ទំនុកតម្កើង(៤១)

ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់
សូមប្រោសទូលបង្គំអោយជាឡើងវិញផង
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
២ មានសុភមង្គលហើយ អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត!
ដ្បិតនៅថ្ងៃមានអាសន្ន ព្រះអម្ចាស់ នឹងជួយអ្នកនោះជាមិនខាន។
៣ ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ ហើយអ្នកនោះមានសុភមង្គលនៅលើផែនដី
ព្រះអង្គនឹងមិនបណ្ដោយអោយគេធ្លាក់ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ។
៤ ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេឈឺធ្ងន់ក្រោកពុំរួច
ហើយព្រះអង្គប្រោសគេ អោយមានសុខភាពល្អឡើងវិញ។
៥ ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គអើយ សូមប្រណីមេត្តាទូលបង្គំ
សូមប្រោសទូលបង្គំអោយជាឡើងវិញផង
ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។
៦ សត្រូវរបស់ទូលបង្គំនាំគ្នា និយាយអាក្រក់ពីទូលបង្គំ
គេបន់អោយតែទូលបង្គំស្លាប់ គេបន់អោយតែឈ្មោះទូលបង្គំសាបសូន្យទៅ។
៧ អស់អ្នកដែលមកសួរសុខទុក្ខទូលបង្គំ គេមានគំនិតមិនល្អទេ
គេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញ ទាំងនិយាយបរិហារពីទូលបង្គំ។
៨ អស់អ្នកដែលស្អប់ទូលបង្គំ និយាយខ្សឹបខ្សៀវដាក់គ្នាទៅវិញទៅមក ប្រឆាំងនឹងទូលបង្គំ
ថាទូលបង្គំគេចមិនផុតពីស្លាប់។
៩ គេពោលថា«ជំងឺអ្នកនេះមើលមិនជាទេ!
គាត់ពុំអាចក្រោកពីគ្រែឡើងវិញបានឡើយ»។
១០ សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ គឺអ្នកដែលទូលបង្គំទុកចិត្ត
ហើយជាអ្នកដែលបរិភោគអាហារ រួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។
១១ ចំពោះព្រះអង្គវិញ ឱព្រះអម្ចាស់អើយ សូមប្រណីមេត្តាទូលបង្គំ
សូមប្រោសទូលបង្គំអោយបានជាឡើងវិញផង
នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ អោយសមនឹងអំពើរបស់គេ។
១២ បើខ្មាំងសត្រូវរបស់ទូលបង្គំ គ្មានជ័យជំនះលើទូលបង្គំទេនោះ
ទូលបង្គំនឹងដឹងជាក់ថា ព្រះអង្គពិតជាគាប់ព្រះហឫទ័យនឹងទូលបង្គំមែន។
១៣ ព្រះអង្គបានជួយទូលបង្គំ ដោយប្រោសទូលបង្គំអោយជាទាំងស្រុង
ហើយព្រះអង្គប្រទានអោយទូលបង្គំ នៅជាមួយព្រះអង្គរហូតតទៅ។
១៤ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
អស់កល្បជាអង្វែងតរៀងទៅ។
អាម៉ែន! អាម៉ែន!។