ទំនុកតម្កើង(៤០)

១ ទំនុករបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
២ ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់
ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្ដាប់ សំរែកទូលអង្វររបស់ខ្ញុំ។
៣ ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ
មកដាក់នៅលើថ្មដាអោយមានជំហរយ៉ាងរឹងប៉ឹង។
៤ ព្រះអង្គបានប្រទានអោយខ្ញុំច្រៀងបទចំរៀងថ្មី ដើម្បីសរសើរតម្កើងព្រះរបស់យើង
មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង
គេនឹងនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់។
៥ មានសុភមង្គលហើយ មនុស្សណាផ្ញើជីវិតលើព្រះអម្ចាស់
គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាព្រះបោកបញ្ឆោត!។
៦ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
ព្រះអង្គបានសំដែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ
ព្រះអង្គក៏មានគំរោងការជាច្រើន សំរាប់យើងខ្ញុំដែរ។
គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានទេ
ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា ទូលបង្គំមិនអាចពណ៌នាអស់ឡើយ។
៧ ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ
តែព្រះអង្គបានបើកត្រចៀកទូលបង្គំ អោយចេះស្ដាប់ព្រះអង្គ
ព្រះអង្គមិនទាមទារតង្វាយដុត ឬ យញ្ញបូជាសុំអោយរួចពីបាបឡើយ។
៨ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះអម្ចាស់ ទូលបង្គំមករកព្រះអង្គ
ទាំងកាន់គម្ពីរដែលមានចែងទុកអំពីទូលបង្គំ។
៩ ទូលបង្គំពេញចិត្តនឹងធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ
ហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់ នៅក្នុងដួងចិត្តទូលបង្គំជានិច្ច។
១០ ទូលបង្គំបានប្រកាសអោយអង្គប្រជុំ ដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ
ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថា ទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។
១១ ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គ ទុកក្នុងចិត្តទូលបង្គំទាល់តែសោះ
ទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គដែលបានសង្គ្រោះទូលបង្គំ
ទូលបង្គំពុំអាចនៅស្ងៀមមិនប្រកាស អំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គ
នៅកណ្ដាលអង្គប្រជុំធំបានឡើយ។
១២ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាព្រះអង្គតែងតែ អាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ
ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គតែងតែតាមការពារទូលបង្គំជានិច្ច។
១៣ មានទុក្ខលំបាកច្រើនឥតគណនារួបរឹតទូលបង្គំ
កំហុសរបស់ទូលបង្គំផ្ទាល់បានតាមយាយីទូលបង្គំ
ធ្វើអោយទូលបង្គំស្រវាំងភ្នែកមើលអ្វីលែងឃើញ
កំហុសទូលបង្គំមានចំនួនច្រើនជាង សរសៃសក់របស់ទូលបង្គំទៅទៀត
ទូលបង្គំលែងមានកម្លាំង ប្រឈមមុខទៀតហើយ។
១៤ ឱព្រះអម្ចាស់អើយ សូមមេត្តារំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ
សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
១៥ សូមអោយអស់អ្នកដែលចង់ដកជីវិតទូលបង្គំ ត្រូវអាប់អោន និងបាក់មុខទាំងអស់គ្នា!
សូមអោយអស់អ្នកដែលសប្បាយចិត្ត នឹងទុក្ខវេទនារបស់ទូលបង្គំ
ត្រូវដកខ្លួនថយ និងអាម៉ាស់មុខ!
១៦សូមអោយអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ
ត្រូវបរាជ័យ ទាំងអាប់កិត្តិយស
១៧ រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ សូមអោយគេបានសប្បាយរីករាយ រួមជាមួយព្រះអង្គ!
សូមអោយអស់អ្នកដែលស្រឡាញ់ការសង្គ្រោះ របស់ព្រះអង្គ
ថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងព្រះអម្ចាស់!»។
១៨ ទូលបង្គំជាមនុស្សកំសត់ទុគ៌ត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។
ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ
ឱព្រះនៃទូលបង្គំអើយ សូមយាងមកកុំបង្អង់ឡើយ!