ទំនុកតម្កើង(៣៩)

ពាក្យសារភាពរបស់មនុស្សឈឺចុកចាប់
១ទំនុកពីសៀវភៅរបស់គ្រូចំរៀង។
សំរាប់លោកយេឌូទូន។ ទំនុករបស់ស្ដេចដាវីឌ។
២ ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្នប្រយែង ចំពោះអំពើដែលខ្ញុំប្រព្រឹត្ត
ក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសំដី។
ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំ ខ្ញុំនឹងមិននិយាយស្ដីអ្វីសោះឡើយ។
៣ ខ្ញុំបិទមាត់នៅស្ងៀម គឺទោះបីការល្អក៏ខ្ញុំមិននិយាយដែរ!
ដូច្នេះ ខ្ញុំកាន់តែឈឺចុកចាប់ឥតឧបមា!។
៤ ខ្ញុំក្ដៅជាខ្លាំង ហាក់ដូចជាមានភ្លើងឆេះនៅក្នុងខ្លួន
រហូតដល់ទ្រាំលែងបានទៀត ខ្ញុំក៏ពោលឡើងថា:
៥ ឱព្រះអម្ចាស់អើយ សូមប្រាប់អោយទូលបង្គំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ទូលបង្គំផង
តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតទូលបង្គំផុយដល់កំរិតណា?។
៦ ព្រះអង្គបានបង្កើតជីវិតទូលបង្គំមក ដូចទឹកដក់លើស្លឹកឈូក
គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភក្ត្រព្រះអង្គ
ពិតមែនហើយ ជីវិតរបស់មនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ – សំរាក
៧ ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូច ជាស្រមោល អ្វីៗដែលគេខិតខំធ្វើ សុទ្ធតែឥតបានការ
គេប្រមូលទ្រព្យសម្បត្តិទុក តែគេពុំដឹងថាទ្រព្យសម្បត្តិនោះ នឹងបានទៅលើនរណាឡើយ។
៨ ឱព្រះអម្ចាស់អើយ បើដូច្នេះតើអោយទូលបង្គំទន្ទឹងរង់ចាំអ្វី?
មានតែព្រះអង្គទេ ដែលជាទីសង្ឃឹមរបស់ទូលបង្គំ។
៩ សូមរំដោះទូលបង្គំអោយរួចពីអំពើបាប ទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្ត!
សូមកុំទុកឱកាសអោយមនុស្សល្ងីល្ងើ មាក់ងាយទូលបង្គំបានឡើយ។
១០ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេ ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។
១១ សូមកុំធ្វើទារុណកម្មទូលបង្គំទៀតឡើយ!
ដ្បិតទូលបង្គំស្ទើរតែស្លាប់ ដោយព្រះអង្គវាយទូលបង្គំ។
១២ ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស
ព្រះអង្គធ្វើអោយអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។
ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ – សំរាក
១៣ ឱព្រះអម្ចាស់អើយ សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្ដាប់សំរែករបស់ទូលបង្គំផង
សូមកុំព្រងើយកន្តើយនឹងទំនួញ យំសោករបស់ទូលបង្គំឡើយ
ដ្បិតទូលបង្គំគ្រាន់តែស្នាក់នៅ ជាបណ្ដោះអាសន្នជាមួយព្រះអង្គ
ដូចបុព្វបុរសរបស់ទូលបង្គំប៉ុណ្ណោះ។
១៤ សូមបែរព្រះភក្ត្រចេញពីទូលបង្គំ ដើម្បីអោយទូលបង្គំស្រឡះមុខបន្តិច
មុននឹងទូលបង្គំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។