទំនុកតម្កើង។
៩ ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង!
ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យអោយរះ។
១០ ព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើង ព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ ក្នុងចំណោមប្រជាជាតិនានា
១១ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។
១២ ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើង ឧត្ដុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
ហើយសូមអោយសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។