ទំនុកតម្កើង(៤៩)

កុំទុកចិត្តលើទ្រព្យសម្បត្តិ!
១ ទំនុកពីសៀវភៅគ្រូចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។
២ ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាត្រងត្រាប់ស្ដាប់!
មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
៣ គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ!
៤ ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត
ខ្ញុំនឹងសំដែង ចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។
៥ ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅ របស់អ្នកប្រាជ្ញ
ហើយខ្ញុំនឹងដោះស្រាយប្រស្នា ទាំងលេងពិណកំដរផង។
៦ នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ
ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។
៧ មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន
គេអួតអាងព្រោះមានសម្បត្តិស្ដុកស្ដម្ភ។
៨ ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ
ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ
៩ ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់
គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។
១០តើមនុស្សអាចរស់រហូត
ហើយគេចផុតពីរណ្ដៅមច្ចុរាជបានឬ?។
១១យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញ ក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ
គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនអោយអ្នកដទៃ។
១២គេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេ នឹងនៅស្ថិតស្ថេររហូតតទៅ
លំនៅដ្ឋានរបស់គេនៅគង់វង្ស ពីជំនាន់មួយទៅជំនាន់មួយ
ហើយគេដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនថែមទៀត។
១៣ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ
គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ ដូចសត្វតិរច្ឆាននោះឡើយ។
១៤រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង
ហើយស្កប់ចិត្តនឹងពាក្យសំដីរបស់ខ្លួន អនាគតរបស់គេនឹងបានដូចតទៅនេះ – សំរាក
១៥អ្នកទាំងនោះប្រៀបដូចជាកូនចៀម ដែលយកទៅសម្លាប់។
អ្នកគង្វាលឃ្វាលហ្វូងចៀមយ៉ាងណា មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។
មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ
រូបកាយរបស់ពួកគេនឹងរលាយសូន្យ ហើយទៅរស់នៅក្នុងស្ថានមនុស្សស្លាប់។
១៦ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំ អោយរួចពីអំណាចនៃសេចក្ដីស្លាប់
ព្រះអង្គនឹងយកខ្ញុំទៅ។ – សំរាក
១៧ពេលឃើញនរណាម្នាក់ទៅជាអ្នកមាន
ហើយឃើញទ្រព្យសម្បត្តិចេះតែរីកចំរើន កុំភ័យខ្លាចអី
១៨ដ្បិតពេលស្លាប់ទៅ គេពុំអាចយកអ្វីទៅជាមួយបានទេ
គឺគេមិនអាចយកទ្រព្យសម្បត្តិ ចុះទៅក្នុងរណ្ដៅជាមួយឡើយ។
១៩ទោះបីគេយល់ថា ខ្លួនមានសុភមង្គលក្នុងជីវិតនេះ
ហើយទោះបីមានអ្នកដទៃកោតសរសើរ ដោយឃើញគេបានចំរុងចំរើនក៏ដោយ
២០ក៏គង់តែគេត្រូវចុះទៅជួបជុំ នឹងដូនតារបស់ខ្លួន ចៀសមិនផុត
នៅក្នុងកន្លែងដែលគេពុំអាចមើល ឃើញពន្លឺទៀតឡើយ។
២១មនុស្សដែលមានកិត្តិយសរុងរឿង តែមិនយល់អ្វីសោះនោះ
គេនឹងបាត់បង់ទៅដូចសត្វតិរច្ឆានដែរ។