ទំនុកតម្កើង(៤២)

ភាគទីពីរ
(ទំនុកតម្កើង ៤២-៧២)
ពាក្យអធិស្ឋានរបស់មនុស្សជាប់ជាឈ្លើយសឹក
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំណាព្យរបស់កូនចៅលោកកូរេ។
២ ឱព្រះជាម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់នៅជាមួយ ព្រះអង្គខ្លាំងណាស់
ដូចសត្វក្ដាន់ប្រាថ្នារកទឹកហូរ។
៣ ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ
តើដល់កាលណាទើបខ្ញុំអាចទៅជិត ដើម្បីថ្វាយបង្គំព្រះអង្គបាន?
៤ ខ្ញុំសំរក់ទឹកភ្នែក ទាំងថ្ងៃទាំងយប់ឥតមានល្ហែ។
គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។
៥ ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ
ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរព្រះគុណព្រះអង្គ។
៦ ខ្ញុំនិយាយមកខ្លួនឯងថា: «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ។
៧ ព្រះនៃទូលបង្គំអើយ ទូលបង្គំស្រយុតចិត្តជាខ្លាំង
ហេតុនេះហើយបានជាទូលបង្គំនឹកឃើញ ព្រះអង្គពីកន្លែងដែលទូលបង្គំនៅនេះ
គឺភូមិភាគទន្លេយ័រដាន់ ភ្នំហ៊ែរម៉ូន និងភ្នំមីតសារ។
៨ ព្រះអង្គបានធ្វើអោយទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំ
ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។
៩ នៅពេលថ្ងៃព្រះអម្ចាស់សំដែង ព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ
នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ
បទចំរៀងនេះជាពាក្យអធិស្ឋានចំពោះ ព្រះជាម្ចាស់នៃជីវិតខ្ញុំ។
១០ ខ្ញុំទូលព្រះជាម្ចាស់ ដែលជាថ្មដារបស់ខ្ញុំថា ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?។
១១ ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ ធ្វើអោយទូលបង្គំឈឺចុកចាប់សព្វសព៌ាង្គកាយ
គេចេះតែពោលមកទូលបង្គំគ្រប់ពេល គ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។
១២ ខ្ញុំនិយាយមកខ្លួនឯងថា
«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គសង្គ្រោះខ្ញុំ ហើយព្រះអង្គជាព្រះនៃខ្ញុំ។